ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងថា បន្ទាប់ពីព្យួរការចំណាយទៅលើកិច្ចការមិនសំខាន់មួយចំនួនរួចមក រាជរដ្ឋាភិបាលសន្សំបានថវិកាជាង ២០០លានដុល្លារ ។ សម្តេចធិបតីបានថ្លែងឱ្យដឹងដូច្នេះនៅក្នុងពិធីអបអរសាទរទិវាគ្រូបង្រៀននាព្រឹកថ្ងៃទី៥ ខែតុលា ឆ្នាំ ២០២៣ នៅស្ថានបច្ចេកវិទ្យាកម្ពុជា រាជធានីភ្នំពេញ។
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានមានប្រសាសន៍ថា៖
«បន្ទាប់ពីព្យួរការចំណាយទៅលើកិច្ចការមិនសំខាន់មួយចំនួនរួចមក រាជរដ្ឋាភិបាលសន្សំបានថវិកាជាង ២០០លានដុល្លារ» ។
សម្ដេចមានប្រសាសន៍បន្តទៀតថា៖
«ថ្ងៃមុនគ្រាន់តែខ្ញុំឲ្យកែសម្រួលព្យួរការចំណាយទៅលើកិច្ចការមិនសំខាន់មួយចំនួន សន្សំបាន ២០០ លានដុល្លារជាងសម្រាប់ ២០២៣ នេះ។ ថវិកានេះយើងយកទៅប្រើប្រាស់ក្នុងការបង្កើនការគាំពារសង្គម ជួយគ្រោះទឹកជំនន់ជួយប្រជាពលរដ្ឋ ជាដើម»។
សម្តេចបន្តលើកឡើងថា ថវិកាដែលរដ្ឋបានកាត់នេះមិនបានប៉ះពាល់ដល់មន្ត្រីនោះទេ គ្រាន់តែគម្រោងសិក្សាមួយចំនួនដែលមិនទាន់ចាំបាច់ យើងអាចព្យួរសិន ដើម្បីយកលុយដើម្បីទៅជួយប្រជាពលរដ្ឋ ដាក់ឲ្យចំគោលដៅនៃការកំណែទម្រង់ហ្នឹងល្អជាង៕ ដោយ ៖ ញ៉ែម សុផល