ភ្នំពេញ៖ ក្រសួងពាណិជ្ជកម្ម បានសម្រេចចុះបញ្ជី “ក្រូចពោធិ៍សាត់” ជាម៉ាកសមូហភាព (Collective Mark) ជាផ្លូវការកាលពីថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២៦។
ក្រសួងពាណិជ្ជកម្ម កាលពីថ្ងៃទី២ ខែតុលា ឆ្នាំ២០២៦ ឱ្យដឹងថា នេះគឺជាជំហានមួយក្នុងការពង្រឹងអត្តសញ្ញាណ និងលើកកម្ពស់ការទទួលស្គាល់ផលិតផលខ្មែរនៅលើទីផ្សារក្នុងប្រទេស និងអន្តរជាតិ ព្រមទាំងរួមចំណែកការពារកម្មសិទ្ធិបញ្ញារបស់សហគមន៍អ្នកដាំដុះ និងអាជីវករក្រូចពោធិ៍សាត់ ក្នុងខេត្តពោធិ៍សាត់។
ក្រូចពោធិ៍សាត់ មានលក្ខណៈពិសេសមួយចំនួន រួមមាន រសជាតិជូរអែម ឆ្ងាញ់ពិសា និងមានសំបកពណ៌បៃតង ពណ៌លឿង ឬពណ៌លឿងទុំ ដែលមានផ្ទៃរលោង ឬគ្រើមតិចៗ។ ផ្លែក្រូចនេះមានកំពឹសទន់ ទឹកច្រើន ឬកំពឹសរឹង និងសាច់ច្រើន។
បច្ចុប្បន្ន «ក្រូចពោធិ៍សាត់» មានផ្ទៃដីដាំដុះសរុបចំនួន ៣ ០៤៧ ហិកតា ក្នុងនោះផ្ទៃដីប្រមូលផលមានចំនួន ១ ៩៣៨ ហិកតា ដោយផ្តល់បរិមាណផលប្រមាណ ២៩ ៨៨១ តោនក្នុងមួយឆ្នាំ។
ការប្រមូលផលក្រូចពោធិ៍សាត់មានរយៈពេល ៨ ខែ ចាប់ពីខែមិថុនា ដល់ខែវិច្ឆិកា ជារៀងរាល់ឆ្នាំ និងផ្តល់ទិន្នផលជាមធ្យមពី ១២ ទៅ ១៦ តោនក្នុងមួយហិកតា។
គិតត្រឹមបច្ចុប្បន្ន កម្ពុជាបានចុះបញ្ជីផលិតផលសក្ដានុពលចំនួន ២៤ ជាផលិតផល «អត្តសញ្ញាណ» ក្នុងនោះផលិតផលសមូហភាពមានចំនួន ១១ប្រភេទ ផលិតផលសម្គាល់ភូមិសាស្ត្រមានចំនួន ១២ និងម៉ាកវិញ្ញាតិកម្មមានចំនួន ១។
ផលិតផលម៉ាកសមូហភាពចំនួន ១១ ដែលត្រូវបានចុះបញ្ជី រួមមាន គុយទាវភ្នំពេញ, អង្ករព្រះវិហារ, អំបុកកំពង់ធំ, អង្ករក្រអូប SKO, អង្ករដំណើប DSMK, នំបញ្ចុកសៀមរាប, ក្រូចថ្លុងកោះពីរ, ដូងខ្ទះបាត់ដំបង, ចម្លាក់ប្រាក់ស្ពាន់ខេត្តកណ្តាល, ថ្នាំជក់កម្ពុជា និងសម្បុកត្រចៀកកាំកម្ពុជា។
ចំណែកផលិតផលម៉ាកសម្គាល់ភូមិសាស្ត្រទាំង ១២ ដែលបានចុះបញ្ជី រួមមាន ម្រេចកំពត, ស្ករត្នោតកំពង់ស្ពឺ, ទឹកឃ្មុំព្រៃមណ្ឌលគិរី, ក្រូចថ្លុងកោះទ្រង់, ទឹកត្រីកំពតកែប, អំបិលកំពតកែប, បង្កងតាកែវ, ប្រហុកសៀមរាប, ស្វាយចន្ទីកំពង់ធំ, ស្វាយឧត្តរមានជ័យ, ក្តាមថ្មកោះកុង និងសូត្រមាសភ្នំស្រុក។
ដោយឡែក ម៉ាកវិញ្ញាតិកម្មមានតែអង្ករម្លិះអង្គរ (Malys Angkor) មួយមុខប៉ុណ្ណោះ ដែលត្រូវបានចុះក្នុងបញ្ជី។ ម៉ាកវិញ្ញាតិកម្មមានកេរ្តិ៍ឈ្មោះល្បីល្បាញ ហើយផ្សារភ្ជាប់ទៅនឹងកត្តាភូមិសាស្ត្រ និងចំណេះដឹងបែបប្រពៃណី ព្រមទាំងជំនាញនៃការផលិតផងដែរ៕





វិថីហិរញ្ញវត្ថុ






























































Account
Security
Favourite Content