សេដ្ឋកិច្ចកម្ពុជារំពឹងថានឹងមានកំណើនជាមធ្យម ៦,៥% ក្នុងរយៈពេលមធ្យមឆ្នាំ២០២៥-២០២៧

ភ្នំពេញ ៖ កំណើនសេដ្ឋកិច្ចកម្ពុជាត្រូវបានព្យាករថា ស្ថិតក្នុងអត្រាជាមធ្យម ៦,៥% ក្នុងរយៈពេលមធ្យមឆ្នាំ២០២៥-២០២៧ ក្នុងនោះឆ្នាំ២០២៥ ព្យាករថាមានកំណើន ៦,៣% ក្រោមការរំពឹងទុកនៃនិន្នាការល្អនៃតម្រូវការសកល និងកំណើនទំនុកចិត្តវិនិយោគិនបរទេស ស្របពេលដែលលក្ខខណ្ឌហិរញ្ញវត្ថុសកលអាចប្រសើរឡើង។ នេះបើយោងតាមរបាយការណ៍ស្តីពីក្របខ័ណ្ឌហិរញ្ញវត្ថុសាធារណៈរយៈពេលមធ្យម ឆ្នាំ២០២៥-២០២៧ របស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដែលបានចេញផ្សាយកាលពីសប្តាហ៍មុន។

ទន្ទឹមនេះ ការពង្រឹងការអនុវត្ត «យុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១» និងឆន្ទៈក្នុងការកែទម្រង់ស៊ីជម្រៅ និងមុតស្រួចរបស់រាជរដ្ឋាភិបាល នឹងចូលរួមចំណែកយ៉ាងសំខាន់ក្នុងការដោះស្រាយបញ្ហារចនាសម្ព័ន្ធដែលមានភាពប្រទាក់ក្រឡា សំដៅជំរុញកំណើនសេដ្ឋកិច្ច តាមរយៈការកសាងមូលធនមនុស្ស, ពង្រឹងអភិបាលកិច្ចវិស័យឯកជន និងធុរកិច្ច, បង្កើនផលិតភាពផលិតកម្ម, ជំរុញការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធគ្រប់ប្រភេទដោយបូកបញ្ចូលនូវហេដ្ឋារចនាសម្ព័ន្ធឌីជីថលក្នុងការឈានទៅបង្កើត និងចាប់យកវិស័យកំណើនថ្មីដោយផ្អែកលើជំនាញ, បច្ចេកវិទ្យា និងនវានុវត្តន៍។

វិស័យសំខាន់ៗដែលគាំទ្រដល់កំណើនសេដ្ឋកិច្ចក្នុងរយៈពេលមធ្យម មានដូចជា ៖

វិស័យឧស្សាហកម្ម ត្រូវបានព្យាករថា នឹងមានកំណើនមធ្យមប្រមាណ ៨,៩% សម្រាប់រយៈពេលមធ្យម ឆ្នាំ២០២៥-២០២៧ ក្នុងនោះឆ្នាំ២០២៥ ព្យាករថាមានកំណើន ៨,៦% គាំទ្រដោយការរក្សាបានតុល្យភាពនៃអនុវិស័យកាត់ដេរ និងកម្មន្តសាលមិនមែនកាត់ដេរ ខណៈអនុវិស័យសំណង់នៅបន្តមានកំណើនទាបជាងនិន្នាការធម្មតា (មុនវិបត្តិជំងឺកូវ១៩)។ អនុវិស័យកាត់ដេរត្រូវបានរំពឹងថា នៅបន្តរក្សាបានកំណើនប្រហាក់ប្រហែលមុនវិបត្តិកូវីដ១៩ ដោយសារភាពប្រសើរនៃតម្រូវការសកល គួបផ្សំនឹងការពង្រឹងការអនុវត្ត «យុទ្ធសាស្តអភិវឌ្ឍន៍វិស័យកាត់ដេរ ផលិតស្បែកជើង និងកាបូបកម្ពុជា ២០២២-២០២៧» ដែលនឹងលើកកម្ពស់បរិយាកាសវិនិយោគ និងភាពប្រកួតប្រជែងជាមួយនឹងការបង្កើនផលិតភាពពលកម្ម។

ជាមួយគ្នានេះ, អនុវិស័យកម្មន្តសាលមិនមែនកាត់ដេរ ត្រូវបានព្យាករថា នឹងបន្តរក្សាបានកំណើនរឹងមាំ ដោយសារការរំពឹងពីការបន្តកើននៃតម្រូវការខាងក្រៅ ដែលនឹងបន្តជំរុញការនាំចេញផលិតផលកម្មន្តសាលមិនមែនកាត់ដេរ ស្របពេលដែលឧស្សាហកម្មបម្រើឱ្យទីផ្សារក្នុងស្រុក ត្រូវបានរំពឹងថានឹងបន្តកើនក្រោមការដាក់ចេញនូវវិធានការគន្លឹះរបស់រាជរដ្ឋាភិបាលសំដៅជំរុញសហគ្រាសធុនតូច និងមធ្យមក្នុងវិស័យអាទិភាព។ ស្របគ្នានេះ អនុវិស័យផលិតកម្មម្ហូបអាហារ និងភេសជ្ជៈក៏ត្រូវបានព្យាករថានឹងបន្តកំណើនល្អ។

ទោះជាយ៉ាងនេះក្ដី អនុវិស័យសំណង់ត្រូវបានព្យាករថា ​បន្តកំណើនទាបជាងនិន្នាការធម្មតា ដោយសារការរំពឹងពីការងើបវិញយឺតនៃរំហូរវិនិយោគទុនពីបរទេស ជាពិសេសសំណង់បម្រើឱ្យវិស័យទេសចរណ៍ និងពាណិជ្ជកម្ម ស្របពេលដែលសំណង់លំនៅឋាន ត្រូវបានរំពឹងថាបន្តរក្សាកំណើនទាបធៀបនឹងនិន្នាការមុនវិបត្តិជំងឺកូវីដ-១៩។ ក្នុងរយៈពេលមធ្យមខាងមុខ, អនុវិស័យនេះនឹងជំរុញ ដោយសកម្មភាពសំណង់ដែលចេញពីតម្រូវការពិត ជាពិសេសផ្នែកលំនៅឋានដែលគាំទ្រដោយសារភាពប្រសើរនៃកត្តាភាគលាភប្រជាសាស្ត្រកម្ពុជា ខណៈដែលសំណង់បម្រើឱ្យឧស្សាហកម្ម រោងចក្រ និងសកម្មភាពពាណិជ្ជកម្មផ្សេងទៀត ក៏នឹងក្លាយជានិន្នាការថ្មីមួយជួយទ្រទ្រង់វិស័យនេះក្នុងរយៈពេលខ្លី និងមធ្យមនាពេលខាងមុខ។

វិស័យសេវាកម្ម ត្រូវបានព្យាករថានឹងមានកំណើនជាមធ្យមប្រមាណ ៥,៧% ប្រហាក់ប្រហែលគ្នាទៅនឹងនិន្នាការធម្មតាសម្រាប់រយៈពេលមធ្យម ២០២៥-២០២៧ ក្នុងនោះឆ្នាំ ២០២៥ ព្យាករថាមានកំណើន ៥,៦% ដោយសារការបន្តរក្សាបានចលនការនៃអនុវិស័យបដិសណ្ឋារកិច្ច និងសេវាកម្មម្ហូបអាហារ និងសេវាកម្មទេសចរណ៍គាំទ្រផ្សេងទៀត ខណៈដែលអនុវិស័យអចលនទ្រព្យនៅបន្តមានកំណើនទាប។ អនុវិស័យបដិសណ្ឋារកិច្ច និងសេវាកម្មម្ហូបអាហារ ត្រូវបានរំពឹងថានឹងបន្តកើន គាំទ្រដោយភ្ញៀវទេសចរអន្តរជាតិ, ខណៈភ្ញៀវទេសចរជាតិនៅបន្តមានសក្តានុពល។ ការបន្តអនុវត្តនូវ «ផែនទីចង្អុលផ្លូវស្ដីពីផែនការស្តារ និងលើកស្ទួយវិស័យទេសចរណ៍កម្ពុជា ក្នុង និងក្រោយវិបត្តិជំងឺកូវីដ-១៩» «ផែនការមេអភិវឌ្ឍន៍ទេសចរណ៍ខេត្តសៀមរាប ឆ្នាំ២០២១-២០៣៥» និង «ផែនការមេអភិវឌ្ឍន៍ទេសចរណ៍ខេត្តមណ្ឌលគិរី ២០២១- ២០៣៥» និង កម្មវិធី «ទស្សនាសៀមរាប ២០២៤» នឹងចូលរួមចំណែកយ៉ាងសំខាន់ក្នុងការស្តារ និងជំរុញកំណើនវិស័យទេសចរណ៍ឡើងវិញ។

អនុវិស័យអចលនទ្រព្យ ត្រូវបានរំពឹងថានឹងកើនក្នុងអត្រាទាបជាងធម្មតា ដោយសារការរំពឹងទុកនៃការបន្តងើបវិញយឺតនៃរំហូរទុនវិនិយោគពីបរទេស ប៉ុន្តែសកម្មភាពទិញ-លក់អចលនទ្រព្យ ជាពិសេសផ្នែកលំនៅឋានថ្លៃទាប និងមធ្យម រំពឹងថានឹងបន្តគាំទ្រដល់កំណើននៃអនុវិស័យនេះជារួម។ អនុវិស័យលក់ដុំ-រាយ ត្រូវបានព្យាករថានឹងបន្តកើនប្រហាក់ប្រហែលទៅនឹងនិន្នាការធម្មតា ដោយសារការរំពឹងទុកពីការងើបវិញនៃសកម្មភាពចាយវាយ និងតម្រូវការក្នុងស្រុក ស្របជាមួយនឹងនិន្នាការនៃការកើនប្រាក់ចំណូលរបស់ប្រជាជន។ ការផ្លាស់ប្ដូរសកម្មភាពអាជីវកម្មតាមរយៈការប្រើប្រាស់ឌីជីថលនឹងអាចជួយលើកកម្ពស់បន្ថែមទៀតដល់អនុវិស័យនេះជារួម។

អនុវិស័យដឹកជញ្ជូន និងស្តុក ត្រូវបានរំពឹងថានឹងបន្តកំណើនរឹងមាំ ដោយសកម្មភាពដឹកជញ្ជូនកាន់តែមានភាពមមាញឹក ជាពិសេសការដឹកជញ្ជូនទំនិញក្នុងស្រុក (Express Service) និងការដឹកជញ្ជូន ទំនិញគោលដៅចុងក្រោយដល់អ្នកប្រើប្រាស់ (Last-Mile Delivery) ។ ទន្ទឹមនេះ ការដាក់ចេញនូវចក្ខុវិស័យក្នុងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូន រួមមាន ផ្លូវអាកាស ផ្លូវទឹក និងផ្លូវគោក តាមរយៈ «ផែនការមេគ្រប់ជ្រុងជ្រោយស្តីពីប្រព័ន្ធដឹកជញ្ជូនអន្តរមធ្យោបាយ និងភស្តុភារកម្មកម្ពុជា ២០២៣-២០៣៣» នឹងដើរតួនាទីយ៉ាងសំខាន់ក្នុងការជំរុញកំណើននៃអនុវិស័យនេះ ។ អនុវិស័យហិរញ្ញវត្ថុ និងធានារ៉ាប់រង នៅបន្តរក្សាបានចលនការ ដែលគាំទ្រដោយការបន្តធ្វើទំនើបកម្មនៃប្រព័ន្ធហិរញ្ញវត្ថុ សំដៅបម្រើដល់តម្រូវការប្រជាជន និងអាជីវកម្ម ខណៈដែលការអនុវត្ត «គោលនយោបាយអភិវឌ្ឍបច្ចេកវិទ្យាហិរញ្ញវត្ថុកម្ពុជា ២០២៣-២០២៨» និង «យុទ្ធសាស្ត្រអភិវឌ្ឍន៍វិស័យហិរញ្ញវត្ថុ ឆ្នាំ ២០១៦-២០២៥» នឹងដើរតួនាទីសំខាន់ក្នុងការបន្តជំរុញការធ្វើទំនើបកម្ម និងបរិយាបន្នវិស័យហិរញ្ញវត្ថុ ពោលទាំងផ្នែកធនាគារ និងមិនមែនធនាគារ ។

អនុវិស័យបច្ចេកវិទ្យាព័ត៌មាន និងគមនាគមន៍ ត្រូវបានព្យាករថាបន្តកើនប្រហាក់ប្រហែលទៅនឹងនិន្នាការធម្មតា ដោយសារការបន្តកើននៃសកម្មភាពប្រើប្រាស់អ៊ីនធឺណិត និងការផ្តល់សេវានូវដំណោះស្រាយបច្ចេកវិទ្យាថ្មី (Technology Solutions) ស្របជាមួយនឹងការបន្តអនុវត្ត «គោលនយោបាយអភិវឌ្ឍបច្ចេកវិទ្យាហិរញ្ញវត្ថុកម្ពុជា ២០២៣-២០២៨», «គោលនយោបាយរដ្ឋាភិបាលឌីជីថលកម្ពុជា ២០២២-២០៣៥», «ក្របខ័ណ្ឌគោលនយោបាយសេដ្ឋកិច្ច និងសង្គមឌីជីថលកម្ពុជា ២០២១-២០៣៥» ។ល។

វិស័យកសិកម្ម ត្រូវបានព្យាករថានឹងមានកំណើនជាមធ្យមប្រមាណ ១,២%ប្រហាក់ប្រហែលនិន្នាការកន្លងទៅ សម្រាប់រយៈពេលមធ្យម ក្នុងនោះឆ្នាំ ២០២៥ ព្យាករថាមានកំណើន ១,១% ដោយសារការរំពឹងទុកនូវកំណើនល្អនៃអនុវិស័យដំណាំ និងចិញ្ចឹមសត្វ និងការងើបសន្សឹមៗ នៃអនុវិស័យនេសាទ។ អនុវិស័យដំណាំ ត្រូវបានរំពឹងថានៅរក្សាកំណើនល្អ ដោយសារការបន្តកើននៃការវិនិយោគទាំងក្នុងស្រុក និងពីបរទេសលើការកែច្នៃផលិតផលកសិកម្ម ការបង្កើនវិនិយោគសាធារណៈ និងអន្តរាគមន៍របស់រាជរដ្ឋាភិបាល ដូចជា ៖ ការផ្តល់ហិរញ្ញប្បទានសម្បទាន ក្នុងការជំរុញផលិតកម្មក្នុងស្រុក និងការអនុវត្តកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីនានា ដែលនឹងបន្តជំរុញដល់ការនាំចេញ។

ទន្ទឹមនេះ អនុវិស័យចិញ្ចឹមសត្វ ត្រូវបានព្យាករថានឹងបន្តងើបសន្សឹមៗ ដោយសារវិធានការអន្តរាគមន៍របស់រាជរដ្ឋាភិបាល លើការនាំចូលសាច់បង្កក ដែលនឹងលើកទឹកចិត្តការចិញ្ចឹមក្នុងស្រុក ខណៈអនុវិស័យនេសាទ ត្រូវបានព្យាករថានឹងមានកំណើនល្អ ក្រោមការរំពឹងទុកនូវកំណើនផលចាប់ទឹកសាប ដែលបន្តស្តារឡើងវិញដោយការដាក់ចេញនូវគោលនយោបាយបង្ក្រាបបទល្មើសនេសាទ និងការវិនិយោគក្នុងវារីវប្បកម្ម រំពឹងថានឹងងើបសន្សឹមៗ ដោយសារការអនុវត្តវិធានការរបស់រាជរដ្ឋាភិបាល និងដៃគូអភិវឌ្ឍន៍ តាមរយៈការដោះស្រាយបញ្ហាប្រឈមជារចនាសម្ព័ន្ធ ការគាំទ្រផ្នែកហិរញ្ញប្បទាន ការផ្សព្វផ្សាយបច្ចេកទេស និងការប្រើប្រាស់ពូជត្រីប្រកបដោយប្រសិទ្ធភាពខ្ពស់ និងគុណភាព៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ការ​ដឹកជញ្ជូន​ទំនិញ​តាម​ផ្លូវ​អាកាស​ចិន​កើន​ខ្លាំង ​ជំរុញ​ដោយ​ E​-​commerce ​និង​ AI

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 19/08/2026

វិស័យ​ភស្តុភារ​កម្ម​ដឹកជញ្ជូន​តាម​ផ្លូវ​អាកាស​របស់​ចិន​បាន​បន្ត​កើនឡើង​យ៉ាង​ខ្លាំង​ក្នុង​ឆមាស​ទី​១ ​ដោយសារ​ការ​កើនឡើង​នៃ​ការ​ដឹកជញ្ជូន​ទំនិញ​បច្ចេកវិទ្យា​ខ្ពស់ ​និង​ពាណិជ្ជកម្ម​អេឡិចត្រូនិក​ឆ្លង​ដែន

កម្ពុជា​ ​និង​ក្រុម​អឺរ៉ុប​ ប្តេជ្ញា​ពង្រឹង​កសិកម្ម​ធន់​នឹង​អាកាសធាតុ និង​ការ​អភិរក្ស​ជីវ​ចម្រុះ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 19/08/2026

រាជ​រដ្ឋាភិបាល​កម្ពុជា ​និង​ក្រុម​អឺរ៉ុប ​បាន​បង្ហាញ​ការ​ប្តេជ្ញា​រួម​ក្នុង​ការ​លើកកម្ពស់​កសិកម្ម​ធន់​នឹង​ការ​ប្រែប្រួល​អាកាសធាតុ ​ប្រព័ន្ធ​ស្បៀងអាហារ​ធន់ ការ​អភិរក្ស​ជីវ​ចម្រុះ ​និង​ការ​អភិវឌ្ឍ​ជនបទ​ប្រកប​ដោយ​បរិយាបន្ន​ ​ក្នុង​អំឡុង​បេសកកម្ម​ទៅកាន់​ខេត្ត​ភាគ​ឦសាន​កម្ពុជា

រដ្ឋាភិបាល កំពុងជំរុញការ​វិនិយោគ​ និងកែច្នៃនៅនឹង​កន្លែងលើ​ផលិតផលកសិកម្ម​​ក្នុងតំបន់ភូមិភាគឦសាន

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 19/08/2026

រដ្ឋាភិបាល ជំរុញការ​វិនិយោគ​ និងកែច្នៃនៅនឹង​កន្លែងលើ​ផលិតផលកសិកម្ម​​ក្នុងតំបន់ភូមិភាគឦសាន ដើម្បីបង្កើនតម្លៃបន្ថែម

៧ខែដំបូងនៃឆ្នាំ២០២៦ ពាណិជ្ជកម្ម កម្ពុជា-ម៉ាឡេស៊ី មានទំហំជិតដល់ ១០០០លានដុល្លារអាម៉េរិក

Top News, ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 19/08/2026

៧ខែដំបូងនៃឆ្នាំ២០២៦ ពាណិជ្ជកម្ម កម្ពុជា-ម៉ាឡេស៊ី មានទំហំជិតដល់ ១០០០លានដុល្លារអាម៉េរិក កើនឡើង ៥៨,២៧% បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២៥

ឡាវ ជំរុញការប្រើប្រាស់យានយន្តអគ្គិសនី EV និងផ្អាកនាំចូលរថយន្តប្រេងសាំងជាបណ្តោះអាសន្ន

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 19/08/2026

ឡាវ ជំរុញការប្រើប្រាស់យានយន្តអគ្គិសនី EV និងផ្អាកនាំចូលរថយន្តប្រេងសាំងជាបណ្តោះអាសន្ន ដើម្បីទប់ទល់នឹងវិបត្តិខ្វះខាតប្រេងឥន្ធនៈ

រលក​កម្ដៅ ​និង​គ្រោះ​រាំងស្ងួត ​អាច​បង្កវិបត្តិ​ស្បៀងអាហារ​នៅ​អឺរ៉ុប

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 19/08/2026

រលក​កម្ដៅ​ខ្លាំង ​និង​គ្រោះ​រាំងស្ងួត​ធ្ងន់ធ្ងរ​ ​អាច​បង្កឱ្យ​មាន​វិបត្តិ​ក្នុង​វិស័យ​កសិកម្ម ​និង​ជំរុញ​ការ​ឡើង​ថ្លៃ​អាហារ​នៅ​ទូទាំង​អឺរ៉ុប​ ​ខណៈ​ផលិតកម្ម​ដំណាំ​ ​និង​ការ​ចិញ្ចឹម​សត្វ​កំពុង​រង​ផលប៉ះពាល់​យ៉ាង​ខ្លាំង​

អារ៉ាប់រួម ប្រកាសផ្អាកពាណិជ្ជកម្ម និងប្រតិបត្តិការហិរញ្ញវត្ថុជាមួយអ៊ីរ៉ង់បណ្ដោះអាសន្ន

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 19/08/2026

កាលពីថ្ងៃអង្គារ៍កន្លងទៅនេះ ក្រសួងការបរទេសអារ៉ាប់រួមប្រកាសផ្អាករាល់កិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម និងប្រតិបត្តិការហិរញ្ញវត្ថុទាំងអស់ជាមួយអ៊ីរ៉ង់ជាបណ្តោះអាសន្ន រហូតដល់មានការជូនដំណឹងជាថ្មី

ការបិទព្រំដែនគោកដោយឯកតោភាគីថៃ បានជំរុញឱ្យកម្ពុជាបង្កើនទីផ្សារបានកាន់តែច្រើនជាងមុន

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 18/08/2026

កម្ពុជាមានទីផ្សារអង្ករថ្មីមួយទៀត គឺប្រទេសហ្វីលីពីន ដែលកំពុងតែកើនឡើងខ្លាំង ដោយក្នុងរយៈពេល៧ខែដំបូងឆ្នាំ២០២៦នេះ កម្ពុជានាំចេញទៅបាន ៩៥,០០០ តោន

ចិន​ចំណាយ​ ​៦៥​ ​ពាន់​លាន​ដុល្លារ​ ​ពង្រីក​បណ្តាញ​ផ្លូវ​ដែក​ជាតិ​ ​ក្នុង​ ​៧​ ​ខែ​ដំបូង​ឆ្នាំ​នេះ​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 18/08/2026

ប្រទេស​ចិន​បាន​បង្កើន​ការ​វិនិយោគ​លើ​ការ​ពង្រីក​បណ្តាញ​ផ្លូវ​ដែក​ជាតិ​របស់​ខ្លួន​ ​ដោយ​ចំណាយ​ប្រមាណ​ ​៤៤០,៦​ ​ពាន់​លាន​យ័ន ​ឬ​ប្រហែល​ ​៦៥​ ​ពាន់​លាន​ដុល្លារ​អាម៉េរិក​ ក្នុង​រយៈពេល​ ​៧​ ​ខែ​ដំបូង​ឆ្នាំ​ ​២០២៦​ ​ស្របពេលដែលទីក្រុង​ប៉េកាំង​បន្ត​ផ្តោត​លើ​ការ​តភ្ជាប់​ទីក្រុង​ ​និង​សមាហរណកម្ម​សេដ្ឋកិច្ច​តំបន់

រយៈពេល ៧ខែ ខេត្ត​កំពង់ស្ពឺទាក់ទាញបានគម្រោងវិនិយោគចំនួន ៧៥គម្រោង ​បង្កើតការងារ​បានរាប់ម៉ឺនកន្លែង​

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 18/08/2026

ក្នុងរយៈពេល៧ខែ ឆ្នាំ២០២៦កន្លងទៅនេះ ខេត្តកំពង់ស្ពឺ​ ជាប់លេខ​១​ ដែលទទួលបាន​គម្រោង​វិនិយោគច្រើនជាង​គេរហូតដល់ ៧៥ គម្រោង​