ភ្នំពេញ ៖ ក្រោយពេលបានមកទស្សនាប្រទេសកម្ពុជាចំនួន ៨ ដង ចាប់តាំងពីឆ្នាំ២០១២ លោក Mitch Pettit ភ្ញៀវទេសចរក៏ដូចជាអ្នកជំនួញជនជាតិអាមេរិក បានកោតសរសើរចំពោះភាពរីកចម្រើនឥតឈប់ឈររបស់កម្ពុជា ដោយសង្កត់ធ្ងន់ថា ក្រុមហ៊ុនបច្ចេកវិទ្យាហិរញ្ញវត្ថុថ្មីៗ (Fintech startups) សហគ្រិន ត្រួសត្រាយផ្លូវ និងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធយ៉ាងឆាប់រហ័ស បានលេចចេញជារូបរាងឡើងជារៀងរាល់ឆ្នាំ។
ថ្លែងប្រាប់សារព័ត៌មាន AMS ក្នុងកិច្ចប្រជុំកំពូល Black Swan នៅរាជធានីភ្នំពេញ លោក Mitch Pettit ទីប្រឹក្សាផ្នែកហានិភ័យនៃក្រុមហ៊ុន Gallagher មកពីសហរដ្ឋអាមេរិក បានលើកឡើងថា ការក្លាយជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំកំពូលនេះ គឺជាឱកាសដ៏ល្អប្រសើរសម្រាប់ប្រទេសកម្ពុជា។
លោកបានមានប្រសាសន៍ថា៖ «ជាពិសេស ទាក់ទងនឹងប្រព័ន្ធបាគង (Bakong) ខ្ញុំគិតថា វាគឺជាឱកាសដ៏អស្ចារ្យមួយក្នុងការមើលឃើញវិធីសាស្ត្រផ្ទេរប្រាក់បែបបដិវត្តន៍ថ្មី តាមរយៈបច្ចេកវិទ្យា Blockchain ហើយវាពិតជាបានផ្តល់ក្តីសង្ឃឹមដល់ប្រទេសកំពុងអភិវឌ្ឍន៍ដទៃទៀត ដែលត្រូវការហេដ្ឋារចនាសម្ព័ន្ធប្រភេទនេះ ឱ្យបានឃើញនូវគំរូដ៏ល្អឯកមួយ ដែលកំពុងទទួលបានជោគជ័យនៅក្នុងតំបន់អាស៊ីអាគ្នេយ៍»។

កាលដែលមនុស្សរាប់រយនាក់ រួមមានអ្នកជំនួញ ធនាគារិក អ្នកជំនាញផ្នែកបច្ចេកវិទ្យា ព្រមទាំងភាគីពាក់ព័ន្ធនានា បានចូលរួមក្នុងកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី (Francophone Summit) លើកទី២០ នៅរាជធានីភ្នំពេញ ប្រទេសកម្ពុជា បានបង្ហាញឱ្យឃើញពីភាពរីកចម្រើន និងការផ្លាស់ប្តូរមុខមាត់ថ្មីរបស់ខ្លួន ចាប់តាំងពីឆ្នាំ១៩៧៥ មក។
លោក Mitch Pettit បានមានប្រសាសន៍ថា ៖ «ខ្ញុំបានមកប្រទេសកម្ពុជាចំនួន៨ដងរួចមកហើយ ដោយលើកដំបូងគឺនៅឆ្នាំ២០១២។ ខ្ញុំបានធ្វើដំណើរមកកាន់ប្រទេសកម្ពុជា ទាំងសម្រាប់ដំណើរទស្សនកិច្ចធុរកិច្ច និងដំណើរកម្សាន្តជាលក្ខណៈគ្រួសារ។ ចាប់តាំងពីឆ្នាំ២០១២ ខ្ញុំនៅចាំបានថា កាលដែលខ្ញុំរស់នៅរាជធានីភ្នំពេញក្នុងឆ្នាំ២០១២ យើងនៅប្រើប្រាស់ទូរស័ព្ទម៉ាក Nokia នៅឡើយ ប៉ុន្តែសព្វថ្ងៃនេះ អ្វីៗគឺខុសប្លែកពីមុន ហើយកាលនោះក៏មិនទាន់មានឧបករណ៍ទំនើប និងឌីជីថលសម្រាប់ប្រព័ន្ធធនាគារដូចបច្ចុប្បន្ននេះដែរ»។
លោក Mitch Pettit បានគូសបញ្ជាក់ពីជម្រើសធនាគារដ៏សម្បូរបែបដែលមាននាពេលបច្ចុប្បន្ន ដោយកត់សម្គាល់ថា ការទូទាត់តាមប្រព័ន្ធឌីជីថលត្រូវបានទទួលយកនៅគ្រប់ទីកន្លែង ចាប់ពីផ្សារទំនើបធំៗ រហូតដល់តូបលក់ដូរតូចៗក្នុងស្រុក តាមរយៈQR Code ដែលធ្វើឱ្យការធ្វើប្រតិបត្តិការហិរញ្ញវត្ថុមានភាពងាយស្រួលសម្រាប់មនុស្សគ្រប់គ្នា។

ក្នុងអំឡុងពេលនៃកិច្ចប្រជុំកំពូល Black Swan Summit លោកបានសង្កត់ធ្ងន់ថា ក្រៅពីជាកន្លែងជួបជុំ ប្រទេសកម្ពុជាហាក់ដូចជាបានត្រៀមខ្លួនរួចជាស្រេច ដើម្បីស្វាគមន៍ព្រឹត្តិការណ៍អន្តរជាតិធំៗបន្ថែមទៀត។ លោកបានចង្អុលបង្ហាញថា ប្រទេសនេះគឺជាទីតាំងដ៏ល្អបំផុតសម្រាប់រៀបចំព្រឹត្តិការណ៍បែបនេះនៅក្នុងតំបន់អាស៊ីអាគ្នេយ៍ ដោយដើរតួជាចំណុចតភ្ជាប់ដ៏សំខាន់ទៅកាន់តំបន់អាស៊ីទាំងមូល។
ទោះបីជា មនុស្សមួយចំនួនមិនទាន់ចាត់ទុកកម្ពុជាជាមជ្ឈមណ្ឌលបច្ចេកវិទ្យា (Tech hotspot) ក៏ដោយ Mitch Pettit បានលើកឡើងថា កម្ពុជាកំពុងចាប់ផ្តើមលេចធ្លោឡើងក្លាយជាមជ្ឈមណ្ឌលកំណើនដ៏សំខាន់មួយនៅអាស៊ីអាគ្នេយ៍ ហើយទំនងជានឹងបន្តក្លាយជាតំបន់ចម្បងសម្រាប់ការជួបជុំផ្នែកបច្ចេកវិទ្យា និងនវានុវត្តន៍នៅក្នុងតំបន់។
ត្រឡប់មកកាន់ប្រទេសកម្ពុជាម្តងទៀត ប្រមាណ១ឆ្នាំ បន្ទាប់ពីដំណើរទស្សនកិច្ចលើកមុន លោក Mitch Pettit បានកត់សម្គាល់ថា ប្រទេសនេះមានការផ្លាស់ប្តូរឥតឈប់ឈរ។ លោកបានមានប្រសាសន៍ថា អ្វីដែលលេចធ្លោអំពីប្រទេសកម្ពុជានាពេលបច្ចុប្បន្ន គឺការមើលឃើញនវានុវត្តន៍ថ្មីៗ ក្រុមហ៊ុន ធុរកិច្ចថ្មី (Startups) និងបច្ចេកវិទ្យាហិរញ្ញវត្ថុ (Fintech) លេចចេញជារូបរាងឡើងជារៀងរាល់ឆ្នាំ ដែលជំរុញដោយសហគ្រិនក្នុងស្រុកដែលត្រួសត្រាយផ្លូវលើបច្ចេកវិទ្យាថ្មីៗ។

ជាមួយនឹងបទពិសោធន៍យ៉ាងច្រើននៅក្នុងប្រទេសកម្ពុជា លោកបានបង្ហាញចំណាប់អារម្មណ៍ថា៖ «អ្នកណាក៏ដោយដែលនៅមានភាពមិនច្បាស់លាស់អំពីប្រទេសកម្ពុជា ហើយកំពុងស្វែងរកនិងសាកល្បងកន្លែងថ្មីៗ កម្ពុជាគួរតែជាជម្រើសទីមួយរបស់អ្នកជាចម្បង ដោយសារតែវាជាកន្លែងដែលមានសុវត្ថិភាពបំផុតមួយនៅអាស៊ី»។
លោកបានបន្ថែមថា៖ «ប្រជាជននៅទីនេះគឺជាមនុស្សដែលរួសរាយរាក់ទាក់បំផុត ហើយផ្លូវថ្នល់ក៏មានសុវត្ថិភាពដែរ ចាប់តាំងពីខ្ញុំធ្លាប់បានធ្វើដំណើរតាំងពីខ្ញុំបានមកទីនេះក្នុងឆ្នាំ២០១២។ ទីនេះក៏ជាកន្លែងដ៏ល្អប្រសើរសម្រាប់ការចាប់ផ្តើមអាជីវកម្មផងដែរ ដោយមានបរិយាកាសអំណោយផលខ្លាំងដល់ធុរកិច្ច ហើយវានឹងបន្តកាន់តែប្រសើរឡើង និងកាន់តែងាយស្រួលក្នុងការធ្វើប្រតិបត្តិការសាច់ប្រាក់ថែមទៀត»។





វិថីហិរញ្ញវត្ថុ






























































Account
Security
Favourite Content