ភ្នំពេញ ៖ ទីបំផុត ព្រលានយន្តហោះអន្តរជាតិសៀមរាបអង្គរ បានកំណត់កាលបរិច្ឆេទដាក់ដំណើរការជាផ្លូវការហើយគឺនឹងចាប់ផ្ដើមបើកដំណើរការជាផ្លូវការនៅថ្ងៃទី១៦ ខែតុលា ឆ្នាំ ២០២៣ នេះហើយ ។នេះបើតាមសេចក្ដីជូនដំណឹងរបស់រដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល នៅថ្ងៃទី២៦ ខែកក្កដា ២០២៣ និង ចេញផ្សាយនៅថ្ងៃទី ២៧ កក្កដា ២០២៣ ។
យោងសេចក្ដីជូនដំណឹងដដែលនេះឱ្យដឹងថា អាកាសយានដ្ឋានអន្តរជាតិថ្មីដែលមានទីតាំងស្ថិតនៅភូមិក្រៀលពង ឃុំពពេល និងភូមិប្រវ៉ាល ឃុំតាយ៉ែកស្រុកសូត្រនិគម ខេត្តសៀមរាប ត្រូវបានរាជរដ្ឋាភិបាលកម្ពុជា សម្រេចដាក់ឈ្មោះជាផ្លូវការថា អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ និងគ្រោងដាក់ឱ្យដំណើរចាប់ពីថ្ងៃទី១៦ ខែតុលា ២០២៣តទៅ ។
សេចក្ដីជូនដំណឹងថា គ្រប់ជើងហោះហើរអាជីវកម្មដឹកជញ្ជូនដឹកដំណើរ និងទំនិញតាមផ្លូវអាកាសដែលកំពុងប្រតិបត្តិការហោះហើរទៅអាកាសយានដ្ឋានអន្តរជាតិសៀមរាប បច្ចុប្បន្ន នឹងធ្វើការរៀបចំផ្ទេរទាំងស្រុង និងតែមួយលើកគត់ទៅអាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ ចាប់ពីម៉ោង១២យប់ថ្ងៃទី១៦ តុលាឆ្នាំ ២០២៣ ។ ដោយឡែកអាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរនឹងរៀបចំជើងហោះហើរសាកល្បងតាមការចាំបាច់ ដែលមិនមានលក្ខណៈពាណិជ្ជកម្ម និងមិនរកប្រាក់ចំណេញនៅចន្លោះថ្ងៃទី៥ ដល់ថ្ងៃទី១៥ ខែតុលា ២០២៣ ។
រដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល បានបញ្ជាក់ថា ដើម្បីរៀបចំផែនការនៃការផ្ទេរជើងហោះហើរ អាជីវកម្មដឹកជញ្ជូនអ្នកដំណើរ និងទំនិញតាមផ្លូវអាកាស និងបើកដំណើរការអាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ រដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល ស្នើសុំប្រតិបត្តិករប្រកបរបរអាជីវកម្មដឹកជញ្ជូនតាមអាកាសជាតិ អន្តរជាតិ និងគ្រប់ភាគីពាក់ព័ន្ធទាំងអស់ អាចចាប់ផ្ដើមទំនាក់ទំនងចាប់ពីពេលនេះតទៅ ។
ឯកឧត្តមស៊ិន ចាន់សេរីវុត្ថា អ្នកនាំពាក្យរដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល បានលើកឡើងថា អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ នឹងអនុញ្ញាតឱ្យយន្តហោះខ្នាតធំប្រភេទ ប៊ូអ៊ីងអាចចុះចតបាន ដោយក្នុងអាកាសយានដ្ឋាននេះនឹងមានចំណតយន្តហោះ សម្រាប់យន្តហោះធំៗនិងច្រើនជាងមុន មានផ្លូវរត់អាចឱ្យយន្តហោះធំៗឡើងនិងចុះចតបាន ។
ឯកឧត្តមរំពឹងថាក្រោយការបើកដំណើរការព្រលានយន្តហោះអន្តរជាតិសៀមរាបអង្គរ កម្ពុជានឹងទទួលបានអ្នកដំណើរឆ្លងកាត់កាន់តែច្រើន ហើយកម្ពុជានឹងទទួលបានភ្ញៀវទេសចរអន្តរជាតិកាន់តែច្រើនបន្ថែមទៀត ។
បន្ទាប់ពីព្រលានយន្តហោះនេះ កម្ពុជាក៏កំពុងសាងសង់ព្រលានយន្តហោះខ្នាតធំមួយទៀតលំដាប់ពិភពលោកគឺព្រលានយន្តហោះតេជោ ដែលមានទីតាំងនៅស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាលដែលមកដល់ពេលនេះសម្រេចបានការងារប្រមាណពាក់កណ្ដាលហើយ ៕