ភ្នំពេញ ៖ ធនាគារជាតិនៃកម្ពុជា និងក្រុមហ៊ុន UnionPay International (UPI) បានប្រកាសដាក់ឱ្យដំណើរការប្រតិបត្តិការទូទាត់ឆ្លងដែនតាមឃ្យូអរកូត (QR Code) ជាផ្លូវការរវាងប្រព័ន្ធទូទាត់បាគង (Bakong) របស់ធនាគារជាតិនៃកម្ពុជា និងបណ្ដាញទូទាត់ទូទាំងពិភពលោក UnionPay របស់ក្រុមហ៊ុន UPI ដើម្បីជំរុញបរិវត្តន៍កម្មឌីជីថល និងពង្រឹងទំនាក់ទំនងសេដ្ឋកិច្ច ពាណិជ្ជកម្ម និងទេសចរណ៍ រវាងប្រទេសកម្ពុជា និងប្រទេសចិន។
ការប្រកាសដាក់ឱ្យដំណើរការប្រតិបត្តិការទូទាត់ឆ្លងដែនតាមឃ្យូអរកូត (QR Code) នេះ ត្រូវបានធ្វើឡើងកាលពីថ្ងៃចុងសប្ដាហ៍កន្លងទៅនៅរាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់លោកជំទាវបណ្ឌិត ជា សិរី ទេសាភិបាលធនាគារជាតិនៃកម្ពុជា និងឯកឧត្តម Wang Wentian ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពនៃសាធារណរដ្ឋប្រជាមានិតចិនប្រចាំនៅប្រទេសកម្ពុជា និងតំណាងក្រសួងទេសចរណ៍ ក្រុមហ៊ុន UPI ព្រមទាំងតំណាងគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ សរុបប្រមាណ ១៥០ រូប។
ដំណើរការប្រតិបត្តិការទូទាត់ឆ្លងដែនតាមឃូអរកូតនេះ ជាសមិទ្ធផលថ្មីមួយទៀតនៃចក្ខុវិស័យពង្រីកវិសាលភាពប្រតិបត្តិការទូទាត់ឆ្លងដែនតាមរយៈឃ្យូអរកូតរបស់ប្រព័ន្ធបាគង។ តាមរយៈក្របខណ្ឌកិច្ចសហប្រតិបត្តិការនេះ អតិថិជនរបស់ក្រុមហ៊ុន UPI អាចស្កេន KHQR Code ដើម្បីទូទាត់ថ្លៃទំនិញ និងសេវាកម្មទៅឱ្យអាជីវករនៅកម្ពុជា ជាប្រាក់រៀលបន្ទាប់ពីប្រព័ន្ធបានប្តូររូបិយប័ណ្ណបរទេស ក៏ដូចជាប្រាក់យ៉ន់ចិនក្នុងគណនីទៅជាប្រាក់រៀលដោយស្វ័យប្រវត្តិ។
ដូចគ្នានេះដែរ ក្នុងអំឡុងដើមឆ្នាំ២០២៤ ប្រជាជនកម្ពុជាក៏អាចប្រើប្រាស់ប្រាក់រៀលក្នុងប្រព័ន្ធទូទាត់បាគង ឬក៏កម្មវិធីធនាគារចល័តឯកជន ដើម្បីទូទាត់ថ្លៃទំនិញ-សេវាកម្មនៅក្នុងប្រទេសចិន និងបណ្តាប្រទេសផ្សេងៗទៀតក្នុងបណ្តាញទូទាត់ UnionPay នៅទូទាំងពិភពលោក ដោយគ្រាន់តែស្តេនឃ្យូអរកូត (UnionPay QR Code) របស់ក្រុមហ៊ុន UPI។
សមិទ្ធផលថ្មីនេះក៏បានឆ្លុះបញ្ចាំងពីគោលបំណងសហគមន៍អាស៊ាន ដែលប្តេជ្ញាលើកកម្ពស់ប្រតិបត្តិការទូទាត់ឆ្លងដែនជារូបិយវត្ថុជាតិប្រកបដោយប្រសិទ្ធភាព និងសុវត្ថិភាព។ កិច្ចសហប្រតិបត្តិការនេះក៏បានរួមចំណែកយ៉ាងសកម្ម ក្នុងដំណើរការជំរុញបរិវត្តន៍កម្មឌីជីថល និងពង្រឹងទំនាក់ទំនងសេដ្ឋកិច្ច ពាណិជ្ជកម្ម និងទេសចរណ៍ រវាងប្រទេសកម្ពុជា និងប្រទេសចិន ព្រមទាំងចូលរួមលើកកម្ពស់កិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍បច្ចេកវិទ្យានវានុវត្តន៍ហិរញ្ញវត្ថុ ដែលជួយសម្រួលប្រតិបត្តិការទូទាត់បានមួយកម្រិតទៀតផងដែរ៕