ភ្នំពេញ ៖ ឧបនាយករដ្ឋមន្ត្រី ឯកឧត្តម ស៊ុន ចាន់ថុល អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានស្នើដល់សមាគមធុរកិច្ចជប៉ុននៅកម្ពុជា ( JBAC ) ដើរតួនាទីជាស្ពានចម្លងដ៏សំខាន់ក្នុងការជំរុញកិច្ចការងារតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្ត និងវិស័យភស្តុភារកម្មនៅតំបន់ព្រំដែនកម្ពុជា-ឡាវ សំដៅលើកកម្ពស់លំហូរពាណិជ្ជកម្ម ជំរុញវិស័យទេសចរណ៍ និងសម្របសម្រួលការធ្វើដំណើរទៅមកដោយរលូនរវាងប្រទេសទាំងពីរក្នុងតំបន់។

ចំពោះការលើកឡើងនូវសំណើនេះ លោកឧកញ៉ា ស៊ិន ចន្ធី ប្រធានសមាគមភស្តុភារកម្មកម្ពុជា បានមានប្រសាសន៍ថា កន្លងមក តំបន់តាមបណ្ដោយព្រំដែនកម្ពុជា-ឡាវ មិនសូវមានការចាប់អារម្មណ៍ប៉ុន្មានទេ ដោយសារតែការធ្វើពាណិជ្ជកម្មរវាងកម្ពុជា និងឡាវមានចំនួនតិចតួចនៅឡើយ ។ ម្យ៉ាងវិញទៀត ពីព្រំដែនកម្ពុជា-ឡាវ ទៅក្រុងវៀងច័ន្ទ មិនសូវមានសកម្មភាពដឹកជញ្ជូនច្រើនទេ ប៉ុន្តែបើសិនជាមានការតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធពីព្រំដែនកម្ពុជា ទៅកាន់ទីក្រុងវៀងច័ន្ទ ប្រទេសឡាវ វានឹងអាចបន្តទៅកាន់ក្រុងគុនមីងប្រទេសចិន ក៏ដូចជាតំបន់ផ្សេងទៀតក្នុងប្រទេសចិនផងដែរ ។
លោកឧកញ៉ាបានមានប្រសាសន៍បន្តឱ្យដឹងថា កាលពីសប្ដាហ៍មុននេះ លោកបានទស្សនកិច្ចនៅក្រុងវៀងច័ន្ទ ប្រទេសឡាវ ដើម្បីសិក្សាពីចំណុចឆ្លងកាត់ និងតម្លៃនៃការដឹកជញ្ជូនតាមផ្លូវរថភ្លើងពីទីក្រុងវៀងច័ន្ទទៅក្រុងគុនមីងប្រទេសចិន និងសិក្សាពីតម្លៃនៃការលើកដាក់ទំនិញ ឃើញថា ការតភ្ជាប់ពីកម្ពុជាចូលទៅក្រុងវៀងច័ន្ទ គឺជាចំណុចល្អខ្លាំងណាស់ ពីព្រោះវាអាចតភ្ជាប់ពីកម្ពុជាទៅដល់តំបន់មួយចំនួនក្នុងប្រទេសចិន ដោយឆ្លងកាត់តាមប្រទេសឡាវ ដូចជា ទៅគុនមីង ឆុងឈីង និងអាចបន្តរហូតទៅដល់តំបន់អឺរ៉ុបផងដែរ ដូច្នេះ បើសិនជាកម្ពុជាអាចកសាងហេដ្ឋារចនាសម្ព័ន្ធតភ្ជាប់ជាមួយប្រទេសឡាវបាន និងមានទំនាក់ទំនងល្អ គឺកាន់តែធ្វើការដឹកជញ្ជូនរបស់កម្ពុជាទៅកាន់ទីផ្សារអន្តរជាតិកាន់តែប្រសើរ និងអាចល្អជាងការដឹកជញ្ជូនតាមផ្លូវទឹក ។

លោកឧកញ៉ាបន្ថែម តម្លៃនៃការដឹកជញ្ជូនតាមផ្លូវទឹកបច្ចុប្បន្ននេះ បានហក់ឡើងថ្លៃខ្ពស់ ដោយសារតែមានបញ្ហាមួយចំនួន បណ្តាលមកពីសង្គ្រាមនៅតំបន់មជ្ឈិមបូព៌ា ធ្វើឱ្យកប៉ាល់មួយចំនួនត្រូវរកផ្លូវវាង ហើយត្រូវចំណាយវេលា និងធ្វើឱ្យថ្លៃដឹកជញ្ជូនអស់ច្រើនជាងមុន ជាក់ស្ដែងការដឹកជញ្ជូនទំនិញពីកម្ពុជាទៅកាន់តំបន់អឺរ៉ុបបច្ចុប្បន្ននេះ អាចប្រើពេលរហូតដល់ជិត២ខែ ។ យ៉ាងណាមិញ បើសិនជាកម្ពុជាអាចតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធជាមួយឡាវបាន ការដឹកជញ្ជូនទំនិញពីកម្ពុជាឆ្លងកាត់ឡាវចូលប្រទេសចិន និងបន្តទៅប្រទេសមួយចំនួនក្នុងតំបន់អឺរ៉ុបអាចចំណាយពេលត្រឹមតែជាង២០ថ្ងៃប៉ុណ្ណោះ ដែលអាចកាត់បន្ថយពេលវេលាបានច្រើន ។
លោកឧកញ៉ាបានបន្ថែមថា បើទោះបីជាការដឹកជញ្ជូនតាមផ្លូវគោកនេះ អាចកាត់បន្ថយពេលវេលាខ្លីជាងមុនក្ដី ប៉ុន្តែសម្រាប់តម្លៃនៃការដឹកជញ្ជូននៅមិនទាន់មានការប្រកួតប្រជែងជាមួយនឹងការដឹកជញ្ជូនតាមផ្លូវទឹកទេ ។ ម្យ៉ាងវិញទៀត សម្ភារៈបច្ចេកទេសដូចជាទូរកុងតឺន័រ ឆ្លងកាត់តាមប្រទេសឡាវ ក៏មិនទាន់ទំនើប និងសម្បូរបែប ដូច្នេះ បើសិនជាមានការតភ្ជាប់រវាងកម្ពុជា និងឡាវ វាអាចធ្វើឱ្យការដឹកជញ្ជូនតាមផ្លូវគោករបស់កម្ពុជាទៅកាន់អន្តរជាតិមានភាពប្រសើរខ្លាំងជាងមុន។
សូមជម្រាបថា សំណើរបស់ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានធ្វើឡើងក្នុងជំនួបជាមួយឯកឧត្តម UENO Atsushi ឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាពប្រចាំកម្ពុជាចូលជួបមុនជម្រាបលាត្រលប់ទៅប្រទេសវិញក្រោយចប់អាណត្តិបំពេញការងារនៅក្នុងប្រទេសកម្ពុជា។
ក្នុងជំនួបឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានរំលេចជាពិសេសនៃការចូលរួមពីភាគីជប៉ុនលើគម្រោងអភិវឌ្ឍន៍ និងពង្រីកវិសាលភាពកំពង់ផែទឹកជ្រៅនៅក្រុងព្រះសីហនុ ជាជំហានបន្តបន្ទាប់ ។ ដោយឡែកពាក់ព័ន្ធជាមួយនឹងសំណើរបស់ឯកឧត្តម ស៊ុន ចាន់ថុល ខាងលើនេះ ឯកអគ្គរាជទូតជប៉ុន បានសម្តែងនូវការគាំទ្រ និងរីករាយក្នុងការពាំនាំទៅពិភាក្សាបន្ថែមជាមួយសមាគម JBAC ដើម្បីស្វែងរកលទ្ធភាពក្នុងការចូលរួមចំណែកជំរុញការអភិវឌ្ឍនៅតំបន់នោះឱ្យចេញជាលទ្ធផលជាក់ស្តែង ៕




វិថីហិរញ្ញវត្ថុ

































































Account
Security
Favourite Content