ការផ្លាស់ប្តូរទៅរកសេដ្ឋកិច្ចបែប​បៃតង ជួយឱ្យប្រទេសកំពុងអភិវឌ្ឍន៍សម្រាលពីបន្ទុកបំណុល

បរទេស ៖ យោងទៅតាមប្រភពព័ត៌មានពី Weforum បានរាយការណ៍ថា ប្រទេសកំពុងអភិវឌ្ឍន៍តែងប្រឈមមុខនឹងការគំរាមកំហែងពីការប្រែប្រួលអាកាសធាតុ ខណៈពេលដែលកំពុងស្ថិតនៅក្នុងវិបត្តិបំណុល។ បំណុល គឺជាបញ្ហាធ្ងន់ធ្ងរដែលប៉ះពាល់ដល់ម៉ាក្រូសេដ្ឋកិច្ច និងរារាំងការចំណាយលើវិស័យសំខាន់ៗរបស់ជាតិ ដូចជា សុខាភិបាល និងការអប់រំជាដើម។ បញ្ហានេះបានធ្វើឲ្យមេដឹកនាំជាច្រើនប្ដេជ្ញាចិត្តក្នុងការផ្លាស់ប្តូរទៅរកសេដ្ឋកិច្ចបែបបៃតង ដែលវាអាចជួយសម្រាលបន្ទុកប្រទេសពីបំណុល និងផ្តល់មកនូវភាពវិជ្ជមានដល់ប្រទេសដូចជា។

ការផ្លាស់ប្តូរទៅរកសេដ្ឋកិច្ចបែបបៃតងនាំមកនូវការវិនិយោគដល់ប្រទេស ដោយសារប្រទេសកំពុងអភិវឌ្ឍន៍ជាច្រើនតែងជាប់បំណុលបរទេសច្រើន។ ដូចនេះ ការទាក់ទាញលើការវិនិយោគ គឺជាមធ្យោបាយសំខាន់ក្នុងការរករូបិយប័ណ្ណបរទេសដើម្បីសងបំណុលវិញ។ យោងតាមប្រភពពី Deloitte បានបង្ហាញថា ក្រុមហ៊ុនធំៗប្រហែល ៧៥ ភាគរយនៅតាមបណ្តាប្រទេសកំពុងអភិវឌ្ឍន៍បានបង្កើនការវិនិយោគប្រកបដោយនិរន្តរភាពដែលផ្តោតលើកត្តាបរិស្ថាន សង្គម និងអភិបាលកិច្ចសាជីវកម្ម (ESG)  ដោយសារវិនិយោគិនបរទេសភាគច្រើន គឺផ្តោតលើកត្តា (ESG) មុនពេលវិនិយោគ។

លើសពីនេះ ការផ្លាស់ប្តូរបៃតងផ្តល់នូវភាពវិជ្ជមានផ្នែកសន្តិសុខថាមពល។ បញ្ហាថាមពល គឺជាវិបត្តិដ៏ធំមួយដែលប្រទេសកំពុងអភិវឌ្ឍន៍ជាច្រើនកំពុងប្រឈមមុខនឹងកង្វះការផ្គត់ផ្គង់ថាមពលចូលមកកាន់ប្រទេសពួកគេ។ ​ប្រទេសកំពុងអភិវឌ្ឍន៍ជាច្រើនមានឱនភាពពាណិជ្ជកម្មដ៏ធំ ហើយការនាំចូលថាមពលគឺជាមូលហេតុចំបង។ ឥឡូវនេះ ថាមពលកកើតឡើងវិញមានតម្លៃថោកជាងឥន្ធនៈហ្វូស៊ីល ហើយការប្តូរទៅប្រើប្រាស់ធនធានក្នុងស្រុក ដូចជា វារីអគ្គិសនី ថាមពលព្រះអាទិត្យ និងថាមពលខ្យល់ អាចជួយប្រទេសក្នុងការបង្កើតការងារក្នុងស្រុក និងជួយសន្សំសំចៃទុនបម្រុងរូបិយប័ណ្ណបរទេសទុកប្រើសម្រាប់គោលបំណងអភិវឌ្ឍន៍ផ្សេងទៀត ដូចជា ការអប់រំ ហេដ្ឋារចនាសម្ព័ន្ធ និងសុខាភិបាល។ ដូចនេះហើយ ការផ្លាស់ប្តូរទៅប្រើប្រាស់ប្រភពថាមពលក្នុងស្រុក គឺជារឿងល្អមួយសម្រាប់សន្តិសុខថាមពល កំណើនក្នុងស្រុក និងការថែទាំផែនដី។ សព្វថ្ងៃនេះ រដ្ឋកំពុងអភិវឌ្ឍលើកោះតូចៗបានផ្លាស់ប្តូរទៅរកធនធានក្នុងស្រុកបែបបៃតង ដោយសារប្រេងឥន្ធនៈហ្វូស៊ីលថ្លៃ និង ការដឹកជញ្ជូនឆ្ងាយ។

មួយវិញទៀតនោះ គឺការផ្លាស់ប្តូរបៃតងផ្តល់នូវភាពវិជ្ជមានផ្នែកសន្តិសុខស្បៀងអាហារ។ ប្រទេស​កំពុង​អភិវឌ្ឍន៍​ជា​ច្រើន​នាំ​ចូល​ស្បៀង​អាហារ ​ដោយ​សារ​វិធីសាស្ត្រ​កសិកម្មរបស់ពួកគេ​មិន​មាន​ប្រសិទ្ធភាព ដែលនាំឱ្យមានឱនភាពពាណិជ្ជកម្មដ៏ធំ។ ដើម្បីកាត់បន្ថយឱនភាពពាណិជ្ជកម្ម ពួកគេក៏ជារឿយៗដំឡើងពន្ធនាំចូលលើទំនិញក្រៅប្រទេសជាច្រើន ដែលចាំបាច់សម្រាប់ឧស្សាហកម្មនាំចេញរបស់ពួកគេ។ បញ្ហានេះផ្តល់នូវគុណវិបត្តិធ្ងន់ធ្ងរដល់វិស័យផលិតកម្មដែលផ្តោតលើការនាំចេញ ខណៈដែលសង្គ្រាមរុស្ស៊ី-អ៊ុយក្រែនបានធ្វើឲ្យពិភពលោកងាយរងគ្រោះចំពោះការផ្គត់ផ្គង់ស្បៀងអាហារដែលមានជី ២៨​ ភាគរយ និង ស្រូវសាលីមកពីរុស្ស៊ី និងអ៊ុយក្រែន ៣០ ភាគរយ។ ដូចនេះ គោលនយោបាយកសិកម្មបៃតងអាចនាំទៅរកវិធីផលិតប្រកបដោយប្រសិទ្ធភាពជាងមុន ដោយប្រើប្រាស់ធនធានតិចជាងមុនជាមួយនឹងការប្រើប្រាស់ជារង្វង់ ដែលនាំឲ្យមានការបង្កើនផលិតកម្មស្បៀងនៅក្នុងប្រទេសកំពុងអភិវឌ្ឍន៍។ មិនត្រឹមតែប៉ុណ្ណោះ បច្ចេកវិទ្យាបៃតងក្នុងវិស័យកសិកម្មប្រើប្រាស់ទឹកតិចជាង ៩៥ ភាគរយ ដោយសារទឹកត្រូវបានកំណត់ឱ្យក្លាយជាធនធានដ៏កម្រ។

លើសពីនេះទៅទៀត គឺការផ្លាស់ប្តូរបៃតងជំរុញកំណើននៃការនាំចេញ ពីព្រោះប្រទេសដែលជំពាក់បំណុលគេដើម្បីសងប្រាក់ គឺពួកគេត្រូវការទុនបម្រុងបរទេស។ ប្រទេសជាច្រើនបានកំណត់គោលដៅសូន្យសុទ្ធ ហើយឧស្សាហកម្មជាច្រើនក្នុងប្រទេសកំពុងអភិវឌ្ឍន៍បានប្តូរទៅវិធីផលិតកម្មប្រកបដោយនិរន្តរភាពបរិស្ថាន ដើម្បីអាចនាំចេញទៅកាន់សហភាពអឺរ៉ុប ចិន ឬ ប្រទេសផ្សេងទៀត។ ក្រុមហ៊ុនឯកជនធំៗដូចជា Apple, Microsoft និងជាច្រើនទៀតបានប្តេជ្ញាថានឹងពង្រឹងសង្វាក់ផ្គត់ផ្គង់ទាំងមូលរបស់ពួកគេក្នុងកម្រិតកាបូនអព្យាក្រឹតត្រឹមឆ្នាំ ២០៣០ ដោយមានន័យថាអ្នកផ្គត់ផ្គង់នៅក្នុងប្រទេសកំពុងអភិវឌ្ឍន៍នឹងត្រូវផលិតតាមរបៀបពណ៌បៃតង ដើម្បីក្លាយជាផ្នែកមួយនៃខ្សែសង្វាក់ផ្គត់ផ្គង់សកល។ គួរឲ្យបញ្ជាក់ផងដែរថា ប្រទេសកំពុងអភិវឌ្ឍន៍កំពុងប្រឈមមុខនឹងបញ្ហាបម្រែបម្រួលអាកាសធាតុ និង វិបត្តិបំណុល។ ដូច្នោះហើយ ការផ្លស់ប្តូរបែប​បៃតង​ចេញអាចជួយសម្រូល​បញ្ហា​សេដ្ឋកិច្ចក្នុង​ប្រទេស​ពួកគេបានមួយកម្រិត ហើយការផ្លាស់ប្តូរបែបបៃតងនេះមិនមែនជាបន្ទុកថ្លៃសម្រាប់ប្រទេសកំពុងអភិវឌ្ឍនោះទេ ប៉ុន្តែវាជាឱកាសដ៏ធំសម្រាប់វឌ្ឍនភាព និងការអភិវឌ្ឍន៍៕