រដ្ឋាភិបាលប្រទេសកូរ៉េផ្តល់ជំនួយ ១៣.៤ លានដុល្លារ ដល់កម្ពុជាសម្រាប់អភិវឌ្ឍន៍កសិកម្ម

ភ្នំពេញ ៖ ឯកឧត្តម វេង សាខុន យោងតាមរដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានឱ្យដឹងកាលពីពេល​ថ្មីៗនេះថា វឌ្ឍនភាពលើការងារផ្សព្វផ្សាយកសិកម្ម ក្រោមកិច្ចសហប្រតិបត្តិការ​រវាង​ក្រសួងកសិកម្មជាមួយសាធារណរដ្ឋកូរ៉េមានដូចជា៖

១- កិច្ចសហប្រតិបត្តិការរវាងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៃប្រទេសកម្ពុជា និងក្រសួងកសិកម្ម ស្បៀងអាហារ និងកិច្ចការជនបទនៃសាធារណរដ្ឋកូរ៉េ លើការងារផ្សព្វផ្សាយ បានចុះកិច្ចព្រមព្រៀងលើកំណត់ត្រាពិភាក្សា (Record of Discussion) កាលពីថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០១៧ លើការអនុវត្តគម្រោងស្តីពី «ការគាំទ្រការកសាងមជ្ឈមណ្ឌលបណ្តុះបណ្តាលបច្ចេកទេសកសិកម្មនៅកម្ពុជា» (Support on Construction of Agriculture Technology Training Center in Cambodia)។  

មន្ត្រីជាន់ខ្ពស់តំណាងរដ្ឋាភិបាលកម្ពុជា-កូរ៉េ ចុះហត្ថលេខាផ្តល់ និងទទួលជំនួយរួមគ្នា

ជំនួយថវិកាសរុបចំនួន ៣,៥០០,០០០ ដុល្លារអាមេរិក នៅក្នុងគម្រោង​នេះ គឺសម្រាប់ការអនុវត្តរយៈពេល ៦០ខែ ចាប់ពីឆ្នាំ២០១៨ ដល់ឆ្នាំ២០២២ និងអនុវត្តនៅមជ្ឈមណ្ឌលបណ្តុះបណ្តាល និងផ្សព្វផ្សាយកសិកម្ម ខេត្តស្វាយរៀង។ គោលបំណងរបស់គម្រោងគឺបណ្តុះបណ្តាលអ្នកឯកទេសកសិកម្ម តាមរយៈការធ្វើឱ្យប្រសើរឡើងនូវសម្ភារបរិក្ខារប្រើប្រាស់ជំនួយក្នុងការបណ្តុះបណ្តាលផ្សព្វផ្សាយ និងផ្តល់ឱកាសការងារដល់អ្នកឯកទេសកសិកម្មបង្កើនសមត្ថភាព​កសិករក្នុងតំបន់តាមរយៈការផ្ទេរបច្ចេកវិទ្យាថ្មីៗ បង្កើនប្រាក់ចំណូលកសិករតាមរយៈ​ការលើកកម្ពស់​ផលិតភាព និងគុណភាពផលិតផលកសិកម្ម។

២- បន្ថែមលើគម្រោង «ការគាំទ្រការសាងសង់មជ្ឈមណ្ឌលបណ្តុះបណ្តាលបច្ចេកទេសកសិកម្ម​ នៅ​កម្ពុជា» ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ​ក៏មានកិច្ចសហប្រតិបត្តិការជាមួយក្រសួង​កសិកម្ម ស្បៀងអាហារ និងកិច្ចការជនបទកូរ៉េ តាមរយៈសាជីវកម្មសហគមន៍ជនបទកូរ៉េ (Korea Rural Community Cooperation, KRC) ដោយបានចុះអនុស្សរណៈលើកំណត់ត្រានៃការពិភាក្សា(Record of Discussion)កាលពីថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២០ ក្នុងការអនុវត្តគម្រោងស្តីពី «ការគាំទ្រមជ្ឈមណ្ឌលកសិកម្មនៅខេត្តក្រចេះ » (Supporting Agricultural Center in Kratie, Cambodia) ដែល​ទទួល​បានថវិកាចំនួន ២,៩០០,០០០ ដុល្លារអាមេរិក។

គម្រោងនេះមានរយៈពេលអនុវត្ត ៤៨ ខែ ចាប់ពីឆ្នាំ២០២១ ដល់ឆ្នាំ២០២៤ អនុវត្តនៅស្រុកចិត្របុរី ខេត្តក្រចេះ។ គម្រោងនឹងចាប់ផ្តើមអនុវត្តនៅឆមាសទី២ ក្នុងឆ្នាំ ២០២១ នេះ ក្នុងគោលបំណងគាំទ្រការ​សាងសង់មជ្ឈមណ្ឌលបណ្តុះបណ្តាល និងផ្សព្វ​ផ្សាយកសិកម្ម បណ្តុះបណ្តាលបច្ចេកទេសកសិកម្ម និងផ្ទេរចំណេះដឹងដល់មន្ត្រី និងកសិករ លើ​ដំណាំ​ដំឡូង​មី ពោត និងផលិតកម្មដំណាំបន្លែ បង្កើន​ប្រាក់ចំណូល និងជីវភាពរស់នៅរបស់កសិករតាម​រយៈ​ការផ្ទេរបច្ចេកវិទ្យាកសិកម្ម។ ។

៣- ក្រៅពីកិច្ចសហប្រតិបត្តិការជាមួយក្រសួងកសិកម្ម ស្បៀងអាហារ និងកិច្ចការជនបទកូរ៉េ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទកម្ពុជា ក៏បានស្វះស្វែងរកកិច្ចសហការ និងគាំទ្រពីទីភ្នាក់ងារសហប្រតិបត្តការអន្តរជាតិកូរ៉េ (KOICA) លើការងារផ្សព្វផ្សាយកសិកម្ម តាមរយៈការស្នើសុំគម្រោងស្តីពី «ការជំរុញការផ្សព្វផ្សាយបច្ចេកវិទ្យា កសិកម្មតាមប្រព័ន្ធឌីជីថល» (Promoting Digital Agricul tural Technology) ក្នុងថវិកាចំនួនប្រមាណ ៧លានដុល្លារអាមេរិក ដែលមានរយៈពេល ៥ ឆ្នាំ (២០២៣-២០២៧)។

គម្រោងនេះរៀបចំឡើងក្នុងគោលបំណង ១-ជំរុញការប្រើប្រាស់បច្ចេកវិទ្យាផ្សព្វផ្សាយ កសិកម្ម តាមប្រព័ន្ធឌីជីថល រៀបចំហេដ្ឋារចនាសម័្ពន្ធ និងការប្រើប្រាស់ប្រព័ន្ធឌីជីថលឱ្យមានប្រសិទ្ធភាព។ ២- ពង្រឹងដំណើរការប្រព័ន្ធឌីជីថល និងអត្រាអ្នកទទួលបានចំណេះដឹងលើការប្រើប្រាស់ប្រព័ន្ធឌីជីថល សម្រាប់ការផ្សព្វផ្សាយកសិកម្ម ។ ៣- ពង្រឹងសមត្ថភាពមន្ត្រីផ្សព្វផ្សាយ និងភ្នាក់ងារផ្សព្វផ្សាយកសិកម្ម ឃុំ លើបច្ចេកវិទ្យាឌីជីថល៕