ភ្នំពេញ ៖ ទោះបីជាកម្ពុជាជួបប្រទះនឹងបញ្ហាប្រឈមពហុវិបត្តិយ៉ាងណាក្ដី តែកម្ពុជានៅតែបន្តទទួលបានគម្រោងវិនិយោគថ្មីៗ ដែលមានប្រភពទុនទាំងក្នុង និងក្រៅប្រទេសជាបន្តបន្ទាប់។ ជាក់ស្ដែងក្នុងរយៈពេល ៣ត្រីមាស ឬ៩ខែ ដើមឆ្នាំ២០២៦ នេះ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាបានអនុម័តគម្រោងវិនិយោគសរុបចំនួន ៤៨០គម្រោង ជាមួយនឹងទឹកប្រាក់វិនិយោគសរុបប្រមាណជិត៦ពាន់លានដុល្លារអាម៉េរិក ។
យោងតាមរបាយការណ៍របស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាចេញផ្សាយជាបន្តបន្ទាប់បានបង្ហាញថា គិតចាប់ពីខែមករា ដល់ដំណាច់ខែកញ្ញា ឆ្នាំ២០២៦ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងអនុគណៈកម្មាធិការវិនិយោគ រាជធានី ខេត្ត បានសម្រេចចុះបញ្ជីគម្រោងវិនិយោគសរុបចំនួន ៤៨២គម្រោង ជាមួយនឹងទឹកប្រាក់វិនិយោគសរុបចំនួន ៥ ៩២៨ លានដុល្លារអាម៉េរិក ។

យោងតាមរបាយការណ៍នេះ ក៏បានបង្ហាញថា ប្រភពទុនវិនិយោគក្នុងស្រុកមានកំណើនខ្ពស់ក្នុងឆ្នាំ២០២៦នេះ ជាក់ស្ដែងក្នុងរយៈពេល៩ខែនេះ ប្រភពទុនវិនិយោគដែលវិនិយោគដោយវិនិយោគិនក្នុងស្រុកមានទំហំទឹកប្រាក់រហូតដល់២,៦៦ពាន់លានដុល្លារ ឬស្មើនឹងប្រមាណជិត ៤៥ភាគរយនៃទុនវិនិយោគសរុប ។ នេះ បានសបញ្ជាក់ឱ្យឃើញថា ឆ្នាំ២០២៦នេះ វិនិយោគិនក្នុងស្រុកបានបោះទុនវិនិយោគច្រើន ជាពិសេស លើរោងចក្រ សហគ្រាស ផលិតទំនិញប្រើប្រាស់ជំនួសឱ្យទំនិញរបស់ថៃ ។
បើតាមក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ក៏បានបង្ហាញពីវិស័យសំខាន់ៗមួយចំនួនដែលទាក់ទាញបានទុនវិនិយោគច្រើនជាងក្នុងនោះរួមមានវិស័យឧស្សាហកម្ម វិស័យកសិ-ឧស្សាហកម្ម វិស័យទេសចរណ៍ វិស័យហេដ្ឋារចនាសម្ព័ន្ធ និងវិស័យហិរញ្ញវត្ថុជាដើម ។
ក្នុងរយៈពេល៩ខែនេះដែរ រាជធានី ខេត្ត ចំនួន៥ ទទួលបានគម្រោងវិនិយោគច្រើនជាងគេ ក្នុងនោះមាន ខេត្តកំពង់ស្ពឺ ទទួលបានគម្រោង ៩៦គម្រោង ខេត្តកណ្ដាល ទទួលបាន ៥០គម្រោង ខេត្តស្វាយរៀងទទួលបាន ៣៩គម្រោង ខេត្តតាកែវ ទទួលបាន ៤១គម្រោង ខេត្តព្រះសីហនុ ទទួលបាន ៤៧គម្រោង និងរាជធានីភ្នំពេញ ទទួលបាន៣៨គម្រោង ។

អ្នកឧកញ៉ា សំ សុខនឿន ស្ថាបនិក និងជាប្រធានក្រុមប្រឹក្សាភិបាលនៃក្រុមហ៊ុនសម្ព័ន្ធ SAM SN Group និងជាអនុប្រធានសម្ព័ន្ធសមាគមសហគ្រាសធុនតូច និងមធ្យមកម្ពុជា បានមានប្រសាសន៍ថា គោលនយោបាយរបស់រាជរដ្ឋាភិបាលក្នុងការជំរុញ លើកទឹកចិត្តដល់សហគ្រាសធុនតូ និងមធ្យមនៅកម្ពុជា និងការដាក់ចេញនូវវិធានការសម្របសម្រួលដល់គ្រិនក្នុងស្រុក បានធ្វើឱ្យមានការវិនិយោគលើសហគ្រាសធុនតូច និងមធ្យមនៅកម្ពុជាកាន់តែច្រើន និងបានធ្វើឱ្យសហគ្រិនក្នុងស្រុក មានឱកាសផលិតនូវផលិតផលដែលអាចប្រកួតប្រជែងជាមួយផលិតផលបរទេស ។
ក្រៅពីការលើកទឹកចិត្តលើវិស័យសហគ្រាសធុនតូច និងមធ្យមនៅកម្ពុជា វិធានការផ្សេងៗទៀតរបស់រដ្ឋាភិបាល ដូចជាការលើកទឹកចិត្តសម្រាប់ការវិនិយោគនៅតំបន់ភូមិភាគឦសាន ការវិនិយោគនៅខេត្តព្រះសីហនុ ក៏ជាកត្តាដែលទាក់ទាញបាននូវគម្រោងថ្មីៗជាបន្តបន្ទាប់ផងដែរ ។
លោក ឌុក ពិសិដ្ឋ ប្រធានសមាគមកាហ្វេកម្ពុជា និងជានាយកប្រតិបត្តិក្រុមហ៊ុន PIDA FARM បានថ្លែងប្រាប់ AMS ឱ្យដឹងថា តាមរយៈកម្មវិធីជំរុញការវិនិយោគភូមិភាគឦសានរបស់រាជរដ្ឋាភិបាល បានធ្វើឱ្យបណ្ដាខេត្តនៅភូមិភាគឦសានទទួលបានគម្រោងវិនិយោគលើវិស័យកសិ-ឧស្សាហកម្មកាន់តែច្រើន ពីព្រោះថា វិនិយោគនៅពេលនេះ បានផ្ដល់ឱកាសនូវប្រាក់ចំណេញយ៉ាងច្រើនដល់វិនិយោគិន ដូចជា ទទួលបានការអនុគ្រោះផ្នែកពន្ធពីរដ្ឋាភិបាល និងលើកលែងពន្ធនូវការនាំចូលសម្ភារៈមួយចំនួនសម្រាប់ដំណើរការវិនិយោគជាដើម ៕





វិថីហិរញ្ញវត្ថុ

































































Account
Security
Favourite Content