បរទេស៖ សហរដ្ឋអាម៉េរិក បានដំឡើងពន្ធ ១៥ ភាគរយ លើមុខទំនិញទាំងឡាយណាផលិតពីប៉ូលីស៊ីលីកូនដែលជាសារធាតុសំខាន់នៅក្នុងបន្ទះឈីប និងផ្ទាំងសូឡា នេះបើយោងតាមសេចក្ដីរាយការណ៍ពី BBC។
កាលពីថ្ងៃព្រហស្បតិ៍ កន្លងទៅនេះ ប្រធានាធិបតីអាម៉េរិក លោក ដូណាល់ ត្រាំ បានចុះហត្ថលេខាលើបទបញ្ជានៃការដាក់ពន្ធ ១៥ ភាគរយទៅលើមុខទំនិញនាំចូលដែលផលិតឡើងពីប៉ូលីស៊ីលីកូន ជាធាតុផ្សំដ៏សំខាន់សម្រាប់បន្ទះឈីបពាក់កណ្តាលចម្លង និងផ្ទាំងសូឡាពន្លឺព្រះអាទិត្យ។ បទបញ្ជានេះក៏បានកំណត់តម្លៃនាំចូលអប្បបរមាលើប៉ូលីស៊ីលីកូន និងផលិតផលពាក់ព័ន្ធផងដែរ។ ការសម្រេចចិត្តនេះធ្វើឡើងបន្ទាប់ពីមានការស៊ើបអង្កេតលើការផលិតធាតុផ្សំនេះនៅបរទេស និងមានគោលបំណងជួយការពារក្រុមហ៊ុនផលិតនៅក្នុងស្រុក ខណៈពេលដែលពួកគេកំពុងប្រឈមមុខនឹងការប្រកួតប្រជែងកាន់តែខ្លាំងពីឧស្សាហកម្មឈីបរបស់ចិន។
ជាការឆ្លើយតប ស្ថានទូតចិនប្រចាំនៅរដ្ឋធានីវ៉ាស៊ីនតោន បានថ្លែងថា ចំណាត់ការនេះបង្កផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់ពាណិជ្ជកម្មរវាងប្រទេសទាំងពីរ ហើយទីក្រុងប៉េកាំងនឹងចាត់វិធានការដើម្បីការពារក្រុមហ៊ុនរបស់ខ្លួន។ ស្ថានទូតបានបន្ថែមថា វ៉ាស៊ីនតោន កំពុងរំលោភអំណាចរដ្ឋដើម្បីវាយប្រហារលើអាជីវកម្មចិន ហើយនយោបាយគាំពារនិយមនឹងមិនធ្វើឱ្យអាម៉េរិកមានប្រៀបក្នុងការប្រកួតប្រជែងនោះទេ។
លោក ដូណាល់ ត្រាំ បញ្ជាក់នៅក្នុងបទបញ្ជានោះថា លោកទទួលយកគោលគំនិតរបស់រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មអាមេរិក ក្នុងការកំណត់តម្លៃនាំចូលអប្បបរមា និងការដាក់ពន្ធ ១៥ ភាគរយលើផលិតផលប៉ូលីស៊ីកូន ព្រមទាំងទំនិញពាក់ព័ន្ធផ្សេងទៀត។ ជាច្រើនឆ្នាំមកហើយដែលអាម៉េរិកបើកដៃឱ្យក្រុមហ៊ុនបរទេស ជាមូលហេតុដែលធ្វើឱ្យអ្នកផលិតក្នុងស្រុកចុះខ្សោយ ហើយលោកតែងតែគាំទ្រលើការប្រើប្រាស់ពន្ធគយដើម្បីការពារការងាររបស់ពលរដ្ឋអាមេរិក និងជំរុញសេដ្ឋកិច្ច ។ ធាតុផ្សំប៉ូលីស៊ីលីកូននេះមានសារៈសំខាន់ណាស់នៅក្នុងបរិក្ខារយោធា និងឧបករណ៍អេឡិចត្រូនិក ប៉ុន្តែការនាំចូលបានធ្វើឱ្យផលិតកម្មក្នុងស្រុករបស់អាម៉េរិកធ្លាក់ចុះយ៉ាងគំហុក ខណៈដែលចិនស្ទើរតែក្តោបក្តាប់លើការផលិតផ្តាច់មុខទៅហើយនោះ។
គួរបញ្ជាក់ដែរថា វិធានការទាំងនេះនឹងចាប់ផ្តើមអនុវត្តនៅក្នុងខែធ្នូ ឆ្នាំ២០២៦ខាងមុខនេះ ហើយអាម៉េរិកក៏នឹងផ្តល់ការលើកទឹកចិត្តផ្សេងៗដើម្បីជំរុញការផលិតនៅក្នុងស្រុកផងដែរ។ បទបញ្ជានេះ គេរំពឹងថា អាចនឹងផ្តល់ផលប្រយោជន៍ដល់ក្រុមហ៊ុន Hemlock Semiconductor និងក្រុមហ៊ុន Wacker Chemie ដែលជាអ្នកផលិតធាតុផ្សំនេះដ៏សំខាន់នៅអាម៉េរិក។ ជាមួយគ្នា ការផលិតឈីបកុំព្យូទ័រ គឺជាការប្រកួតប្រជែងដ៏ក្ដៅគគុករវាងមហាអំណាចអាម៉េរិក និងចិន នៅក្នុងការអភិវឌ្ឍបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត (AI)។ ការដាក់ពន្ធថ្មីនេះដែរ បានបង្ហាញពីកិច្ចខិតខំប្រឹងប្រែងរបស់ទីក្រុងវ៉ាស៊ីនតោនក្នុងការរារាំងសមត្ថភាពរបស់ចិននៅក្នុងខ្សែច្រវាក់ផ្គត់ផ្គង់បច្ចេកវិទ្យាសំខាន់ៗ៕




វិថីហិរញ្ញវត្ថុ































































Account
Security
Favourite Content