ភ្នំពេញ ៖ រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានប្រកាសថា នឹងគាំទ្របន្ថែមដល់សហគមន៍កសិកម្មក្នុងការរកដៃគូវិនិយោគ ព្រមទាំងការទទួលបានកម្ចីដែលមានអត្រាការប្រាក់ទាប ដើម្បីរួមចំណែកជំរុញការបង្កបង្កើនផលកសិកម្មដល់សហគមន៍។
ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ កាលពីថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៣ បានអញ្ជើញជាអធិបតីក្នុងពិធីបិទសន្និបាតការងារសហគមន៍កសិកម្មឆ្នាំ២០២២ និងលើកទិសដៅឆ្នាំ២០២៣ ក្រោមប្រធានបទ “សហគមន៍កសិកម្មជាចលករនៃផលិតកម្មកសិកម្មតាមកិច្ចសន្យា” នៅទីស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។
ក្នុងពិធីនេះ ឯកឧត្តមរដ្ឋមន្ត្រី បានថ្លែងថា សហគមន៍កសិកម្មទូទាំងប្រទេសបានចូលរួមចំណែកយ៉ាងសកម្មក្នុងផលិតកម្មកសិកម្ម កសិ-ពាណិជ្ជកម្ម កសិ-ឧស្សាហកម្ម និងការផ្តល់សេវាគាំទ្រនានាដល់ផលិតកម្មកសិកម្ម ពិសេសការអនុវត្តកសិកម្មតាមកិច្ចសន្យា (Contract Farming) ដើម្បីជំរុញការអភិវឌ្ឍកសិកម្ម។
ជាមួយគ្នានេះដែរ ឯកឧត្តមរដ្ឋមន្ត្រីក្រសួងកសិកម្ម បានណែនាំដល់ប្រធានមន្ទីរត្រូវពិនិត្យមើលសហគមន៍កសិកម្មដែលមានសកម្មភាពមានប្រយោជន៍ និងប្រសិទ្ធភាព ហើយលុបចោលនូវសហគមន៍កសិកម្មទាំងឡាយណាដែលមិនមានសកម្មភាព។ នៅក្នុងចំណោមសហគមន៍ទៀតសោត ឯកឧត្តមបានផ្ដល់អនុសាសន៍ឱ្យទុកចិត្តគ្នា ធ្វើការរួមគ្នា ដោយចៀសវាងដាច់ខាតនូវការបោកប្រាស់កេងបន្លំគ្នាទៅវិញទៅមក។ ជាងនេះទៀត សហគមន៍ត្រូវមានផែនការដាំដុះច្បាស់លាស់ស្របតាមកិច្ចសន្យា និងមានព័ត៌មានច្បាស់លាស់ក្នុងខ្សែច្រវាក់ផលិតកម្មនីមួយៗតាំងពីអ្នកផលិតរហូតទីផ្សារ។
ឯកឧត្តមរដ្ឋមន្ដ្រីបានសង្កត់ធ្ងន់ថា ៖
“ក្រសួងនឹងជួយគាំទ្របន្ថែមក្នុងការរកដៃគូវិនិយោគ ព្រមទាំងការទទួលបានកម្ចីដែលមានអត្រាការប្រាក់ទាប ជំរុញការបង្កើតមូលនិធិជួយដល់សហគមន៍ កសាង និងពង្រីកទៅតាមខ្សែបណ្តោយនៃក្រុមអ្នកផលិត ដើម្បីទទួលបានប្រាក់ចំណេញ និងនិរន្តរភាពសេដ្ឋកិច្ច ព្រមទាំងចូលរួមកាត់បន្ថយការនាំចូលកសិផលពីបរទេស”
យោងតាមរបាយការណ៍របស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ សហគមន៍កសិកម្មចាប់ផ្តើមបង្កើតនៅឆ្នាំ២០០៣ ដោយមានតែមួយសហគមន៍ប៉ុណ្ណោះ។ រហូតមកដល់ឆ្នាំ២០២៣នេះ ចំនួនសហគមន៍កសិកម្មនៅតាមបណ្តារាជធានីទាំង២៥ បានកើនឡើងដល់ចំនួន ១ ២៥១សហគមន៍ ដែលមានសមាជិកសរុប ១៧០ ២០៨នាក់ ក្នុងនោះស្រ្តីមាន ១០៧ ៣៨០នាក់ មានភាគហ៊ុនសរុបប្រមាណ ១២.៨លានដុល្លារ និងដើមទុនសរុបជាង ២៦លានដុល្លា។
ចំពោះមុខរបរសំខាន់ៗរបស់សហគមន៍កសិកម្មមានដូចជា ការធ្វើផលិតកម្មកសិកម្ម ការធ្វើកសិ-ពាណិជ្ជកម្ម កសិ-ឧស្សាហកម្ម និងការផ្តល់សេវាកម្មគាំទ្រដល់ផលិតកម្មកសិកម្ម ដោយក្នុងនោះមានមុខដំណាំសំខាន់ៗ ដូចជាដំណាំស្រូវ និងការផលិតស្រូវពូជ បន្លែ ស្វាយកែវរមៀត ម្រេច មៀនប៉ៃលិន ពោត ស្វាយចន្ទី និងដំឡូងមីជាដើម៕