ព្រះវិហារ៖ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ សហការជាមួយអង្គការស្បៀង និងកសិកម្មនៃសហប្រជាជាតិ (FAO) តាមរយៈគម្រោងគជ់ បានផ្តល់គ្រឿងយន្តកសិកម្មចំនួន ៣១គ្រឿង ដល់សហគមន៍កសិកម្មក្នុងខេត្តព្រះវិហារ ដើម្បីជំរុញផលិតកម្មស្រូវសរីរាង្គ បង្កើនផលិតភាព និងកាត់បន្ថយថ្លៃដើមផលិតកម្ម។ ពិធីប្រគល់-ទទួលបានធ្វើឡើងកាលពីល្ងាចថ្ងៃទី១៩ ខែវិច្ឆិកា។
អ្នកស្រី Rebika Bell តំណាងអង្គការស្បៀង និងកសិកម្មនៃសហប្រជាជាតិ (FAO) ប្រចាំកម្ពុជា មានប្រសាសន៍ថា រាជរដ្ឋាភិបាល និងដៃគូអភិវឌ្ឍន៍ចង់ឃើញសហគមន៍កសិកម្មទទួលបានលទ្ធផលកាន់តែប្រសើរពីការប្រើប្រាស់គ្រឿងយន្តដែលបានផ្តល់ជូន ជាពិសេសការប្រើប្រាស់ឧបករណ៍ទាំងនេះឱ្យមានប្រសិទ្ធភាព និងអាចប្រើប្រាស់បានយូរអង្វែង។
អ្នកស្រីក៏សង្ឃឹមថា សហគមន៍កសិកម្មនីមួយៗនឹងអាចបង្កើនតម្លៃបន្ថែមដល់ផលិតផលស្រូវ និងបង្កើនប្រាក់ចំណូលសម្រាប់គ្រួសារកសិករនាពេលអនាគត។
ទន្ទឹមនឹងនេះ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានលើកឡើងថា តម្លៃស្រូវចន្លោះពី ៦០០រៀល ទៅ ៨០០រៀលក្នុងមួយគីឡូក្រាម និងស្រូវសែនក្រអូបចន្លោះពី ៧៥០រៀល ទៅជាង ១,០០០រៀលក្នុងមួយគីឡូក្រាម ត្រូវបានចាត់ទុកថាជាតម្លៃល្អ។ ឯកឧត្តមបានប្រៀបធៀបតម្លៃស្រូវទៅនឹងចង្វាក់បេះដូងមនុស្ស ដោយលើកឡើងថា ការដើរលឿនពេកក៏មិនល្អ ហើយការដើរយឺតពេកក៏មិនល្អដែរ។
ឯកឧត្តមរដ្ឋមន្ត្រីបានជំរុញ និងលើកទឹកចិត្តឱ្យសហគមន៍កសិកម្មបង្កើនការផលិតស្រូវសរីរាង្គឱ្យបានច្រើន ដោយផ្តោតលើការប្រើប្រាស់ជីសរីរាង្គ និងមិនប្រើប្រាស់ជីគីមី ឬបាញ់ថ្នាំគីមីឡើយ ដើម្បីផលិតស្រូវដែលមានគុណភាព និងអាចទទួលបានតម្លៃខ្ពស់។
ឯកឧត្តមបានណែនាំថា ដើម្បីទទួលបានប្រាក់ចំណេញកាន់តែច្រើន កសិករត្រូវយកចិត្តទុកដាក់កាត់បន្ថយថ្លៃដើមផលិតកម្ម ព្រោះការទិញធាតុចូលកសិកម្មក្នុងតម្លៃខ្ពស់អាចធ្វើឱ្យខាតបង់ ឬទទួលបានប្រាក់ចំណេញតិច។ ឯកឧត្តមបានបញ្ជាក់ថា ការផ្តល់គ្រឿងយន្តកសិកម្មដល់សហគមន៍នាពេលនេះ គឺជាផ្នែកមួយដែលអាចជួយកាត់បន្ថយការចំណាយ និងសម្រួលការងារកសិកម្ម ចាប់ពីការរៀបចំដីធ្វើស្រែតទៅ។
ចំណែកឯកឧត្តម គីម រិទ្ធី អភិបាលនៃគណៈអភិបាលខេត្តព្រះវិហារ បានសម្តែងការសាទរចំពោះការផ្តល់ធនធានផលិតកម្មកសិកម្មដល់សហគមន៍ ដោយលើកឡើងថា គ្រឿងយន្តទាំងនេះនឹងជួយបង្កើនផលិតភាព កាត់បន្ថយថ្លៃដើមធ្វើស្រែ និងពង្រឹងភាពធន់របស់កសិករទៅនឹងការប្រែប្រួលអាកាសធាតុ។
ឯកឧត្តមបានបញ្ជាក់ថា ខេត្តព្រះវិហារមិនខ្វះប្រភពទឹក ឬអាងស្តុកទឹកសម្រាប់វិស័យកសិកម្មនោះទេ ហើយរាជរដ្ឋាភិបាលកំពុងពង្រីកបណ្តាញ និងប្រឡាយជើងក្អែបបន្ថែមទៀត ដើម្បីនាំទឹកទៅកាន់តំបន់ធ្វើស្រែរបស់ប្រជាកសិករជាច្រើនតំបន់។
តាមរយៈគម្រោងគជ់ អង្គការ FAO ក្រសួងបរិស្ថាន និងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានរៀបចំពិធីប្រគល់-ទទួលគ្រឿងយន្តកសិកម្មជាបន្តបន្ទាប់ដល់សហគមន៍កសិកម្មក្នុងខេត្តចំនួន៤ រួមមាន ខេត្តកំពង់ធំ ឧត្តរមានជ័យ ព្រះវិហារ និងសៀមរាប។ សម្រាប់ខេត្តព្រះវិហារ គ្រឿងយន្តដែលបានប្រគល់ជូនរួមមាន ត្រាក់ទ័រ ១១គ្រឿង ម៉ាស៊ីនច្រូត ១៧គ្រឿង និងគោយន្ត ៣គ្រឿង សរុបចំនួន ៣១គ្រឿង។
បើតាមរបាយការណ៍របស់មន្ទីរកសិកម្មខេត្តព្រះវិហារ គិតត្រឹមឆ្នាំ២០២៦ ខេត្តនេះមានសហគមន៍កសិកម្មចំនួន ៤៨ ដែលមានសមាជិកសរុប ១១,៤៨៤នាក់។ ក្នុងចំណោមនេះ សហគមន៍ចំនួន២៩ បានចុះកិច្ចសន្យាផលិត និងផ្គត់ផ្គង់ស្រូវសរីរាង្គក្នុងបរិមាណ ៤៣,៨៩៥តោន តាមរយៈកិច្ចសន្យាចំនួន៣៣ ជារៀងរាល់ឆ្នាំ ជាមួយក្រុមហ៊ុនផលិត និងកែច្នៃអង្ករធំៗ ដូចជា Amro Rice, Golden Rice និង Khmer Food ជាដើម៕









វិថីហិរញ្ញវត្ថុ































































Account
Security
Favourite Content