ភ្នំពេញ ៖ បន្ទាប់ពីរាជរដ្ឋាភិបាលកម្ពុជា ប្រកាសឱ្យអនុវត្តកម្មវិធីពិសេសជំរុញការវិនិយោគភូមិភាគឦសានចាប់តាំងពីខែមេសា ២០២៥ រហូតដល់មកដល់ខែតុលា ឆ្នាំ២០២៦នេះ បណ្ដាខេត្តក្នុងតំបន់មួយនេះទទួលបានគម្រោងវិនិយោគចំនួន ៧៦គម្រោង ជាមួយនឹងទុនវិនិយោគសរុបប្រមាណ ២,៦៥ពាន់លានដុល្លារអាម៉េរិក ជាពិសេសអាចបង្កើតការងារបានចំនួន ៨៣ ៥០០កន្លែង ។ នេះបើតាមរបាយការណ៍របស់ក្រុមការងារជំរុញការវិនិយោគភូមិភាគឦសានចេញផ្សាយនៅថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៦ ។
យោងតាមរបាយការណ៍ដដែលបានបង្ហាញផងដែរថា ក្នុងចំណោមគម្រោងវិនិយោគទាំង៧៦គម្រោង ឃើញថា ៣២គម្រោង ឬប្រមាណ ៤០ភាគរយ ជាគម្រោងវិនិយោគមកពីបរទេស ក្នុងនោះមានដូចជា មកពីប្រទេសវៀតណាម ចំនួន ១៥គម្រោង មកពីប្រទេសចិន ចំនួន៨គម្រោង និងគម្រោងវិនិយោគចំនួន ៩ផ្សេងទៀតមកពីបណ្ដាប្រទេសផ្សេងៗ ។

ក្នុងរបាយការណ៍បានឱ្យដឹងទៀតថា ក្នុងចំណោមខេត្តទាំង ៤ ក្រចេះ ជាខេត្តដែលទទួលបានទុនវិនិយោគច្រើនជាងគេ ដែលទទួលបានទុនវិនិយោគ ១,១២ពាន់លានដុល្លារអាម៉េរិក ពីគម្រោងចំនួន១៩ បន្ទាប់មក គឺខេត្តរតនគិរី ទទួលបាន ៨៧២លានដុល្លារអាម៉េរិក ពីគម្រោងវិនិយោគចំនួន១២ ហើយខេត្តមណ្ឌលគិរី ទទួលបានទុន៥១៦លានដុល្លារពីគម្រោង២៤ ដោយឡែក ខេត្តស្ទឹងត្រែង ទទួលបានទុនវិនិយោគចំនួន ១៤១លានដុល្លារពីគម្រោងចំនួន២១ ។
លោក ឌុក ពិសិដ្ឋ ប្រធានសមាគមកាហ្វេកម្ពុជា និងជានាយកប្រតិបត្តិនៃក្រុមហ៊ុន PIDA Farm នៅខេត្តមណ្ឌលគិរី បានថ្លែងប្រាប់បណ្ដាញព័ត៌មាន AMS ឱ្យដឹងថា ការលើកទឹកចិត្តពីរាជរដ្ឋាភិបាល តាមរយៈកម្មវិធីជំរុញការវិនិយោគភូមិភាគឦសានគឺជាឱកាសដ៏ល្អសម្រាប់វិនិយោគិនដែលអាចរកប្រាក់ចំណេញ ពីព្រោះតាមរយៈកម្មវិធីពិសេសនេះ រដ្ឋបានលើកលែងពន្ធមួយចំនួនដល់វិនិយោគិនក្នុងរយៈពេលមួយ ដូច្នេះ ក្នុងរយៈពេលនោះ វិនិយោគិនក្នុងខេត្តទាំង ៤ ក្នុងតំបន់ភូមិភាគឦសានអាចរកប្រាក់ចំណេញដោយមិនចាំបាច់បង់ពន្ធ ដូចជា ពន្ធលើប្រាក់ខែបុគ្គលិក ពន្ធលើការនាំចូលសម្ភារៈសម្រាប់ដំណើរការវិនិយោគក្នុងគម្រោងនោះជាដើម ។
ឯកឧត្តម ស៊ុន មេសា អ្នកនាំពាក្យក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានមានប្រសាសន៍ថា តាមរយៈគម្រោងវិនិយោគនៅក្នុងតំបន់ភូមិភាគឦសាន គឺជាឱកាសដ៏ល្អមួយសម្រាប់បងប្អូនប្រជាពលរដ្ឋកម្ពុជា ជាពិសេស បងប្អូនប្រជាពលរដ្ឋនៅក្នុងតំបន់ភូមិភាគឦសានដែលអាចទទួលបានការងារធ្វើនៅក្នុងតំបន់របស់ខ្លួន ជាមួយប្រាក់ចំណូលសម្រាប់ទ្រទ្រង់ជីវភាពគ្រួសារសមរម្យ ។
ឯកឧត្តមបន្តថា តាមការពិនិត្យលើគម្រោងវិនិយោគនៅក្នុងតំបន់ភូមិភាគឦសានបានឱ្យដឹងថា គម្រោងភាគច្រើនផ្ដោតលើវិស័យកសិកម្ម និងកសិ-ឧស្សាហកម្ម ដូច្នេះ សម្រាប់បងប្អូនប្រជាពលរដ្ឋដែលមានជំនាញលើវិស័យកសិកម្ម គួរត្រៀមខ្លួនដើម្បីទទួលយកនូវការងារជាមួយនឹងប្រាក់បៀវត្សរ៍នៅពេលគម្រោងវិនិយោគទាំងនោះចាប់ផ្ដើមដំណើរការ ។
ឯកឧត្តមបន្ថែមថា ៖ «ដើម្បីឆ្លើយតបនឹងតម្រូវការទីផ្សារការងារ ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ក៏ដូចជាទីភ្នាក់ងារជាតិមុខរបរ និងការងារ ក៏តែងតែផ្សព្វផ្សាយពីការងារ និងយកឱកាសការងារទាំងនោះទៅដល់មូលដ្ឋានរបស់ពលរដ្ឋ ដោយមិនបាច់ចាំឱ្យបងប្អូនពលរដ្ឋស្វែងរកការងារធ្វើឆ្ងាយពីផ្ទះទៀតឡើយ»។
បន្ថែមពីនេះ ដើម្បីពង្រឹងសមត្ថភាពប្រជាពលរដ្ឋកម្ពុជា ក្រសួងការងារ ក៏បានបើកវគ្គបណ្ដុះបណ្ដាលជំនាញ បច្ចេកទេសវិជ្ជាជីវៈឱ្យស្របនឹងសក្ដានុពលវិស័យកសិកម្ម កសិ-ឧស្សាហកម្ម និងការកែច្នៃផលិតផល ក៏ដូចជាវិស័យផ្សេងៗនៅទូទាំងប្រទេសផងដែរ ។

ពាក់ព័ន្ធនឹងសកម្មភាពវិនិយោគនៅតំបន់ភូមិភាគឦសាន ក្រសួងការងារនឹងជំរុញឱ្យទីភ្នាក់ងារជាតិមុខរបរ និងការងារ និងក្រុមការងារជំរុញការវិនិយោគភូមិភាគឦសានជួបជជែក ដើម្បីផ្ដល់ការងារក៏ដូចជាផ្គូរផ្គងកម្លាំងពលកម្មសម្រាប់រោងចក្រសហគ្រាសនៅតំបន់ប៉ែកឦសាន ធ្វើយ៉ាងណាឱ្យពលរដ្ឋមានការងារធ្វើ ហើយវិនិយោគិនមានកម្លាំងពលកម្មសម្រាប់បម្រើក្នុងខ្សែច្រវាក់ផលិតកម្មរបស់ខ្លួន ។
លោកបណ្ឌិត ញឹល រដ្ឋា អ្នកជំនាញសេដ្ឋកិច្ចអន្តរជាតិបានមានប្រសាសន៍ថា ការទាក់ទាញបានគម្រោងវិនិយោគចំនួន ៧៦ គម្រោង ដែលមានទុនសរុប ២ ៦៥០ លានដុល្លារ និងបង្កើតការងារ ៨៣ ០០០ កន្លែង ក្នុងរយៈពេល ១៨ ខែចុងក្រោយនេះ មិនមែនគ្រាន់តែជាតួលេខសេដ្ឋកិច្ចធម្មតាទេ ប៉ុន្តែជា យុទ្ធសាស្ត្រភូមិសាស្ត្រសេដ្ឋកិច្ចដ៏សំខាន់របស់កម្ពុជា។
លោកបន្តថា ៖ «តាមរយៈសកម្មភាពនៃការវិនិយោគនេះ នឹងផ្លាស់ប្តូរតំបន់ភូមិភាគឦសាន ពី «តំបន់ដាច់ស្រយាល» ទៅជា «ប៉ូលសេដ្ឋកិច្ចទី៥ និងច្រករបៀងយុទ្ធសាស្ត្រ» ។ ក្នុងរយៈពេល ៥-១០ ឆ្នាំខាងមុខ ភូមិភាគឦសាន នឹងប្រែក្លាយពីតំបន់ដែលពឹងផ្អែកលើកសិកម្មបែបប្រពៃណី ទៅជាមជ្ឈមណ្ឌលកែច្នៃកសិ-ឧស្សាហកម្ម ថាមពលបៃតង និងទេសចរណ៍ធម្មជាតិកម្រិតខ្ពស់»។
លោកបណ្ឌិត ញឹល រដ្ឋា បានបន្ថែមថា តាមទ្រឹស្តីភូមិសាស្ត្រនយោបាយ និងសេដ្ឋកិច្ច ការកសាងហេដ្ឋារចនាសម្ព័ន្ធ ការបង្កើតតំបន់សេដ្ឋកិច្ច និងការបញ្ជូនកម្លាំងពលកម្មទៅតាំងទីលំនៅ និងធ្វើការនៅតំបន់ព្រំដែន គឺជា «របងការពារជាតិដ៏រឹងមាំបំផុត» ដែលជួយបង្រួមគម្លាតអភិវឌ្ឍន៍ជាមួយប្រទេសជិតខាង (វៀតណាម និងឡាវ) និងកាត់បន្ថយការពឹងផ្អែកលើសេដ្ឋកិច្ចឆ្លងដែន។ មួយវិញទៀត នឹងធ្វើឱ្យតំបន់នេះនឹងក្លាយជាចំណុចប្រសព្វនៃការដឹកជញ្ជូនទំនិញពីតំបន់អាស៊ីអាគ្នេយ៍ដីគោក ភ្ជាប់ទៅកាន់កំពង់ផែទឹកជ្រៅ និងច្រករបៀងសេដ្ឋកិច្ចសំខាន់ៗ ។
បើនិយាយពីផលជះចំពោះការងារ ៨៣ ០០០ កន្លែង លើកម្រិតជីវភាពពលរដ្ឋក្នុងតំបន់ភូមិភាគឦសាន លោកបណ្ឌិត ញឹល រដ្ឋា ក៏បានបញ្ចេញទស្សនរបស់ខ្លួនឱ្យដឹងថា អាចការកាត់បន្ថយចំណាកស្រុក និងរក្សាកម្លាំងពលកម្មក្នុងតំបន់ ដោយការងារជាង ៨ ម៉ឺនកន្លែង នឹងជួយស្រូបទាញកម្លាំងពលកម្មក្នុងស្រុក និងបង្វែរលំហូរពលរដ្ឋពីតំបន់កណ្តាលឱ្យទៅរស់នៅ និងធ្វើការនៅភូមិភាគឦសានវិញ ដែលជួយបង្កើនដង់ស៊ីតេប្រជាជន និងកម្លាំងប្រើប្រាស់ក្នុងតំបន់។ក្រៅពីនេះវាក៏នឹងធ្វើឱ្យមានការផ្លាស់ប្តូររចនាសម្ព័ន្ធចំណូលគ្រួសារ ដោយធ្វើឱ្យពលរដ្ឋក្នុងមូលដ្ឋានផ្លាស់ប្តូរពីការរកចំណូលមិនទៀងទាត់ (ពឹងផ្អែកលើអាកាសធាតុ និងអនុផលព្រៃឈើ) មកទទួលបានប្រាក់បៀវត្សរ៍ទៀងទាត់ អត្ថប្រយោជន៍ ប.ស.ស. និងការផ្ទេរជំនាញបច្ចេកទេស។
លោកបញ្ជាក់ថា នៅពេលកម្មករ-និយោជិត ៨៣ ០០០ នាក់មានចំណូល វានឹងបង្កើតតម្រូវការទីផ្សារយ៉ាងគំហុកសម្រាប់អាជីវកម្មខ្នាតតូចក្នុងមូលដ្ឋាន (ម្ហូបអាហារ ផ្ទះជួល សេវាដឹកជញ្ជូន និងលក់រាយ) ដែលធ្វើឱ្យកម្រិតជីវភាពរបស់ពលរដ្ឋទូទាំងតំបន់ត្រូវបានលើកកម្ពស់ជាប្រព័ន្ធ ។
គួររម្លឹកថា ដើម្បីទាក់ទាញវិនិយោគិនក្នុង និងក្រៅប្រទេសចូលបណ្ដាក់ទុននៅភូមិភាគឦសានកាន់តែច្រើន ឯកឧត្តមបណ្ឌិតសភាចារ្យហ៊ាន សាហ៊ីប ប្រធានក្រុមការងារជំរុញការវិនិយោគភូមិភាគឦសានតែងតែណែនាំឱ្យលេខាធិការដ្ឋានក្រុមការងារជំរុញការវិនិយោគភូមិភាគឦសាន សិក្សា និង ធ្វើការអង្កេតស្រាវជ្រាវស៊ីជម្រៅអំពីបញ្ហាប្រឈម រួមទាំងភាពយឺតយ៉ាវនៃនីតិវិធីរដ្ឋបាល ជាពិសេស នៅពេលសហគ្រាសធុនមីក្រូ តូច និង មធ្យម (MSME) ជួបប្រទះបញ្ហាក្នុងការចុះបញ្ជី ក៏ដូចជាការវិនិយោគក្នុងភូមិភាគឦសាន ។ ការងារនេះ នឹងក្លាយជាមូលដ្ឋានជាក់ស្តែង ក្នុងការរៀបចំទិសដៅសាមញ្ញកម្មនីតិវិធី និងការដោះស្រាយបញ្ហាជាក់ស្តែង ជួយសម្រួលដល់គម្រោងវិនិយោគ ក្រោមយន្តការច្រកចេញចូលតែមួយ ដោយផ្តោតលើការផ្តល់សេវា និងសម្របសម្រួលនៅថ្នាក់ក្រោមជាតិ សំដៅកាត់បន្ថយថ្លៃដើម និងពេលវេលា ព្រមទាំងជួយសម្រាលបន្ទុកធុរជន ទាំងមុន និងក្រោយពេលចាប់ផ្តើមដំណើរការអាជីវកម្ម ជាពិសេស សម្រាប់សហគ្រាសដែលចូលរួមក្នុងសកម្មភាពផលិត និងកែច្នៃកសិផលក្នុងស្រុក ៕





វិថីហិរញ្ញវត្ថុ
































































Account
Security
Favourite Content