ភ្នំពេញ៖ នៅព្រឹកថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៥នេះ តាមរយៈបណ្តាញទំនាក់ទំនងសង្គមផ្លូវការ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានណែនាំឱ្យរដ្ឋបាលរាជធានីភ្នំពេញ ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ ត្រូវបញ្ចេញរថយន្តក្រុងចំនួន ៥៩៧គ្រឿង សម្រាប់ដឹកជញ្ជូនបងប្អូនប្រជាពលរដ្ឋធ្វើដំណើរទៅលេងស្រុកកំណើតដោយឥតគិតថ្លៃ ។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់ថា ៖
«ដូចដែលបានរៀបចំជាច្រើនឆ្នាំកន្លងមក ដើម្បីជួយសម្រាលបន្ទុកចំណាយរបស់បងប្អូនប្រជាពលរដ្ឋក្នុងការធ្វើដំណើរទៅលេងស្រុកកំណើត ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌប្រពៃណីជាតិខ្មែរ ខ្ញុំបានផ្តល់គោលការណ៍ជូនរដ្ឋបាលរាជធានីភ្នំពេញរៀបចំនូវរថយន្តក្រុងសម្រាប់ដឹកជញ្ជូនបងប្អូនប្រជាពលរដ្ឋធ្វើដំណើរទៅលេងស្រុកកំណើតដោយឥតគិតថ្លៃ»។

អនុវត្តតាមការណែនាំរបស់សម្តេចធិបតី ឯកឧត្តម ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ បានបញ្ជាក់ជូនសម្តេចថា រដ្ឋបាលរាជធានីភ្នំពេញ បានត្រៀមរៀបចំរថយន្តក្រុងចំនួន ៥៩៧គ្រឿង សម្រាប់បម្រើសេវាដឹកជញ្ជូនប្រជាពលរដ្ឋក្នុងរាជធានីភ្នំពេញប្រចាំថ្ងៃ និងសម្រាប់ដឹកជញ្ជូនប្រជាពលរដ្ឋទៅលេងស្រុកកំណើតក្នុងឱកាសបុណ្យភ្ជុំបិណ្ឌប្រពៃណីជាតិខ្មែរ ឆ្នាំ២០២៥ ចំនួន ៦ថ្ងៃ ដោយគិតចាប់ពីថ្ងៃទី២០ ដល់ថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៥ ដោយក្នុងនោះរួមមាន ៖

១- រថយន្តក្រុងចំនួន ១០០គ្រឿង ប្រើប្រាស់សម្រាប់បម្រើសេវាដឹកជញ្ជូនប្រជាពលរដ្ឋប្រចាំថ្ងៃក្នុងរាជធានីភ្នំពេញ និងសេវារថយន្តក្រុងសាធារណៈ អាកាសយានដ្ឋានអន្តរជាតិតេជោ (AIRPORT EXPRESS BUS)។
២- រថយន្តក្រុងចំនួន ៤៩៧គ្រឿង ប្រើប្រាស់សម្រាប់ដឹកជញ្ជូនប្រជាពលរដ្ឋពីរាជធានីភ្នំពេញ ទៅលេងស្រុកកំណើត និងការវិលត្រលប់មកវិញ ដោយមានបែងចែកជាខ្សែរត់ធំៗចំនួន ៧ គោលដៅ ហើយព័ត៌មានលម្អិត សាលារាជធានីភ្នំពេញ និងផ្ដល់ជូនសាធារណៈជនក្នុងពេលឆាប់ៗខាងមុខ។

សូមបញ្ជាក់ដែរថា សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា តែងតែយកចិត្តទុកដាក់ចំពោះសុខទុក្ខរបស់ប្រជាពលរដ្ឋទូទាំងប្រទេស និងព្យាយាមជួយកាត់បន្ថយចំណាយរបស់ប្រជាជន ហើយសង្ឃឹមថា ការរៀបចំរថយន្តក្រុងដឹកជញ្ជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃនេះ នឹងអាចជួយសម្រួល និងសម្រាលបន្ទុកខ្លះក្នុងការធ្វើដំណើររបស់បងប្អូនប្រជាពលរដ្ឋ ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌប្រពៃណីជាតិខ្មែរសម្រាប់ឆ្នាំ២០២៥នេះ៕




វិថីហិរញ្ញវត្ថុ























Account
Security
Favourite Content