បរទេស៖ យោងតាមប្រភពព័ត៌មានពី DW បានរាយការណ៍ថា ចិនបានកំណត់គោលដៅសម្រាប់កំណើនសេដ្ឋកិច្ចរបស់ខ្លួន ៥ ភាគរយនៅឆ្នាំ២០២៥ និងបង្កើនការចំណាយទៅលើវិស័យយោធាបន្ថែមប្រមាណ ៧,២ ភាគរយ។
កាលពីថ្ងៃពុធកន្លងទៅ លោកនាយករដ្ឋមន្ត្រីចិន Li Qiang បានបង្ហាញពីតួលេខនេះនៅក្នុងរបាយការណ៍មួយនៅក្នុងកិច្ចប្រជុំប្រចាំឆ្នាំនៃសភានីតិបញ្ញត្តិរបស់ប្រទេសចិន។ ទីក្រុងប៉េកាំង បានប្រកាសអំពីការកំណត់គោលដៅកំណើនសេដ្ឋកិច្ចសម្រាប់ឆ្នាំនេះ ៥ ភាគរយ ជាមួយនឹងការសន្យាថានឹងបញ្ជេញប្រាក់រាប់ពាន់លានដុល្លារចូលទៅក្នុងសេដ្ឋកិច្ចរបស់ខ្លួនដែលកំពុងរងគ្រោះ ខណៈដែលកំពុងប្រឈមមុខនឹងសង្រ្គាមពាណិជ្ជកម្មជាមួយសហរដ្ឋអាម៉េរិក។ អ្នកវិភាគសេដ្ឋកិច្ច យល់ឃើញថា ការកំណត់គោលដៅសេដ្ឋកិច្ចនេះឆ្លុះបញ្ចាំងពីមហិច្ឆតារបស់ទីក្រុងប៉េកាំងសម្រាប់យោធាទំនើប និងទប់ទល់ភាពតានតឹងនៃភូមិសាស្ត្រនយោបាយ។ យ៉ាងណាមិញ មូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) ព្យាករណ៍ថា កំណើនសេដ្ឋកិច្ចចិនអាចនឹងអត្រា ៤,៦ ភាគរយនៅឆ្នាំ ២០២៥ ដែលធ្លាក់ចុះពី ៥ ភាគរយក្នុងឆ្នាំ ២០២៤។
កាលពីខែកុម្ភៈ ប្រធានាធិបតីអាម៉េរិក Donald Trump បានប្រកាសដំឡើងពន្ធ ១០ ភាគរយលើទំនិញចិន ហើយក្រោយមកបានកើនឡើងដល់ ២០ ភាគរយ។ ជាការឆ្លើយតប ចិនបានសងសឹកទៅវិញជាមួយនឹងពន្ធផ្ទាល់របស់ខ្លួនលើទំនិញរបស់សហរដ្ឋអាម៉េរិក និងបានប្តេជ្ញាថានឹងប្រយុទ្ធប្រឆាំងនឹងសង្គ្រាមពាណិជ្ជកម្មឱ្យដល់ទីបញ្ចប់។ ឥឡូវនេះ សង្គ្រាមពាណិជ្ជកម្មកាន់តែតានតឹង ខណៈដែលចិនកំពុងដោះស្រាយជាមួយនឹងកំណើនផលិតផលក្នុងស្រុកសរុបដែលធ្លាក់ចុះ និងការធ្លាក់ចុះនៃតម្រូវការអ្នកប្រើប្រាស់ក្នុងស្រុក ដោយសារការដួលរលំនៃទីផ្សារអចលនទ្រព្យ។
ទោះបីជាសេដ្ឋកិច្ចចិនប្រឈមមុខនឹងបញ្ហាទាំងក្នុងស្រុក និងក្រៅប្រទេសក៏ដោយ ប៉ុន្តែមហាអំណាចមួយនេះមានបំណងបង្កើនការចំណាយលើវិស័យការពារជាតិរបស់ខ្លួន ៧,២ ក្នុងឆ្នាំនេះ ដោយរក្សាបាននូវកំណើនកើនឡើងជាលំដាប់នៃវិស័យនេះ។ បន្ទាប់ពីប្រធានាធិបតី Xi Jinping ឡើងកាន់អំណាចមក ថវិកាការពារជាតិរបស់ចិនបានកើនឡើងទ្វេដងចាប់តាំងពីឆ្នាំ ២០១៣ ដែលធ្វើឲ្យចិនក្លាយជាមហាអំណាចអាស៊ី និងជាប្រទេសដែលចំណាយយោធាច្រើនជាងគេលើពិភពលោកបន្ទាប់ពីអាម៉េរិក។ ទោះជាយ៉ាងណាក្តី ការបង្កើនការចំណាយលើវិស័យការពារជាតិរបស់ចិន គឺជាក្តីបារម្ភសម្រាប់កោះតៃវ៉ាន់ ដែលចិននៅតែចាត់ទុកថាដីកោះមួយនេះគឺជាផ្នែកមួយនៃទឹកដីរបស់ខ្លួន។
សូមបញ្ជាក់ដែរថា នៅក្នុងរបាយការណ៍ប្រចាំឆ្នាំកាលពីថ្ងៃពុធដដែលនោះ នាយករដ្ឋមន្ត្រីចិន Li Qiang លើកឡើងថា ៖
«យើងនឹងជំរុញយ៉ាងមុតមាំនូវបុព្វហេតុនៃការបង្រួបបង្រួមរបស់ប្រទេសចិន និងធ្វើការជាមួយជនជាតិចិននៅតៃវ៉ាន់ ដើម្បីស្តារប្រជាជាតិចិនឡើងវិញ»៕