ក្រសួងការពារជាតិនៃប្រទេសរុស្ស៊ី បានប្រកាសថា លំហាត់សមយុទ្ធប្រចាំឆ្នាំ Joint Sea-2026 នៅក្នុងទឹកដីនៃប្រទេសចិន នឹងប្រព្រឹត្តទៅក្នុងរយៈពេលមួយសប្តាហ៍ គិតចាប់ពីថ្ងៃចន្ទនេះ តទៅ។
យោងតាមការចេញផ្សាយរបស់ RT បានឱ្យដឹងថា នាវាចម្បាំងនៃកងនាវាក្នុងតំបន់ប៉ាស៊ីហ្វិករបស់រុស្ស៊ី ជាច្រើនគ្រឿង បានធ្វើដំណើរទៅដល់កំពង់ផែ Qingdao របស់ប្រទេសចិនហើយ ដើម្បីចូលរួមក្នុងលំហាត់សមយុទ្ធជើងទឹករួមគ្នាប្រចាំឆ្នាំមួយនេះ។
ក្រសួងការពារជាតិរុស្ស៊ី បានគូសបញ្ជាក់ថា កងទ័ពជើងទឹកទាំងពីរ ដោយមានការចូលរួមពីសំណាក់កម្លាំងទ័ពអាកាសចរណ៍ផង នឹងធ្វើសមយុទ្ធជាច្រើន ដូចជា ប្រតិបត្តិការស្វែងរក និងសង្គ្រោះ លំហាត់សមយុទ្ធប្រឆាំងនាវាមុជទឹក និងការពារដែនអាកាស ព្រមទាំងការធ្វើសមយុទ្ធបាញ់គ្រាប់ពិត។
ដោយឡែកខាងភាគីក្រសួងការពារជាតិចិនវិញ ក៏បានចេញសេចក្តីថ្លែងការណ៍កាលពីថ្ងៃអាទិត្យដែរថា លំហាត់សមយុទ្ធនេះ គឺជាផ្នែកមួយនៃផែនការកិច្ចសហប្រតិបត្តិការប្រចាំឆ្នាំរវាងកងទ័ពទាំងពីរ ហើយមានគោលបំណងរួមគ្នាដោះស្រាយបញ្ហាប្រឈមផ្នែកសន្តិសុខ ព្រមទាំងថែរក្សាសន្តិភាព និងស្ថិរភាពនៅក្នុងតំបន់។
ចិនបានបញ្ជាក់ទៀតថា កម្លាំងមួយចំនួននៃភាគីទាំងពីរ នឹងធ្វើការល្បាតរួមគ្នាតាមសមុទ្រនៅក្នុងតំបន់ខ្លះនៃមហាសមុទ្រប៉ាស៊ីហ្វិក បន្ទាប់ពីសមយុទ្ធរួមនេះបញ្ចប់រួចរាល់។
គួរឱ្យដឹងថា សមយុទ្ធបានរៀបចំធ្វើឡើង នៅចំពេលដែលរុស្ស៊ី និងចិន បានបញ្ជាក់អំពីការប្តេជ្ញាចិត្តក្នុងការបន្តពង្រីកកិច្ចសហប្រតិបត្តិការយោធា រួមជាមួយទំនាក់ទំនងនយោបាយ និងសេដ្ឋកិច្ចកាន់តែជិតស្និទ្ធ។
កាលពីដើមឆ្នាំនេះ ប្រធានាធិបតីចិន លោក Xi Jinping បានទទួលស្វាគមន៍ប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin នៅទីក្រុងប៉េកាំង។ ក្នុងអំឡុងពេលទស្សនកិច្ចនោះ ភាគីទាំងពីរបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងសហប្រតិបត្តិការជាង ៤០ នៅក្នុងវិស័យនានា រួមមាន ពាណិជ្ជកម្ម បច្ចេកវិទ្យា ការផ្លាស់ប្តូរព័ត៌មាន និងយោធា។
តាមផែនការសមយុទ្ធឆ្នាំនេះ នឹងប្រព្រឹត្តទៅចាប់ពីថ្ងៃចន្ទ រហូតដល់ថ្ងៃទី ១៣ ខែកក្កដា នៅដែនសមុទ្រខេត្ត Qingdao។ មហាយក្សចិន និងរុស្ស៊ី បានចាប់ផ្តើមធ្វើលំហាត់សមយុទ្ធរួមគ្នា «Joint Sea» នេះតាំងពីឆ្នាំ ២០១២ មកម្ល៉េះ។
កាលពីឆ្នាំមុន សមយុទ្ធនេះត្រូវបានធ្វើឡើងនៅជិតកំពង់ផែទីក្រុង Vladivostok របស់ប្រទេសរុស្ស៊ី ហើយក៏ត្រូវបានបន្តដោយការល្បាតរួមគ្នានៅក្នុងមហាសមុទ្រប៉ាស៊ីហ្វិកដូចគ្នានេះដែរ៕




វិថីហិរញ្ញវត្ថុ

































































Account
Security
Favourite Content