កសិដ្ឋានចិញ្ចឹមត្រីប្រាមួយកន្លែង ស្ថិតក្នុងក្រុងរុនតាឯកតេជោសែន កំពុងបង្ហាញពីសក្តានុពលខ្ពស់ក្នុងការផលិត និងផ្គត់ផ្គង់ត្រីប្រាទៅកាន់ទីផ្សារក្នុងខេត្តសៀមរាប ចន្លោះពី ៣៧០ ដល់ ៤៥០ តោនក្នុងមួយឆ្នាំ។
ការពង្រីកសមត្ថភាពផលិតនេះ ធ្វើឡើងដើម្បីឆ្លើយតបទៅនឹងតម្រូវការហូបចុកប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋ និងគាំទ្រដល់វិស័យទេសចរណ៍ ព្រមទាំងជាកាតាលីករ (Catalyst) ក្នុងការជំរុញសេដ្ឋកិច្ចមូលដ្ឋាននៅក្នុងតំបន់អភិវឌ្ឍន៍ថ្មីនេះ ផងដែរ។
លោក រស់ និមល ម្ចាស់កសិដ្ឋានចិញ្ចឹមត្រីប្រារុនតាឯកតេជោសែន បានឱ្យដឹងថា កសិដ្ឋានរបស់លោកបានដំណើរការអស់រយៈពេល ៣ ឆ្នាំមកហើយ ដោយផ្តោតសំខាន់លើការចិញ្ចឹមតាមបច្ចេកទេសវារីវប្បកម្មស្តង់ដារ និងគិតគូរពីសុខភាពអ្នកបរិភោគជាចម្បង។
លោកបន្តថា បច្ចុប្បន្ន កសិដ្ឋានដំណើរការលើផ្ទៃដីស្រះសរុបចំនួន ៨ ស្រះ ដោយប្រើប្រាស់កម្លាំងពលកម្មជិត ១០ នាក់ដោយមាន ស្រះខ្នាតមធ្យម (៧ ស្រះ) ដាក់ចិញ្ចឹមឆ្លាស់គ្នា ដោយប្រមូលផលបានប្រមាណ ៣២ ទៅ ៣៥ តោន ក្នុងមួយស្រះ និងស្រះខ្នាតធំ ១ ស្រះ អាចប្រមូលផលបានប្រមាណ ៧០ ទៅ ៨០ តោន។
លោក រស់ និមល បានបញ្ជាក់ថា៖
“សម្រាប់ការចិញ្ចឹមត្រី វារីវប្បកម្មឱ្យត្រូវតាមបច្ចេកទេស ទោះបីមិនទាន់ទទួលបានផលចំណេញធំដុំ តែស្ថិតក្នុងកម្រិតសមរម្យអាចទទួលយកបាន។”
ទន្ទឹមនេះ ម្ចាស់កសិដ្ឋានខាងលើ បានប្រាប់ពីដំណើរការនៃខ្សែច្រវាក់តម្លៃ និងការគ្រប់គ្រងការផ្គត់ផ្គង់ (Value Chain & Supply Chain) របស់ខ្លួន ដើម្បីជំរុញផលិតកម្មក្នុងស្រុក កសិដ្ឋានបានផ្លាស់ប្តូរពីការនាំចូលកូនត្រីពីបរទេស មកជាការបញ្ជាទិញកូនត្រីពីអ្នកភ្ញាស់ក្នុងស្រុកវិញ ដែលនេះជាការជួយលើកទឹកចិត្ត ដល់អ្នកផលិតពូជត្រី ឱ្យបង្កើនគុណភាពបន្ថែម។
ទោះជាយ៉ាងណា ម្ចាស់កសិដ្ឋានរូបនេះ បានបង្ហាញក្តីកង្វល់លើ «បញ្ហាចំណីត្រី» កសិដ្ឋានអាចផលិតចំណីខ្លួនឯងបានខ្លះដោយប្រើម៉ាស៊ីនកិន ប៉ុន្តែពុំអាចកំណត់កម្រិតជាតិប្រូតេអ៊ីន (Protein) ឱ្យបានច្បាស់លាស់តាមស្តង់ដារឡើយ។ ហេតុនេះ កសិដ្ឋានត្រូវសម្រេចចិត្តទិញចំណីស្រាប់នៅលើទីផ្សារក្នុងស្រុកស្ទើរតែទាំងស្រុង ដែលជាចំណីមានការចុះបញ្ជីពាណិជ្ជកម្មត្រឹមត្រូវ និងផ្សំពីវត្ថុធាតុដើមធម្មជាតិ ដើម្បីធានាគុណភាពសាច់ត្រី។
តាមរយៈតួលេខខាងលើ បង្ហាញថា កម្ពុជានៅតែមានឱកាស និងសក្តានុពលធំធេង សម្រាប់វារីវប្បករក្នុងស្រុកក្នុងការបង្កើនសមត្ថភាពផលិត និងដើម្បីកាត់បន្ថយការនាំចូល ស្របពេលដែលម្ចាស់កសិដ្ឋានរុនតាឯក ក៏បានធ្វើការអំពាវនាវឱ្យប្រជាពលរដ្ឋងាកមកគាំទ្រផលិតផលត្រីចិញ្ចឹមក្នុងស្រុក ដែលមានបច្ចេកទេសខ្ពស់ និងធានាសុវត្ថិភាព សុខភាព កាន់តែច្រើនឡើង។
លោក និមល បានបន្ថែមថា ត្រីប្រារបស់កសិដ្ឋានរុនតាឯក ទទួលបានការគាំទ្រយ៉ាងខ្លាំងពីអាជីវករ និងអ្នកស្រុកសៀមរាប ដោយសារត្រីមានទម្ងន់ស្តង់ដារចន្លោះពី ០,៨ ដល់ ១ គីឡូក្រាម (ក្រោយការផ្តល់ចំណីរយៈពេល ៨ ទៅ ៩ ខែ) ដែលជាទំហំតម្រូវការទីផ្សារ។
បើតាមលោក ឈត ឈួ ដែលជាភ្នាក់ងារដឹកជញ្ជូនត្រីពីកសិដ្ឋាន បានឱ្យដឹងថា ក្នុងមួយថ្ងៃៗ មានរថយន្តយ៉ាងហោចណាស់ ៣ គ្រឿង ដឹកជញ្ជូនត្រីទៅចែកចាយតាមតំបន់ នៃខេត្តសៀមរាប។ រថយន្តនីមួយៗអាចផ្ទុកត្រីបានចន្លោះពី ៨០០ ទៅ ៩០០ គីឡូក្រាម។ តម្លៃបោះដុំបច្ចុប្បន្នគឺ ៥,៥០០ រៀល ក្នុងមួយគីឡូក្រាម។
លោក ទា គឹមសុទ្ធ ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តសៀមរាប បានវាយតម្លៃខ្ពស់ថា កសិដ្ឋានរុនតាឯក គឺជាគំរូមួយដែលអនុវត្តតាមបច្ចេកទេសវារីវប្បកម្មបានត្រឹមត្រូវ។ ទោះបីជាមានការប្រកួតប្រជែងខ្ពស់នៅលើទីផ្សារ ប៉ុន្តែត្រីប្រាមកពីកសិដ្ឋាននេះ មានគុណភាពសាច់ណែនល្អ រសជាតិឆ្ងាញ់ និងមានសមត្ថភាពផ្គត់ផ្គង់ទីផ្សារជាលក្ខណៈវិលជុំបានយ៉ាងទៀងទាត់។
យោងតាម លោក ឡែម សុថាវរិទ្ធិ ប្រធានគណៈប្រតិបត្តិសមាគមវារីវប្បករនៅកម្ពុជា បានប្រាប់ AMS ថា ជាទូទៅត្រីប្រា នាបច្ចុប្បន្ននេះ វិស័យវារីវប្បកម្ម បានចិញ្ចឹមដល់ទៅ ៧០% នៅក្នុងស្រុក។ ក្នុង ១ ថ្ងៃ ប្រជាជនកម្ពុជា ត្រូវការហូបត្រីប្រមាណពី ៩៥០ ទៅ ១០០០ តោន។ ចំនួននេះបានពីត្រីធម្មជាតិ និងចិញ្ចឹមប្រមាណ ៥៧% ដូច្នេះតម្រូវការត្រីនាំចូលប្រមាណត្រឹម ៤៣%៕




វិថីហិរញ្ញវត្ថុ


Account
Security
Favourite Content