បរទេស៖ តម្លៃប្រេងបានឡើងថ្លៃបន្តិចបន្ទាប់ពីសហរដ្ឋអាម៉េរិកស្ទាក់ចាប់នាវាដឹកប្រេងរបស់វេណេស៊ុយឡា ដែលធ្វើឱ្យកាន់តែមានក្ដីព្រួយបារម្ភទៅលើការផ្គត់ផ្គង់ ខណៈដែលកិច្ចព្រមព្រៀងសន្តិភាពរុស្ស៊ី-អ៊ុយក្រែន នៅមិនទាន់ច្បាស់លាស់នៅឡើយ នេះបើយោងតាមសេចក្ដីរាយការណ័ពីរ៉យទ័រ។
នៅថ្ងៃចុងសប្ដាហ៍នវ តម្លៃប្រេងឆៅ Brent បានឡើងថ្លៃ ០,៥% ឬ ៦១,៥៧ ដុល្លារក្នុងមួយបារ៉ែល ខណៈដែលតម្លៃប្រេងឆៅ West Texas Intermediate (WTI) ក៏ឡើងថ្លៃ ០,៥% ឬ ៥៧,៩១ ដុល្លារក្នុងមួយបារ៉ែល។ ថ្មីៗនេះ សហរដ្ឋអាម៉េរិកកំពុងរៀបចំស្ទាក់ចាប់នាវាដឹកជញ្ជូនប្រេងវេណេស៊ុយអេឡាបន្ថែមទៀត បន្ទាប់ពីរឹបអូសកប៉ាល់ដឹកប្រេងបាននៅសប្តាហ៍នេះ ដើម្បីបន្ថែមសម្ពាធលើប្រធានាធិបតីវេណេស៊ុយអេឡា Nicolas Maduro។ អាម៉េរិករឹបអូសកប៉ាល់ដឹកប្រេងវេណេស៊ុយឡា ដោយសារពាក់ព័ន្ធនឹងការរំលោភលើការដាក់ទណ្ឌកម្មរបស់ខ្លួន និងសង្ស័យថា មានទំនាក់ទំនងជាមួយបណ្តាញអ៊ីរ៉ង់ និងអំពើភេរវកម្ម។ មិនត្រឹមតែប៉ុណ្ណោះ វាជាផ្នែកនៃគោលនយោបាយទូលំទូលាយរបស់អាម៉េរិកក្នុងការដាក់សម្ពាធលើរដ្ឋាភិបាល Maduro និងរំខានដល់លំហូរប្រាក់ចំណូលខុសច្បាប់របស់ប្រទេសមួយនេះ។
លោក Hiroyuki Kikukawa ប្រធានយុទ្ធសាស្រ្តនៃក្រុមហ៊ុន Nissan Securities Investment បានលើកឡើងថា ការរឹបអូសកប៉ាល់ដឹកប្រេងរបស់វេណេស៊ុយឡាកាន់តែធ្វើឱ្យមានក្ដីព្រួយបារម្ភលើការផ្គត់ផ្គង់ប្រេងសកល ចំពេលដែលកិច្ចព្រមព្រៀងសន្តិភាពរុស្ស៊ី-អ៊ុយក្រែននៅមិនទាន់ច្បាស់លាស់។ យ៉ាងណាក៏ដោយ ទីផ្សារប្រេង និងបញ្ហាតម្លៃបន្តផ្តោតសំខាន់លើការចរចាសន្តិភាពរវាងរុស្ស៊ី និងអ៊ុយក្រែន ដោយកត់សម្គាល់ថា តម្លៃប្រេង WTI អាចនៅកម្រិត ៥៥ ដុល្លារ ប្រសិនបើកិច្ចព្រមព្រៀងត្រូវបានធ្វើឡើងសម្រេច។ បន្ថែមពីនេះ កិច្ចព្រមព្រៀងសន្តិភាពទំនងជាជំរុញឲ្យរុស្ស៊ីបង្កើនការផ្គតផ្គង់ប្រេងចូលក្នុងទីផ្សារសកលវិញ ដោយសារបច្ចុប្បន្នប្រទេសនេះកំពុងជាប់ទណ្ឌកម្មពីបណ្តាប្រទេសលោកខាងលិច។
កាលពីថ្ងៃពុធ សប្ដាហ៍នេះ មេដឹកនាំអង់គ្លេស បារាំង និងអាល្លឺម៉ង់ បានសំណេះសំណាលគ្នាតាមទូរស័ព្ទជាមួយប្រធានាធិបតីអាម៉េរិក លោក Donald Trump ដើម្បីពិភាក្សាអំពីកិច្ចខិតខំប្រឹងប្រែងសន្តិភាពចុងក្រោយបង្អស់របស់ទីក្រុងវ៉ាស៊ីនតោន ដើម្បីបញ្ចប់សង្រ្គាមនៅក្នុងប្រទេសអ៊ុយក្រែន។ យ៉ាងណាមិញ កិច្ចព្រមព្រៀងសន្តិភាពហាក់មិនទាន់មានភាពច្បាស់លាស់បន្ទាប់ពីដ្រូនរបស់អ៊ុយក្រែនយប្រហារកន្លែងប្រតិបត្តិការប្រេងមួយនៅសមុទ្រកាសព្យែនកាលពីថ្ងៃព្រហស្បតិ៍ ដែលធ្វើឲ្យរោងចក្រដែលគ្រប់គ្រងដោយក្រុមហ៊ុនរុស្ស៊ី Lukoil បញ្ឈប់ការផលិត។
ទន្ទឹមនឹងនេះ ទីភ្នាក់ងារថាមពលអន្តរជាតិ (IEA) ព្យាករណ៍ថា កំណើនតម្រូវការប្រេងពិភពលោកទំនងជាកើនឡើងនៅឆ្នាំ ២០២៦ ដោយសារសេដ្ឋកិច្ចពិភពលោកកាន់តែរឹងមាំ ប៉ុន្តែការផ្គត់ផ្គង់ពីប្រទេសដែលស្ថិតក្រោមទណ្ឌកម្មអាចធ្លាក់ចុះ។ វានន័យថា តម្លៃប្រេងអាចនឹងឡើងបន្ថែមទៀត ដោយសារតម្រូវការខ្ពស់ ប៉ុន្តែការផ្គត់ផ្គង់កាន់តែមានភាពតឹងតែង៕




វិថីហិរញ្ញវត្ថុ























Account
Security
Favourite Content