ភ្នំពេញ៖ សេដ្ឋកិច្ចកម្ពុជាកំពុងប្រឈមនឹងសម្ពាធពីកត្តាខាងក្រៅ និងបញ្ហាប្រឈមក្នុងស្រុកជាច្រើន ដែលជំរុញឱ្យទស្សនវិស័យកំណើនសេដ្ឋកិច្ចធ្លាក់ចុះនៅឆ្នាំ២០២៦។ ទោះជាយ៉ាងណា រាជរដ្ឋាភិបាលកម្ពុជានៅតែបន្តដាក់ចេញនូវវិធានការអន្តរាគមន៍ ដើម្បីរក្សាចរន្តសេដ្ឋកិច្ច គាំទ្រជីវភាពប្រជាពលរដ្ឋ រក្សាការងារ និងជំរុញសកម្មភាពអាជីវកម្ម ស្របពេលដែលការពង្រឹងភាពធន់នៃសេដ្ឋកិច្ចរយៈពេលវែងក្លាយជាអាទិភាពសំខាន់។
មូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) ព្យាករថា កំណើនសេដ្ឋកិច្ចកម្ពុជានឹងថយចុះមកត្រឹម ៣,០ ភាគរយនៅឆ្នាំ២០២៦ មុននឹងងើបឡើងវិញដល់ ៤,០ ភាគរយនៅឆ្នាំ២០២៧។ ការថយចុះនៃកំណើនត្រូវបាន IMF ភ្ជាប់ទៅនឹងកត្តាជាច្រើន រួមមានតម្លៃថាមពលខ្ពស់ ការធ្លាក់ចុះនៃវិស័យទេសចរណ៍ និងការវិលត្រឡប់របស់ពលករចំណាកស្រុក សន្ទុះនាំចេញសម្លៀកបំពាក់យឺត តម្រូវការក្នុងស្រុកមានកម្រិត និងលក្ខខណ្ឌហិរញ្ញវត្ថុដែលកាន់តែតឹងរ៉ឹង។
ក្នុងបរិបទនេះ ការឆ្លើយតបរបស់កម្ពុជាកំពុងផ្តោតលើពីរផ្នែកសំខាន់ គឺការជួយសម្រាលសម្ពាធដែលកំពុងកើតមានចំពោះប្រជាពលរដ្ឋ និងអាជីវកម្មនៅក្នុងរយៈពេលខ្លី ព្រមទាំងការកសាងមូលដ្ឋានសេដ្ឋកិច្ចដែលមានភាពធន់សម្រាប់រយៈពេលវែង។
IMF រំពឹងថា អត្រាអតិផរណានៅកម្ពុជានឹងស្ថិតក្នុងកម្រិតខ្ពស់ ៥,៦ ភាគរយនៅឆ្នាំ២០២៦ មុននឹងថយចុះ នៅពេលតម្លៃថាមពលវិលត្រឡប់ទៅរកកម្រិតធម្មតា។ ទន្ទឹមនឹងនេះ ឱនភាពគណនីចរន្តត្រូវបានរំពឹងថានឹងកើនឡើងយ៉ាងខ្លាំង ខណៈហានិភ័យចំពោះទស្សនវិស័យកំណើនសេដ្ឋកិច្ចនៅតែមានទំនោរទៅរកការធ្លាក់ចុះ។
ទោះជាយ៉ាងណា IMF ក៏បានមើលឃើញថា ការវិនិយោគផ្ទាល់ពីបរទេសដ៏រឹងមាំ និងទុនបម្រុងអន្តរជាតិដែលមានកម្រិតគ្រប់គ្រាន់ នឹងបន្តដើរតួនាទីជាខែលការពារដ៏សំខាន់សម្រាប់សេដ្ឋកិច្ចកម្ពុជា ទោះបីបរិយាកាសខាងក្រៅនៅតែប្រឈមនឹងភាពមិនប្រាកដប្រជាក៏ដោយ។
ការអន្តរាគមន៍មិនមែនស្ថិតត្រឹមការបញ្ចេញថវិកា
សម្រាប់អ្នកស្រាវជ្រាវផ្នែកគោលនយោបាយ ការឆ្លើយតបរបស់រដ្ឋាភិបាលចំពោះសម្ពាធសេដ្ឋកិច្ច មិនមែនមានន័យត្រឹមការបញ្ចេញថវិកាកាន់តែច្រើននោះទេ ប៉ុន្តែស្ថិតនៅលើសមត្ថភាពក្នុងការធ្វើឱ្យធនធានទាំងនោះទៅដល់ក្រុមគោលដៅ និងបង្កើតផលបន្តនៅក្នុងសេដ្ឋកិច្ច។
រាជរដ្ឋាភិបាលបានប្រកាសដាក់ចេញកញ្ចប់ថវិកា និងវិធានការអន្តរាគមន៍ជាបន្តបន្ទាប់ ដើម្បីស្រោចស្រង់សេដ្ឋកិច្ច និងជួយសម្រួលដល់ជីវភាពប្រជាពលរដ្ឋ ប៉ុន្តែការប្រែប្រួលនៃសេដ្ឋកិច្ចនៅតែជាបញ្ហាបារម្ភសម្រាប់រយៈពេលវែង។
ឯកឧត្តម មាស សុខសេនសាន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានមានប្រសាសន៍ប្រាប់បណ្តាញសារព័ត៌មាន AMS ថា រដ្ឋាភិបាលមានគោលនយោបាយរួចរាល់ ដើម្បីធ្វើឱ្យថវិកាអន្តរាគមន៍ចូលទៅក្នុងចរន្តសេដ្ឋកិច្ច។
យោងតាមឯកឧត្តម មិនមែនត្រឹមតែទំហំថវិកាដែលបានបញ្ចេញនោះទេ ប៉ុន្តែអ្វីដែលសំខាន់គឺធនធានត្រូវទៅដល់ទីកន្លែងដែលត្រូវការ ទាន់ពេលវេលា មានប្រសិទ្ធភាព និងអាចបង្កើតផលបន្តនៅក្នុងសេដ្ឋកិច្ច។
ឯកឧត្តម បានថ្លែងថា៖ «គោលដៅរបស់រាជរដ្ឋាភិបាល មិនមែនគ្រាន់តែបញ្ចេញសាច់ប្រាក់ឱ្យបានច្រើននោះទេ។ អ្វីដែលសំខាន់ជាងនេះ គឺឱ្យធនធាននោះទៅដល់ទីកន្លែងដែលត្រូវការ ទាន់ពេលវេលា មានប្រសិទ្ធភាព និងអាចបង្កើតផលបន្តនៅក្នុងសេដ្ឋកិច្ច។ ដូច្នេះ យើងត្រូវមើលទាំងការបញ្ចេញថវិកា ល្បឿននៃការអនុវត្ត ក្រុមគោលដៅដែលទទួលផល ការបង្កើតនិងរក្សាការងារ ការរក្សាសកម្មភាពអាជីវកម្ម និងផលប៉ះពាល់ទៅលើតម្រូវការក្នុងស្រុក»។
កន្លងមក រដ្ឋាភិបាលបានដាក់ចេញកម្មវិធីអន្តរាគមន៍មួយ ដើម្បីឆ្លើយតបទៅនឹងបញ្ហាប្រឈមផ្នែកសេដ្ឋកិច្ច ដែលរួមមានកញ្ចប់អន្តរាគមន៍ចំនួន ៣ និងវិធានការសរុបចំនួន ២៧ ដោយមានការប៉ាន់ប្រមាណថវិកាចំណាយប្រមាណ ១,២ ពាន់លានដុល្លារអាម៉េរិក។
លោក និត កុសល អ្នកស្រាវជ្រាវផ្នែកគោលនយោបាយសារពើពន្ធនៅ Future Forum ដែលជាស្ថាប័នស្រាវជ្រាវ និងវិភាគគោលនយោបាយឯករាជ្យ បានលើកឡើងថា កម្ពុជាហាក់បីដូចជានៅមានកម្រិតលើការបញ្ចេញថវិកា និងគោលនយោបាយគាំទ្រសេដ្ឋកិច្ច។
ទោះជាយ៉ាងណា លោកបានមើលឃើញថា កន្លងមករដ្ឋាភិបាលបានផ្តល់ការគាំទ្រដល់ប្រជាពលរដ្ឋ និងក្រុមគោលដៅមួយចំនួនតាមរយៈកម្មវិធីគាំពារផ្សេងៗ ដោយមានការបញ្ចេញសាច់ប្រាក់ជាង ១ ពាន់លានដុល្លារ។
លោកបានបន្តថា បច្ចុប្បន្ន កម្ពុជាកំពុងរងផលប៉ះពាល់ជាក់ស្តែង ដោយទាំងប្រជាពលរដ្ឋ និងអ្នកប្រកបអាជីវកម្មត្រូវខិតខំប្រឹងប្រែងរកចំណូល ដើម្បីផ្គត់ផ្គង់ការចំណាយរបស់ខ្លួន។
ការគាំពារគ្រួសារងាយរងគ្រោះ និងការរក្សាអំណាចទិញ
ក្នុងចំណោមវិធានការដែលរដ្ឋាភិបាលបានដាក់ចេញ គឺការកំណត់អត្តសញ្ញាណគ្រួសារក្រីក្រ គ្រួសារងាយរងគ្រោះ និងគ្រួសារងាយរងហានិភ័យដែលទទួលផលប៉ះពាល់ដោយផ្ទាល់ពីសម្ពាធឡើងថ្លៃប្រេង និងឧស្ម័ន។
តាមរយៈក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងក្រសួងផែនការ រដ្ឋាភិបាលបានកំណត់ប្រាក់ឧបត្ថម្ភសម្រាប់គ្រួសារនៅរាជធានីភ្នំពេញចំនួន ៦០.០០០ រៀលក្នុងមួយគ្រួសារ ដោយសមាជិកគ្រួសារម្នាក់ទទួលបាន ៥.០០០ រៀល។ ចំណែកគ្រួសាររស់នៅតាមទីប្រជុំជនក្រៅរាជធានីភ្នំពេញ ទទួលបាន ៤៨.០០០ រៀលក្នុងមួយគ្រួសារ ដោយសមាជិកម្នាក់ទទួលបាន ៥.០០០ រៀល។
ចំពោះការបង្កើនអំណាចទិញ ឯកឧត្តម មាស សុខសេនសាន បានលើកឡើងថា ការគាំទ្រផ្នែកហិរញ្ញវត្ថុត្រូវធ្វើឡើងដោយមានគោលដៅច្បាស់លាស់ ជាពិសេសក្នុងស្ថានភាពដែលអតិផរណាកំពុងមានសម្ពាធ។
IMF ក៏បានផ្តល់អនុសាសន៍ឱ្យប្រើការគាំទ្រផ្នែកសារពើពន្ធដែលមានការកំណត់គោលដៅ ដោយផ្តោតជាពិសេសលើគ្រួសារងាយរងគ្រោះ។
ឯកឧត្តមបានបញ្ជាក់ថា ការចំណាយដែលអាចមានប្រសិទ្ធភាព គឺការគាំទ្រក្រុមងាយរងគ្រោះ ការរក្សាការងារ និងចំណូល ការពន្លឿនការអនុវត្តគម្រោង និងការចំណាយសាធារណៈដែលមានផលប៉ះពាល់ដោយផ្ទាល់ទៅលើសកម្មភាពសេដ្ឋកិច្ច ព្រមទាំងការគាំទ្រវិស័យផលិតកម្ម និងអាជីវកម្មដែលមានសក្តានុពល។
ការអនុវត្តបែបនេះ តាមការបញ្ជាក់របស់ឯកឧត្តម គឺត្រូវធ្វើស្របជាមួយការរក្សាចីរភាពបំណុល និងប្រសិទ្ធភាពនៃការបែងចែក និងអនុវត្តចំណាយ។
ពីការគាំទ្ររយៈពេលខ្លីទៅការកសាងភាពធន់រយៈពេលវែង
ក្រៅពីការដោះស្រាយសម្ពាធសេដ្ឋកិច្ចក្នុងរយៈពេលខ្លី IMF បានលើកឡើងថា កំណែទម្រង់រចនាសម្ព័ន្ធនឹងមានសារៈសំខាន់សម្រាប់ការបង្កើនអត្ថប្រយោជន៍ផលិតភាពពីការវិនិយោគ និងការពង្រឹងភាពធន់របស់កម្ពុជា។
IMF បានផ្តោតលើការទាក់ទាញការវិនិយោគផ្ទាល់ពីបរទេសដែលមានគុណភាពខ្ពស់ ការជំរុញការវិនិយោគក្នុងស្រុក ការពង្រឹងទំនាក់ទំនងជាមួយអ្នកផ្គត់ផ្គង់ក្នុងស្រុក ការបង្កើនជំនាញ និងការជំរុញការផ្ទេរបច្ចេកវិទ្យា។
ស្ថាប័ននេះក៏បានបញ្ជាក់ថា ការកែលម្អអភិបាលកិច្ច នីតិរដ្ឋ និងភាពអាចប៉ាន់ស្មានបាននៃការអនុវត្តច្បាប់ អាចជួយពង្រឹងបរិយាកាសវិនិយោគ។ ជាមួយគ្នានេះ ការវិនិយោគលើសន្តិសុខថាមពល និងភាពធន់នឹងការប្រែប្រួលអាកាសធាតុ អាចជួយពង្រឹងសមត្ថភាពប្រកួតប្រជែង ការតាមដានហានិភ័យ និងការរៀបចំគោលនយោបាយ។
សម្រាប់លោក សឿង សារឿន នាយកប្រតិបត្តិវេទិកានៃអង្គការមិនមែនរដ្ឋាភិបាលដែលធ្វើការលើផ្នែកភាពធន់នឹងការប្រែប្រួលអាកាសធាតុ និងអភិបាលកិច្ច ថាមពលគឺជាផ្នែកមួយដែលមានទំនាក់ទំនងដោយផ្ទាល់ជាមួយផលិតភាព និងសមត្ថភាពប្រកួតប្រជែងរបស់សេដ្ឋកិច្ច។
លោកបានមានប្រសាសន៍ថា៖ «ថាមពលមិនមែនគ្រាន់តែជាតម្រូវការផ្នែកហេដ្ឋារចនាសម្ព័ន្ធប៉ុណ្ណោះទេ ប៉ុន្តែវាគឺជាមូលដ្ឋានគ្រឹះសម្រាប់គ្រួសារដែលមានផលិតភាព សហគ្រាសដែលមានសមត្ថភាពប្រកួតប្រជែង កសិកម្មទំនើប ការអភិវឌ្ឍឧស្សាហកម្ម វិស័យដឹកជញ្ជូន និងការផ្លាស់ប្តូរឌីជីថល»។
លោកមើលឃើញថា កម្ពុជាមានឱកាសប្រើប្រាស់ការវិនិយោគលើវិស័យថាមពល ដើម្បីពង្រឹងភាពធន់នៃសេដ្ឋកិច្ច និងពន្លឿនការផ្លាស់ប្តូរទៅរកថាមពលកកើតឡើងវិញ និងថាមពលដែលមានការបញ្ចេញកាបូនទាប។
នេះរួមមានការបង្កើនការវិនិយោគលើថាមពលកកើតឡើងវិញ ការធ្វើទំនើបកម្មបណ្តាញអគ្គិសនី ការបង្កើនប្រសិទ្ធភាពថាមពល ប្រព័ន្ធស្តុកថាមពល និងការដឹកជញ្ជូនស្អាត ខណៈកាត់បន្ថយជាបណ្តើរៗនូវការពឹងផ្អែកលើធ្យូងថ្ម ប្រេង និងឧស្ម័ន។
យោងតាមលោក សឿង សារឿន ការផ្លាស់ប្តូរនេះអាចកាត់បន្ថយហានិភ័យពីការប្រែប្រួលតម្លៃឥន្ធនៈហ្វូស៊ីលនាំចូល កាត់បន្ថយចំណាយលើថាមពលក្នុងរយៈពេលវែង ទាក់ទាញការវិនិយោគដែលយកចិត្តទុកដាក់លើបញ្ហាអាកាសធាតុ បង្កើតការងារបៃតងថ្មីៗ និងរក្សាតម្លៃសេដ្ឋកិច្ចឱ្យនៅក្នុងប្រទេសបានកាន់តែច្រើន។
លោកបានបញ្ជាក់ថា គោលដៅមិនគួរគ្រាន់តែជាការផលិតថាមពលឱ្យបានកាន់តែច្រើននោះទេ ប៉ុន្តែត្រូវធានាថា ថាមពលស្អាតដែលមានតម្លៃសមរម្យអាចជួយឱ្យប្រជាជនកម្ពុជាផលិតបានកាន់តែច្រើន រកចំណូលបានកាន់តែច្រើន និងកសាងសេដ្ឋកិច្ចដែលមានភាពធន់រឹងមាំ។
ហិរញ្ញប្បទានសម្រាប់អាជីវកម្មដែលខ្វះទ្រព្យបញ្ចាំ
ការកសាងភាពធន់នៃសេដ្ឋកិច្ចក៏មិនអាចផ្តាច់ចេញពីការរក្សាសមត្ថភាពរបស់វិស័យឯកជនក្នុងការបន្តអាជីវកម្មបានដែរ។ ចំណុចមួយដែលរដ្ឋាភិបាលបានគិតគូរ គឺការផ្តល់លទ្ធភាពដល់សហគ្រាសតូច និងមធ្យមដែលមានសមត្ថភាពអាជីវកម្ម ប៉ុន្តែខ្វះទ្រព្យបញ្ចាំ។
យោងតាមឯកឧត្តម មាស សុខសេនសាន នេះជាមូលហេតុដែលរាជរដ្ឋាភិបាលមិនប្រើតែយន្តការផ្តល់ឥណទានតាមធនាគាររដ្ឋប៉ុណ្ណោះទេ ប៉ុន្តែបានបង្កើតយន្តការធានាឥណទានតាមរយៈសាជីវកម្មធានាឥណទានកម្ពុជា ឬ CGCC។
លោកបានលើកឡើងថា អាជីវកម្មដែលមានលទ្ធភាពសង មានគម្រោងអាជីវកម្មល្អ ប៉ុន្តែខ្វះទ្រព្យបញ្ចាំ មិនគួរត្រូវបានបិទទ្វារចេញពីប្រព័ន្ធហិរញ្ញវត្ថុដោយសារបញ្ហាទ្រព្យបញ្ចាំតែមួយនោះទេ។
ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម ឬ ARDB ក៏បានចុះកិច្ចព្រមព្រៀងជាមួយ CGCC ដើម្បីអាចប្រើប្រាស់ការធានានេះសម្រាប់អតិថិជនដែលមានស្ថានភាពអាជីវកម្មល្អ ប៉ុន្តែខ្វះទ្រព្យបញ្ចាំគ្រប់គ្រាន់។
តាមការលើកឡើងរបស់ឯកឧត្តម មាស សុខសេនសាន កិច្ចសហការនេះផ្តោតលើការផ្តល់សេវាធានាឥណទាន ដែលអាចផ្តល់លទ្ធភាពដល់ធនាគារក្នុងការបញ្ចេញឥណទានបានច្រើនជាងមុនជូនអតិថិជនដែលមានស្ថានភាពអាជីវកម្មល្អ ប៉ុន្តែមិនមានទ្រព្យធានាគ្រប់គ្រាន់។
យន្តការនេះត្រូវបានមើលឃើញថាជាកាតាលីករក្នុងការលើកកម្ពស់បរិយាបន្នហិរញ្ញវត្ថុ និងរក្សាលទ្ធភាពរបស់អាជីវកម្មមួយចំនួនក្នុងការទទួលបានហិរញ្ញប្បទាន។
ពីវិធានការបន្ទាន់ទៅការរៀបចំមូលដ្ឋានសេដ្ឋកិច្ចថ្មី
ស្ថានភាពសេដ្ឋកិច្ចកម្ពុជានៅឆ្នាំ២០២៦ បង្ហាញថា ការគ្រប់គ្រងសម្ពាធក្នុងរយៈពេលខ្លី និងការរៀបចំមូលដ្ឋានសម្រាប់កំណើនរយៈពេលវែង ត្រូវដើរទន្ទឹមគ្នា។
ការគាំពារគ្រួសារងាយរងគ្រោះ ការរក្សាការងារ ការគាំទ្រអាជីវកម្មដែលមានសក្តានុពល និងការធានាលទ្ធភាពទទួលបានហិរញ្ញប្បទាន គឺជាវិធានការដែលផ្តោតលើការកាត់បន្ថយផលប៉ះពាល់ភ្លាមៗ និងរក្សាសកម្មភាពសេដ្ឋកិច្ច។
ជាមួយគ្នានេះ ការទាក់ទាញការវិនិយោគដែលមានគុណភាព ការបង្កើនផលិតភាព ការអភិវឌ្ឍជំនាញ ការផ្ទេរបច្ចេកវិទ្យា ការពង្រឹងអភិបាលកិច្ច និងការវិនិយោគលើសន្តិសុខថាមពល គឺជាផ្នែកនៃការឆ្លើយតបទៅនឹងបញ្ហាដែលមានលក្ខណៈរយៈពេលវែងជាងនេះ។
IMF រំពឹងថា កំណើនសេដ្ឋកិច្ចកម្ពុជានឹងងើបឡើងវិញដល់ ៤,០ ភាគរយនៅឆ្នាំ២០២៧ នៅពេលសម្ពាធមួយចំនួនថយចុះ។ ប៉ុន្តែការងើបឡើងវិញនោះនឹងកើតឡើងក្នុងបរិបទដែលហានិភ័យខាងក្រៅ និងបញ្ហារចនាសម្ព័ន្ធក្នុងស្រុកនៅតែត្រូវការការយកចិត្តទុកដាក់។
ដូច្នេះ សម្រាប់កម្ពុជា បញ្ហាមិនមែនមានត្រឹមការឆ្លងកាត់សម្ពាធសេដ្ឋកិច្ចបច្ចុប្បន្ននោះទេ ប៉ុន្តែជាការប្រើប្រាស់រយៈពេលនេះ ដើម្បីរក្សាសកម្មភាពសេដ្ឋកិច្ច និងពង្រឹងមូលដ្ឋានដែលអាចធ្វើឱ្យសេដ្ឋកិច្ចមានភាពធន់ជាងមុននៅពេលប្រឈមនឹងការប្រែប្រួលថ្មីៗនៅថ្ងៃអនាគត។
ទោះកំណើនថយ អ្នកសេដ្ឋកិច្ចមើលឃើញភាពធន់តាមរយៈការនាំចេញ និងការវិនិយោគ
ទោះបីកំណើនសេដ្ឋកិច្ចកម្ពុជាត្រូវបានព្យាករថានឹងថយចុះតាមការវាយតម្លៃរបស់ IMF ក៏ដោយ បណ្ឌិត ឌុធ ដារិន អ្នកសេដ្ឋកិច្ចម្នាក់ មើលឃើញថា សេដ្ឋកិច្ចកម្ពុជានៅមានភាពធន់ ដោយសារការវិនិយោគផ្ទាល់ពីបរទេស និងការនាំចេញនៅតែបន្តកើនឡើង។
បណ្ឌិត ឌុធ ដារិន បានកត់សម្គាល់ថា ពីខែមករា ដល់ខែសីហា ឆ្នាំ២០២៦ ទំហំពាណិជ្ជកម្មសរុបរបស់កម្ពុជាមានប្រមាណ ៥០,៦ ពាន់លានដុល្លារ កើនឡើង ២០,២ ភាគរយ ខណៈការនាំចេញមានប្រមាណ ២៤,១ ពាន់លានដុល្លារ កើនឡើង ១៩,៧ ភាគរយ។
លោកបណ្ឌិត បានបន្ថែមថា កម្ពុជាក៏បន្តទាក់ទាញការវិនិយោគថ្មីៗផងដែរ។ គិតត្រឹមថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៦ មានគម្រោងវិនិយោគថ្មីចំនួន ២១៤ គម្រោង ដែលមានទុនវិនិយោគសរុបប្រមាណ ៤ ពាន់លានដុល្លារ និងរំពឹងថានឹងបង្កើតការងារប្រមាណ ១៤០ ពាន់កន្លែង។
តាមការលើកឡើងរបស់បណ្ឌិត ឌុធ ដារិន ការថមថយនៃកំណើនសេដ្ឋកិច្ចកម្ពុជាមានកត្តាជាច្រើន ដូចដែល IMF បានលើកឡើង។ ក្នុងស្ថានភាពនេះ លោកបណ្ឌិតយល់ថា កម្ពុជាគួរបន្តរក្សាស្ថិរភាពនយោបាយ និងស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច ដើម្បីរក្សាទំនុកចិត្តរបស់វិនិយោគិន និងស្ថិរភាពទីផ្សារ។
លោកបណ្ឌិត បានមានប្រសាសន៍ថា៖ «ជារួម ខ្ញុំយល់ថា កម្ពុជាគួរបន្តរក្សាស្ថិរភាពនយោបាយ និងស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច ដើម្បីរក្សាទំនុកចិត្តរបស់វិនិយោគិន និងស្ថិរភាពទីផ្សារ។ ជាមួយគ្នានេះ ភាគីពាក់ព័ន្ធគួរបន្តតាមដាន និងត្រួតពិនិត្យតម្លៃទំនិញចាំបាច់ ជាពិសេសម្ហូបអាហារ ដើម្បីជួយការពារអំណាចទិញ និងផលប្រយោជន៍ជូនប្រជាពលរដ្ឋ«។
សម្រាប់វិស័យឯកជន បណ្ឌិត ឌុធ ដារិន យល់ថា ក្នុងស្ថានភាពសេដ្ឋកិច្ចប្រឈមនេះ គួរបន្តជំរុញផលិតកម្មក្នុងស្រុក ជាពិសេសក្នុងវិស័យកសិកម្ម ម្ហូបអាហារ និងឧស្សាហកម្មកែច្នៃ ដើម្បីបង្កើនការផ្គត់ផ្គង់ក្នុងស្រុក។
ចំណែកប្រជាពលរដ្ឋ លោកបណ្ឌិតបានលើកឡើងថា អាចចូលរួមតាមរយៈការគាំទ្រផលិតផលខ្មែរ ដែលអាចជួយលើកស្ទួយផលិតផលកសិកម្ម និងផលិតផលផលិតក្នុងស្រុក បង្កើតការងារ និងពង្រឹងសេដ្ឋកិច្ចជាតិ៕





វិថីហិរញ្ញវត្ថុ





























































Account
Security
Favourite Content