
ភ្នំពេញ ៖ រាជរដ្ឋាភិបាលកម្ពុជា តាមរយៈក្រសួងបរិស្ថាន កំពុងពិនិត្យលទ្ធភាពកែច្នៃសំរាម និងសំណល់រឹង ទៅជាថាមពលអគ្គិសនី និងឥន្ធនៈ ដើម្បីបង្កើតតម្លៃសេដ្ឋកិច្ចជាតិ។ មន្ដ្រីជាន់ខ្ពស់ក្រសួងបរិស្ថាន បានប្រាប់បណ្ដាញសារព័ត៌មាន AMS នៅថ្ងៃទី២ ខែតុលា នេះ ថា លទ្ធភាពកែច្នៃទៅរួច ឬអត់ គឺស្ថិតនៅលើទុនវិនិយោគរបស់ក្រុមហ៊ុនធំណាមួយនឹងចូលខ្លួនមកកែច្នៃ ព្រោះគម្រោងនេះត្រូវចំណាយច្រើន និងមានបច្ចេកទេសខ្ពស់។
អ្នកនាំពាក្យក្រសួងបរិស្ថាន ឯកឧត្ដម ខ្វៃ អាទិត្យា បានមានប្រសាសន៍ថា អ្នកជំនាញបច្ចេកទេស បានសិក្សារួចហើយថា សំរាម ឬសំណល់រឹង គេអាចទាញយកឧស្ម័នមេតានទៅផលិតថាមពលអគ្គិសនី និងកែច្នៃទៅជាឥន្ធនៈប្រភេទ RDF ដើម្បីយកទៅផ្គត់ផ្គង់ឧស្សាហកម្មផលិតស៊ីម៉ងត៍។ ប៉ុន្ដែសំរាមនៅទីលាន “ដង្កោ” ដែលគេមើលឃើញថា មានបរិមាណអាចទាញយកជាប្រយោជន៍សេដ្ឋកិច្ចបាននោះ មិនទាន់មានក្រុមហ៊ុនវិនិយោគណាមួយដាក់សំណើមកក្រសួង ដើម្បីចាប់ផ្ដើមប្រតិបត្ដិការគម្រោងកែច្នៃនៅឡើយទេ។
បើតាមឯកឧត្ដម ខ្វៃ អាទិត្យា កម្ពុជាស្វាគមន៍ក្រុមហ៊ុនវិនិយោគជាតិ និងអន្ដរជាតិ ហើយក៏រង់ចាំគាំទ្រពេញទំហឹងលើដំណើរការកែច្នៃ ប្រសិនបើមានក្រុមហ៊ុនធំៗចាប់អារម្មណ៍ចង់បណ្ដាក់ទុន ខណៈក្រសួងក៏កំពុងស្វែងរកដៃគូអភិវឌ្ឍន៍លើវិស័យនេះឱ្យបានលឿនផងដែរ។ បើគម្រោងនេះត្រូវបានអនុវត្ដមែន វានឹងជួយបង្កើតតម្លៃសេដ្ឋកិច្ចផង និងកាត់បន្ថយផលប៉ះពាល់បរិស្ថាន និងមនុស្សជាតិផង។
សូមជម្រាបថា សំរាមមិនទាន់ញែកជាង ៤០០០តោន ក្នុង ១ថ្ងៃ បន្ដដឹកចេញពីរាជធានីភ្នំពេញ ទៅចាក់នៅទីលានសំរាម ស្ថិតនៅខណ្ឌដង្កោដែលផ្ទុកសំរាមចន្លោះពី ១៤លាន ទៅ ១៥លានតោនស្រាប់ហើយនោះ ត្រូវបានក្រសួងបរិស្ថាន និងក្រុមហ៊ុនប្រមូល គ្រប់គ្រងសំរាមនៅរាជធានីភ្នំពេញ ត្រៀមផ្ទេរទៅចាក់នៅទីលានទួលព្រិច ស្ថិតនៅស្រុកអង្គស្នួល ខេត្ដកណ្ដាលវិញ ចាប់ពីខែមករា ឆ្នាំ២០២៧។ ចំណែកឯគំនរសំរាម “ដង្កោ” ត្រូវបិទជាមួយនឹងការឃ្លាំមើលទីតាំងនេះជាប់លាប់ រង់ចាំការអភិវឌ្ឍន៍ ឬការកែច្នៃចូលមកដល់។ ទោះជាយ៉ាងណា គ្រប់ប្រភេទសំរាម ឬសំណល់រឹង មិនមែនសុទ្ធតែអាចទាញយកថាមពលអគ្គិសនី និងប្រេងឥន្ធនៈបានឡើយ លើកលែងតែមានការបែងចែក ឬញែកទៅតាមប្រភេទរបស់វា។
បើតាមលោក ឃុន ស៊ីវ ដែលជាកូនខ្មែរម្នាក់មានសមត្ថភាពកែច្នៃប្លាស្ទិកទៅជាប្រេងម៉ាស៊ូត នៅខេត្ដត្បូងឃ្មុំ បានឱ្យដឹងថា ប្លាស្ទិកចំនួន ៧ប្រភេទ បានបង្កផលប៉ះពាល់ធ្ងន់ធ្ងរដល់បរិស្ថាន ហើយក្នុងចំណោមនោះ មានប្លាស្ទិកតែ ២ប្រភេទប៉ុណ្ណោះដែលគេអាចយកទៅចម្រាញ់ជាប្រេងម៉ាស៊ូតបាន។ ក្រៅពីនោះ គេអាចច្នៃបានត្រឹមជាឥដ្ឋបរិស្ថាន ប៉ុន្ដែមុនកែច្នៃទាមទារឱ្យមានការញែកប្រភេទវាដាច់ចេញពីគ្នា។
តាមរយៈការចុះផ្សាយរបស់ NEWSROOM CAMBODIA កាលពីខែតុលា ឆ្នាំ២០២០ លោក ឃុន ស៊ីវ បានប្រើប្លាស្ទិកចំនួន ៧៥៥ក្រាម ទើបអាចចម្រាញ់បានប្រេង ១លីត្រ ដោយប្រើកំដៅក្នុងឡគ្មានវត្ដមានអ៊ុកស៊ីហ្សែន។ របៀបចម្រាញ់នេះ បង្កផលប៉ះពាល់បរិស្ថានតិចតួចជាងដុតប្លាស្ទិកនៅវាលលំហ។ លោកថា បើដុតប្លាស្ទិកមួយគីឡូក្រាម វានឹងបញ្ចេញជាតិពុល ៣គីឡូក្រាម។ ដូច្នេះ បើគេយកវាទៅច្នៃ នឹងកាត់បន្ថយផលប៉ះពាល់រហូតដល់ ៨០% នៃបរិមាណសំរាម ១០០%។
ជុំវិញការកែច្នៃសំរាមទៅជាប្រភពថាមពល(Waste to Energy) នេះ មានបណ្ដាប្រទេសសេដ្ឋកិច្ចជឿនលឿនមួយចំនួននៅលើពិភពលោកដូចជា សិង្ហបុរី ជប៉ុន ចិន ស៊ុយអែត និងប្រទេសដាណឺម៉ាក បានកែច្នៃទៅជាថាមពលស្អាត ហើយកាត់បន្ថយផលប៉ះពាល់បរិស្ថានបានយ៉ាងជោគជ័យ។ ជាក់ស្ដែង សិង្ហបុរី ដែលនៅមិនឆ្ងាយប៉ុន្មានពីកម្ពុជា មានរោងចក្របំប្លែងសំរាមទៅជាថាមពល( WTE ) ជាច្រើន ដោយប្រើការដុតទាញទៅជាអគ្គិសនី ដែលកាត់បន្ថយបរិមាណសំរាមរហូតដល់ ៩០% ហើយបានរួមចំណែកប្រមាណ ២% នៃការផ្គត់ផ្គង់អគ្គិសនីនៅទូទាំងប្រទេស។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារបរិស្ថានជាតិសិង្ហបុរី៕





វិថីហិរញ្ញវត្ថុ





























































Account
Security
Favourite Content