ភ្នំពេញ ៖ ក្រសួងពាណិជ្ជកម្ម បាន និងកំពុងបន្តយកចិត្តទុកដាក់ក្នុងការលើកស្ទួយផលិតផលកម្ពុជា តាមរយៈ «យុទ្ធនាការផលិតផលជាតិ #MadeInCambodia» ឱ្យកាន់តែមានការទទួលស្គាល់ខ្ពស់ទាំងនៅលើទីផ្សារក្នុងស្រុក និងក្រៅប្រទេស។
ក្រសួងពាណិជ្ជកម្ម បានបញ្ជាក់ថា យុទ្ធនាការផលិតផលជាតិ MadeInCambodia នឹងប្រព្រឹត្តទៅក្នុងរយៈពេល ១ ឆ្នាំពេញ ដោយក្នុងនោះ ផ្សារទំនើប ម៉ល ម៉ាត និងមីនីម៉ាតនៅទូទាំងរាជធានី-ខេត្ត នឹងចូលរួមរៀបចំតុបតែងធ្នើរដាក់តាំងលក់ផលិតផលជាតិឱ្យកាន់តែមានភាពទាក់ទាញ និងលេចធ្លោផងដែរ។ មកដល់ពេលនេះ មានផ្សារទំនើប ម៉ល ម៉ាត និងមីនីម៉ាតប្រមាណជាង ៣០០ ទីតាំង ក្នុងរាជធានី-ខេត្ត បានចូលរួមក្នុងយុទ្ធនាការនេះ។

ឯកឧត្តម សំហេង បូរ៉ា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានថ្លែងថា ដើម្បីលើកកម្ពស់ និងជំរុញការគាំទ្រ និងប្រើប្រាស់ផលិតផលជាតិ កាលពីថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២៦ កន្លងទៅថ្មីៗនេះ ក្រសួងពាណិជ្ជកម្ម បានផ្តួចផ្តើម និងសម្ពោធ “យុទ្ធនាការផលិតផលជាតិ #MadeInCambodia” ទូទាំងប្រទេស ដែលយុទ្ធនាការនេះនឹងប្រព្រឹត្តទៅក្នុងរយៈពេល ១សប្តាហ៍ ក្នុង១ខែ មានរយៈពេលមួយឆ្នាំពេញ ដោយផ្សារទំនើប ម៉ល ម៉ាត និងមីនីម៉ាតនៅទូទាំងរាជធានី-ខេត្ត នឹងចូលរួមរៀបចំតុបតែងធ្នើរដាក់តាំងលក់ផលិតផលជាតិឱ្យកាន់តែមានភាពទាក់ទាញ និងលេចធ្លោផងដែរ។
ឯកឧត្តមរដ្ឋលេខាធិការ បន្ថែមថា ក្នុងនាមជាសេនាធិការរបស់រាជរដ្ឋាភិបាលកម្ពុជា ក្រសួងពាណិជ្ជកម្ម បានបន្តខិតខំប្រឹងប្រែងអនុវត្តនូវតួនាទីភារកិច្ច និងបេសកកម្មរបស់ខ្លួនយ៉ាងយកចិត្តទុកដាក់ ដើម្បីធ្វើឱ្យប្រសើរឡើងនូវបរិយាកាសធុរកិច្ចដល់ធុរជន និងវិនិយោគិននៅកម្ពុជា សំដៅជំរុញកំណើនសេដ្ឋកិច្ចជាតិ ស្របតាមចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០ របស់រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា។ តែទោះបីជាយ៉ាងនេះក្តី អ្នកស្រាវជ្រាវការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច បានលើកឡើងថា ដើម្បីផលិតផលក្នុងស្រុកឈរជើងបានកាន់តែរឹងមាំ និងប្រកួតប្រជែងក្នុងទីផ្សារបាន គឺទាមទារឱ្យមានការចូលរួមពីគ្រប់ភាគី ដោយក្នុងនោះអ្នកផលិតក្នុងស្រុក ត្រូវពង្រឹងគុណភាព ថ្លៃដើមផលិតទាប និងទប់ស្កាត់ការនាំចូលខុសច្បាប៉ពីប្រទេសជិតខាង។

លោកបណ្ឌិត ជ័យ តិច អ្នកស្រាវជ្រាវការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច បានថ្លែងប្រាប់ AMS Economy ថា យុទ្ធនាការផលិតផលជាតិ #MadeInCambodia ជាកិច្ចការងារមួយល្អ ដែលជួយពង្រឹងនូវចំណេះដឹង ការយល់ដឹងពីអំពីការស្រឡាញ់ និងការគាំទ្រផលិតផលក្នុងស្រុក ប៉ុន្តែត្រឹមតែវេទិកាបែបនេះ វាមិនគ្រប់គ្រាន់នោះទេ ហើយវាទាមទារឱ្យមានការដាក់ចេញវិធានការបន្ថែមទៀត។
លោកបណ្ឌិត បានថ្លែងថា ៖
«វិធានការទាំងនេះរួមមាន ការពង្រឹងនូវគុណភាពផលិតក្នុងស្រុក ថ្លៃដើមនៃការផលិត តម្លៃផលិតផលសមរម្យ។ អ្វីដែលពិសេសនោះ គឺការទប់ស្កាប់ការនាំចូលពីប្រទេសថៃ និងបណ្តាប្រទេសមួយចំនួនទៀត ដែលធ្វើឱ្យមានការប្រកួតប្រជែងមិនស្មោះត្រង់»។
លោកបានពន្យល់ថា វាមានន័យថា ផលិតផលដែលនាំចូលគឺតាមរយៈការគេចពន្ធ ឬច្រករបៀងផ្សេងៗ ធ្វើឱ្យប៉ះពាល់ដល់អ្នកផលិតក្នុងស្រុក មិនអាចរកផលចំណេញបាន មិនអាចពង្រឹងគុណភាព និងគាំទ្រដល់និរន្តរភាពនៃអាជីវកម្មរបស់ពួកគាត់។
លោកបានថ្លែងបន្តថា ៖
«ដូច្នេះ វាទាមទារឱ្យទាំងអ្នកផលិត ផលិតផលផ្តោតលើគុណភាព ការទទួលខុសត្រូវ និងផលិតឱ្យគ្រប់គ្រាន់ដើម្បីផ្គត់ផ្គង់ទៅតាមតម្រូវការក្នុងស្រុក និងអ្នកប្រើប្រាស់ងាកមកប្រើប្រាស់ផលិតផលស្រុក ពិសេសរដ្ឋាភិបាលទប់ស្កាត់នូវការនាំចូលទំនិញខុសច្បាប់»។
គួរបញ្ជាក់ផងដែរថា ការផ្តួចផ្តើមរៀបចំ “យុទ្ធនាការផលិតផលជាតិ #MadeInCambodia” នេះឡើងក្នុងគោលបំណងសំខាន់ៗដើម្បីបង្ហាញ និងផ្សព្វផ្សាយឱ្យបានកាន់តែទូលំទូលាយបន្ថែមទៀតនូវភាពសម្បូរបែបនៃផលិតផលផលិតក្នុងស្រុក ជូនដល់ប្រជាពលរដ្ឋជាអតិថិជន និងជាអ្នកប្រើប្រាស់ ក៏ដូចជាលើកកម្ពស់អំណាចអ្នកប្រើប្រាស់ តាមរយៈបង្កើនការយល់ដឹងអំពីផលិតផលជាតិ ពាក់ព័ន្ធនឹងតម្លៃ គុណភាព និងអនុលោមភាព។ មួយទៀត គឺផ្សារភ្ជាប់ទីផ្សារ តាមរយៈការផ្តល់ឱកាសដល់សិប្បកម្ម និងសហគ្រាសផលិតក្នុងស្រុក ពង្រឹងទំនាក់ទំនងជាមួយបណ្តាផ្សារទំនើប ម៉ល ម៉ាត និងមីនីម៉ាត និងដើម្បីសិក្សាអំពីតម្រូវការទីផ្សារស្តង់ដារ និងនីតិវិធីនានា ពង្រឹងគុណភាព ដើម្បីអាចបង្កើនការចូលដាក់លក់ផលិតផលទៅក្នុងផ្សារទំនើប ម៉ល ម៉ាត និងមីនីម៉ាត បាន៕




វិថីហិរញ្ញវត្ថុ























Account
Security
Favourite Content