អ្នកជំនាញ​រំពឹង​ថា​ ​យុទ្ធនាការ​បញ្ចុះ​តម្លៃ​រហូតដល់​ ​៥០​% ​ជួយ​ជំរុញ​សកម្មភាព​ទេសចរណ៍​ក្នុង​ខេត្ត​សៀមរាប​

​សៀមរាប​៖ ​អ្នកជំនាញ​ក្នុង​វិស័យ​ទេសចរណ៍​ ​រំពឹង​ថា​ ​«​យុទ្ធនាការ​បញ្ចុះ​តម្លៃ​សេវាកម្ម​ទេសចរណ៍​ខេត្ត​សៀមរាប ​ឆ្នាំ​២០២៦​» ​(​Siem​ ​Reap​ ​Tourism​ ​Service​ ​Mega​ ​Sale​) ​ដែល​ផ្តល់​ការ​បញ្ចុះ​តម្លៃ​ចាប់ពី​ ​១០​% ​ដល់​ ​៥០​% ​នឹង​ជួយ​ទាក់ទាញ​ភ្ញៀវ​ទេសចរ​បន្ថែម​ និង​ជំរុញ​សកម្មភាព​ទេសចរណ៍​ក្នុង​ខេត្ត​សៀមរាប​ ​អំឡុង​រដូវកាល​បៃតង​។

​ក្រសួង​ទេសចរណ៍​ ​បាន​ចាប់ផ្តើម​អនុវត្ត​សាកល្បង​យុទ្ធនាការ​នេះ​ ​ចាប់ពី​ថ្ងៃទី​១​ ​ខែសីហា ​ដល់​ថ្ងៃទី​៣១​ ​ខែតុលា ​ឆ្នាំ​២០២៦​ ​ដោយ​ផ្តល់​ការ​បញ្ចុះ​តម្លៃ​លើ​សេវាកម្ម​ទេសចរណ៍​របស់​គ្រឹះស្ថាន​ទេសចរណ៍​កម្រិត​ចាប់ពី​ផ្កាយ​៣​ ​ដល់​ផ្កាយ​៥​ ​នៅ​ទូទាំង​ខេត្ត​សៀមរាប​។ ​យុទ្ធនាការ​នេះ​មាន​គោលបំណង​លើកកម្ពស់​សកម្មភាព​ទេសចរណ៍​ក្នុង​អំឡុង​ ​Green​ ​Season​ ​និង​លើកទឹកចិត្ត​ឱ្យ​ភ្ញៀវ​ទេសចរ​មក​កម្សាន្ត​ ​និង​ប្រើប្រាស់​សេវាកម្ម​ដែល​មាន​ការ​បញ្ចុះ​តម្លៃ​។

​ឯកឧត្តម​ តុ​ប ​សុភ័ក​ រដ្ឋលេខាធិការ​ និង​ជា​អ្នកនាំពាក្យ​ក្រសួង​ទេសចរណ៍​ ​បាន​ប្រាប់​បណ្តាញ​សារព័ត៌មាន​ ​AMS​ ​នៅ​ថ្ងៃទី​៥​ ​ខែសីហា ​ថា​ ​យុទ្ធនាការ​នេះ​ជា​ផ្នែក​មួយ​នៃ​ការ​រួមចំណែក​ក្នុង​យុទ្ធនាការ​ ​Green​ ​Season​ ​របស់​កម្ពុជា​។

​ឯកឧត្តម​ តុ​ប ​សុភ័ក ​បាន​មានប្រសាសន៍​ថា​៖​ ​

«​កម្មវិធី​នេះ​ ​គឺជា​ការ​រួមចំណែក​មួយ​នៅក្នុង​យុទ្ធនាការ​ រដូវកាល​បៃតង​ ​(​Green​ ​Season​) ​របស់​កម្ពុជា​..​. ​សម្រាប់​កម្មវិធី​នេះ​ ​ភ្ញៀវ​ទេសចរ​ទាំងអស់​អាច​ចូល​ទៅក្នុង​គេហទំព័រ​ ​www​.​cambodiawonder​.​com​ ​ដើម្បី​ទទួលបាន​ការ​បញ្ចុះ​តម្លៃ​ពិសេស​ចាប់ពី​ ​១០​% ​ដល់​ ​៥០​%​»​។​

តាមរយៈ​គេហទំព័រ​នេះ​ ភ្ញៀវ​ទេសចរ​អាច​ទទួលបាន​ការ​បញ្ចុះ​តម្លៃ​លើ​សេវាកម្ម​ស្នាក់​នៅ​ ​ភោជនីយដ្ឋាន​ ​បារ ​ហាង​ ​ដឹកជញ្ជូន​ មគ្គុទ្ទេសក៍​ទេសចរ ​ស្ប៉ា ​និង​សេវាកម្ម​កញ្ចប់​ទស្សនកិច្ច​ ​រួមទាំង​កម្មវិធី​ទស្សនា​ថ្ងៃ​លិច​។

​ឯកឧត្តម​បាន​បញ្ជាក់​ថា​ ​ការ​ជ្រើសរើស​ខេត្ត​សៀមរាប​សម្រាប់​ការ​សាកល្បង​ដំបូង​ ​មិន​មាន​ន័យ​ថា​យុទ្ធនាការ​នេះ​នឹង​មាន​តែ​នៅ​ខេត្ត​នេះ​ទេ​ ​ហើយ​ប្រសិនបើ​ការ​សាកល្បង​ទទួលបាន​ជោគជ័យ​ ក្រសួង​នឹង​ពិចារណា​ពង្រីក​ទៅកាន់​គោលដៅ​ផ្សេង​ៗ​ទៀត​ទូទាំង​ប្រទេស​។

​ឯកឧត្តម​ តុ​ប ​សុភ័ក ​បាន​មានប្រសាសន៍​ថា​៖​ ​

«​កម្មវិធី​នេះ​មិន​មែន​ធ្វើត្រឹមតែ​ខេត្ត​សៀមរាប​មួយ​ទេ ​ប៉ុន្តែ​ជា​ការ​សាកល្បង​ដំបូង​នេះ​ ​យើង​រៀបចំ​កម្មវិធី​បញ្ចុះ​តម្លៃ​នេះ​នៅ​ខេត្ត​សៀមរាប​..​. ​បើ​ការ​សាកល្បង​នេះ​ទទួលបាន​ជោគជ័យ​ ​យើង​នឹង​ពង្រីក​ទៅកាន់​គោលដៅ​ផ្សេង​ៗ​ទៀត​នៅក្នុង​ក្របខ័ណ្ឌ​ទូទាំង​ប្រទេស​»​។

​ឯកឧត្តម​បាន​ថ្លែង​ថា​ ​គិត​ត្រឹម​ថ្ងៃទី​២​ ​ខែសីហា ​មាន​អាជីវកម្ម​ប្រមាណ​ ​៦០​ ​បាន​ចូលរួម​ក្នុង​យុទ្ធនាការ​នេះ​ ​ហើយ​ចំនួន​នេះ​នៅតែ​បន្ត​កើនឡើង​។ ​ការ​បញ្ចុះ​តម្លៃ​មិន​មាន​អត្រា​ដូចគ្នា​ទាំងអស់​នោះ​ទេ ​ដោយ​អាស្រ័យ​លើ​ប្រភេទ​សេវាកម្ម​ ​និង​មូលដ្ឋាន​អាជីវកម្ម ​ខណៈ​ការ​បញ្ចុះ​តម្លៃ​មាន​ចន្លោះ​ពី​ ​១០​% ​ដល់​ ​៥០​%​។ នេះបើយោងតាមការបញ្ជាក់របស់​ឯកឧត្តម​ តុ​ប ​សុភ័ក​។

លោក​ ​ធួន​ ស៊ីណាន ​ប្រធាន​សមាគម​ទេសចរណ៍​អាស៊ី​ប៉ាស៊ីហ្វិក​កម្ពុជា​ ​(​PATA​) ​បាន​ប្រាប់​ ​AMS​ ​នៅ​ថ្ងៃទី​៥​ ​ខែសីហា ​ថា​ ​ការ​បញ្ចុះ​តម្លៃ​ក្នុង​រដូវកាល​បៃតង​ ​គឺជា​រឿង​ដែល​សណ្ឋាគារ​ដែល​មាន​វិជ្ជាជីវៈ​បាន​អនុវត្ត​ជាទូទៅ​រួច​មកហើយ​ ​ដោយ​បែងចែក​តម្លៃ​សម្រាប់​ ​Green​ ​Season​ ​និង​ ​High​ ​Season​។

​លោក​បាន​ចាត់ទុក​ការ​បញ្ចុះ​តម្លៃ​នេះ​ថា​ ​ជា​សញ្ញា​វិជ្ជមាន​សម្រាប់​ការ​ផ្សព្វផ្សាយ​ទេសចរណ៍​ក្នុង​ស្រុក​ ​ហើយ​អាច​ជួយ​ទាក់ទាញ​អ្នកដំណើរ​បុគ្គល ​ដែល​មិន​ទិញ​កញ្ចប់​ទេសចរណ៍​ ​ឱ្យ​ពេញចិត្ត​នឹង​តម្លៃ​ ​និង​អាច​បន្ត​ការ​ស្នាក់នៅ​របស់​ពួកគេ​បាន​។

​លោក​ ​ធួន​ ស៊ីណាន ​បាន​លើកឡើង​ថា​៖ ​ការ​បញ្ចុះ​តម្លៃ​នេះ​ ​ជា​សញ្ញា​វិជ្ជមាន​មួយ​ សម្រាប់​ការ​ផ្សព្វផ្សាយ​នៅក្នុង​ស្រុក​..​. ​ទេសចរ​បុគ្គល​ (​Individual​ ​Traveler​) ​ដែល​មិន​មែន​ជា​អ្នក​ដែល​ទិញ​កញ្ចប់​ទេសចរណ៍​ ​ពួកគាត់​អាច​មាន​ការ​ពេញចិត្ត​ចំពោះ​ការ​ចុះ​ថ្លៃ​ ​ឬ​ក៏​បន្ត​ការ​ស្នាក់​នៅ​បន្ថែម​។

​លោក​បាន​បន្ត​ថា​ ​យុទ្ធនាការ​បញ្ចុះ​តម្លៃ​អាច​ទាក់ទាញ​ភ្ញៀវ​ក្នុង​ស្រុក​បាន​ ​ប៉ុន្តែ​សម្រាប់​ការ​ធ្វើ​ផែនការ​រយៈពេល​វែង​ ការ​បញ្ចុះ​តម្លៃ​ ​និង​ប្រូម៉ូសិន​គួរ​ត្រូវបាន​ផ្សព្វផ្សាយ​ជាមុន ​ដើម្បីឱ្យ​ភ្ញៀវ​អាច​រៀបចំ​ផែនការ​ធ្វើដំណើរ​បាន​។

​លោក​បាន​បញ្ជាក់​ថា​៖​

«​សម្រាប់​រយៈពេល​យូរ ​យើង​ពុំ​គួរ​មើល​តែ​មួយ​ជ្រុង​ទៅលើ​ការ​បញ្ចុះ​តម្លៃ​ទេ ​យើង​ត្រូវតែ​ប្រឹង​បង្កើត​នូវ​ផលិតផល​ ផ្សព្វផ្សាយ​នូវ​ផលិតផល​ទេសចរណ៍​ឱ្យ​បាន​ទៅដល់​គោលដៅ​ដែល​យើង​ចង់​ធ្វើ​.​..​ ​សម្រាប់​ខ្ញុំ​ ​ខ្ញុំ​ចង់ឱ្យ​យើង​មើល​រយៈពេល​វែង​ប្រសើរ​ជាង​យើង​ធ្វើ​តែ​រយៈពេល​ខ្លី​»​។

​លោក​ ​ធួន​ ស៊ីណាន ​ក៏​បាន​សង្កេតឃើញ​ថា​ ​ភ្ញៀវ​អន្តរជាតិ​ទៅកាន់​សៀមរាប​ក្នុង​រដូវកាល​បៃតង​នៅ​មាន​ចំនួន​តិចតួច ​ខណៈ​សន្ទុះ​ភ្ញៀវ​ក្នុង​ស្រុក​ក៏​មិន​ទាន់​អាច​ប្រៀបធៀប​ជាមួយ​តំបន់​សមុទ្រ ​ឬ​តំបន់​ធម្មជាតិ​ផ្សេង​ទៀត​បាន​។

​លោក​យល់​ថា​ ​មូលហេតុ​មួយ​គឺ​ការ​ផ្សព្វផ្សាយ​សៀមរាប​នៅតែ​ផ្តោត​ខ្លាំង​លើ​ប្រាសាទ​បុរាណ ​ខណៈ​ខេត្ត​នេះ​មាន​ធនធាន​ធម្មជាតិ​ជាច្រើន​នៅ​ជុំវិញ​ទី​រួម​ខេត្ត​ ​ដែល​គួរ​ត្រូវបាន​ផ្សព្វផ្សាយ​បន្ថែម​។

​លោក​ ​ធួន​ ស៊ីណាន ​បាន​មានប្រសាសន៍​ថា​៖​

«​ការ​ពិត​ ​សៀមរាប​ វា​លើស​អំពី​តំបន់​ប្រាសាទ​។ ​ប៉ុន្តែ​ ​ការ​ផ្សព្វផ្សាយ​របស់​យើង​ ​ផ្សព្វផ្សាយ​តែ​តំបន់​ប្រាសាទ​..​. ​យើង​ត្រូវតែ​ប្រឹង​បង្កើត​នូវ​ផលិតផល​ ផ្សព្វផ្សាយ​នូវ​ផលិតផល​ទេសចរណ៍​..​. ​ជាជាង​ដែល​យើង​មើល​តែ​ទៅ​លើ​ចំណុច​ដែល​រយៈពេល​ខ្លី​ៗ​»។

​លោកជំទាវ​ ​ឆាយ ​ស៊ីវលីន ​ប្រធាន​សមាគម​ទេសចរណ៍​កម្ពុជា​ ​បាន​ប្រាប់​ ​AMS​ ​នៅ​ថ្ងៃទី​៥​ ​ខែសីហា ​ថា​ ​ការ​ដាក់​ឱ្យ​ប្រើប្រាស់​យន្តការ​បញ្ចុះ​តម្លៃ​សេវាកម្ម​ទេសចរណ៍​ខេត្ត​សៀមរាប ​ឆ្នាំ​២០២៦​ ​គឺជា​គំនិត​ល្អ​ និង​អាច​ក្លាយជា​សារផ្សព្វផ្សាយ​ដ៏​ទាក់ទាញ​សម្រាប់​ភ្ញៀវ​ទេសចរ ​ជាពិសេស​ប្រសិនបើ​ការ​បញ្ចុះ​តម្លៃ​អាច​ឈានដល់​ ​៥០​%​។

​លោកជំទាវ​ ​ឆាយ ​ស៊ីវលីន ​បាន​មានប្រសាសន៍​ថា​៖​

«​ការ​ដាក់​ឱ្យ​ប្រើប្រាស់​នូវ​យន្តការ​បញ្ចុះ​តម្លៃ​សេវាកម្ម​ទេសចរណ៍​ខេត្ត​សៀមរាប ​ឆ្នាំ​២០២៦​ ​នេះ​ ​គឺ​វា​ពិតជា​ល្អ​ហើយ​។ ​កាលណា​មាន​យុទ្ធនាការ​អី​កើតឡើង​ទាក់ទង​ទៅ​នឹង​សេវាកម្ម​ទេសចរណ៍​ ​គឺជា​សារផ្សព្វផ្សាយ​មួយ​ទាក់ទាញ​..​. ​ហើយ​បើ​អាច​ចុះ​រហូត​ទៅដល់​ ​៥០​% ​អ៊ីចឹង​មែន​ វា​ពិតជា​ទាក់ទាញ​ខ្លាំង​»។

​ទោះជា​យ៉ាងណា​ ​លោកជំទាវ​បាន​លើកឡើង​ថា​ ​ប្រសិនបើ​យុទ្ធនាការ​ត្រូវបាន​ដាក់ឈ្មោះ​ថា​ ​ការ​បញ្ចុះ​តម្លៃ​សេវាកម្ម​ទេសចរណ៍​ ​គួរតែ​មាន​ការ​ចូលរួម​ពី​ភ្នាក់ងារ​ទេសចរណ៍​ ​ដែល​ជា​អ្នករៀបចំ​កញ្ចប់​ទស្សនកិច្ច​ ​ដើម្បី​ធ្វើឱ្យ​ការ​បញ្ចុះ​តម្លៃ​មាន​ភាព​ពេញលេញ​ជាង​មុន​។

​លោកជំទាវ​បាន​ពន្យល់​ថា​ ​ការ​ចូលរួម​របស់​សេវា​ករ​ទាំងអស់​ ​គួរ​រួមមាន​សេវា​ស្នាក់​នៅ​ ​ដឹកជញ្ជូន​ ​ភ្នាក់ងារ​ទេសចរណ៍​ ​និង​អ្នករៀបចំ​កញ្ចប់​ទេសចរណ៍​ ​ដើម្បីឱ្យ​ភ្ញៀវ​អាច​ទទួលបាន​អត្ថប្រយោជន៍​ពី​ការ​បញ្ចុះ​តម្លៃ​ជា​កញ្ចប់​។

​លោកជំទាវ​ ​ឆាយ ​ស៊ីវលីន ​បាន​គូសបញ្ជាក់​ថា​៖​

«​កាលណា​យើង​ធ្វើ​ការ​បញ្ចុះ​តម្លៃ​អ្វី​មួយ​ ត្រូវ​ទាញ​ឱ្យ​សេវា​ករ​ទាំងអស់​ជា​កញ្ចប់​ឱ្យ​ចូលរួម​ជាមួយគ្នា​ ​អា​ហ្នឹង​ទើប​វា​មាន​ប្រសិទ្ធភាព​ ​ហើយ​អ្នក​ខាង​សេវាកម្ម​ស្នាក់​នៅ​ក៏​ចុះ​តម្លៃ​ ​សេវាកម្ម​ដឹក​ជញ្ជូន​ក៏​ចុះ​ ​សេវាកម្ម​រៀបចំ​កញ្ចប់​ក៏​ចុះ​ ហ្នឹង​បាន​វា​មើលឃើញ​ថា​ការ​ចូលរួម​ជាមួយគ្នា​ ​ទើប​ការ​ផ្សព្វផ្សាយ​នេះ​វា​បាន​ទៅដល់​អ្នកប្រើប្រាស់​ផ្ទាល់​»​។

​លោកជំទាវ​បាន​ស្នើ​ឱ្យ​ក្រសួង​ទេសចរណ៍​កៀរ​គរ​ឱ្យ​មាន​ការ​ចូលរួម​ពី​គ្រប់​សេវា​ករ​ទេសចរណ៍​ ​រួមមាន​ភ្នាក់ងារ​ទេសចរណ៍​ ​សេវា​ដឹកជញ្ជូន​ផ្លូវ​គោក​ ​ផ្លូវ​ទឹក​ ​ផ្លូវ​អាកាស​ និង​សេវា​ស្នាក់​នៅ​ ​ដើម្បី​បង្កើន​ភាព​ទាក់ទាញ​ ​និង​ប្រសិទ្ធភាព​នៃ​យុទ្ធនាការ​។

​លោកជំទាវ​បាន​បញ្ជាក់​ថា​៖​

«​និយាយ​រួម​ យុទ្ធនាការ​បញ្ចុះ​តម្លៃ​នេះ​ ​គួរតែ​ក្រសួង​ធ្វើ​ការ​កៀរ​គរ​ឱ្យ​មាន​ការ​ចូលរួម​ពី​គ្រប់​សេវា​ករ​ទាំងអស់​..​. ​អ៊ីចឹង​ ​ទើប​អាច​ធ្វើឱ្យ​យុទ្ធនាការ​បញ្ចុះ​តម្លៃ​នេះ​វា​មាន​ភាព​ទាក់ទាញ​ ​ហើយ​ទទួលបាន​ជោគជ័យ​»៕​


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

កសិករជាជនជាតិដើមភាគតិច ទំពូន នៅខេត្តរតនគិរី កំពុងទទួលជីវភាពប្រសើរ ក្រោយពេលប្រើសេវាឥណទានផ្លូវការ

Top News, ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 11/08/2026

ប្រជាជននៅក្នុងខេត្តរតនគិរី នាពេលបច្ចុប្បន្ន បាន និងកំពុង បន្តភាពរីកចម្រើន និងអភិវឌ្ឍន៍ ទាំងក្នុងសកម្មភាពរស់នៅប្រចាំថ្ងៃ ក៏ដូចជាការប្រកបមុខរបរដើម្បីលើកស្ទួយកម្រិតជីវភាពឱ្យកាន់តែល្អប្រសើរ

រដ្ឋាភិបាលវៀតណាម នឹងចេញវិធានការហាមឃាត់ពលរដ្ឋមិនឱ្យធ្វើការងារម៉ាស្សានៅបរទេស

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 11/08/2026

បទប្បញ្ញត្តិបរដ្ឋាភិបាលវៀតណាមគ្រោងចេញវិធានការហាមឃាត់ពលរដ្ឋមិនឱ្យទៅធ្វើការងារផ្នែកម៉ស្សានៅបរទេសក្នុងរូបភាពណាក៏ដោយ ដើម្បីកាត់បន្ថយហានិភ័យនៃការជួញដូរមនុស្ស ការកេងប្រវ័ញ្ច និងពលកម្មដោយបង្ខំ ច្ចុប្បន្នហាមឃាត់ការបញ្ជូនពលករទៅធ្វើការងារម៉ាស្សាតែនៅតាមភោជនីយដ្ឋាន សណ្ឋាគារ និងមជ្ឈមណ្ឌលកម្សាន្តប៉ុណ្ណោះ ប៉ុន្តែសេចក្តីព្រាងច្បាប់ថ្មីនេះនឹងហាមឃាត់នៅគ្រប់ទីកន្លែងទាំងអស់ដោយគ្មានការលើកលែងឡើយ ដើម្បីកាត់បន្ថយហានិភ័យនៃការជួញដូរមនុស្ស ការកេងប្រវ័ញ្ច និងពលកម្មដោយបង្ខំ

វិស័យមីក្រូហិរញ្ញវត្ថុ នៅតែជាប្រភពទុនសំខាន់សម្រាប់អាជីវកម្មខ្នាតមីក្រូតូច និងមធ្យម ដែលទ្រទ្រង់ដល់ចរន្តសេដ្ឋកិច្ច

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 11/08/2026

វិស័យមីក្រូហិរញ្ញវត្ថុនៅកម្ពុជា នៅតែជាផ្នែកសំខាន់មួយនៃប្រព័ន្ធហិរញ្ញវត្ថុ និងជាប្រភពទុនសម្រាប់ជំរុញសកម្មភាពសេដ្ឋកិច្ចនៅទូទាំងប្រទេស ជាក់ស្តែងគឺរាប់ចាប់ពីការផ្តល់ទុនសម្រាប់កសិករនៅតាមតំបន់ជនបទ រហូតដល់ការជួយខ្នាតមីក្រូតូច និងមធ្យម និងសហគ្រាសខ្នាតតូច និងមធ្យម (SME) ពង្រីកអាជីវកម្ម

កម្ពុជា ប្រកាសអនុវត្ត «យុទ្ធសាស្រ្តជាតិស្តីពីការអភិវឌ្ឍធុរកិច្ចថ្មីឆ្នាំ២០២៦-២០៣០»

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 11/08/2026

រាជរដ្ឋាភិបាល បានសម្រេចដាក់ចេញនូវ «យុទ្ធសាស្ត្រជាតិស្តីពីការអភិវឌ្ឍធុរកិច្ចថ្មី ឆ្នាំ២០២៦-២០៣០» ដែលមានចក្ខុវិស័យ ធ្វើឱ្យកម្ពុជា មានប្រព័ន្ធអេកូឡូស៊ីធុរកិច្ចថ្មីដ៏រឹងមាំ, រស់រវើក និង ប្រកបដោយបរិយាបន្ន

អាជីវកម្មចេញគណនីអ៊ីវ៉ាឡេត ត្រូវជូនដំណឹងដល់ធនាគារជាតិនៃកម្ពុជា ក្នុងរយៈពេល ៩០ថ្ងៃ

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 11/08/2026

ធនាគារជាតិនៃកម្ពុជា (NBC) បានកំណត់រយៈពេល ៩០ថ្ងៃ ឱ្យម្ចាស់អាជីវកម្មដែលកំពុងចេញផ្សាយរូបិយវត្ថុអេឡិចត្រូនិក ឬគណនីអ៊ីវ៉ាឡេត សម្រាប់ទូទាត់ផលិតផល ឬសេវាកម្មក្នុងបណ្តាញតែមួយ មកបំពេញកាតព្វកិច្ចជូនដំណឹងជាលាយលក្ខណ៍អក្សរទៅ NBC

លោក ដូណាល់ ត្រាំ ប្រើយុទ្ធសាស្ត្រដាក់សម្ពាធសេដ្ឋកិច្ចលើអ៊ីរ៉ង់ ខណៈទីក្រុងតេអេរ៉ង់នៅតែប្រកាន់ជំហររឹងមាំលើច្រកសមុទ្រ Hormuz

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 11/08/2026

ថ្មីៗនេះ លោក ដូណាល់ ត្រាំ បានសម្រេចចិត្តផ្អាកការវាយប្រហារដោយយោធាជាបណ្តោះអាសន្ន ដោយងាកមកប្រើប្រាស់យុទ្ធសាស្ត្រដាក់សម្ពាធសេដ្ឋកិច្ចវិញ ខណៈពេលដែលអ៊ីរ៉ង់កំពុងជួបបញ្ហាអតិផរណាខ្ពស់ និងកង្វះថវិកា

កម្ពុជា​មាន​ទូសាក​យានយន្ត​អគ្គិសនី​ជាង​ ​៤០០​ ​ទូ ​ខណៈ​ចំនួនរថយន្ត​ ​EV​ ​ហក់ឡើងខ្ពស់​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 11/08/2026

កម្ពុជា​មាន​ទូសាក​ថាមពល​យានយន្ត​អគ្គិសនី​ជាង​ ​៤០០​ ​ទូ ​នៅ​ទូទាំង​ប្រទេស​ ​ខណៈ​ចំនួន​យានយន្ត​អគ្គិសនី​កំពុង​កើនឡើង​ជាបន្តបន្ទាប់​ ​ដែល​ជំរុញ​ឱ្យ​តម្រូវការ​ហេដ្ឋារចនាសម្ព័ន្ធ​សាក​ថាមពល​កាន់តែ​មាន​សារៈសំខាន់

អបអរសាទរ! ពិធីកាត់ខ្សែបូសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការការិយាល័យថ្មីរបស់សមាគមធនាគារនៅកម្ពុជា

ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម

• 11/08/2026

សមាគមធនាគារនៅកម្ពុជា (ABC) នាព្រឹកថ្ងៃទី១០ ខែសីហា ឆ្នាំ២០២៦ បានរៀបចំពិធីសម្ពោធការិយាល័យថ្មីរបស់ខ្លួនជាផ្លូវការ ស្ថិតនៅអគារលេខ ៩៩ រុក្ខវិថីសម្ដេចប៉ាន សង្កាត់បឹងរាំង ខណ្ឌដូនពេញ រាជធានីភ្នំពេញ

ឥណទានសហគ្រាសនៅកម្ពុជា កើនដល់ជិត ៩ ពាន់លានដុល្លារ គិតត្រឹមត្រីមាសទី២

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 10/08/2026

សមតុល្យឥណទានលក្ខណៈក្រុមហ៊ុន ឬសហគ្រាសនៅកម្ពុជា បានកើនឡើង ៧,១ ភាគរយ ដល់ ៨,៧៩ ប៊ីលានដុល្លារអាមេរិក គិតត្រឹមត្រីមាសទី២ ឆ្នាំ២០២៦ បើធៀបនឹងត្រីមាសមុន ខណៈចំនួនពាក្យស្នើសុំឥណទានកើនឡើង ១០,១ ភាគរយ

តម្រូវការទឹកដោះគោស្រស់នៅកម្ពុជាហក់ឡើងខ្ពស់ ខណៈនៅឆមាសទី១ ឆ្នាំ២០២៦ កម្ពុជានាំចូលជាង ៤៧លានតោន

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/08/2026

តម្រូវការប្រើប្រាស់ទឹកដោះគោរស្រស់ក្នុងស្រុកបានហក់ឡើងខ្ពស់គួរឲ្យកត់សម្គាល់ ស្របពេលដែលឧស្សាហកម្មទឹកដោះគោនៅកម្ពុជាកំពុងពង្រីកខ្លួនជាបន្តបន្ទាប់ ដើម្បីបំពេញតម្រូវការទីផ្សារ

Leave a Reply

Your email address will not be published.Required fields are marked *