កំពត ៖ ផ្កាអំបិលកំពត គឺជាផលិតផលក្នុងស្រុកដែលមានតម្លៃខ្ពស់ និងមានទីផ្សារទូលាយ ខណៈពេលដែលកម្ពុជាបានធ្វើការចុះបញ្ជីរ ផ្កាអំបិលកំពតចូលទៅក្នុងផលិតផលម៉ាកសម្គាល់ភូមិសាស្ត្រ។

កញ្ញា ថូង ធីតា ជាស្ថាបនិកសហគ្រាសផលិតអំបិល ថូង អ៊ិធ័រប្រាយស៍ (THAUNG ENTERPRISE) បានថ្លែងឱ្យដឹងថា វាជារឿងដែលសប្បាយចិត្ត និងមានមោទនភាពដែលអំបិលកំពត ត្រៀមខ្លួនរួចរាល់ក្នុងការចុះក្នុងបញ្ជីផលិតផលម៉ាកសម្គាល់ភូមិសាស្ត្រ ។
ក្នុងនាមជាកសិករ និងជាផលិតករកែច្នៃមួយរូប កញ្ញា ថូង ធីតា បានលើកឡើងថា ៖
“នាងខ្ញុំបាន និងកំពុងត្រៀមខ្លួនរួចរាល់ដើម្បីធ្វើយ៉ាងណាចូលរួមនៅក្នុងកិច្ចសហប្រតិបត្តិការនេះ ព្រោះវាទាមទារឱ្យមានការចូលរួមពីអ្នកផលិតទាំងអស់គ្នា ដើម្បីធ្វើយ៉ាងណាឲ្យការផលិតផ្កាអំបិលដែលមានគុណភាព សមស្របនឹងទំនិញសម្គាល់ភូមិសាស្ត្រ ពីព្រោះនេះមិនមែនជាការងាររូបវន្តបុគ្គលនោះទេ ប៉ុន្តែវាជាកិច្ចសហការគ្នារវាងអ្នកផលិតទាំងអស់”

ទាក់ទងទៅនឹងទីផ្សារអំបិលក្នុងស្រុក ម្ចាស់សហគ្រាសខាងលើបន្តថា បច្ចុប្បន្នប្រជាជនបានដឹងពីអត្ថប្រយោជន៍ក៏ដូចជាគុណភាពនៃអំបិលកំពតច្រើនជាងមុន ហើយគាំទ្រផលិតផលក្នុងស្រុកកាន់តែច្រើន ពិសេសផលិតផលផ្កាអំបិលដែលកញ្ញាកំពុងតែផ្សព្វផ្សាយឱ្យកាន់តែទូលំទូលាយផងដែរ។
អ្វីដែលជាចំណុចពិសេស ចំពោះអំបិលរបស់សហគ្រាសផលិតអំបិលធម្មជាតិ ថូង អ៊ិនធ័រប្រាយស៍ គឺគុណភាព ស្តង់ដារ និងការវេចខ្ចប់។ ម៉្យាងវិញទៀត អំបិលត្រូវបានផលិតឡើងតាមបែបប្រពៃណី ប្រកបដោយភាពម៉ត់ចត់ គិតគូរខ្ពស់ដល់សុខភាពរបស់អ្នកបរិភោគ។ កញ្ញា ធីតា ក៏បានជំរុញឱ្យបងប្អូនប្រជាពលរដ្ឋខ្មែរ ជួយគាំទ្រផលិតផលនៅក្នុងស្រុក ព្រោះគុណភាពមិនចាញ់ផលិតផលដែលនាំចូលពីក្រៅប្រទេសនោះទេ ហើយថែមទាំងអាចជួយម្ចាស់សហគ្រាសនានា អាចដើរបន្តទៅមុខទៀត។

កញ្ញាបានបញ្ជាក់ទៀតថា ៖
“ខ្មែរយើងមានប្រវត្តិផលិតអំបិលតាំងពីសម័យអង្គរមកម្ល៉េះ ហើយកំពត ជាខេត្តដែលមានទីតាំងភូមិសាស្រ្តអំណោយផលដល់ការផលិតអំបិល ហើយសហគ្រាសផលិតអំបិលយើង អាចផលិតបាននូវអំបិលគ្រួស អំបិលម៉ត់ និងផ្កាអំបិល ដែលទទួលបានជោគជ័យច្រើន និងបាននាំចេញទៅប្រទេស ជប៉ុន ស្វីស អាល្លឺម៉ង់ កាណាដា និងសហរដ្ឋអាម៉េរិក ជាដើម”
ដោយឡែកផ្កាអំបិល ជាកំណកអំបិលមានសភាពដូចដុំគ្រីស្តាល់ស្ដើងៗ អណ្ដែតលើផ្ទៃទឹក និងអាចប្រមូលបាននៅពេលដែលថ្ងៃក្ដៅខ្លាំង ស្ងួត និងគ្មានខ្យល់បក ហើយគេប្រមូលវាដោយប្រើដៃប៉ុណ្ណោះ។ វាមានភាពលំបាកបន្តិចក្នុងការផលិត ប៉ុន្តែពេញនិយមនៅទីផ្សារអឺរ៉ុប ហើយមានតម្លៃថ្លៃជាងអំបិលធម្មតាដោយហេតុថា ផ្កាអំបិលអាចផលិតបានក្នុងបរិមាណតិចជាងអំបិលធម្មតា ហើយត្រូវការសម្ងួតដោយធម្មជាតិ មានលក្ខណៈទន់ និងមានសំណើមខ្ពស់ដល់ទៅ១០ភាគរយ។
គួរបញ្ជាក់ដែរថា កញ្ញា ថូង ធីតា ជានិស្សិតដែលបានថ្នាក់បញ្ចប់បរិញ្ញាប័ត្រជាន់ខ្ពស់ មកពីសាកលវិទ្យាល័យភូមិន្ទនិតីសាស្រ្ត និងវិទ្យាសាស្រ្តសេដ្ឋកិច្ច និងមានឈាមជ័រជាកូនកសិករធ្វើអំបិលជាង៣០ឆ្នាំមកហើយនោះបានចាប់ផ្ដើមបំប្លែងខ្លួនពីអាជីវកម្មលក្ខណៈគ្រួសារ មកជាសហគ្រាសផលិតអំបិលធុនមធ្យមឆ្នាំ២០១៧។

កញ្ញាបន្តឲ្យដឹងថា ក្នុងការចាប់ផ្ដើមបង្កើតសហគ្រាសលើកដំបូងបានប្រើដើមទុនប្រមាណ ៥ម៉ឺនដុល្លារ ចំណាយទៅលើការសង់ឃ្លាំង ទិញម៉ាស៊ីនដើម្បីផលិត និងកែច្នៃរួមបញ្ចូលទាំងការសម្អាត និងការវេចខ្ចប់ផងដែរនៅលើទីធ្លាផលិតប្រមាណ៥ហិកតា។ គោលបំណងនៃការបង្កើតសហគ្រាសនេះគឺដើម្បីចូលរួមផ្សព្វផ្សាយ និងលើកស្ទួយវិស័យអំបិលក្នុងស្រុកទៅឱ្យបរទេសបានស្គាល់ ជាពិសេសបានបង្កើតការងារដល់កសិករប្រមាណ ២៧ គ្រួសារក្នុងសហគមន៍ផលិតអំបិលនៅខេត្តកំពត។ នេះជាអ្វីដែលម្ចាស់សហគ្រាសខាងលើបានបញ្ជាក់ប្រាប់។
ជាមួយគ្នានេះ កញ្ញាក៏បានបង្ហាញពីក្ដីរំពឹងថា នៅថ្ងៃអនាគត វិស័យអំបិលនៅកម្ពុជានឹងកាន់តែប្រសើរឡើង ប្រសិនបើបងប្អូនប្រជាជនខ្មែរនៅតែបន្តគាំទ្រផលិតផលនេះ។ ការគាំទ្រនេះនឹងក្លាយជាកម្លាំងចិត្តសម្រាប់បងប្អូនផលិតករក្នុងការអភិវឌ្ឍខ្លួន ក៏ដូចជាកែច្នៃអំបិលដែលជាស្បៀងយុទ្ធសាស្ត្រមួយដ៏ចាំបាច់ក្នុងការរស់នៅ និងផ្សព្វផ្សាយឱ្យបរទេសបានស្គាល់កាន់តែច្បាស់ពីផលិតផលក្នុងប្រទេសកម្ពុជា។
ជាចុងក្រោយ កញ្ញា ធីតា មានពាក្យពេចន៍ខ្លះផ្តែផ្តាំទៅកាន់អ្នកចង់ចាប់ផ្តើមអាជីវកម្មដំបូង គប្បីស្គាល់ខ្លួនឯង និងចំណុចសំខាន់នៃផែនការអាជីវកម្មឱ្យបានច្បាស់។ ក្រៅពីនេះត្រូវសិក្សាពីចំណេះ ជំនាញពីអ្នកដែលមានបទពិសោធន៍ចាស់វស្សា ទាំងបទពិសោធន៍បរាជ័យផង និងជោគជ័យផង ដើម្បីអភិវឌ្ឍខ្លួនឯងឱ្យកាន់តែប្រសើរ៕

ជីវប្រវត្តិ: ជានិស្សិតនៃសាលកវិទ្យាល័យភូមិន្ទភ្នំពេញ ដេប៉ាតឺម៉ង់ប្រព័ន្ធផ្សព្វផ្សាយ និងសារគមនាគមន៍។ បច្ចុប្បន្ន ជាអ្នករាយការណ៍ព័ត៌មាននៅ AMS Economy ។
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧
បុគ្គល ៤ អាចជំនួសតំណែងលោក Zelensky ក្រោយលោក Trump ជំរុញការផ្លាស់ប្តូរនយោបាយអ៊ុយក្រែន
បទយកការណ៍, ព្រឹត្តិការណ៍, សេដ្ឋកិច្ច, អាជីវកម្មថ្មី និងនវានុវត្ត
• 13/10/2026

កាណាដា-អេមីរ៉ាតអារ៉ាប់ រួមគ្នាជំរុញផែនការវិនិយោគ ៥០ ពាន់លានដុល្លារ
បទយកការណ៍, ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 18/09/2026

ឥណ្ឌា ពង្រឹងយុទ្ធសាស្ត្រ ដើម្បីគ្រប់គ្រងលើខ្សែសង្វាក់ផ្គត់ផ្គង់បន្ទះឈីបទាំងស្រុងនៅក្នុងស្រុក
បទយកការណ៍, ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 10/09/2026

អ្នកជំនាញ ៖ ចង់មានសុវត្ថិភាពគណនីហិរញ្ញវត្ថុគប្បីបង្កើនប្រសិទ្ធភាពលេខសម្ងាត់ឱ្យបានរឹងមាំ
• 09/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
អាស៊ាន រៀបចំកិច្ចប្រជុំអំពីឧតុនិយម និងដំណោះស្រាយ ឆ្លើយតបទៅនឹងបាតុភូតអែល នីញ៉ូ (El Niño) នៅទីក្រុងដាណាំង ប្រទេសវៀតណាម
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 14/10/2026
ប្រតិភូប្រមាណ ៦០ រូបនឹងជួបជុំគ្នានៅទីក្រុងដាណាំង ប្រទេសវៀតណាមចាប់ពីថ្ងៃទី ១៤ ដល់ថ្ងៃទី ១៦ ខែតុលា ដើម្បីពិភាក្សាអំពីវិធានការឆ្លើយតបទៅនឹងបាតុភូត El Niño និងពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យឧតុនិយម និងជលសាស្ត្រនៅក្នុងតំបន់អាស៊ាន

រុស្ស៊ី ដំណើរការសេវាទូទាត់លុយគ្រីបតូជាសាច់ប្រាក់លើកដំបូងបំផុតរបស់ពិភពលោកក្នុងតម្លៃសេវាត្រឹមតែ ០,៣ភាគរយ
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 14/10/2026
បរទេស ៖ ក្រុមហ៊ុនបច្ចេកវិទ្យាហិរញ្ញវត្ថុរុស្ស៊ី A7 បានប្រកាសដាក់ឱ្យប្រើប្រាស់សេវាកម្មទូទាត់ប្រាក់លើកដំបូងបំផុតរបស់ពិភពលោក ដែលអនុញ្ញាតឱ្យអតិថិជនផ្ទេរប្រាក់ឆ្លងប្រទេសដោយប្រើប្រាស់រូបិយប័ណ្ណគ្រីបតូ(Cryptocurrency)ជាមួយតម្លៃសេវាត្រឹមតែ ០,៣ភាគរយ។ យោងតាមការចេញផ្សាយរបស់កាសែត RT បានឲ្យដឹងថា ការបើកដំណើរការសេវាកម្មថ្មីដែលមានឈ្មោះថា A7 International នេះ បានជួយឱ្យក្រុមហ៊ុនអាចពង្រីកវិសាលភាពរបស់ខ្លួនទៅកាន់អន្តរជាតិបើទោះបីជាកំពុងរងទណ្ឌកម្មសេដ្ឋកិច្ចពីបណ្តាប្រទេសលោកខាងលិចក៏ដោយ។ តាមរយៈប្រព័ន្ធថ្មីនេះ អតិថិជនអាចទូទាត់ការផ្ទេរប្រាក់ជាប្រភេទរូបិយប័ណ្ណឌីជីថល USDT(ដែលជាប្រាក់គ្រីបតូមានតម្លៃថេរស្មើប្រាក់ដុល្លារអាមេរិក) ហើយអ្នកទទួលប្រាក់នឹងទទួលបានជាសាច់ប្រាក់តាមប្រព័ន្ធ SWIFT

ខ្សែភាពយន្តឯកសារ «LOOT: ការវិលត្រឡប់មកវិញនូវរតនសម្បត្តិវត្ថុកម្ពុជា» ត្រៀមចាក់បញ្ចាំងនៅតាមរោងភាពយន្តទូទាំងប្រទេសកម្ពុជា ចាប់ពីថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៦
ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម
• 13/10/2026
ភ្នំពេញ ៖ ខ្សែភាពយន្តឯកសារកម្រិតអន្តរជាតិ “LOOT” ដែលលាតត្រដាងពីបណ្តាញឧក្រិដ្ឋកម្មជួញដូរវត្ថុបុរាណខ្មែរជាសកល ដោយខុសច្បាប់ពីសំណាក់ជនបរទេស ត្រូវបានក្រុមហ៊ុន AMS (Apsara Media Services) សហការជាមួយក្រុមហ៊ុន New Theory Picture ចាក់បញ្ចាំងនៅតាមរោងភាពយន្តក្នុងប្រទេសកម្ពុជា ចាប់ពីថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៦ តទៅ





វិថីហិរញ្ញវត្ថុ



























































Account
Security
Favourite Content