សម្តេចតេជោ ៖ កម្ពុជាចាត់ទុកឥណទានកាបូនជាប្រភពធនធានហិរញ្ញប្បទានប្រកបដោយចីរភាពដ៏សំខាន់

ភ្នំពេញ៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបានមានប្រសាសន៍ថា កម្ពុជាចាត់ទុកឥណទានកាបូនជាប្រភពធនធានហិរញ្ញប្បទានប្រកបដោយចីរភាពដ៏សំខាន់មួយសម្រាប់សកម្មភាពកាត់បន្ថយការបញ្ចេញឧស្ម័នផ្ទះកញ្ចក់។

សម្តេចតេជោ បានបញ្ជាក់ដូច្នេះ ក្នុងវេទិកាអភិវឌ្ឍន៍ថាមពលកាបូនទាប ថៃយាន ឆ្នាំ២០២១ ក្រោមមូលបទ «ថាមពល អាកាសធាតុ បរិស្ថាន» តាមប្រព័ន្ធវីដេអូ នៅព្រឹកថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២១នេះ ដែលនៅក្នុងកម្មវិធីនេះ គឺមានការអញ្ជើញចូលរួមពី​ ឯកឧត្តម លី ខឺឈាង (Li Keqiang) នាយករដ្ឋមន្ត្រីនៃសាធារណរដ្ឋប្រជាមានិតចិន និងឯកឧត្តម លោកជំទាវ ប្រមុខរដ្ឋ និងប្រមុខរដ្ឋាភិបាល នៃប្រទេសជាច្រើនទៀតផងដែរ។

សម្តេចតេជោ បានថ្លែងថា ថ្វីត្បិតតែកម្ពុជាជាប្រទេស ដែលមានកម្រិតនៃការអភិវឌ្ឍទាប, រាជរដ្ឋាភិបាលកម្ពុជាមានការប្ដេជ្ញាចិត្តខ្ពស់ និងកំណត់យកបញ្ហាថាមពល, អាកាសធាតុ និងបរិស្ថាន ជារបៀបវារៈគោល នយោបាយដ៏សំខាន់ និងសម្រាប់រយៈពេលវែង ក្រោមអភិក្រម “ជាបញ្ហារួម ប៉ុន្តែការអនុវត្តផ្សេងៗ គា្នទៅតាមការទទួលខុសត្រូវ និងសមត្ថភាពរៀងៗខ្លួន”

សម្តេចតេជោ បានថ្លែងបន្តថា ជាក់ស្ដែង, កាលពីថ្ងៃទី ៣១ ខែ ធ្នូ ឆ្នាំ ២០២០, កម្ពុជាបានដាក់ជូនលេខាធិការដ្ឋាននៃអនុសញ្ញាក្របខណ្ឌសហប្រជាជាតិ ស្តីពីការប្រែប្រួលអាកាសធាតុ នូវរបាយការណ៍បច្ចុប្បន្នភាពនៃការចូលរួមចំណែករបស់ជាតិ ដោយបានកំណត់ គោលដៅកាត់បន្ថយការបញ្ចេញឧស្ម័នផ្ទះកញ្ចក់ឱ្យបានប្រមាណ ៦៤,៦ លានតោន សមមូលឧស្ម័ន កាបូនិក ត្រឹមឆ្នាំ ២០៣០ នៅក្នុងវិស័យព្រៃឈើ, ថាមពល, ឧស្សាហកម្ម, កសិកម្ម និងការ គ្រប់គ្រងសំណល់ ។ បន្ថែមលើនេះ, កម្ពុជាក៏បាននិងកំពុងខិតខំរៀបចំយុទ្ធសាស្ត្ររយៈពេលវែង ប្រកបដោយអព្យាក្រឹតភាពកាបូន ដោយរំពឹងថានឹងចប់សព្វគ្រប់នៅចុងឆ្នាំ ២០២១ នេះ ។

ការដោះស្រាយបញ្ហាថាមពល, អាកាសធាតុ និងបរិស្ថាន គឺជាកិច្ចការដ៏លំបាកមួយ ដែល ទាមទារឱ្យមានការចូលរួម ប្រកបដោយស្មារតីទទួលខុសត្រូវ និងការប្ដេជ្ញាចិត្តខ្ពស់ ពីគ្រប់ភាគី ពាក់ព័ន្ធទាំងអស់ ក្នុងន័យនេះ, ខ្ញុំសូមអំពាវនាវឱ្យមានការពង្រឹងកិច្ចសន្ទនា និងកិច្ចសហប្រតិបត្តិការអន្តរជាតិរវាងគ្រប់ភាគីពាក់ព័ន្ធ ក្នុងគោលបំណងបង្កើតឱ្យបាននូវអនាគតបៃតងរួមគ្នាមួយប្រកបដោយចីរភាពដោយមិនទុកនរណាម្នាក់ចោលនោះឡើយ ។

ជាមួយគ្នានេះដែរ សម្តេចតេជោក៏សូមអំពាវនាវឱ្យមានការប្តេជ្ញាចិត្តផ្នែកនយោបាយ ក្នុងការចូលរួមឱ្យអស់លទ្ធភាពពីគ្រប់ប្រទេសទាំងអស់ នៅ តាមដំណាក់កាលនៃការអភិវឌ្ឍប្រទេសនីមួយៗរបស់ខ្លួន ក្នុងការជំរុញកំណើនបៃតង, ការកាត់ បន្ថយការបញ្ចេញកាបូន និងការធានាឱ្យប្រជាពលរដ្ឋគ្រប់រូប ទទួលបាននូវថាមពលនិរន្តរភាព ក្នុងតម្លៃសមរម្យ និងមានការបញ្ចេញកាបូនទាប ។

សម្តេចតេជោ បានថ្លែងដូច្នេះថា ៖

«ជាមួយគ្នានេះ​ ខ្ញុំក៏សូមលើកទឹកចិត្តឱ្យមាន ការជួយគ្នាទៅវិញទៅមក ប្រកបដោយស្មារតីសាមគ្គីភាព ជាពិសេសតាមរយៈការផ្ទេរបច្ចេកវិទ្យា និងការផ្តល់ហិរញ្ញប្បទាន ជាពិសេសទៅដល់បណ្តាប្រទេសដែលមានធនធានទាប»

ទន្ទឹមនេះ​​ កម្ពុជាក៏បានកត់សម្គាល់ដោយយកចិត្តទុកដាក់ផងដែរ នូវគំនិតផ្តួចផ្តើមបង្កើត ផែនការពាណិជ្ជកម្មទីផ្សារជួញដូរកាបូននៅក្នុងប្រទេសចិន… ប្រទេសកម្ពុជាទទួលបាន ជោគជ័យក្នុងការចូលរួមទីផ្សារកាបូនស្ម័គ្រចិត្ត ក្នុងរយៈពេលជាច្រើនឆ្នាំកន្លងទៅនេះ ហើយកម្ពុជាកំពុងរៀបចំការងារមួយចំនួនបន្ថែមទៀត នៅក្រោមកិច្ចព្រមព្រៀងទីក្រុងប៉ារីស ស្តីពីការប ប្រួលអាកាសធាតុ ។

សម្តេចតេជោ បានបញ្ជាក់ដូច្នេះថា ៖

«កម្ពុជាចាត់ទុកឥណទានកាបូនជាប្រភពធនធានហិរញ្ញប្បទាន ប្រកបដោយ ចីរភាពដ៏សំខាន់មួយ សម្រាប់សកម្មភាពកាត់បន្ថយការបញ្ចេញឧស្ម័នផ្ទះកញ្ចក់ ហើយកម្ពុជាបើក ចំហទទួលការចូលរួមនូវក្នុងភាពជាដៃគូជាមួយបណ្តាប្រទេស និងវិស័យឯកជននានា ដែល មានចំណាប់អារម្មណ៍»

ចាប់តាំងពីឆ្នាំ២០១៦ មកដល់បច្ចុប្បន្ន កម្ពុជាបានទទួលថវិកាចំនួន ១១,៦លានដុល្លារ ពីការលក់ឥណទានកាបូនឱ្យទៅក្រុមហ៊ុនអន្តរជាតិធំៗមានដូចជា៖ Disney Kering Intuit និង Shall និងក្រុមហ៊ុន Gucci។ កម្ពុជាកំពុងតែធ្វើការសិក្សា និងអនុវត្តគម្រោងឥណទានកាបូនសាកល្បងនៅក្នុងដែនជម្រកសត្វព្រៃព្រៃឡង់ ក្នុងភូមិសាស្ត្រខេត្តស្ទឹងត្រែង បន្ថែមទៀតជាមួយក្រុមហ៊ុនជប៉ុន «Mitsui»។

ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងបរិស្ថាន ធ្លាប់បានបញ្ជាក់ថា ការបោះជំហានចូលទៅក្នុងទីផ្សារលក់ឥណទានកាបូនដោយស័គ្រចិត្តកន្លងមក និងបន្តសិក្សាបន្ថែមទៀត គឺបញ្ជាក់ពីភាពប្រសើរឡើង នៃកិច្ចការពារតំបន់ធម្មជាតិរបស់កម្ពុជា។

រដ្ឋលេខាធិការក្រសួងបរិស្ថានរូបនេះ បានបញ្ជាក់យ៉ាងដូច្នេះថា៖

«ខ្ញុំសូមបញ្ជាក់ថាទីផ្សារនេះ គឺពិតជាមានសារសំខាន់សម្រាប់ប្រទេសកម្ពុជារបស់យើង ដែលការបោះជំហានទៅក្នុងទីផ្សារឥណទានកាបូន គឺបញ្ជាក់ពីភាពប្រសើរឡើងនៃកិច្ចការពារតំបន់ធម្មជាតិរបស់យើង»

មន្ត្រីជាន់ខ្ពស់រូបនេះ បានលើកឡើងថា ក្រសួងបរិស្ថាន ដែលបានយុត្តាធិការគ្រប់គ្រងតំបន់ការពារធនធានធម្មជាតិ នៅលើផ្ទៃដី ៧លាន ៣សែនហិកតា ក្នុងតំបន់ការពារធម្មជាតិជាង ៧០កន្លែង នៅកម្ពុជា បានខិតខំប្រឹងប្រែងក្នុងការពង្រឹងទៅលើយុទ្ធសាស្ត្រ វិធីសាស្ត្រ ក្នុងការពារព្រៃឈើតាមរយៈការពង្រឹងសមត្ថភាព របស់មន្ត្រីឧទ្យានុរក្ស ការចូលរួមរបស់សហគមន៍ ការពង្រឹងភាពជាដៃគូរ ជាមួយនឹងអង្គការដៃគូរ ដើម្បីឈានឆ្ពោះទៅរកប្រសិទ្ធភាពនៃការពារ និងអភិរក្សធនធានធម្មជាតិ។

ឯកឧត្តម នេត្រ ភក្ត្រា បានបន្តថា៖

«ភាពប្រសើរឡើងនៃការការពារធនធានធម្មជាតិ របស់យើងនេះ គឺបានផ្តល់ឱកាសមកឱ្យយើងក្នុងការរៀបចំការលក់ឥណទានកាបូន ហើយការលក់ឥណទានកាបូននេះទៀតសោធ បានបង្ហាញពីភាពប្រសើរឡើង នៃការការពារអភិរក្ស ហើយថវិកាដែលយើងបានមកនេះយើងបានប្រើប្រាស់ពីមុខព្រួញ គឺទី១៖ ទៅលើការពង្រឹងលើការអភិរក្ស មានន័យថា យើងយកព្រៃឈើចិញ្ចឹមព្រៃឈើ និងទី២៖ ផលដែលទទួលមកគឺយើងផ្តល់ ការចូលរួមការអភិវឌ្ឍសហគមន៍ នៅក្នុងតំបន់ការពារធម្មជាតិ ដែលរស់នៅក្នុងតំបន់ និងរស់នៅជុំវិញតំបន់ការពារធម្មជាតិ»