ភ្នំពេញ៖ ធនាគារជាតិនៃកម្ពុជា បានអំពាវនាវដល់គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ ព្រមទាំងសាធារណជន ចូលរួមទប់ស្កាត់ការចរាចរក្រដាសប្រាក់ដុល្លារអាមេរិកក្លែងក្លាយ ដែលកំពុងចរាចរនៅកម្ពុជា ដោយសហការអនុវត្តប្រកបដោយស្មារតីទទួលខុសត្រូវ និងប្រសិទ្ធភាពខ្ពស់។
តាមរយៈសេចក្តីជូនដំណឹងរបស់ធនាគារជាតិនៃកម្ពុជា នៅថ្ងៃទី២ ខែមករា ឆ្នាំ២០២៥នេះ បានបញ្ជាក់ថា ទន្ទឹមនឹងការចរាចរក្រដាសប្រាក់ដុល្លារអាមេរិកនៅក្នុងប្រទេសកម្ពុជា ក្រដាសប្រាក់ដុល្លារអាមេរិកក្លែងក្លាយក៏កំពុងត្រូវបានចរាចរផងដែរ។
សេចក្តីជូនដំណឹងរបស់ធនាគារជាតិនៃកម្ពុជាត្រូវបានធ្វើឡើងក្នុងគោលបំណងរួមចំណែកទប់ស្កាត់ការចរាចរក្រដាសប្រាក់ដុល្លារអាមេរិកក្លែងក្លាយ និងតាមសំណើរបស់ភ្នាក់ងារសម្ងាត់អាមេរិក។
នៅក្នុងសេចក្ដីជូនដំណឹងដដែលបានបញ្ជាក់ដូចខាងក្រោម ៖
១- គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ ដកហូតក្រដាសប្រាក់ដុល្លារអាមេរិកក្លែងក្លាយពីអតិថិជនដោយគ្មានសំណង រួចបញ្ជូនទៅភ្នាក់ងារសម្ងាត់អាមេរិក ជាមួយនឹងរបាយការណ៍ ដូចមានភ្ជាប់ក្នុងឧបសម្ព័ន្ធ ដើម្បីភ្នាក់ងារសម្ងាត់អាមេរិកស៊ើបអង្កេតបន្ត។
២- គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ រក្សាទុកព័ត៌មានអំពីអត្តសញ្ញាណអតិថិជនដែលចរាចរក្រដាសប្រាក់ដុល្លារអាមេរិកក្លែងក្លាយ ហើយផ្តល់ព័ត៌មានទាំងនេះមកធនាគារជាតិនៃកម្ពុជា។
៣- សាធារណជន ត្រូវមានការប្រុងប្រយ័ត្នខ្ពស់ និងពិនិត្យពិច័យឱ្យបានហ្មត់ចត់មុននឹងទទួលយកក្រដាសប្រាក់ដុល្លារអាមេរិក ហើយក្នុងករណីមានការសង្ស័យថា ក្រដាសប្រាក់ដុល្លារអាមេរិកនោះក្លែងក្លាយ សូមផ្តល់ព័ត៌មានជូនធនាគារជាតិនៃកម្ពុជា។
ធនាគារជាតិនៃកម្ពុជាលើកទឹកចិត្តឱ្យគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ ណែនាំអតិថិជនរបស់ខ្លួនអំពីរបៀបកំណត់អត្តសញ្ញាណក្រដាសប្រាក់ដុល្លារអាមេរិកពិត ដើម្បីចូលរួមការទប់ស្កាត់ការប្រើប្រាស់ក្រដាសប្រាក់ដុល្លារអាមេរិកក្លែងក្លាយ៕