​ស្ថានភាពបញ្ញើ​ជាប្រាក់​រៀលក្នុងប្រព័ន្ធធនាគារ​កំពុងមានភាព​ប្រសើរ​ឡើង

ភ្នំពេញ ៖ ប្រាក់​បញ្ញើ​ជាប្រាក់​រៀលក្នុងប្រព័ន្ធធនាគារនៅកម្ពុជា​មានភាព​ប្រសើរ​ឡើងក្នុងឆ្នាំ២០២៣ បើទោះបីជាប្រាក់​បញ្ញើ​ក្នុង​វិស័យ​ធនាគារ​ភាគច្រើននៅ​តែ​ជា​ប្រាក់​ដុល្លារអាមេរិកក៏ដោយ​។ ជាក់ស្តែង របាយការណ៍ស្ថានភាពស្ថិរភាពហិរញ្ញវត្ថុឆ្នាំ២០២៣ របស់ធនាគារជាតិនៃកម្ពុជា ដែលផ្សាយថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៤ បានឱ្យដឹងថា ទោះបីជាប្រាក់ដុល្លារនៅតែមានកម្រិតខ្ពស់ក៏ដោយ ចំណែកនៃប្រាក់បញ្ញើជាប្រាក់រៀលបានប្រសើរឡើងបន្តិចពី ១១.២% ក្នុងឆ្នាំ២០២២ ដល់ ១១.៤% ក្នុងឆ្នាំ២០២៣។

គួរកត់សម្គាល់ថា ប្រាក់បញ្ញើជាប្រាក់ដុល្លារនៅតែជាជម្រើសចម្បងសម្រាប់អតិថិជនដែលមានរហូតដល់ចំនួន ៨៨.៦% នៃប្រាក់បញ្ញើសរុបក្នុងឆ្នាំ២០២៣ ហើយប្រាក់បញ្ញើអតិថិជនមានកំណើន ១៣,៩% កើនដល់ ១៩៧,២ ទ្រីលានរៀល (៤៨,៣ ប៊ីលានដុល្លារអាមេរិក)។

គោលនយោបាយរបស់ធនាគារជាតិនៃកម្ពុជា ដែលតម្រូវឱ្យធនាគារផ្តល់ប្រាក់កម្ចីយ៉ាងហោចណាស់ ១០% នៃឥណទានសរុបជាប្រាក់រៀល បានលើកទឹកចិត្តឱ្យធនាគារបង្កើនប្រាក់បញ្ញើជារូបិយប័ណ្ណក្នុងស្រុកបន្ថែមទៀត។ ទន្ទឹមនេះ ប្រាក់កម្ចីជារូបិយប័ណ្ណក្នុងស្រុកចំនួន ២៤.៦ ទ្រីលានរៀល និងប្រាក់បញ្ញើជារូបិយប័ណ្ណក្នុងស្រុកចំនួន ២១.២ ទ្រីលានរៀលក្នុងឆ្នាំ ២០២២ បានបង្ហាញថា គម្លាតរវាងប្រាក់កម្ចីរូបិយប័ណ្ណក្នុងស្រុក និងប្រាក់បញ្ញើបានរួមតូចជាងមុនបើធៀបនឹងឆ្នាំមុន។

មួយវិញទៀត រយៈពេលនៃប្រាក់កម្ចី និងប្រាក់បញ្ញើរបស់ធនាគារក្នុងឆ្នាំ ២០២៣ បង្ហាញថា ជាទូទៅ ប្រាក់បញ្ញើមានកម្រិតខ្ពស់ជាងប្រាក់កម្ចីតែក្នុងរយៈពេលខ្លីប៉ុណ្ណោះ ខណៈដែលប្រាក់កម្ចីមានកម្រិតខ្ពស់ជាងប្រាក់បញ្ញើក្នុងរយៈពេលមួយឆ្នាំ ឬរយៈពេលវែងជាងមួយឆ្នាំ។

ទោះជាយ៉ាងណាក៏ដោយ ប្រសិនបើភាពមិនស៊ីគ្នារវាងប្រាក់ប្រាក់កម្ចី និងប្រាក់បញ្ញើមានទំហំធំ ធនាគារអាចប្រឈមមុខនឹងហានិភ័យសន្ទនីយភាព ជាពិសេសប្រសិនបើធនាគារផ្អែកតែលើប្រាក់បញ្ញើរយៈពេលខ្លី និងដើមទុនដែលមិនមែនជាដើមស្នូល និងមិនឋិតថេរ។

លោកជំទាវបណ្ឌិត ជា សិរី ទេសាភិបាល ធនាគារជាតិនៃកម្ពុជា ធ្លាប់មានប្រសាសន៍ថា ស្ថិរភាពនយោបាយ និងសេដ្ឋកិច្ចបានបើកលទ្ធភាពឱ្យរាជរដ្ឋាភិបាលនិងធនាគារជាតិនៃកម្ពុជាដាក់ចេញនូវនយោបាយលើកកម្ពស់ការប្រើប្រាស់ប្រាក់រៀលជាបន្តបន្ទាប់ តាមរយៈយន្តការទីផ្សារ ដោយបានស្តារទំនុកចិត្តលើប្រាក់រៀលនិងបង្កើតឧបករណ៍រូបិយវត្ថុជាប្រាក់រៀល។

លោកជំទាវបណ្ឌិត បានថ្លែងថា ជាលទ្ធផល ទំហំប្រាក់រៀលក្នុងចរាចរណ៍បានកើនឡើងជាលំដាប់ជាមធ្យម ១៥% ក្នុង១ឆ្នាំ នាអំឡុង ២ទសវត្សរ៍ចុងក្រោយ ខណៈដែលឥណទាននិងប្រាក់បញ្ញើក្នុងប្រព័ន្ធធនាគារជារៀល ក៏បានកើនឡើងលឿនក្នុងអត្រា ៣៥% និង ៣០% រៀងគ្នា។

ជារួម ការប្រើប្រាស់ប្រាក់រៀលកាន់តែច្រើន នឹងជួយពង្រឹងអធិបតេយ្យជាតិ និងការកសាងសង្គមជាតិឱ្យកាន់តែរីកចម្រើនប្រកបដោយនិរន្តរភាព។ ទន្ទឹមនេះ លោកជំទាវបណ្ឌិត ជា សិរី ក៏បានអំពាវនាវដល់ក្រសួង-ស្ថាប័ន គ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុ រោងចក្រ ក្រុមហ៊ុន-សហគ្រាស ម្ចាស់អាជីវកម្ម ប្រជាពលរដ្ឋទូទៅ និងគ្រប់ភាគីពាក់ព័ន្ធទាំងអស់ បន្តរួមចំណែកប្រើប្រាស់ប្រាក់រៀលនៅក្នុងប្រតិបត្តិការរបស់ខ្លួនឱ្យកាន់តែច្រើនឡើង ដូចជា តាមរយៈការទូទាត់ ការបិទស្លាកតម្លៃទំនិញនិងសេវានានា ការផ្តល់ឥណទាន និងការសន្សំជាប្រាក់រៀល ព្រមទាំងផ្តល់លក្ខខណ្ឌអនុគ្រោះឱ្យបានច្រើនចំពោះការប្រើប្រាស់រៀល។

ទន្ទឹមនេះ វិស័យមីក្រូហិរញ្ញវត្ថុកម្ពុជាបានក្លាយជាកម្លាំងចលករដ៏សំខាន់នៅក្នុងសេដ្ឋកិច្ចជាតិ ដោយបានជួយជំរុញឱ្យមានកំណើនដ៏គួរឱ្យចាប់អារម្មណ៍នូវការប្រើប្រាស់ប្រាក់រៀលក្នុងឆ្នាំ២០២៣។ ក្រោមកិច្ចប្រឹងប្រែងដែលដឹកនាំដោយធនាគារជាតិនៃកម្ពុជា សមាជិកនៃសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា បានខិតខំឈ្មុសឈ្មុលធ្វើដំណើរឆ្ពោះទៅរកការបង្កើនការប្រើប្រាស់រូបិយប័ណ្ណក្នុងស្រុក ដោយពង្រឹងតួនាទីនិងភាពធន់របស់ប្រាក់រៀលក្នុងរចនាសម្ព័ន្ធសេដ្ឋកិច្ចកម្ពុជា។

ត្រឹមដំណាច់ឆ្នាំ២០២៣ វិស័យមីក្រូហិរញ្ញវត្ថុសម្រេចបានសមិទ្ធិផលដ៏សំខាន់ ដោយឥណទានជាប្រាក់រៀលបានកើនឡើងដល់ ២៥% នៃផលបត្រឥណទានសរុប ខណៈដែលប្រាក់បញ្ញើជាប្រាក់រៀលបានកើនឡើងដល់ ១៦% នៃប្រាក់បញ្ញើសរុប។ តួលេខនេះកើនលើសកម្រិតកំណត់ដោយបទប្បញ្ញត្តិ ដែលបង្ហាញពីការកើនឡើងទំនុកចិត្តលើរូបិយប័ណ្ណជាតិ។ កិច្ចប្រឹងប្រែងទាំងនេះមិនត្រឹមតែបានជំរុញឱ្យមានទំនុកចិត្តដ៏រឹងមាំលើប្រាក់រៀលប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបង្ហាញពីការប្តេជ្ញាចិត្តរបស់វិស័យចំពោះការលើកកម្ពស់ភាពលេចធ្លោរបស់ប្រាក់រៀលនៅក្នុងប្រព័ន្ធអេកូឡូស៊ីនៃវិស័យហិរញ្ញវត្ថុនៅកម្ពុជាទៀតផង។ សមតុល្យឥណទានជាប្រាក់រៀលបានកើនឡើងដល់ចំនួន ៥,៥៦ពាន់ពាន់លានរៀលខណៈប្រាក់បញ្ញើជាលុយរៀលនៅតាមគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុទទួលប្រាក់បញ្ញើ (MDI) ទាំង៤ បានកើនឡើងដល់ ១,៥២ពាន់ពាន់លានរៀល។ ទិន្នន័យនេះ បានបង្ហាញពីការផ្លាស់ប្តូរគួរឱ្យកត់សម្គាល់នៃទម្លាប់សន្សំរបស់សាធារណជនឆ្ពោះទៅរកការសន្សំជារូបិយប័ណ្ណក្នុងស្រុក។

ក្រោមការដឹកនាំរបស់ធនាគារជាតិនៃកម្ពុជា សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា និងភាគីពាក់ព័ន្ធបានធ្វើសហប្រតិបត្តិការជាច្រើន ដើម្បីបង្កើនការយល់ដឹងរបស់សាធារណជនអំពីការប្រើប្រាស់ប្រាក់រៀល។ គំនិតផ្តួចផ្តើមនានា ដែលផ្តោតលើការធ្វើឱ្យប្រសើរឡើងនូវចំណេះដឹងផ្នែកហិរញ្ញវត្ថុ ការជំរុញឱ្យមានការធ្វើប្រតិបត្តិការទូទាត់ឌីជីថលជាប្រាក់រៀល និងការលើកឡើងពីគុណសម្បត្តិប្រព័ន្ធរូបិយប័ណ្ណក្នុងស្រុកដ៏រឹងមាំ ពិតជាមានសារៈសំខាន់។ កិច្ចប្រឹងប្រែងទាំងនេះបានត្រួសត្រាយផ្លូវឆ្ពោះទៅរកការបង្កើតឱ្យមានបរិយាកាសហិរញ្ញវត្ថុប្រកបដោយបរិយាបន្នយូរអង្វែងនៅទូទាំងប្រទេស។

លោកជំទាវ ឌិត នីតា ប្រធានសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជាធ្លាប់បានលើកឡើងពីសារៈសំខាន់ជាយុទ្ធសាស្ត្រនៃគំនិតផ្តួចផ្តើមទាំងនេះ។ លោកជំទាវមានប្រសាសន៍ថា វិធីសាស្រ្តដ៏មានប្រសិទ្ធភាពដែលសមាជិករបស់សមាគមមីក្រូហិរញ្ញវត្ថុបានអនុវត្តក្នុងឆ្នាំ២០២៣ ត្រូវបានរៀបចំឡើងដើម្បីលើកកម្ពស់តួនាទីរបស់ប្រាក់រៀលក្នុងប្រតិបត្តិការហិរញ្ញវត្ថុ និងធ្វើឱ្យទំនាក់ទំនងរវាងសហគមន៍ និងរូបិយប័ណ្ណជាតិ កាន់តែមានភាពស៊ីជម្រៅ ។ កិច្ចខិតខំប្រឹងប្រែងនេះមានសារៈសំខាន់ណាស់ ក្នុងការបង្កើតប្រព័ន្ធអេកូឡូស៊ីនៃវិស័យហិរញ្ញវត្ថុប្រកបដោយបរិយាបន្ននិងមានភាពធន់៕”


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ការ​ដឹកជញ្ជូន​ទំនិញ​តាម​ផ្លូវ​អាកាស​ចិន​កើន​ខ្លាំង ​ជំរុញ​ដោយ​ E​-​commerce ​និង​ AI

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 19/08/2026

វិស័យ​ភស្តុភារ​កម្ម​ដឹកជញ្ជូន​តាម​ផ្លូវ​អាកាស​របស់​ចិន​បាន​បន្ត​កើនឡើង​យ៉ាង​ខ្លាំង​ក្នុង​ឆមាស​ទី​១ ​ដោយសារ​ការ​កើនឡើង​នៃ​ការ​ដឹកជញ្ជូន​ទំនិញ​បច្ចេកវិទ្យា​ខ្ពស់ ​និង​ពាណិជ្ជកម្ម​អេឡិចត្រូនិក​ឆ្លង​ដែន

កម្ពុជា​ ​និង​ក្រុម​អឺរ៉ុប​ ប្តេជ្ញា​ពង្រឹង​កសិកម្ម​ធន់​នឹង​អាកាសធាតុ និង​ការ​អភិរក្ស​ជីវ​ចម្រុះ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 19/08/2026

រាជ​រដ្ឋាភិបាល​កម្ពុជា ​និង​ក្រុម​អឺរ៉ុប ​បាន​បង្ហាញ​ការ​ប្តេជ្ញា​រួម​ក្នុង​ការ​លើកកម្ពស់​កសិកម្ម​ធន់​នឹង​ការ​ប្រែប្រួល​អាកាសធាតុ ​ប្រព័ន្ធ​ស្បៀងអាហារ​ធន់ ការ​អភិរក្ស​ជីវ​ចម្រុះ ​និង​ការ​អភិវឌ្ឍ​ជនបទ​ប្រកប​ដោយ​បរិយាបន្ន​ ​ក្នុង​អំឡុង​បេសកកម្ម​ទៅកាន់​ខេត្ត​ភាគ​ឦសាន​កម្ពុជា

រដ្ឋាភិបាល កំពុងជំរុញការ​វិនិយោគ​ និងកែច្នៃនៅនឹង​កន្លែងលើ​ផលិតផលកសិកម្ម​​ក្នុងតំបន់ភូមិភាគឦសាន

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 19/08/2026

រដ្ឋាភិបាល ជំរុញការ​វិនិយោគ​ និងកែច្នៃនៅនឹង​កន្លែងលើ​ផលិតផលកសិកម្ម​​ក្នុងតំបន់ភូមិភាគឦសាន ដើម្បីបង្កើនតម្លៃបន្ថែម

៧ខែដំបូងនៃឆ្នាំ២០២៦ ពាណិជ្ជកម្ម កម្ពុជា-ម៉ាឡេស៊ី មានទំហំជិតដល់ ១០០០លានដុល្លារអាម៉េរិក

Top News, ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 19/08/2026

៧ខែដំបូងនៃឆ្នាំ២០២៦ ពាណិជ្ជកម្ម កម្ពុជា-ម៉ាឡេស៊ី មានទំហំជិតដល់ ១០០០លានដុល្លារអាម៉េរិក កើនឡើង ៥៨,២៧% បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២៥

ឡាវ ជំរុញការប្រើប្រាស់យានយន្តអគ្គិសនី EV និងផ្អាកនាំចូលរថយន្តប្រេងសាំងជាបណ្តោះអាសន្ន

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 19/08/2026

ឡាវ ជំរុញការប្រើប្រាស់យានយន្តអគ្គិសនី EV និងផ្អាកនាំចូលរថយន្តប្រេងសាំងជាបណ្តោះអាសន្ន ដើម្បីទប់ទល់នឹងវិបត្តិខ្វះខាតប្រេងឥន្ធនៈ

រលក​កម្ដៅ ​និង​គ្រោះ​រាំងស្ងួត ​អាច​បង្កវិបត្តិ​ស្បៀងអាហារ​នៅ​អឺរ៉ុប

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 19/08/2026

រលក​កម្ដៅ​ខ្លាំង ​និង​គ្រោះ​រាំងស្ងួត​ធ្ងន់ធ្ងរ​ ​អាច​បង្កឱ្យ​មាន​វិបត្តិ​ក្នុង​វិស័យ​កសិកម្ម ​និង​ជំរុញ​ការ​ឡើង​ថ្លៃ​អាហារ​នៅ​ទូទាំង​អឺរ៉ុប​ ​ខណៈ​ផលិតកម្ម​ដំណាំ​ ​និង​ការ​ចិញ្ចឹម​សត្វ​កំពុង​រង​ផលប៉ះពាល់​យ៉ាង​ខ្លាំង​

អារ៉ាប់រួម ប្រកាសផ្អាកពាណិជ្ជកម្ម និងប្រតិបត្តិការហិរញ្ញវត្ថុជាមួយអ៊ីរ៉ង់បណ្ដោះអាសន្ន

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 19/08/2026

កាលពីថ្ងៃអង្គារ៍កន្លងទៅនេះ ក្រសួងការបរទេសអារ៉ាប់រួមប្រកាសផ្អាករាល់កិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម និងប្រតិបត្តិការហិរញ្ញវត្ថុទាំងអស់ជាមួយអ៊ីរ៉ង់ជាបណ្តោះអាសន្ន រហូតដល់មានការជូនដំណឹងជាថ្មី

ការបិទព្រំដែនគោកដោយឯកតោភាគីថៃ បានជំរុញឱ្យកម្ពុជាបង្កើនទីផ្សារបានកាន់តែច្រើនជាងមុន

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 18/08/2026

កម្ពុជាមានទីផ្សារអង្ករថ្មីមួយទៀត គឺប្រទេសហ្វីលីពីន ដែលកំពុងតែកើនឡើងខ្លាំង ដោយក្នុងរយៈពេល៧ខែដំបូងឆ្នាំ២០២៦នេះ កម្ពុជានាំចេញទៅបាន ៩៥,០០០ តោន

ចិន​ចំណាយ​ ​៦៥​ ​ពាន់​លាន​ដុល្លារ​ ​ពង្រីក​បណ្តាញ​ផ្លូវ​ដែក​ជាតិ​ ​ក្នុង​ ​៧​ ​ខែ​ដំបូង​ឆ្នាំ​នេះ​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 18/08/2026

ប្រទេស​ចិន​បាន​បង្កើន​ការ​វិនិយោគ​លើ​ការ​ពង្រីក​បណ្តាញ​ផ្លូវ​ដែក​ជាតិ​របស់​ខ្លួន​ ​ដោយ​ចំណាយ​ប្រមាណ​ ​៤៤០,៦​ ​ពាន់​លាន​យ័ន ​ឬ​ប្រហែល​ ​៦៥​ ​ពាន់​លាន​ដុល្លារ​អាម៉េរិក​ ក្នុង​រយៈពេល​ ​៧​ ​ខែ​ដំបូង​ឆ្នាំ​ ​២០២៦​ ​ស្របពេលដែលទីក្រុង​ប៉េកាំង​បន្ត​ផ្តោត​លើ​ការ​តភ្ជាប់​ទីក្រុង​ ​និង​សមាហរណកម្ម​សេដ្ឋកិច្ច​តំបន់

រយៈពេល ៧ខែ ខេត្ត​កំពង់ស្ពឺទាក់ទាញបានគម្រោងវិនិយោគចំនួន ៧៥គម្រោង ​បង្កើតការងារ​បានរាប់ម៉ឺនកន្លែង​

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 18/08/2026

ក្នុងរយៈពេល៧ខែ ឆ្នាំ២០២៦កន្លងទៅនេះ ខេត្តកំពង់ស្ពឺ​ ជាប់លេខ​១​ ដែលទទួលបាន​គម្រោង​វិនិយោគច្រើនជាង​គេរហូតដល់ ៧៥ គម្រោង​