បរទេស ៖ តម្លៃប្រេងចាប់ផ្តើមឡើងថ្លៃវិញនៅថ្ងៃសុក្រសប្ដាហ៍នេះ បន្ទាប់ពី អ៊ីរ៉ង់ សហការជាមួយ អូម៉ង់ ហាមឃាត់នាវាទាំងឡាយណាដែលចាត់ទុកថាជាសត្រូវមិនឱ្យឆ្លងកាត់ច្រកសមុទ្រ Hormuz និងត្រូវពិន័យជាប្រាក់យ៉ាងធ្ងន់ធ្ងរលើនាវាណាដែលបំពានហ៊ានឆ្លងកាត់ដោយគ្មានការអនុញ្ញាត។
នៅថ្ងៃសុក្រសប្ដាហ៍នេះ តម្លៃប្រេងឆៅ Brent បានឡើងថ្លៃ ១.២ ភាគរយ ពោលគឺកើនដល់ ៨៣,៤៨ ដុល្លារក្នុងមួយបារ៉ែល ខណៈដែលតម្លៃប្រេងឆៅ West Texas Intermediate (WTI) ឡើងថ្លៃ ១,១ ភាគរយ កើនដល់ ៧៨,៨៤ ដុល្លារក្នុងមួយបារ៉ែល។ កាលពីដើមសប្តាហ៍នេះ តម្លៃប្រេងឆៅបានធ្លាក់ចុះជាង ៥ ភាគរយ ក្រោយពេលដែលប្រធានាធិបតីអាម៉េរិក លោក ដូណាល់ ត្រាំ សម្រេចចិត្តផ្អាកការវាយប្រហារលើប្រទេសអ៊ីរ៉ង់ជាបណ្តោះអាសន្ន ជាមួយនឹងក្តីសង្ឃឹមថា នឹងអាចឈានដល់កិច្ចព្រមព្រៀងសន្តិភាព។ យ៉ាងណាមិញ តម្លៃប្រេងឆៅបានឡើងថ្លៃបន្ថែមជាង ៣ ដុល្លារក្នុងមួយបារ៉ែលកាលពីថ្ងៃព្រហស្បតិ៍កន្លងទៅនេះ បន្ទាប់ពីមានដំណឹងថា អ៊ីរ៉ង់ ពិនិត្យមើលសេចក្តីព្រាងច្បាប់មួយដើម្បីហាមឃាត់នាវារបស់អាម៉េរិក និងអ៊ីស្រាអែល មិនឱ្យឆ្លងកាត់ច្រកសមុទ្រ Hormuz ។
សមាជិករដ្ឋសភារបស់អ៊ីរ៉ង់ម្នាក់បានបង្ហើបថា គណៈកម្មាធិការសភាកំពុងពិនិត្យមើលសេចក្តីព្រាងច្បាប់បឋម ដើម្បីហាមឃាត់នាវារបស់អាម៉េរិក និងអ៊ីស្រាអែល រួមទាំងនាវាផ្សេងទៀតដែលខ្លួនចាត់ទុកថាជាសត្រូវ មិនឱ្យឆ្លងកាត់ច្រកសមុទ្រ Hormuz ព្រមទាំងពិន័យអ្នកល្មើសបំរាមនេះរហូតដល់ ២០ ភាគរយនៃតម្លៃទំនិញដែលកំពុងដឹកជញ្ជូន។ លើសពីនេះ អ៊ីរ៉ង់ ស្នើសុំការទាមទារថ្លៃសេវាឆ្លងកាត់ច្រកសមុទ្រចន្លោះពី ៥ ទៅ ៧ ភាគរយនៃតម្លៃទំនិញ ខណៈដែល អូម៉ង់ ស្នើរសុំថ្លៃសេវាប្រមាណ ៣ ភាគរយ ប៉ុន្តែរដ្ឋាភិបាល វ៉ាស៊ីនតោន ចង់ឆ្លងកាត់ដោយមិនមានការបង់សេវាអ្វីទាំងអស់។
ប្រភពពីឧស្សាហកម្មប្រេងចំនួន ៤ បានបញ្ចេញយោបល់ស្រដៀងគ្នាថា កិច្ចព្រមព្រៀងដែលបានស្នើឡើងនេះគឺពិបាកក្នុងការអនុវត្តណាស់ ដោយសារតែទណ្ឌកម្មរបស់អាម៉េរិក និងលក្ខខណ្ឌផ្នែកធានារ៉ាប់រងតឹងរឹង។ កាលពីថ្ងៃព្រហស្បតិ៍ដដែល ក្រុមឧទ្ទាម យេម៉ែន Houthi បានបើកការវាយប្រហារដោយមីស៊ីល និងដ្រូនលើក្រុមកងទ័ពរបស់ អារ៉ាប៊ីសាអូឌីត នៅក្នុងតំបន់ Marib និង Hadramout នៃប្រទេស យេម៉ែន។ យ៉ាងណាក៏ដោយ ស្របពេលដែលស្ថានការណ៍នៅតែមានភាពមិនច្បាស់លាស់ ប្រធានាធិបតីអាម៉េរិក លោក Donald Trump បានបង្ហាញពីភាពជឿជាក់ថា ខ្លួននឹងអាចបញ្ចប់សង្គ្រាមមួយនេះនាពេលឆាប់ៗខាងមុខ៕




វិថីហិរញ្ញវត្ថុ































































Account
Security
Favourite Content