បរទេស ៖ យោងតាមប្រភពព័ត៌មានពីរ៉យទ័របានរាយការណ៍ថា ក្រុមហ៊ុន Microsoft បានក្លាយជាក្រុមហ៊ុនពាណិជ្ជកម្មសាធារណៈដ៏មានតម្លៃបំផុតរបស់ពិភពលោក ដែលបានយកឈ្នះលើក្រុមហ៊ុន Apple កាលពីថ្ងៃសុក្រសប្ដាហ៍កន្លងទៅនេះ។
រហូតមកដល់ពេលនេះ តម្លៃភាគហ៊ុនរបស់ក្រុមហ៊ុន software ដ៏ធំមួយនេះបានបន្តកើនឡើង ដោយសារដំណើរការខ្លាំងកាលពីឆ្នាំមុន ខណៈដែលក្រុមហ៊ុន Apple បានជួបប្រទះនឹងឧបសគ្គមួយចំនួន។
កាលពីឆ្នាំមុន ការដាក់ឱ្យដំណើរការដ៏ខ្លាំងក្លារបស់ Microsoft លើមុខងារ AI មួយចំនួនត្រូវបានទទួលការពេញចិត្តពីអ្នកវិនិយោគដែលសង្ឃឹមថា ក្រុមហ៊ុនយក្សមួយនេះដែលមានមូលដ្ឋាននៅទីក្រុង Seattle នឹងមានទីតាំងល្អបំផុតដើម្បីទាញយកអត្ថប្រយោជន៍ពីការរីកចម្រើនរបស់ AI ។
នៅក្នុងសប្តាហ៍នេះ ភាគហ៊ុនរបស់ក្រុមហ៊ុន Microsoft បានកើនឡើងច្រើនជាង ៣ ភាគរយ ដោយយកតម្លៃទីផ្សាររបស់ខ្លួនកើនឡើងដល់ទៅ ២,៨៩ ទ្រីលានដុល្លារ ដោយនាំមុខក្រុមហ៊ុន Apple ដែលភាគហ៊ុនរបស់ពួកគេបានធ្លាក់ចុះជិត ៣ ភាគរយ ឬ នៅត្រឹម ២,៨៧ ទ្រីលានដុល្លារ។ កាលពីថ្ងៃព្រហស្បត្តិ៍កន្លងទៅនេះ ក្រុមហ៊ុន Microsoft បានឈរនៅលើកំពូលយកឈ្នះក្រុមហ៊ុន Apple ក្នុងរយៈពេលខ្លីជាលើកដំបូងចាប់តាំងពីឆ្នាំ២០២១ មុនពេលបោះបង់តំណែងកំពូលមួយនេះទៅឱ្យក្រុមហ៊ុនផលិត iPhone ។
កាលពីខែធ្នូ ឆ្នាំ២០២៣ តម្លៃភាគហ៊ុនរបស់ក្រុមហ៊ុន Apple បានកើនឡើងដល់ ៤៨ ភាគរយ ខណៈដែល Microsoft បានកើនឡើងដល់ ៥៧ ភាគរយ។ បើធៀបនឹងការកើនឡើង ៥ ភាគរយសម្រាប់ Microsoft ភាគហ៊ុនរបស់ក្រុមហ៊ុន Apple កំពុងជួញដូរទាបជាងបន្តិច ដោយសារកើនឡើងនៃការព្រួយបារម្ភអំពីការធ្លាក់ចុះនៃការលក់ iPhone ជាពិសេសនៅក្នុងទីផ្សារប្រទេសចិនដ៏សំខាន់ ដែលធ្វើឲ្យចំណាត់ថ្នាក់នៃភាគហ៊ុនរបស់ក្រុមហ៊ុន Apple ធ្លាក់ចុះ។
ឈ្មួញកណ្តាល បានលើកឡើងថា ប្រទេសចិនអាចជាការអូសទាញទម្លាក់ចំណាត់ថ្នាក់របស់ Apple ក្នុងរយៈពេលប៉ុន្មានឆ្នាំខាងមុខនេះ ដោយពួកគេបានចង្អុលទៅការប្រកួតប្រជែងពីក្រុមហ៊ុន Huawei ដែលងើបឡើងវិញ និងភាពតានតឹងកាន់តែខ្លាំងឡើងរវាងទីក្រុងវ៉ាស៊ីនតោន និងទីក្រុងប៉េកាំងដែលបានបង្កើនសម្ពាធលើ Apple ៕