បរទេស ៖ យោងតាមប្រភពព័ត៌មានពីរ៉យទ័រ រាយការណ៍ថា តម្លៃប្រេងបានកើនឡើងជាង ៣ ភាគរយ បន្ទាប់ពីអ៊ីស្រាអែលបានច្រានចោលសំណើបទឈប់បាញ់ពីក្រុមហាម៉ាស ដែលធ្វើឲ្យក្តីបារម្ភនៃជម្លោះនៅមជ្ឈិមបូព៌ាកាន់តែទូលំទូលាយជាងមុន។
ទន្ទឹមនឹងនេះ តម្លៃប្រេងឆៅម៉ាក Brent បានឡើងថ្លៃ ៣ ភាគរយ ឬ ៨១,៣៦ ដុល្លារក្នុងមួយបារ៉ែល ខណៈដែលតម្លៃប្រេងឆៅម៉ាក West Texas Intermediate (WTI) បានឡើងថ្លៃ ៣,២ ភាគរយ ឬ ៧៦,២២ ដុល្លារក្នុងមួយបារ៉ែល។ វាគឺជាលើកដំបូងនៅក្នុងខែកុម្ភៈ ដែលតម្លៃប្រេង Brent ឡើងថ្លៃលើសពី ៨០ ដុល្លារក្នុងមួយបារ៉ែល និង WTI ឡើងថ្លៃលើសពី ៧៥ ដុល្លារក្នុងមួយបារ៉ែល។
កាលពីថ្ងៃព្រហស្បតិ៍កន្លងទៅនេះ គណៈប្រតិភូក្រុមហាម៉ាសបានមកដល់ទីក្រុងគែរសម្រាប់ការចរចាបទឈប់បាញ់ ដោយមានអ្នកសម្រុះសម្រួលមកពីអេហ្ស៊ីបនិងកាតា។ យ៉ាងណាមិញ កងកម្លាំងអ៊ីស្រាអែលបានទម្លាក់គ្រាប់បែកលើទីក្រុង Rafah ព្រំដែនភាគខាងត្បូង បន្ទាប់ពីនាយករដ្ឋមន្ត្រីអ៊ីស្រាអែល Benjamin Netanyahu បានច្រានចោលសំណើរដើម្បីបញ្ចប់សង្រ្គាមនៅក្នុងក្របខណ្ឌប៉ាឡេស្ទីន។ លោក John Kilduff ដែលជាដៃគូជាមួយ Again Capital LLC បាននិយាយថា ទីផ្សារកំពុងធូរស្រាលបន្តិចពីការធ្លាក់ចុះសក្តានុពល ប៉ុន្តែការវាយប្រហារលើការដឹកជញ្ជូនដោយក្រុមឧទ្ទាម Houthi ដែលគាំទ្រដោយអ៊ីរ៉ង់ បានបន្តរំខានដល់ការជួញដូរប្រេងពិភពលោក។
នៅសហរដ្ឋអាមេរិក ស្តុកប្រេងសាំងបានធ្លាក់ចុះជាងការរំពឹងទុក ក៏បានជំរុញទីផ្សារប្រេងឲ្យកើនឡើងតម្លៃផងដែរ។ អ្នកវិភាគលើកឡើងថា ការអូសទាញបណ្តាលមកពីការធ្លាក់ចុះនៃស្តុកប្រេងឥន្ធនៈ រួមជាមួយនឹងការកើនឡើងនៃស្តុកប្រេងឆៅ គឺជាសញ្ញានៃការថែទាំរោងចក្រចម្រាញ់ប្រេងរបស់សហរដ្ឋអាមេរិក។ ការបន្តថែទាំរោងចក្រចម្រាញ់ប្រេងរបស់សហរដ្ឋអាមេរិក រួមជាមួយនឹងបញ្ហាអឺរ៉ុបកំពុងខ្វះខាតប្រេងម៉ាស៊ូតអាចជួយរក្សាភាពវិជ្ជមានសម្រាប់ពេលនេះ។
ស្របពេលនេះដែរ នៅក្នុងប្រទេសរុស្ស៊ី ការខូចខាតរោងចក្រចម្រាញ់ប្រេងមកពីការវាយប្រហារដោយយន្តហោះគ្មានមនុស្សបើករបស់អ៊ុយក្រែន និងការដាច់បច្ចេកទេសបាននាំឱ្យមានការនាំចេញប្រេងឆៅច្រើនជាងការគ្រោងទុកក្នុងខែកុម្ភៈ ដែលអាចធ្វើឱ្យប៉ះពាល់ដល់ការសន្យារបស់ប្រទេសនេះក្នុងការកាត់បន្ថយការផ្គត់ផ្គង់ក្រោមកិច្ចព្រមព្រៀង OPEC+ ។
Aker BP បាននិយាយថា អណ្តូងប្រេង Johan Sverdrup របស់ប្រទេសន័រវេស ដែលធំជាងគេនៅសមុទ្រខាងជើងនឹងរក្សាផលិតកម្មស្ថិរភាពក្នុងអត្រាខ្ពស់ជាង ៧៥៥ ០០០ បារ៉ែលក្នុងមួយថ្ងៃសម្រាប់់ឆ្នាំនេះ ខណៈដែលសមត្ថភាពដែលបានគ្រោងទុកដើមរបស់វាគឺត្រឹម ៦៦០ ០០០ ប៉ុណ្ណោះបារ៉ែលក្នុងមួយថ្ងៃ។ លោក Giovanni Staunovo អ្នកវិភាគនៅ UBS បាននិយាយថា កំណើនតម្រូវការនៅតែមានវិជ្ជមាននៅក្នុងប្រទេសដែលប្រើប្រាស់ប្រេងធំៗរួមមាស ឥណ្ឌា និងសហរដ្ឋអាមេរិកផងដែរ៕