ភ្នំពេញ ៖ តាមរយៈសេចក្ដីប្រកាសរបស់ធនាគារជាតិនៃកម្ពុជាបានឱ្យដឹងថា កាលពីថ្ងៃទី៨ ខែមេសា ឆ្នាំ២០២៥ លោកជំទាវបណ្ឌិត ជា សិរី ទេសាភិបាល ធនាគារជាតិនៃកម្ពុជា និង ឯកឧត្តម Dato’ Seri Abdul Rasheed Ghaffour ទេសាភិបាលធនាគារកណ្តាលម៉ាឡេស៊ី បានអញ្ជើញជាអធិបតីក្នុងពិធីដាក់ឱ្យដំណើរការជាផ្លូវការនូវការទូទាត់ឆ្លងដែនតាមរយៈឃ្យូអរកូតដំណាក់កាលទី២ រវាងព្រះរាជាណាចក្រកម្ពុជា និងប្រទេសម៉ាឡេស៊ី នៅទីក្រុងគូឡាឡាំពួ ប្រទេសម៉ាឡេស៊ី ក្នុងអំឡុងពេលនៃការរៀបចំកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រី ហិរញ្ញវត្ថុ និងទេសាភិបាលធនាគារកណ្តាលតំបន់អាស៊ាន។
តាមរយៈការដាក់ឱ្យដំណើរការនេះ ប្រជាជនម៉ាឡេស៊ីដែលធ្វើដំណើរមកប្រទេសកម្ពុជា អាចធ្វើប្រតិបត្តិការទូទាត់ថ្លៃទំនិញ និងសេវា ដោយប្រើប្រាស់កម្មវិធីធនាគារចល័តរបស់គ្រឹះស្ថានហិរញ្ញវត្ថុនៅប្រទេសម៉ាឡេស៊ី ដែលជាសមាជិកនៃគម្រោង ដើម្បីស្កេនខេអេចឃ្យូអរកួតរបស់ពាណិជ្ជករកម្ពុជា។ ចំណែកឯប្រជាជនកម្ពុជាវិញ ក៏អាចប្រើប្រាស់ប្រព័ន្ធបាគង ដើម្បីស្កេនឃ្យូអរកូតរបស់ DuitNow នៅពេលធ្វើដំណើរទៅកាន់ប្រទេសម៉ាឡេស៊ីផងដែរ ចាប់តាំងពីពេលដាក់ឱ្យដំណើរការជាផ្លូវការដំណាក់កាលទី ១ កាលពីខែកញ្ញា ឆ្នាំ២០២៤។
ពាណិជ្ជករក្នុងស្រុកទាំងនៅប្រទេសកម្ពុជា និងប្រទេសម៉ាឡេស៊ី ជាង ៧ លាននាក់ នឹងមានលទ្ធភាពក្នុងការពង្រីកទីផ្សារបានកាន់តែទូលំទូលាយជាងមុន ដែលការណ៍នេះ នឹងផ្តល់នូវអត្ថប្រយោជន៍ សេដ្ឋកិច្ចសម្រាប់ប្រទេសទាំងពីរ។ អ្នកធ្វើដំណើរមកកាន់ប្រទេសទាំងពីរ អាចរីករាយជាមួយនឹងបទពិសោធន៍នៃការទូទាត់ឆ្លងដែនដែលឆាប់រហ័ស តាមរយៈការប្រើប្រាស់កម្មវិធីទូទាត់ដែលមានភាពងាយស្រួល។
ឯកឧត្តម Dato’ Seri Abdul Rasheed Ghaffour ទេសាភិបាលធនាគារកណ្តាលម៉ាឡេស៊ី បានមានប្រសាសន៍ថា ៖
«ការធ្វើសមាហរណកម្មហិរញ្ញវត្ថុឱ្យកាន់តែសម្បូរបែបជាមួយប្រទេសជាសមាជិកអាស៊ាន កំពុងលេចចេញជារូបរាងជាបន្តបន្ទាប់។ ស្របពេលដែលប្រទេសម៉ាឡេស៊ីជាប្រធាន អាស៊ាន ម៉ាឡេស៊ី មានសេចក្ដីសោមន្សរីករាយដែលបានអភិវឌ្ឍន៍ប្រព័ន្ធទូទាត់ដែលស្របទៅនឹងទស្សនៈវិស័យក្នុងការពង្រឹងការតភ្ជាប់ការទូទាត់ក្នុងតំបន់តាមរយៈឃ្យូអរកូត។ អាជីវករធុនតូច និងប្រជាជនទូទៅនៃបណ្តាប្រទេសជាសមាជិកអាស៊ាន បានត្រៀមខ្លួនទទួលយកអត្ថប្រយោជន៍ពីប្រតិបត្តិការទូទាត់ឆ្លងដែនតាមឃ្យូអរកូតនេះ។ យើងនឹងបន្តពង្រីកវិសាលភាពនៃការតភ្ជាប់ប្រព័ន្ធទូទាត់ ឆ្លងដែនបន្ថែមទៀតជាមួយដៃគូសហការទាំងក្នុងតំបន់ និងអន្តរជាតិ ដើម្បីជំរុញការតភ្ជាប់បណ្តាញទូទាត់ដែលមានសុវត្ថិភាព និងប្រកបដោយបរិយាបន្ន»។
លោកជំទាវបណ្ឌិត ជា សិរី ទេសាភិបាលធនាគារជាតិនៃកម្ពុជា បានមានប្រសាសន៍ថា ៖ គម្រោងអភិវឌ្ឍន៍នេះ មិនត្រឹមតែបង្កើនភាពងាយស្រួលក្នុងការធ្វើប្រតិបត្តិការទូទាត់ឆ្លងដែនប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបានបង្ហាញនូវសក្តានុពលសម្រាប់វិស័យផ្សេងទៀត រួមមានទី១) ទេសចរណ៍ តាមរយៈការផ្តល់លទ្ធភាពឱ្យប្រជាជនម៉ាឡេស៊ីអាចទូទាត់យ៉ាងងាយស្រួល និងឆាប់រហ័សនៅក្នុងប្រទេសកម្ពុជា, ទី២) បរិយាបន្នហិរញ្ញវត្ថុ តាមរយៈការផ្សារភ្ជាប់ទំនាក់ទំនងរវាងសហគ្រាសធុនតូច និងមធ្យម និងប្រជាជនទូទៅឱ្យចូលរួមក្នុងបណ្តាញសេដ្ឋកិច្ចកាន់តែធំ ,និងទី៣) ការធ្វើសមាហរណកម្មក្នុងតំបន់ តាមរយៈការសម្រេចបាននូវទស្សនៈវិស័យរបស់អាស៊ាន ក្នុងការផ្សារភ្ជាប់ទំនាក់ទំនងទៅវិញទៅមករវាងសហគមន៍តាមប្រព័ន្ធឌីជីថល។
លោកជំទាវបណ្ឌិតបានបន្តថា ៖
«គំនិតផ្តួចផ្តើមដ៏សំខាន់នេះ មិនត្រឹមតែជាសមិទ្ធផលបច្ចេកទេសនោះទេ តែនេះជាស្ពានតភ្ជាប់វប្បធម៌ សេដ្ឋកិច្ច និងប្រជាជននៃប្រទេសទាំងពីរ។ ការណ៍នេះ បានបញ្ជាក់ពីស្មារតីប្តេជ្ញារបស់កម្ពុជា ក្នុងការប្រើប្រាស់បច្ចេកវិទ្យា ដើម្បីរួមចំណែកបង្កើនភាពធន់ និងបរិយាបន្ននៃកំណើនសេដ្ឋកិច្ច ដោយធានាបានថា ទោះបីជាពាណិជ្ជករប្រកបអាជីវកម្មខ្នាតតូចបំផុតនៅកម្ពុជា ឬ ម៉ាឡេស៊ីក៏ដោយ ក៏អាចមានលទ្ធភាពចូលរួមក្នុងការអភិវឌ្ឍសេដ្ឋកិច្ចឌីជីថលជាសកលបានផងដែរ»។
គួរបញ្ជាក់ដែរថា បច្ចុប្បន្ននេះ ធនាគារកណ្តាលម៉ាឡេស៊ី និងធនាគារជាតិនៃកម្ពុជា បានខិតខំប្រឹងប្រែងធ្វើការយ៉ាងជិតស្និទ្ធជាមួយដៃគូសហការក្នុងស្រុក ដើម្បីតភ្ជាប់ការទូទាត់ឆ្លងដែនទ្វេភាគីរវាងប្រទេសទាំងពីរ។ ដៃគូសហការក្នុងការអភិវឌ្ឍ ការតភ្ជាប់ការទូទាត់ឆ្លងដែនទ្វេភាគីនេះ រួមមាន ធនាគារមេយប៊ែង ដែលជាធនាគារទំនាក់ទំនង និងជាធនាគារទូទាត់ ក្រុមហ៊ុនបណ្តាញទូទាត់ PayNet ជាប្រតិបត្តិករ និងគ្រឹះស្ថានហិរញ្ញវត្ថុ ដែលជាសមាជិកនៃប្រទេសទាំងពីរ។
ការតភ្ជាប់ការទូទាត់ឆ្លងដែនតាមឃ្យូអរកូតទ្វេភាគីនេះ ស្របតាមផែនទីមគ្គុទេសក៍ G20 សម្រាប់ ពង្រីកកិច្ចសហប្រតិបត្តិការទូទាត់ឆ្លងដែន។ កិច្ចសហប្រតិបត្តិការទ្វេភាគីនេះ នឹងគាំទ្រដល់ការងារជាអាទិភាពក្នុងនាមប្រទេសម៉ាឡេស៊ីជាប្រធានអាស៊ាន ស្របទៅនឹងប្រធានបទបរិយាបន្ន និងនិរន្តភាព៕