ភ្នំពេញ ៖ក្រុមការងារជំរុញការវិនិយោគក្នុងភូមិភាគឦសានហៅកាត់ថា SPIN បានលើកយកគម្រោងវិនិយោគចំនួន២ នៅខេត្តក្រចេះ និងខេត្តស្ទឹងត្រែង មកប្រជុំពិភាក្សាដើម្បីពិនិត្យផ្ដល់ការសម្របសម្រួល តាមការស្នើសុំ ដែលគម្រោងទាំងពីរនេះមានទុនវិនិយោគសរុបប្រមាណជាង ៤០លានដុល្លារអាម៉េរិក ។
បើតាមសេចក្ដីប្រកាសព័ត៌មានរបស់ក្រុមការងារជំរុញការវិនិយោគភូមិភាគឦសាន កាលពីថ្ងៃទី២១ ខែតុលា ឆ្នាំ ២០២៦ បានឱ្យដឹងថា គម្រោងវិនិយោគទាំងនេះ ស្ថិតនៅក្នុងវិស័យកសិកម្ម និងកសិ-ឧស្សាហកម្ម រួមមាន ការដាំដុះឈើដាំ (ដើមកៅស៊ូ, ដើមគរ, ដើមប្រេងខ្យល់) និងរោងចក្រកែច្នៃឈើដាំ ដែលការវិនិយោគទាំង២នេះ នឹងបន្ថែមមូលធនចូលក្នុងសេដ្ឋកិច្ចកម្ពុជា ។

ក្នុងកិច្ចប្រជុំនោះ ឯកឧត្តមបណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប ប្រធានក្រុមការងារជំរុញការវិនិយោគក្នុងភូមិភាគឦសានបានគូសបញ្ជាក់ថា បច្ចុប្បន្នស្ថានភាពសេដ្ឋកិច្ចកំពុងតែប្រឈមនឹងបញ្ហានៃពហុវិបត្តិ ដោយស្ថាប័នអន្តរជាតិធំៗ ក៏ដូចជារាជរដ្ឋាភិបាលបានព្យាករថា កំណើនសេដ្ឋកិច្ចកម្ពុជា ពិសេសក្នុងឆ្នាំ ២០២៦ នឹងមានកំណើនថមថយ បើធៀបនឹងឆ្នាំ ២០២៥ កន្លងទៅ ។ កិច្ចប្រជុំ ក.វ.ឦសាន លើកទី៧ នេះ មានបេសកកម្មសំខាន់ក្នុងការសម្របសម្រួលកិច្ចការវិនិយោគផង និងជំរុញកំណើនសេដ្ឋកិច្ចជាតិ តាមរយៈការវិនិយោគ ផងដែរ ។
កិច្ចប្រជុំបានពិភាក្សាដោយសង្កត់ធ្ងន់លើការសម្របសម្រួល និងជំរុញនីតិវិធីនៃការចុះបញ្ជីដីរដ្ឋ និងការកំណត់អត្តសញ្ញាណដីសុវត្ថិភាព ដែលអាចផ្តល់ជូនក្រុមហ៊ុន សម្រាប់បង្កើនការវិនិយោគលើការដាំដុះ និងកែច្នៃផលិតផលឈើដាំ នៅលើដីសម្បទានសេដ្ឋកិច្ច និងដីស្ថានីយផ្សព្វផ្សាយ និងស្តារព្រៃឈើ ។ ការចុះបញ្ជីដីរដ្ឋ និងការកំណត់អត្តសញ្ញាណដីឱ្យបានច្បាស់លាស់ មានសារសំខាន់យ៉ាងខ្លាំងក្នុងការបង្កើនទំនុកចិត្តជូនវិនិយោគិន សម្រាប់ការអនុវត្តផែនការវិនិយោគរបស់ក្រុមហ៊ុន ។ ក្រុមហ៊ុនបានស្នើសុំការអនុញ្ញាតសាងសង់ផ្លូវ និងស្ពាននៅទីតាំងគម្រោង ដោយប្រើប្រាស់ថវិកាផ្ទាល់ខ្លួន។

ឯកឧត្តមបណ្ឌិតសភាចារ្យ បានគូសបញ្ជាក់ថា កិច្ចការនេះមានភាពប្រទាក់ក្រឡាគ្នាខ្លាំង ដែលមិនអាចក្រសួង ឬស្ថាប័នណាមួយ ដោះស្រាយតែម្នាក់ឯងបាន ដូច្នេះហើយការខិតខំសម្របសម្រួលប្រកបដោយស្មារតីបុរេសកម្ម និងការប្រកាន់ខ្ជាប់នូវអភិក្រម «ជវភាពនៃប្រព័ន្ធតួអង្គតែមួយ» គឺមានភាពចាំបាច់មិនអាចខ្វះបាន ដើម្បីផ្តល់នូវដំណោះស្រាយជាកញ្ចប់ជូនដល់ក្រុមហ៊ុន រួមទាំង ៖ ១).ការចូលរួមស្វែងរកដី សម្រាប់គម្រោងវិនិយោគសក្តានុពលថ្មីៗ ដែលផ្តល់ផ្លែផ្កាជូនប្រជាជនក្នុងតំបន់ និង ប្រទេសជាតិ, ២).ការចូលរួមដោះស្រាយបញ្ហាទន្រ្ទានកាន់កាប់ដីខុសច្បាប់របស់ប្រជាពលរដ្ឋ លើដីដែលក្រុមហ៊ុនទទួលបានសិទ្ធិវិនិយោគរួចហើយ, និង ៣).ការសម្របសម្រួលលើការផ្តល់នីត្យានុកូលកម្មជូនគម្រោងវិនិយោគលើសម្បទានដីសេដ្ឋកិច្ចមានស្រាប់ ដើម្បីធានាចីរភាពរយៈពេលវែង និង ផ្តល់ទំនុកចិត្តសម្រាប់ការវិនិយោគថ្មីបន្ថែមទៀតនៅលើដីទំនេរ ឱ្យអស់សក្តានុពល ។
ឯកឧត្តមបណ្ឌិតសភាចារ្យ បានជំរុញឱ្យក្រសួងស្ថាប័នពាក់ព័ន្ធ រួមទាំងអាជ្ញាធរមូលដ្ឋាន បន្តចូលរួមក្នុងការងារនេះ ដោយបន្តផ្តល់នូវការសម្របសម្រួលជាអតិបរមា តាមដែនសមត្ថកិច្ចរៀងៗខ្លួន សំដៅរួមគ្នាបំផុស និងជំរុញការវិនិយោគក្នុងភូមិភាគឦសាន ឱ្យពេញសក្តានុពល ។

លោក កាំង វណ្ណៈ ជាធុរជនដែលកំពុងវិនិយោគនៅក្នុងតំបន់ភូមិភាគឦសានមួយរូបបានលើកឡើងថា កម្មវិធីជំរុញការវិនិយោគភូមិភាគឦសាន បាន និងកំពុងជំរុញ លើកទឹកចិត្តវិនិយោគិន ក៏ដូចជាធុរជនឱ្យមកវិនិយោគនៅក្នុងតំបន់ភូមិភាគឦសានតាមរយៈការលើកលែងពន្ធ ជាក់ស្ដែង នៅពេលវិនិយោគិនទទួលបានប្រាក់ចំណេញ ទោះក្នុងទំហំប៉ុន្មានក៏ដោយ ក៏រដ្ឋមិនយកពន្ធ២០%ពីវិនិយោគិនឬធុរជនរហូតដល់១២ឆ្នាំ ។ តាមរយៈការលើកទឺកចិត្តពីរាជរដ្ឋាភិបាលនេះ គឺជាឱកាសល្អសម្រាប់វិនិយោគិនក្នុងនិងក្រៅប្រទេសក្នុងការដាក់ទុនវិនិយោគនៅក្នុងតំបន់ភូមិភាគឦសាន ៕





វិថីហិរញ្ញវត្ថុ































































Account
Security
Favourite Content