ភ្នំពេញ ៖ ជាការយល់ឃើញរបស់មនុស្សភាគច្រើនដែលថា ការជាប់បំណុលគឺជារឿងមិនល្អ ហើយបើអាចជៀសវាងបានគួរកុំខ្ចីប្រាក់ពីគេជាដើម។ ប៉ុន្តែ ករណីមួយចំនួនដូចជាអ្នករកស៊ីជាដើម ស្ទើរតែជៀសមិនផុតពីការយកកម្ចី។ សម្រាប់អ្នកជំនាញ ការជាប់បំណុលទាំងអស់មិនប្រាកដថាអាក្រក់នោះទេ ផ្ទុយទៅវិញ វាគឺជារឿងល្អដែលបុគ្គលម្នាក់អាចមានលទ្ធភាពស្នើសុំកម្ចីពីធនាគារបាន។
បើតាមលោក ម៉ី វាសនា នាយកប្រតិបត្តិអភិបាលកិច្ចសាខារបស់ធនាគារប្រៃសនីយ៍កម្ពុជា បានឱ្យដឹងថា មុននឹងអាចទទួលបានប្រាក់កម្ចីពីធនាគារ ឬគ្រឹះស្ថានផ្ដល់កម្ចីផ្លូវការណាមួយ អតិថិជននីមួយៗសុទ្ធតែឆ្លងកាត់នូវការសិក្សាពីលទ្ធភាពរបស់ពួកគេយ៉ាងល្អិតល្អន់។
ប្រសិនបើអតិថិជននោះជាម្ចាស់អាជីវកម្មទៅទៀត ភាគីអ្នកផ្ដល់កម្ចីនឹងត្រូវសិក្សាកាន់តែស៊ីជម្រៅទៅលើផែនការអាជីវកម្ម ការចាត់ចែងចំណាយ-ចំណូល និងផែនការហិរញ្ញវត្ថុជារួមរបស់បុគ្គលនោះតែម្ដង។
អ្នកជំនាញដដែលនេះបានបញ្ជាក់ទៀតថា មិនមែនឱ្យតែចង់ខ្ចីប្រាក់ពីធនាគារ គឺនឹងអាចខ្ចីបាននោះទេ។ អតិថិជននោះទាល់តែមានប្រវត្តិសងត្រឡប់ល្អ មានផែនការ និងគោលបំណងក្នុងការខ្ចីច្បាស់លាស់ ទើបអាចមានលទ្ធភាពទទួលបានកម្ចី។
លោក ម៉ី វាសនា ៖
«ផ្ទុយពីអ្វីដែលគេតែងនិយាយ ការជាប់បំណុលធនាគារគឺជារឿងល្អ និងជាភ័ស្តុតាងបង្ហាញថា អតិថិជនរូបនោះមានប្រវត្តិនៃការសងត្រឡប់ល្អ»។
ដោយឡែក ប្រភេទបំណុលដែលប្រជាជនគួរតែជៀសវាងនោះគឺប្រភេទបំណុលក្រៅផ្លូវការ ដូចជា ការចងការប្រាក់ឯកជន និងកម្ចីអនឡាញខុសច្បាប់ ដែលមិនស្ថិតក្រោមការទទួលខុសត្រូវពីធនាគារជាតិនៃកម្ពុជា។ កម្ចីទាំងនេះមានការប្រាក់ខ្ពស់ ដែលអាចនាំឱ្យប៉ះពាល់ដល់លទ្ធភាពសងត្រឡប់ និងអាចនាំឱ្យប្រជាជនធ្លាក់ចូលទៅក្នុងបំណុលលើសលប់។
ជារួម បំណុលមិនមែនសុទ្ធតែអាក្រក់នោះទេ សំខាន់បំផុតគឺប្រជាពលរដ្ឋដែលជាអ្នកទទួលកម្ចី ត្រូវមានផែនការហិរញ្ញវត្ថុ និងគោលដៅក្នុងការប្រើប្រាស់កម្ចីឱ្យបានច្បាស់លាស់ និងជាពិសេសគឺ ចៀសវាងនូវការទទួលកម្ចីចងការក្រៅផ្លូវការ៕