ហេដ្ឋារចនាសម្ព័ន្ធថ្មីមហាវិថី៥០ម៉ែត្រ ចាប់ផ្តើមសាងសង់នៅតំបន់អភិវឌ្ឍន៍ទីក្រុងរណបបឹងទំពុន និងបឹងជើងឯក

ភ្នំពេញ ៖ គម្រោងអភិវឌ្ឍន៍ និងសាងសង់ហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្មីស្រឡាងដ៏ធំមួយខ្សែទៀតទំហំ៥០ម៉ែត្រ ត្រូវបានប្រកាសបើកការដ្ឋានស្ថាបនាក្នុងតំបន់អភិវឌ្ឍន៍ទីក្រុងរណបបឹងទំពុន និងបឹងជើងឯកដោយក្រុមហ៊ុន អាយអិនជី ហូលឌីង (ING Holdings)។

ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត តំណាងដ៏ខ្ពង់ខ្ពស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នៅថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២៣  បានអញ្ជើញជាអធិបតីភាពក្នុងពិធីបើកការដ្ឋានស្ថាបនាផ្លូវក្រាលបេតុងកៅស៊ូ ប្រវែង ៤០០០ម៉ែត្រ ទទឹងលំហផ្លូវ ៥០ម៉ែត្រ និងបុកគ្រឹះស្ថាបនាស្ពានបេតុងអាម៉េរចំនួន ២ទីតាំង តាមបណ្តោយមហាវិថី ឈុន គង់ ស្ថិតក្នុងខណ្ឌមានជ័យ និងខណ្ឌដង្កោ រាជធានីភ្នំពេញ ដោយមានការចូលរួមពីឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ឧកញ៉ា អ៊ឹង ប៊ុនហ៊ូវ ប្រធានអគ្គនាយក ក្រុមហ៊ុន អាយអិនជី ហូលឌីង និងលោកជំទាវ ហេងសុខា ព្រមទាំងរដ្ឋបាលខណ្ឌ និងប្រជាពលរដ្ឋប្រមាណ ៣,៤០០នាក់។

ផ្លូវមួយខ្សែនេះគឺជាផ្លូវមេទី៣ ក្នុងគម្រោងអភិវឌ្ឍន៍ទីក្រុង ING City ក្នុងចំណោមបណ្តាញផ្លូវសរុបចំនួន ៦១ខ្សែ គឺបន្ទាប់ពីផ្លូវមេទី១​ គឺមហាវិថីសម្តេច ហ៊ុន សែន និងផ្លូវមេទី២ គឺមហាវិថីអ្នកឧកញ៉ាមហាភក្តីសប្បុរិសភោគាធិបតី ហ៊ុន នាង។ ផ្លូវ១ខ្សែនេះ ត្រូវបានរាជរដ្ឋាភិបាលប្រសិទ្ធនាមថា មហាវិថី “ឈុន គង់” ។

មហាវិថី ឈុន គង់ ជាមហាវិថីមួយខ្សែស្ថិតនៅចំកណ្ដាលទទឹងនៃតំបន់អភិវឌ្ឍន៍ទីក្រុងរណប ING City តភ្ជាប់ពីផ្លូវជាតិលេខ២ ក្នុងសង្កាត់ចាក់អង្រែក្រោម ឆ្ពោះទៅកាន់ផ្លូវជើងឯក(ផ្លូវលេខ២១៧) មានប្រវែង ៤ ០០០ម៉ែត្រ គិតត្រឹមព្រំប្រទល់នៃតំបន់អភិវឌ្ឍន៍ និងមានលំហផ្លូវប្រវែង៥០ម៉ែត្រ ក្នុងនោះទំហំ៣០ម៉ែត្រជាតួផ្លូវសម្រាប់យានជំនិះ និងចិញ្ចើមផ្លូវទំហំ ១០ម៉ែត្រសងខាង។ មហាវិថីមួយនេះ នឹង​ដើរតួនាទីយ៉ាងសំខាន់ជួយដោះស្រាយភាពកកស្ទះចរាចរណ៍ សំរួលដល់ការដឹកជញ្ជូនទំនិញ ពិសេសជួយឲ្យប្រជាពលរដ្ឋចំណេញពេលវេលា និងថវិកាជាច្រើន។ល។ គួរបញ្ជាក់ថា ផ្សារទំនើប អ៊ីអនមានជ័យ (AEON) ស្ថិតនៅចំណុចប្រសព្វនៃមហាវិថីសម្តេច ហ៊ុន សែននិង មហាវិថី ឈុន គង់។

ក្នុងឱកាសដ៏ថ្លៃថ្លានេះ ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត បានសម្ដែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះក្រុមហ៊ុន អាយអិនជី ហូលឌីង (ING Holdings) លើសមិទ្ធផលទាំងអស់ដែលសម្រេចបាន ជាពិសេសសមិទ្ធផលនៅក្នុងវិស័យផ្លូវគមនាគមន៍ និងហេដ្ឋារចនាសម្ព័ន្ធជាច្រើន ដែលកើតជារូបរាងទ្បើងក្នុងគម្រោងអភិវឌ្ឍន៍ទីក្រុងរណបតំបន់បឹងទំពន់-ជើងឯក ដោយធានាបាននូវលក្ខណៈគ្រប់ជ្រុងជ្រោយទៅតាមរបៀប និងក្បួនខ្នាតនៃការរៀបចំទីក្រុងមានស្តង់ដារទំនើប និងការរួមបញ្ចូលនូវចលនានៃទីក្រុងបៃតង និងលក្ខណៈនៃទីក្រុងវៃឆ្លាត (Smart City) ស្របតាមនិន្នាការនៃការអភិវឌ្ឍរីកចម្រើនឥតឈប់ឈរផ្នែកសកម្មភាពសង្គម-សេដ្ឋកិច្ច និងការកើនឡើងនៃចំនួនប្រជាពលរដ្ឋ ក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ ។ ការលេចចេញជារូបរាងនៃសមិទ្ធផលនីមួយៗ គឺទាមទារឱ្យមានចក្ខុវិស័យ និងការរួមសហការពីគ្រប់ផ្នែក-គ្រប់ជំនាញពាក់ព័ន្ធ ហើយកត្តាសុខសន្តិភាព បានបង្កលក្ខណៈឱ្យរាជរដ្ឋាភិបាល មានលទ្ធភាពគ្រប់គ្រាន់ក្នុងការដាក់ចេញនូវគោលនយោបាយអាទិភាពទាំង ៤ គឺ មនុស្ស ផ្លូវ ទឹក និងភ្លើង ។ ក្រោមទិសស្លោក «មានផ្លូវ មានស្ពាន មានសង្ឃឹម», រាជរដ្ឋាភិបាល តែងបានចាត់ទុកផ្លូវ និងស្ពាន គឺជាសរសៃឈាមសេដ្ឋកិច្ចយ៉ាងសំខាន់បំផុត ហើយក៏ជាកាតាលីករនៃជីវភាពរបស់ប្រជាពលរដ្ឋ និងសេដ្ឋកិច្ចជាតិ ។

យោងតាមប្រសាសន៍លោក អ៊ឹង ស៊ីវម៉េង តំណាងក្រុមហ៊ុន អាយអិនជី ហូលឌីង បច្ចុប្បន្នក្រុមហ៊ុនបានចាក់បំពេញដីលើកជាតួមហាវិថីសម្រេចរួចរាល់ ដោយបានប្រើប្រាស់មាឌដីសរុប ១លាន ៣សែន ម៉ែត្រគូបជាប្រភេទដីអំបិល និង​កំពុងស្ថាបនាគ្រឹះសម្រេចបានប្រមាណ ៦០% ដោយបានប្រើប្រាស់ល្បាយថ្មមិចប្រមាណ ៨៥.១២០ ម៉ែត្រគូប។  រីឯការងារក្រាលកៅស៊ូបេតុង សម្រេចបានប្រវែង ៥១៣ម៉ែត្រ។ លោកបានបញ្ជាក់ថា ផ្អែកតាមប្រតិទិនការងារ មហាវិថីដ៏សំខាន់មួយនេះគ្រោងនឹងបញ្ចប់ជាស្ថាពរនៅដំណាច់ឆ្នាំ ២០២៤ខាងមុខ។

លោកបានបញ្ជាក់ផងដែរថា នៅលើមហាវិថី ឈុន គង់ នឹងត្រូវស្ថាបនាស្ពានបេតុងអាម៉េរឆ្លងកាត់ចំនួន ០២កន្លែង មានបណ្ដោយប្រវែង៤០ម៉ែត្រ ទទឹង២០,៨៦ម៉ែត្រ ដោយស្ពានទី១ កាត់ប្រឡាយរលួស ស្ថិតក្នុងភូមិសាស្ត្រសង្កាត់ជើងឯក ខណ្ឌដង្កោ និងស្ពានទី២ ឆ្លងកាត់ប្រឡាយស្ទឹងជ្រៅ ស្ថិតក្នុងភូមិសាស្រ្តសង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ គឺនៅប៉ែក​ខាងកើតនៃមហាវិថីសម្តេច ហ៊ុន សែន។

លោក អ៊ឹង ស៊ីវម៉េង បានបញ្ជាក់ថាថាគម្រោងអភិវឌ្ឍន៍ទីក្រុង ING City អាចលេចចេញជារូបរាងបាន ដោយសារប្រទេសជាតិមានសន្តិភាពពេញលេញ និងការអភិវឌ្ឍលើគ្រប់វិស័យ ក្រោមការដឹកនាំប្រកប​ដោយភាពឈ្លាសវៃ និងប៉ិនប្រសប់បំផុតរបស់សម្តេចតេជោនាយករដ្ឋមន្ត្រី  បានបង្កនូវបរិយាកាសធុរកិច្ចយ៉ាងល្អប្រសើរជូនដល់វិស័យឯកជន ក្នុងការរួមចំណែកកសាង និងអភិវឌ្ឍវិស័យសេដ្ឋកិច្ច-សង្គមកម្ពុជា។​ ថ្លែងក្នុងរបាយការណ៍សាងសង់ក្នុងពិធីបើការដ្ឋាននេះ លោកបានលើកឡើងថា ដោយបានមើលឃើញនូវសន្ទុះអភិវឌ្ឍ និងតម្រូវការចាំបាច់ពិសេសលើការស្ថាបនាហេដ្ឋារចនា    សម្ព័ន្ធរូបវ័ន្តចាំបាច់ទាំងឡាយ ឲ្យមានដំណើរការរលូន ក្រុមហ៊ុន អាយអិនជី ហូលឌីង (ING Holdings) សូមអំពាវនាវដល់ម្ចាស់ក្បាលដី និងអ្នកអភិវឌ្ឍន៍ក្នុងតំបន់សូមមេត្តាចូលរួម ព្រមទាំងសម្របសម្រួលដោះស្រាយ កុំតាំងទីលំនៅលើលំហដីដែលទុកសម្រាប់អនុវត្តគម្រោងស្ថាបនាផ្លូវ ជាពិសេសអ្នកវិនិយោគនិងអភិវឌ្ឍធំៗសូមបន្តចូលរួមបដិភាគដើម្បីកិច្ចអភិវឌ្ឍក្នុងតំបន់នេះ៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

​រដ្ឋាភិបាល​បង្កើត​ក្រុមការងារ​ពិសេស ​ជួយ​ដល់​សហគ្រិន​ក្នុង​វិស័យ​ ​MSME​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/08/2026

រាជ​រដ្ឋាភិបាល​កម្ពុជា​បាន​សម្រេច​បង្កើត​ក្រុមការងារ​ចំពោះ​កិច្ច ​ដើម្បី​ជួយ​សម្រួល​ការ​ចាប់ផ្ដើម​ និង​ប្រតិបត្តិ​អាជីវកម្ម​របស់​សហគ្រាស​ធុន​មីក្រូ ​តូច​ ​និង​មធ្យម​ ​(​MSME​) ​តាមរយៈ​ការ​កែលម្អ​នីតិវិធី​ ​កាត់បន្ថយ​បែបបទ​ ​និង​ចំណាយ​ពាក់ព័ន្ធ​នឹង​ការ​ធ្វើ​អាជីវកម្ម

៧ខែ រដ្ឋាភិបាល អនុម័តគម្រោងវិនិយោគចំនួន ៣០៩ ក្នុងទំហំទុនសរុបប្រមាណ ៥.២ ប៊ីលានដុល្លារអាម៉េរិក

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/08/2026

ក្នុងរយៈ៧ខែ ដើមឆ្នាំ២០២៦ គម្រោងវិនិយោគដែលត្រូវបានរដ្ឋាភិបាលអនុម័ត និងចុះបញ្ជីដោយក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) រួមជាមួយអនុគណៈកម្មាធិការវិនិយោគរាជធានីខេត្ត មានចំនួន ៣០៩ ក្នុងទំហំទុនសរុបប្រមាណ ៥,២ប៊ីលានដុល្លារអាម៉េរិក

ដ្រូន​បរទេស​ប្រឈម​ពន្ធ​រហូតដល់​ ​១០០​%​ ​ក្រោម​វិធានការ​ថ្មី​របស់​លោក​ ដូណាល់ ត្រាំ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/08/2026

​ប្រធានាធិបតី​អាម៉េរិក ​លោក​ ​ដូណាល់ ​ត្រាំ ​បាន​ប្រកាស​ដំឡើង​ពន្ធ​លើ​ការ​នាំចូល​ដ្រូន​ ​និង​គ្រឿង​បន្លាស់​ដ្រូន​ពី​បរទេស​រហូតដល់​ ​១០០​ ​ភាគរយ ​ដោយ​រួមបញ្ចូល​ទាំង​ការ​នាំចូល​ពី​ប្រទេស​ជា​សម្ព័ន្ធមិត្ត​សំខាន់​ៗ​របស់​អាម៉េរិក​ផងដែរ

កម្ពុជានាំចេញម្រេចជាង ២៥ ០០០ តោនទៅវៀតណាម ក្លាយជាអ្នកផ្គត់ផ្គង់ធំជាងគេ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/08/2026

នៅក្នុងរយៈពេល៧ខែដំបូងនៃឆ្នាំ២០២៦កន្លងទៅនេះ វៀតណាម បានសម្រេចការនាំចេញម្រេចជាង ១ ពាន់លានដុល្លារ ខណៈដែលប្រទេសមួយនេះក៏ជាអ្នកនាំចូលផងដែរ ដោយកម្ពុជាគឺជាអ្នកផ្គត់ផ្គង់ដ៏ធំជាងគេបំផុតសម្រាប់ទីផ្សារ

វិបត្តិបំណុល​គ្រួសារ​ និង​វិស័យ​ទេសចរណ៍​ទន់ខ្សោយ​ ​ទាញឱ្យ​សេដ្ឋកិច្ច​ថៃដាំក្បាលចុះ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/08/2026

​សេដ្ឋកិច្ច​ថៃ​ត្រូវបាន​រំពឹង​ថា​នឹង​កើនឡើង​ត្រឹម​ ​១,៧​ ​ភាគរយ​ក្នុង​ត្រីមាស​ទី​២​ ​ឆ្នាំ​២០២៦​ ​ដោយសារ​ការ​ចំណាយ​របស់​គ្រួសារ​ធ្លាក់ចុះ​ ​បំណុល​គ្រួសារ​ខ្ពស់​ និង​វិស័យ​ទេសចរណ៍​មិន​សូវ​រឹងមាំ ​ខណៈ​កំណើន​នេះ​ធ្លាក់ចុះ​យ៉ាង​ខ្លាំង​ពី​ ​២,៨​ ​ភាគរយ​ក្នុង​ត្រីមាស​ទី​១

រដ្ឋាភិបាលកម្ពុជា និងក្រុមហ៊ុនបារាំង គ្រោងបង្កើតផ្សារបោះដុំកសិផល និងអាហារស្រស់កម្រិតអន្តរជាតិនៅភ្នំពេញ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/08/2026

រាជរដ្ឋាភិបាលកម្ពុជា កំពុងចាប់ដៃគូជាមួយភាគីបារាំង លើគម្រោងបង្កើត «ផ្សារបោះដុំកសិផល និងអាហារស្រស់កម្រិតអន្តរជាតិ» នៅរាជធានីភ្នំពេញ ដើម្បីលើកកម្ពស់ខ្សែច្រវាក់ផ្គត់ផ្គង់កសិផល ធានាសុវត្ថិភាពម្ហូបអាហារ

មាសហក់ដល់ ៤,៤០៦ ដុល្លារ/អោន ខណៈនៅកម្ពុជាឡើងដល់ ៥,២៨០ ដុល្លារ/តម្លឹង

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/08/2026

តម្លៃមាសបានហក់ឡើងដល់កម្រិតខ្ពស់បំផុតក្នុងរយៈពេលជាង ២ ខែ បន្ទាប់ពីទិន្នន័យអតិផរណារបស់សហរដ្ឋអាម៉េរិកស្របតាមការព្យាករណ៍របស់ទីផ្សារ ដែលជំរុញការរំពឹងថា ធនាគារកណ្តាលអាម៉េរិក (Fed) អាចបន្តរក្សាអត្រាការប្រាក់នៅថេរក្នុងកិច្ចប្រជុំខែកញ្ញាខាងមុខ

រយៈពេល​ ​៦​ ​ខែ​ ​វៀតណាម​រក​ចំណូល​បាន​ជិត​ ​១​ ​ពាន់​លាន​ដុល្លារ​ពី​ការ​នាំចេញ​ទុរេន​ទៅ​ចិន​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/08/2026

វៀតណាម​រក​ចំណូល​បាន​ជិត​ ​១​ ​ពាន់​លាន​ដុល្លារ​ពី​ការ​នាំចេញ​ទុរេន​ទៅកាន់​ប្រទេស​ចិន ​ខណៈ​ដែល​កំពុង​ពង្រីក​ខ្លួន​ទៅកាន់​ទីផ្សារ​បរទេស​ផ្សេង​ទៀត​ផងដែរ

រដ្ឋាភិបាល​ជំរុញ​ការ​អភិវឌ្ឍ​ភូមិភាគ​ឦសាន​ទៅជា​ប៉ូល​សេដ្ឋកិច្ច​ថ្មី​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/08/2026

​ភូមិភាគ​ឦសាន ​ដែល​រួមមាន​ខេត្ត​ស្ទឹងត្រែង​ រតនគិរី​ ​មណ្ឌលគិរី​ ​និង​ក្រចេះ​ ​បាន​ក្លាយជា​ទិសដៅ​អាទិភាព​ខ្ពស់​សម្រាប់​ការ​អភិវឌ្ឍ​សង្គម​-​សេដ្ឋកិច្ច​ ​ដោយ​ផ្តោត​លើ​ការ​ពង្រឹង​ហេដ្ឋារចនាសម្ព័ន្ធ​ ​ការ​ទាក់ទាញ​វិនិយោគ​ ​និង​ការ​អភិវឌ្ឍ​វិស័យ​កសិកម្ម​ ក​សិ-​ឧស្សាហកម្ម​ ​និង​ទេសចរណ៍​ ​ដើម្បី​ជំរុញ​កំណើន​ ​និង​កាត់បន្ថយ​គម្លាត​អភិវឌ្ឍន៍​ជាមួយ​តំបន់​កណ្តាល​នៃ​ប្រទេស

មេធនាគារ ARDB ណែនាំកសិករយកចិត្តទុកដាក់រៀបចំផែនការផលិតកម្ម ចេះគណនាថ្លៃដើម និងសិក្សាទីផ្សារមុនសម្រេចចិត្តដាំដុះដំណាំអ្វីមួយ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 12/08/2026

ប្រជាកសិករត្រូវយកចិត្តទុកដាក់រៀបចំផែនការផលិតកម្ម ចេះគណនាថ្លៃដើម និងសិក្សាទីផ្សារមុនពេលសម្រេចចិត្តដាំដុះមុខដំណាំអ្វីមួយ ដើម្បីអាចទទួលបានផលចំណេញ មិនខាតបង់ និងជួយបង្កើនជីវភាពគ្រួសារ