ភ្នំពេញ ៖ គោលនយោបាយអភិវឌ្ឍបច្ចេកវិទ្យាហិរញ្ញវត្ថុកម្ពុជា ២០២៣-២០២៨ នឹងជួយឱ្យកម្ពុជាអាចទាញយកអត្ថប្រយោជន៍ជាអតិបរមាពីបរិវត្តកម្មឌីជីថលក្នុងវិស័យហិរញ្ញវត្ថុ ស្របពេលបច្ចេកវិទ្យាឌីជីថលបានបោះជំហានយ៉ាងលឿន និងក្លាយជាកត្តាគន្លឹះជំរុញការគ្រប់ដណ្តប់ និងការតភ្ជាប់សង្គម សេដ្ឋកិច្ចនៅទូទាំងពិភពលោកឱ្យកាន់តែស្អិតល្មួត ខិតជិតគ្នា និងពឹងគ្នាទៅវិញទៅមក។
ថ្លែងក្នុងសិក្ខាសាលាផ្សព្វផ្សាយស្ដីពី “គោលនយោបាយអភិវឌ្ឍបច្ចេកវិទ្យាហិរញ្ញវត្ថុកម្ពុជា ២០២៣-២០២៨” កាលថ្ងៃទី ០៤ ខែ តុលា ឆ្នាំ ២០២៣ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ និងជាប្រធានគណៈកម្មាធិការសេដ្ឋកិច្ច និងធុរកិច្ចឌីជីថល បានលើកឡើងថា គោលនយោបាយអភិវឌ្ឍបច្ចេកវិទ្យាហិរញ្ញវត្ថុកម្ពុជា ២០២៣-២០២៨ គឺជាសមិទ្ធផលមួយដ៏មានសារៈសំខាន់គួរជាទីមោទនៈសម្រាប់ជាមគ្គទេសក៍ក្នុងការជំរុញ ការប្រើប្រាស់បច្ចេកវិទ្យាក្នុងវិស័យហិរញ្ញវត្ថុ ដែលត្រូវបានហៅកាត់ថា “បច្ចេកវិទ្យាហិរញ្ញវត្ថុ ឬ Fintech” សំដៅចូលរួមលើកកម្ពស់បរិយាបន្នហិរញ្ញវត្ថុ រក្សាស្ថិរភាពវិស័យហិរញ្ញវត្ថុ និងជំរុញនវានុវត្តន៍ហិរញ្ញវត្ថុ។

ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ជឿជាក់យ៉ាងមុតមាំថា ៖
“ការអនុវត្តគោលនយោបាយនេះប្រកបដោយប្រសិទ្ធភាពខ្ពស់ នឹងជួយឱ្យកម្ពុជាអាចទាញយកអត្ថប្រយោជន៍ជាអតិបរមាពីបរិវត្តកម្មពីឌីជីថលក្នុងវិស័យហិរញ្ញវត្ថុ និងផ្តល់កាលានវត្តភាពដល់គ្រប់តួអង្គ សំដៅរួមចំណែកសម្ទុះនៃការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមឌីជីថលកម្ពុជាឱ្យកាន់តែមានភាពរស់រវើក”។ភាពរស់រវើក”។
ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ បានឱ្យដឹងទៀតថា ដើម្បីចាប់យកកាលានុវត្តភាព និង សក្តានុពលដ៏ធំធេងពីបច្ចេកវិទ្យាហិរញ្ញវត្ថុ, រាជរដ្ឋាភិបាលបានប្រគល់ភារកិច្ចជូនគណៈកម្មាធិការសេដ្ឋកិច្ច និងធុរកិច្ចឌីជីថល ក្នុងការដឹកនាំ និងការសម្របសម្រួលដើម្បីរៀបចំ «គោលនយោបាយអភិវឌ្ឍបច្ចេកវិទ្យាហិរញ្ញវត្ថុកម្ពុជា ២០២៣-២០២៨» ដែលបានកំណត់ចក្ខុវិស័យរយៈពេលវែង ប្រកបដោយមហិច្ឆតា និងភាពប្រាកដនិយម គឺ «អភិវឌ្ឍបច្ចេកវិទ្យាហិរញ្ញវត្ថុ ដោយឈរលើមូលដ្ឋាននៃការលើកកម្ពស់បរិយាប័ន្នហិរញ្ញវត្ថុ, ការរក្សាស្ថិរភាពវិស័យហិរញ្ញវត្ថុ និងការជំរុញនវានុវត្តន៍ហិរញ្ញវត្ថុ ដើម្បីចាប់យកអត្ថប្រយោជន៍ជាអតិបរមា ពីបរិវត្តកម្មឌីជីថលក្នុងវិស័យហិរញ្ញវត្ថុ និងផ្ដល់កាលានុវត្តភាពដល់គ្រប់តួអង្គសំដៅរួមចំណែកជំរុញសន្ទុះនៃការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមឌីជីថលកម្ពុជាដ៏រស់រវើក» ដោយឈរលើគោលការណ៍ធំៗចំនួន ៣ រួមមាន៖ ១)-ការលើកកម្ពស់បរិយាប័ន្នហិរញ្ញវត្ថុ ២)-ការរក្សាស្ថិរភាពវិស័យហិរញ្ញវត្ថុ និង៣)-ការជំរុញនវានុវត្តន៍ហិរញ្ញវត្ថុ។

ក្នុងទិសដៅនេះ, «គោលនយោបាយអភិវឌ្ឍបច្ចេកវិទ្យាហិរញ្ញវត្ថុកម្ពុជា ២០២៣- ២០២៨» បានកំណត់គោលដៅចម្បងចំនួន ៤ ដោយចាត់ទុកការអភិវឌ្ឍបច្ចេកវិទ្យាហិរញ្ញវត្ថុ ជាដើមឈើមួយដើម ឬ ហៅថា ដើមឈើបច្ចេកវិទ្យាហិរញ្ញវត្ថុ (FinTech Tree) ដោយរួមបញ្ចូលនូវ៖ ១)-ការអភិវឌ្ឍបរិស្ថានគោលនយោបាយអំណោយផល ដែលតំណាងដោយ «ដី» ២)-ការអភិវឌ្ឍថ្នលឌីជីថលគ្រឹះដែលតំណាងដោយ «ឫស» ៣)-ការជំរុញការប្រើប្រាស់ និង ការអភិវឌ្ឍបច្ចេកវិទ្យាគាំទ្រដែលតំណាងដោយ «ដើម» និង៤)-ការជំរុញការអភិវឌ្ឍ និងនវានុវត្តន៍សកម្មភាពបច្ចេកវិទ្យាហិរញ្ញវត្ថុ ដែលតំណាងដោយ «មែក» ។
ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន បានលើកឡើងថា ដើម្បីឱ្យការអនុវត្តគោលនយោបាយនេះសម្រេចបានជោគជ័យ វិធានការគោលនយោបាយសរុបចំនួន ៥២ ត្រូវបានដាក់ចេញ ដោយការអនុវត្តវិធានការគោលនយោបាយទាំងអស់នេះ ត្រូវគោរពតាមអភិក្រមចំនួន ៣ គឺ ទី១)-ការចាប់យក (Adoption) ទី២)-ការកែសម្រប (Adaptation) និង ទី៣)-ការធ្វើនវានុវត្តន៍បន្ថែម (Further Innovation) ដោយឈរលើគោលជំហរ «ថែទាំដើមឈើឱ្យលូតលាស់ល្អ និងអាស្រ័យផលបានត្រូវការដីមានជីជាតិ ដែលអំណោយផលដល់ការស្រូបយករបស់ឫស ឫសរឹងមាំ និងច្រើន ដែលអាចស្រូបយកជីជាតិបានល្អ សម្រាប់ទ្រទ្រង់ដល់ភាពរឹងមាំរបស់ដើម ដើមរឹងមាំសម្រាប់ទ្រទ្រង់ដល់ការលូតលាស់ល្អរបស់មែក និងមែកបែកសាខាប្រកបដោយផ្លែផ្កាច្រើន ដែលអាចអាស្រ័យផលបាន។
ជាការពិតណាស់, ដោយសម្លឹងឃើញការវិវឌ្ឍយ៉ាងរហ័សនៃវិស័យបច្ចេកវិទ្យា ដែលពិបាកប៉ាន់ប្រមាណ, ឯកសារគោលនយោបាយនេះ ត្រូវបានចាត់ទុកជា «ឯកសាររស់» ដែលជាកម្មវត្ថុនៃការកែសម្រួលបន្ថែម នាអនាគត អនុលោមតាមឧត្តមានុវត្តន៍អន្តរជាតិ និងនិន្នាការនៃការអភិវឌ្ឍបច្ចេកវិទ្យាហិរញ្ញវត្ថុ ជាក់ស្ដែង៕




វិថីហិរញ្ញវត្ថុ
























Account
Security
Favourite Content