ភ្នំពេញ៖ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៥ បានជូនដំណឹងដល់ម្ចាស់អាជីវកម្មផ្ទះចិញ្ចឹមត្រចៀកកាំលក្ខណៈគ្រួសារ ម្ចាស់កន្លែងកែច្នៃបឋមសំបុកត្រចៀកកាំសម្រាប់នាំចេញ ដែលមានបំណងនាំចេញសំបុកត្រចៀកកាំទៅទីផ្សារប្រទេសចិន សូមរួសរាន់ដាក់ពាក្យស្នើសុំនៅទីស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដើម្បីជំរុញការនាំចេញផលិតផលត្រចៀកកាំជាផ្លូវការទៅកាន់ទីផ្សារប្រទេសចិនឱ្យបានកាន់តែលឿន។

ក្នុងគោលបំណងពន្លឿនការងារនេះ បន្ទាប់ពីទទួលបាននូវពាក្យស្នើសុំ អង្គភាពជំនាញនឹងធ្វើការត្រួតពិនិត្យ វាយតម្លៃ ដោយអនុលោមតាមបទដ្ឋានបច្ចេកទេសពាក់ព័ន្ធដូចមានកំណត់ក្នុងពិធីសារ និងសម្របសម្រួលជាមួយភាគីគយចិនដើម្បីនាំចេញ។ សូមជម្រាបថា ពិធីសារនាំចេញសំបុកត្រចៀកកាំពីកម្ពុជា ត្រូវបានចុះហត្ថលេខាដោយក្រសួងកសិកម្ម និងអគ្គរដ្ឋបាលគយចិន កាលពីថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២៥។

ឯកឧត្តម ងិន ឆាយ ប្រតិភូររាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋានកសិកម្ម បានលើកឡើងថា ក្នុងរយៈពេលប៉ុន្មានឆ្នាំមកនេះ កម្ពុជាបាននាំចេញផលិតផលកសិកម្មកែច្នៃ និងស្រស់ប្រមាណ៣០មុខទៅកាន់ប្រទេសចិន ដូចជា អង្ករ មៀនប៉ៃលិន ដំឡូងមី ពោត ស្វាយកែវរមៀត និងចេកអំបូងលឿង ជាដើម។ ដំណឹងល្អមួយទៀតនោះ គឺកម្ពុជាបានឈានដល់ពិធីសារស្តីពីលក្ខខណ្ឌតម្រូវភូតគាមអនាម័យសម្រាប់ការនាំចេញផ្លែទុរេន និងទឹកមាត់ត្រចៀកកាំ ទៅកាន់ទីផ្សារចិនក្នុងឆ្នាំ២០២៥នេះ។

ឯកឧត្តមបានបញ្ជាក់ថា ការចាប់ទីផ្សារផ្លែទុរេន និងទឹកមាត់ត្រចៀកកាំនៅប្រទេសចិន នឹងរួមចំណែកផ្ដល់តម្លៃបន្ថែមខ្ពស់ដល់កសិករ និងចំណូលនៃសេដ្ឋកិច្ចជាតិ។ ជាមួយគ្នានេះ ឯកឧត្តម ទទូចឱ្យកសិករ និងក្រុមហ៊ុនកែច្នៃទាំងអស់ ត្រៀមខ្លួនរៀបចំផលិតកម្ម និងដំណាំឱ្យស្របតាមស្ដង់ដាកសិកម្ម ឬហៅថា GAP និងលក្ខខណ្ឌតម្រូវមួយចំនួនរបស់ប្រទេសចិន។
លោក ស៊ុយ កុកធាន ប្រធានសមាគមត្រចៀកកាំខ្មែរ បានប្រាប់ AMS ថា ចាប់តាំពីមានការចុះពិធីសារស្តីពីលក្ខខណ្ឌតម្រូវភូតគាមអនាម័យសម្រាប់ផ្លែទុរេន និងទឹកមាត់ត្រចៀកកាំ ទៅកាន់ទីផ្សារចិន សំបុកត្រចៀកកាំមានការឡើងថ្លៃបន្តិចបើធៀបទៅនឹងកាលពីប៉ុន្មានឆ្នាំមុន ។ ទីផ្សារសំបុកត្រចៀកកាំបច្ចុប្បន្នមានតម្លៃជាង ៣០០ ទៅ ៤៥០ ដុល្លារក្នុងមួយគីឡូក្រាម សម្រាប់សំបុកត្រចៀកកាំមិនទាន់សម្អាត និងមិនទាន់កែច្នៃ ។ ចំណែកឯសំបុកត្រចៀកកម្មដែលកែច្នៃរួច មានតម្លៃពី៨០០ ទៅ១៥០០ក្នុងមួយគីឡូក្រាម អាស្រ័យទៅតាមការសម្អាតរបស់ក្រុមហ៊ុននីមួយៗ។

លោកបញ្ជាក់ថា៖
«ទីផ្សារសំបុកត្រចៀកកាំសំខាន់គឺនៅក្រៅប្រទេស ហើយក្រៅពីនាំចេញទៅប្រទេសចិន យើងមាននាំចេញទៅ តៃវ៉ាន់ ហុងកុង និងសិង្ហបុរី ផងដែរ។ ចំណែកប្រទេសថៃ និងវៀតណាម កន្លងមកក៏ជាទីផ្សារនាំចេញដែរ តែជាប្រភេទសំបុកត្រចៀកកាំមិនទាន់កែច្នៃ ដែលកន្លងមកមិនទាន់មានពិធីសារស្តីពីលក្ខខណ្ឌតម្រូវនាំចេញនៅឡើយទេ ពោលគឺនាំទៅវៀតណាមតាមព្រំដែនជាលក្ខណៈក្រៅផ្លូវការ ព្រោះវៀតណាមមិនអនុញ្ញាតឱ្យនាំសំបុកត្រចៀកកាំមិនទាន់កែឆ្នៃចូលស្រុកគេទេ»។

លោក ស៊ុយ កុកធាន បានកត់សម្គាល់ថា សម្រាប់ការអំពាវនាវរបស់ក្រសួងកសិកម្ម ជាសញ្ញាមួយល្អដោយក្រសួងមានការខិតខំប្រឹងប្រែងជាខ្លាំងសម្រាប់ទីផ្សារក្រៅប្រទេស ហើយលោកជឿជាក់ថា ចាប់ពីថ្ងៃនេះទៅមុខ សំបុកត្រចៀកកាំកម្ពុជា ត្រូវបាននាំចេញទៅកាន់ប្រទេសចិនច្រើន និងមានសុទិដ្ឋិនិយមថា ទីផ្សារចិននឹងជួយឱ្យកម្ពុជារឹងមាំ ហើយមានតម្លៃល្អ។

សូមជ្រាបថា ចិននៅតែជាដៃគូពាណិជ្ជកម្មធំបំផុតរបស់កម្ពុជា ខណៈផលិតផលកសិកម្មត្រូវបាននាំចេញទៅប្រទេសចិនដោយជោគជ័យជាបន្តបន្ទាប់ ដូចជា៖ អង្ករ ចេក មៀនប៉ៃលិន ដូង និងកសិផលផ្សេងទៀត។ បើតាមក្រសួងពាណិជ្ជកម្ម នៅឆ្នាំ២០២៣ កម្ពុជាមានផ្ទះត្រចៀកកាំជាង៥ ០០០ផ្ទះ។ ផ្ទះទាំងនេះ បានផ្តល់ទិន្នផលសំបុកត្រចៀកកាំបានរហូត ១២០តោនក្នុងមួយឆ្នាំ៕




វិថីហិរញ្ញវត្ថុ



































































Account
Security
Favourite Content