កម្ពុជា ស្រូបទាញបានទុនវិនិយោគជិត ២៨ ពាន់លានដុល្លារ ពីរោងចក្រធុនធ្ងន់ជាង ៣,២ ពាន់ទីតាំង

វិស័យផលិតកម្ម និងឧស្សាហកម្មធុនធ្ងន់នៅកម្ពុជា នៅតែបន្តបង្ហាញពីសន្ទុះកំណើនយ៉ាងរឹងមាំ និងទាក់ទាញបាននូវរំហូរទុនវិនិយោគបន្ថែមរាប់ពាន់លានដុល្លារអាម៉េរិក ដែលឆ្លុះបញ្ចាំងពីជំនឿទុកចិត្តរបស់វិនិយោគិនអន្តរជាតិមកលើប្រទេសកម្ពុជា។

ឯកឧត្តម ស៊ាង សុលក្ខណ៍ ទីប្រឹក្សា និងជាអ្នកនាំពាក្យក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ បានថ្លែងប្រាប់បណ្តាញសារព័ត៌មាន AMS ថា គិតត្រឹមដំណាច់ខែឧសភា ឆ្នាំ ២០២៦ កម្ពុជាមានរោងចក្រធុនធ្ងន់ដំណើរការដែលបានចុះបញ្ជីនៅក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍សរុបចំនួន ៣.២៨៤ រោងចក្រ, ទុនវិនិយោគសរុបមានចំនួនជាង ២៧,៦ ពាន់លានដុល្លារអាមេរិក កើនឡើងជាង ៥,៥ ប៊ីលានដុល្លារអាមេរិក ស្មើនឹង ២៥ ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។

ឯកឧត្តមបានបញ្ជាក់ថា៖

“ក្នុងទុនវិនិយោគជាង ២៧ ពាន់លានដុល្លារនោះ ទុនវិនិយោគក្នុងស្រុកមានចំនួនជាង ៤,២ ពាន់លានដុល្លារអាមេរិក ស្មើនឹង ១៥ ភាគរយ នៃទុនវិនិយោគសរុប។ រោងចក្រជាង ៣ ពាន់នេះ ប្រើកម្លាំងពលកម្មប្រមាណ ១,៣៣ លាននាក់ ក្នុងនោះមានស្ត្រីចំនួន ៩៣៧.២៨០ នាក់ ស្មើនឹង ៧០ ភាគរយ។”

ឯកឧត្តម ស៊ាង សុលក្ខណ៍ បានឱ្យដឹងទៀតថា តម្លៃបរិមាណផលិតផលរយៈពេល ៤ ខែ ឆ្នាំ ២០២៦ មានប្រមាណ ៦,១ ពាន់លានដុល្លារអាមេរិក (ក្នុងស្រុកប្រមាណ ១,៧ ពាន់លានដុល្លាអាមេរិក និងនាំចេញប្រមាណ ៤,៤ ពាន់លានដុល្លាអាមេរិក) បើធៀបនឹងរយៈពេល ៤ ខែដូចគ្នាឆ្នាំ ២០២៥ ដែលមានប្រមាណ ៣,៨ ពាន់លានដុល្លាអាមេរិក គឺមានការកើនឡើងប្រមាណ ៦៣ ភាគរយ។

អ្នកនាំពាក្យក្រសួងឧស្សាហកម្ម បានបញ្ជាក់ផងដែរថា  រោងចក្រធុនធ្ងន់ជាង ៣ ពាន់រោងចក្រនេះ មានទុនចាប់ពី ១ លានដុល្លារឡើងទៅ។

ការរីកចម្រើននៃរោងចក្រធុនធ្ងន់ទាំង ៣.២៨៤ នេះ មិនត្រឹមតែជួយជំរុញដល់ទំហំនាំចេញរបស់កម្ពុជានៅលើទីផ្សារអន្តរជាតិប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាក្បាលម៉ាស៊ីនដ៏សំខាន់ក្នុងការបង្កើតការងាររាប់ម៉ឺនកន្លែងជូនដល់ប្រជាពលរដ្ឋក្នុងស្រុក និងជំរុញការផ្ទេរបច្ចេកវិទ្យាទំនើបៗមកកម្ពុជា ផងដែរ។

អ្នកឧកញ៉ា លឹម ហេង អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា បានលើកឡើងថា ការកើនឡើងនៃឧស្សាហកម្មធុនធ្ងន់នេះ គឺជាសញ្ញាល្អសម្រាប់ប្រាប់ដល់វិនិយោគទាំងអស់។

អ្នកឧកញ៉ា បន្តថា និយាយរួម មិនថា អ្នកមកពីបរទេសក៏ដោយ ឬក្នុងស្រុកក៏ដោយ កំណើននៃការវិនិយោគនេះគឺបង្ហាញពីភាពមាំ និងភាពធន់ និងលើសពីទៅនេះទៀត គឺប្រទេសជាតិមានភាពស្ថិរភាពនយោបាយ និងសន្តិសុខជាតិ ដែលធានាបាននូវការវិនិយោគឧស្សាហកម្មធុនធ្ងន់នេះ។

អ្នកឧកញ៉ា លឹម ហេង បានថ្លែងថា៖

“អ្នកវិនិយោគមកពីបរទេស គេគ្រាន់តែដឹងថា មានការវិនិយោគឧស្សាហកម្មធុនធ្ងន់នេះនៅកម្ពុជាច្រើន គេមិនរារែកនៅក្នុងការមកវិនិយោគនៅក្នុងប្រទេសកម្ពុជាយើងដែរ។ នេះជាសញ្ញានៃការទាក់ទាញអ្នកវិនិយោគពីបរទេសដោយផ្ទាល់តែម្តង។”

អ្នកឧកញ៉ា បានឱ្យដឹងទៀត ជាក់ស្តែង ក្រុមហ៊ុនធំៗមានដូចជា ក្រុមហ៊ុនជប៉ុន Toyota, ក្រុមហ៊ុន Minebea, ក្រុមហ៊ុន Ford, ក្រុមហ៊ុនត្រាក់ទ័រ និងឧស្សាហកម្មមួយចំនួនទៀត។ ទាំងអស់នេះសុទ្ធសឹងតែជាការទាក់ទាញវិនិយោគ៕


Leave a Reply

Your email address will not be published. Required fields are marked *