ភ្នំពេញ៖ សមាគមធនាគារនៅកម្ពុជា (ABC) និងសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា (CMA) នៅថ្ងៃទី២១ ខែតុលា ឆ្នាំ២០២៦ នេះ បានចេញសេចក្ដីប្រកាសព័ត៌មានរួមដោយប្ដេជ្ញាចិត្ដពង្រឹងការអនុវត្ដផ្តល់ឥណទានប្រកបដោយការទទួលខុសត្រូវ និងបង្កើនកិច្ចការពារអតិថិជនទូទាំងប្រទេស។
សេចក្ដីប្រកាសព័ត៌មានរួមនេះ ធ្វើឡើងបន្ទាប់ពីមានការលើកឡើងជាសាធារណៈនាពេលថ្មីៗ អំពីបំណុលគ្រួសារ និងកិច្ចការពារអ្នកខ្ចីប្រាក់។ ទន្ទឹមគ្នានេះ សមាគមក៏សង្កេតឃើញថា អ្នកខ្ចីឥណទានមួយចំនួនកំពុងប្រឈមនឹងភាពលំបាកផ្នែកហិរញ្ញវត្ថុ ជាពិសេសក្នុងស្ថានភាពសេដ្ឋកិច្ចដែលកំពុងមានបញ្ហាប្រឈម។
សមាគមថានឹងជួយសម្រាលបន្ទុកចំពោះអ្នកខ្ចីដោយយុត្តិធម៌ ព្រមទាំងស្វែងរកដំណោះស្រាយជាក់ស្តែងសម្រាប់អ្នកកំពុងជួបផលលំបាកផ្នែកហិរញ្ញវត្ថុ។ ជាមួយគ្នា ក៏មានការរឹតបន្តឹងលើការទទួលយកដីរដ្ឋ ដីការពារ និងដីសហគមន៍ទៅធ្វើជាទ្រព្យធានាសម្រាប់ការស្នើសុំប្រាក់កម្ចីថ្មី ហាមយកអត្តសញ្ញាណប័ណ្ណផ្ទាល់ខ្លួនធ្វើជាទ្រព្យធានា និងបង្កើនការវាយតម្លៃសមត្ថភាពបង់សងប្រាក់ត្រឡប់សម្រាប់គ្រួសារមានប្រាក់ចំណូលទាប ដែលវិធានការទាំងនេះជួយកាត់បន្ថយហានិភ័យធ្ងន់ធ្ងរទៅថ្ងៃអនាគត។ កិច្ចខិតខំប្រឹងប្រែងទាំងនេះ គឺជាសកម្មភាពបំពេញបន្ថែមពីលើបទប្បញ្ញត្តិ និងវិធានការត្រួតពិនិត្យរបស់ធនាគារជាតិ។
នៅក្នុងសេចក្ដីប្រកាសរួមដែលបណ្ដាញសារព័ត៌មាន AMS ទទួលបាននៅរសៀលថ្ងៃទី២១ ខែតុលា នេះ ក៏បានរំលេចនូវគំនិតផ្ដួចផ្ដើមចំនួន ៩ចំណុច មានដូចជា ទី១. ក្រមប្រតិបត្តិសម្រាប់វិស័យធនាគារ និងហិរញ្ញវត្ថុ គឺសំដៅដល់ការលើកកម្ពស់ការអនុវត្តការងារប្រកបដោយការទទួលខុសត្រូវ ក្រមសីលធម៌វិជ្ជាជីវៈ និងតម្លាភាព រួមទាំងការអនុវត្តដោយយុត្តិធម៌ចំពោះអតិថិជន។ ទី២. គោលការណ៍ណែនាំស្តីពីការផ្តល់ឥណទាន គឺត្រូវណែនាំមន្ត្រីឥណទានក្នុងការវាយតម្លៃសមត្ថភាពបង់សងប្រាក់ ផ្គូផ្គងទំហំឥណទានទៅនឹងតម្រូវការរបស់អតិថិជន និងកាត់បន្ថយហានិភ័យនៃការជំពាក់បំណុលលើសលប់ និង៣. ស្តង់ដាកិច្ចសន្យាឥណទាន និងគោលការណ៍ណែនាំ គឺបង្កើនភាពច្បាស់លាស់ នៃលក្ខខណ្ឌកម្ចី តម្លាភាព និងការការពារអ្នកខ្ចីប្រាក់ ជាដើម។
យោងតាមសេចក្ដីប្រកាសដដែល ក្នុងពេលឆាប់ៗនេះ សមាគម ធនាគារនៅកម្ពុជា (ABC) សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា (CMA) បន្តសហការជាមួយធនាគារជាតិនៃកម្ពុជា (NBC) និងគ្រឹះស្ថានជាសមាជិក ព្រមទាំងដៃគូពាក់ព័ន្ធ នឹងពង្រឹងការអនុវត្តស្ដង់ដារផ្តល់ឥណទានប្រកបដោយការទទួលខុសត្រូវ លើកកម្ពស់ការប្រមូលបំណុល និងការសម្របសម្រួលចំពោះអតិថិជន គាំទ្រដល់ការរៀបចំឥណទានឡើងវិញ (Restructuring) ទៅតាមករណីនីមួយៗសម្រាប់អ្នកខ្ចីប្រាក់ដែលប្រឈមមុខនឹងផលលំបាកក្នុងការបង់សងប្រាក់ត្រឡប់ និងបង្កើនការទទួលបានយន្តការដោះស្រាយបណ្តឹងដោយយុត្តិធម៌។
ជាមួយគ្នានេះ សមាគមបានលើកទឹកចិត្តអតិថិជនដែលកំពុងជួបផលលំបាកផ្នែកហិរញ្ញវត្ថុ ឬមានបណ្តឹង សូមទាក់ទងទៅធនាគារ ឬគ្រឹះស្ថានហិរញ្ញវត្ថុដែលខ្លួនប្រើប្រាស់សេវា។ ក្នុងករណីមួយទៀត បើអតិថិជនមានបញ្ហាមិនទាន់ត្រូវបានដោះស្រាយបញ្ចប់ អាចទូរស័ព្ទទៅកាន់មជ្ឈមណ្ឌលការពារអ្នកប្រើប្រាស់សេវាហិរញ្ញវត្ថុ ហៅកាត់ថា FCPC តាមរយៈលេខ ០១៥ ៣៦៥ ២២២ ដើម្បីទទួលបានការគាំទ្រ និងប្រឹក្សាបន្ថែមភ្លាមៗ។
សមាគមធនាគារនៅកម្ពុជា (ABC) និងសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា (CMA) បន្ដប្ដេជ្ញាគាំទ្រវិស័យធនាគារ និងហិរញ្ញវត្ថុដែលរួមចំណែកដល់ការអភិវឌ្ឍសេដ្ឋកិច្ចប្រកបដោយចីរភាព រក្សាបានការអនុវត្តអាជីវកម្មប្រកបដោយការទទួលខុសត្រូវ ការពារអ្នកប្រើប្រាស់សេវាហិរញ្ញវត្ថុ និងទទួលបានទំនុកចិត្តពីសាធារណជនតាមរយៈការអនុវត្តប្រកបដោយសង្គតិភាព គណនេយ្យភាព និងសកម្មភាពជាក់ស្ដែង៕










វិថីហិរញ្ញវត្ថុ

































































Account
Security
Favourite Content