ភ្នំពេញ ៖ រដ្ឋមន្រ្តីក្រសួងបរិស្ថាន ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត កាលពីពេលថ្មីៗនេះ នៅក្នុងកិច្ចប្រជុំដំបូងនៃក្រុមការងារគ្រប់គ្រង និងអភិវឌ្ឍគោលដៅលំហែបៃតងក្នុងតំបន់ការពារធម្មជាតិ បានដាក់ចេញនូវគោលការណ៍ ៣ ចម្បង ដើម្បីបម្រើឱ្យផលប្រយោជន៍ប្រជាសហគមន៍ និងលើកកម្ពស់ជីវភាពប្រជាពលរដ្ឋប្រកបដោយនិរន្តភាពនៅតាមសហគមន៍មូលដ្ឋាន។
គោលការណ៍ចម្បងទាំងនោះ គឺទី១- គ្រប់គម្រោងអភិវឌ្ឍន៍របស់សហគមន៍មូលដ្ឋាន ចាំបាច់ត្រូវបម្រើឱ្យផលប្រយោជន៍ និងលើកកម្ពស់ជីវភាពសហគមន៍ មានន័យថា រាល់ការអភិវឌ្ឍទាំងឡាយ ត្រូវមានការយល់ព្រមពីប្រជាសហគមន៍ដោយមានភាពសុខដុមរមនារវាងគម្រោង និងសហគមន៍ ហើយត្រូវបង្រៀនសហគមន៍ឱ្យមានឯករាជ្យភាព គឺមានភាពជាម្ចាស់ដោយខ្លួនឯង។

ទី២- គ្រប់គម្រោងអភិវឌ្ឍន៍ទាំងអស់ត្រូវជួយការពារតំបន់ការពារធម្មជាតិ និងសហគមន៍មូលដ្ឋាន ក្នុងនោះម្ចាស់គម្រោងត្រូវចូលរួមការងារជាមួយសហគមន៍ ការពារទប់ស្កាត់ការទន្រ្ទានយកដីតំបន់ការពារធម្មជាតិឱ្យបានជាដាច់ខាត ជាពិសេសការពារឱ្យបាននូវការកាប់ឈើខុសច្បាប់ និងបទល្មើសធនធានធម្មជាតិ រួមទាំងហានីភ័យនានា ដែលបង្កឱ្យមានភ្លើងឆេះព្រៃជាដើម។
ទី៣- អនុវត្តនូវភាពស្អាត ភាពបៃតងនៅក្នុងតំបន់ការពារ តាមរយៈការថែរក្សានូវភាពស្អាតក្នុងខ្យល់ លើដី និងក្នុងទឹក ជាពិសេសគឺភាពស្អាតដែលកើតចេញពីសមានចិត្ត របស់ប្រជាសហគមន៍មូលដ្ឋាន ហើយភាពស្អាតនេះនឹងចែករំលែកទៅដល់បរិស្ថានជុំវិញ ដែលរួមមានភ្ញៀវទេសចរណ៍មកកម្សាន្តនៅតំបន់ការពារធម្មជាតិផងដែរ។

ជាមួយគ្នានេះ ឯកឧត្តមបណ្ឌិតរដ្ឋមន្រ្តី បានថ្លែងបន្ថែមថា ការថែរក្សានូវភាពបៃតងនៅជុំវិញតំបន់ការពារ តាមរយៈការលើកទឹកចិត្តឱ្យមានការចូលរួមដាំដើមឈើពីអ្នកទេសចរ គឺជាការផ្សព្វផ្សាយចរណៃភាពបៃតងឱ្យដក់ជាប់នៅក្នុងចិត្តស្អាតរបស់ទេសចរជាតិ-អន្តរជាតិ។
លើសពីនេះ ការលើកស្ទួយ និងបង្ហាញពីជាតិនិយមរបស់ខ្មែរ តាមរយៈមិនចម្លងវប្បធម៌ដទៃ តែផ្តួចផ្តើម និងបង្កើតនូវគំនិតថ្មីៗ ដែលមានលក្ខណៈជាខ្មែរ គឺជាភាពកម្រជំរុញឱ្យមានការទាក់ទាញពីទេសចរក្រៅប្រទេសឱ្យមកកម្សាន្ត និងទស្សនាតំបន់ការពារធម្មជាតិដ៏សម្បូរបែបរបស់ខ្មែរផងដែរ។

យោងដល់ការដាក់ចេញនូវគោលការណ៍ ៣ ចម្បងខាងលើរបស់ក្រសួងបរិស្ថាន គេបានកត់សម្គាល់នៅតំបន់ហគមន៍រទេះក្របី ភូមិជ្រៃ សង្កាត់ទឹកវិល ក្រុងសៀមរាប ខេត្តសៀមរាប បានរៀបចំរបៀបបដិសណ្ឋារកិច្ចភ្ញៀវទេសចរបរទេសមួយចំនួនបន្ទាប់ពីទស្សនាតំបន់ប្រាសាទរួច ក៏បាននាំគ្នាមកចាប់អារម្មណ៍ជាមួយនឹងរទេះក្របីសម្រាប់ដឹកជិះលំហែកាយនៅតាមភូមិជនបទ និងវាលស្រែ ដែលមិនធ្លាប់មាននៅស្រុករបស់ពួកគេ។
អ្នកគ្រប់គ្រងទូទៅនៅក្នុងសហគមន៍រទេះក្របីបានលើកឡើងថា សហគមន៍រទេះក្របីនេះ បានបើកដំណើរការអស់រយ:ពេលជិត ១០ឆ្នាំមកហើយ តែក្រោយមកត្រូវបានបិទរយ:ពេលអំឡុងវិបត្តិកូវីដ-១៩ រហូតមកដល់ខែមេសា ឆ្នាំ២០២៣ បានចាប់ផ្តើមដំណើរការវិញ ស្របពេលដែលមានភ្ញៀវមកលេងជាបណ្តើរៗ។

លោក ឆេង ឆោម អ្នកគ្រប់គ្រងទូទៅតំបន់ហគមន៍រទេះក្របីបានឱ្យដឹងថា សហគមន៍យើង មានរទេះក្របីចំនួន ១៦គ្រឿង និងបុគ្គលិកប្រមាណ ២០នាក់សម្រាប់បម្រើសេវាកម្មដឹកជូនភ្ញៀវកំសាន្តតាមភូមិ តាមវាលស្រែ ដើម្បីមើលទេសភាពដ៏ស្រស់បំព្រងនារដូវប្រាំង រដូវវស្សា និងការរស់នៅរបស់បងប្អូនប្រជាកសិករនៅទីនោះផងដែរ។
ដោយកំណើនភ្ញៀវទេសចរនៅខេត្តសៀមរាបមានការកើនឡើងល្អប្រសើរ ជាពិសេស នៅដើមឆ្នាំ២០២៤នេះ នៅក្នុងសហគមន៍ ថ្ងៃខ្លះក៏មានភ្ញៀវបរទេសចាប់ពី ៥០នាក់ ទៅ ១០០នាក់ ក្នុងមួយថ្ងៃៗ ។ ចំពោះតម្លៃសេវាកម្មសម្រាប់ភ្ញៀវទេសចរបរទេសក្នុងម្នាក់ៗ ២០ដុល្លារ ដោយឡែកសម្រាប់ភ្ញៀវខ្មែរក្នុងម្នាក់ៗ ៣ដុល្លារ ។ ចំពោះរទេះក្របីមួយជិះបានគ្នា ៣នាក់ សម្រាប់ដំណើរកំសាន្តនៅតាមភូមិ តាមវាលស្រែ ប្រើរយ:ពេលប្រមាណជា ២៥នាទី ទៅ៣០នាទី ទើបវិលមកកន្លែងដើមវិញ ។

ប្រជាពលរដ្ឋជាមនុស្សចាស់ៗក្នុងភូមិទាំងប្រុសស្រី និងជាម្ចាស់ក្របី ដែលបានធ្វើការនៅក្នុងសហគមន៍ជាច្រើនឆ្នាំមកហើយ ពួកគាត់អាចរកកម្រៃបានពីការងារដឹកភ្ញៀវក្នុងមួយខែៗ ទទួលបានប្រាក់ចំណូលប្រមាណ ២០០ដុល្លារ សម្រាប់ផ្គត់ផ្គង់ក្រុមគ្រួសារ ហើយការងារដឹកភ្ញៀវនេះ វាមិនលំបាកទេ វាអាស្រ័យទៅលើភ្ញៀវប៉ុណ្ណោះ ថ្ងៃណាភ្ញៀវច្រើនគឺយើងដឹកបាន ២ជុំ ទៅ៣ជុំដែរ ថ្ងៃខ្លះភ្ញៀវតិចតាមតិច ភ្ញៀវច្រើនតាមច្រើនមិនទៀងទេ ៕





វិថីហិរញ្ញវត្ថុ





















Account
Security
Favourite Content