បរទេស៖ យោងតាមប្រភពពី Kitco បានលើកឡើងថា មាសបានបន្តឡើងថ្លៃដល់កម្រិតខ្ពស់ ខណៈដែលមានការរំពឺងទុកថា ធនាគារកណ្តាលអាម៉េរិកនឹងកាត់បន្ថយអត្រាការប្រាក់បន្ទាប់ពីទីផ្សារការងាររបស់អាម៉េរិកបានធ្លាក់ចុះច្រើនជាងការរំពឹងទុក។

នៅព្រឹកថ្ងៃព្រហស្បត្តិ៍សប្ដាហ៍នេះ តម្លៃមាសបានបន្តឡើងថ្លៃដល់កម្រិតខ្ពស់ ៣ ៥៥៤ ដុល្លារក្នុងមួយអោន (នៅលើទីផ្សារកម្ពុជា មាសមានតម្លៃ ៤ ២៥១ ដុល្លារក្នុងមួយតម្លឹង និង ៤២៥ ដុល្លារក្នុងមួយជី)។ ថ្មីៗនេះ ទិន្នន័យនៃតម្រូវការកម្លាំងការងារ ឬ ជ្រើសរើសបុគ្គលិកបានធ្លាក់ចុះយ៉ាងខ្លាំងមកត្រឹម ៧,១៨ លានកន្លែង ដែលធ្លាក់ចុះពី ៧,៣៦ លានកន្លែងក្នុងខែមិថុនា។ តួរលេខនេះធ្លាក់ចុះដល់កម្រិតទាបបំផុតចាប់តាំងពីខែមីនា ឆ្នាំ២០២១។ លើសពីនេះ ទិន្នន័យនេះគឺទាបជាងការរំពឹងទុករបស់អ្នកសេដ្ឋកិច្ច ដែលបានព្យាករណ៍ថាតម្រូវការកម្លាំងការងារនឹងឈាន ៧,៣៨ លានកន្លែង។ ជាទូទៅ ទិន្នន័យទីផ្សារការងារខ្សោយនឹងធ្វើឱ្យមាសឡើងថ្លៃ ប៉ុន្តែមាសហាក់ដូចមិនប្រែប្រួលខ្លាំង បើធៀបនឹងវគ្គមុន ដែលតម្លៃមាសឡើងថ្លៃ ០,៦៤% ប៉ុណ្ណោះ។ យ៉ាងណាមិញ គេនៅតែមើលឃើញថា មាសមានសន្ទុះដ៏រឹងមាំបន្ទាប់ពីឡើងថ្លៃលើសពី ៣ ៥០០ ដុល្លារក្នុងមួយអោននៅឆ្នាំនេះ ដែលធ្វើឲ្យការជួញដូរនៅជិតកម្រិតខ្ពស់គ្រប់ពេល។

លោក Suki Cooper អ្នកវិភាគទីផ្សារមាសមកពី Standard Chartered បានលើកឡើង ការកើនឡើងតម្លៃមាសក៏មកពីហេតុផលផ្សេងទៀតដូចជា បញ្ហាភូមិសាស្ត្រនយោបាយផងដែរ។ អ្នកវិភាគបានកត់សម្គាល់ថា មាសកំពុងទាក់ទាញចំណាប់អារម្មណ៍អ្នកវិនិយោគសាជាថ្មី ខណៈដែលទីផ្សារកំពុងរំពឺងពីការកាត់បន្ថយអត្រាការប្រាក់ពីធនាគារកណ្តាលអាម៉េរិកនៅចុងខែនេះ៕




វិថីហិរញ្ញវត្ថុ






















Account
Security
Favourite Content