ភ្នំពេញ ៖ ក្រុមហ៊ុន ហ៊ុយ យន់ នឹងបង្កើនទុនដល់ ១លានដុល្លារអាមេរិក ដើម្បីញែកសំរាមទៅជាវត្ថុធាតុដើម ផលិតជីធម្មជាតិ ចាប់ពីខែមករា ឆ្នាំ២០២៧ ខណៈដែលក្រុមហ៊ុននេះ កំពុងញែកសំរាមប្រមាណ ២០០តោន ក្នុង ១ថ្ងៃ ដោយប្រើម៉ាស៊ីនពាក់កណ្ដាលស្វ័យប្រវត្ដិតម្លៃ ៥០ម៉ឺនដុល្លារ អាចជំនួសកម្លាំងមនុស្សញែកសំរាមដោយដៃជាង ៦០០នាក់។
អគ្គនាយកក្រុមហ៊ុន ហ៊ុយ យន់ អេហ្គ្រីខលឈ័រ លោក យន់ សុផាត បានប្រាប់បណ្ដាញសារព័ត៌មាន AMS នៅថ្ងៃទី១៦ ខែតុលា នេះ ថា ក្រុមហ៊ុនលោកទទួលការអនុញ្ញាតពីរាជរដ្ឋាភិបាលក្នុងការញែកសំរាមសាកល្បងរយៈពេល ៥ឆ្នាំ គិតពីឆ្នាំ២០២៦ ដោយកន្លងទៅប្រើតែកម្លាំងមនុស្សញែក ឬបែងចែកប្រភេទសំរាមមិនបានលឿន និងគ្រប់តាមផែនការ ដោយថ្ងៃខ្លះបានតិច ថ្ងៃខ្លះបានច្រើន ធ្វើឱ្យពិបាកដល់ចង្វាក់ផលិតកម្ម។

នៅចុងឆ្នាំ២០២៦ នេះ ក្រុមហ៊ុនបានដំឡើងម៉ាស៊ីនពាក់កណ្ដាលស្វ័យប្រវត្ដិ ១គ្រឿងដែលនាំចូលគ្រឿងបង្គំពីក្រៅប្រទេសស្ទើរទាំងស្រុង។ ក្នុង ១គ្រឿងត្រូវចំណាយអស់ ៥០ម៉ឺនដុល្លារ ហើយដើម្បីបំពេញផែនការញែកសំរាមឱ្យបាន ១,០០០ តោន ក្នុង១ថ្ងៃ តាមផែនការ ក្រុមហ៊ុនត្រូវចំណាយ ១លានដុល្លារទៀត ដើម្បីដំឡើងម៉ាស៊ីនបន្ថែម ដាក់ឱ្យដំណើរការដោយថាមពលអគ្គិសនី។
ក្រុមហ៊ុន ហ៊ុយ យន់ ទទួលបានសំរាម និងទីតាំងដំណើរការចង្វាក់ផលិតកម្មនៅទីលានចាក់សំរាមថ្មី ស្ថិតនៅស្រុកអង្គស្នួល ខេត្ដកណ្ដាល ដោយផ្ទាល់ពីរដ្ឋ និងដៃគូអភិវឌ្ឍន៍។ ក្រុមហ៊ុនរំពឹងថា ក្រោយពីដំឡើងម៉ាស៊ីន និងដាក់ដំណើរការពេញលេញចាប់ពីឆ្នាំ២០២៧ តទៅ ក្រុមហ៊ុន នឹងទាញយកវត្ថុធាតុដើមជាកាកសំណល់ធម្មជាតិ ទៅជាជីកំប៉ុសក្រោយដាក់ចូលឡផ្អាប់ចន្លោះពី ៣ ទៅ ៦ខែ មុនរុញទៅផលិតសម្រេចចុងក្រោយជាជីធម្មជាតិ ឱ្យបានលើសសមត្ថភាពផលិតរបស់ខ្លួនដែលធ្លាប់ផលិតបានតែ ៧ម៉ឺនតោន/ឆ្នាំ។
បើតាមលោក យន់ សុផាត វត្ថុធាតុដើមតែ ២ប្រភេទគត់ដែលអាចបំប្លែងទៅជាជីកំប៉ុសមុនអាចយកទៅផលិតជាជីធម្មជាតិ និងចែកចាយនៅលើទីផ្សារបាន គឺទី១ លាមកសត្វ និងទី២ សំរាមដែលជាកាកសំណល់ធម្មជាតិអាចរលាយដោយឯកឯងបាន។ ដូច្នេះការញែកសំរាម គឺមានសារៈសំខាន់អាចជួយកាត់បន្ថយទាំងផលប៉ះពាល់បរិស្ថាន សុខភាពមនុស្ស សត្វ និងអាចទាញយកទៅប្រើជាប្រយោជន៍ផ្សេងៗបាន។ ប៉ុន្ដែចំពោះជី លោកថា ក្នុងសំរាម ១តោន អាចបំប្លែងទៅជាជីកំប៉ុសបានតែ១៥០ ទៅ២០០គីឡូក្រាមប៉ុណ្ណោះ។
ជុំវិញរឿងនេះ អ្នកនាំពាក្យក្រសួងបរិស្ថាន ឯកឧត្ដម ខ្វៃ អាទិត្យា ធ្លាប់មានប្រសាសន៍ថា ក្រសួងនៅតែស្វាគមន៍ និងលើកទឹកចិត្ដគ្រប់ក្រុមហ៊ុនទាំងអស់ដែលកែច្នៃសំរាមទៅជាវត្ថុប្រើប្រាស់ ឬជាជីធម្មជាតិ ខណៈក្រសួងក៏កំពុងពិនិត្យលទ្ធភាពបង្កើតរោងចក្រកែច្នៃសំរាមទៅជាថាមពលអគ្គិសនី និងឥន្ធនៈសម្រាប់ប្រើប្រាស់ដោយចាប់ដៃជាមួយក្រុមហ៊ុនធំណាមួយមានលទ្ធភាពចំណាយខ្ពស់លើដំណើរការចង្វាក់ផលិតកម្មនេះ។
ឯកឧត្ដម បញ្ជាក់ថា បរិមាណសំរាមនៅទីតាំងចាស់ក្នុងខណ្ឌដង្កោ មានចន្លោះពី១៤ ទៅ ១៥លានតោន ដែលក្រុមហ៊ុន ឬសហគ្រាស អាចទាញយកទៅផលិតតាមតម្រូវការរបស់ខ្លួន ដោយមិនភ័យខ្លាចខ្វះឡើយ។ ទន្ទឹមគ្នានេះ ក៏មានទីតាំងចាក់សំរាមថ្មី ស្ថិតនៅស្រុកអង្គស្នួល ខេត្ដកណ្ដាល ដែលសាងសង់ជំហានទី១ បានចំនួន ៤ រណ្ដៅ អាចផ្ទុកសំរាមរហូតដល់ ៧ ៦៧៦ ៤២៤ តោន ដើម្បីឆ្លើយតបនឹងការបញ្ចេញសំរាមពីរាជធានីភ្នំពេញចំនួន ៤ ០០០តោន/ថ្ងៃ សម្រាប់ប្រើប្រាស់បានរយៈពេល ៥ឆ្នាំ៕





វិថីហិរញ្ញវត្ថុ
































































Account
Security
Favourite Content