បរទេស៖ កងកម្លាំងជើងគោកប៊ុលហ្គារីបានទទួលរថពាសដែកទំនើបប្រភេទ Stryker ផលិតនៅសហរដ្ឋអាម៉េរិកចំនួន ៥គ្រឿងដំបូង ដែលជាផ្នែកមួយនៃគម្រោងទំនើបកម្មវិស័យការពារជាតិទ្រង់ទ្រាយធំ ដោយមានការបញ្ជាទិញយានយន្តប្រយុទ្ធ និងយានយន្តគាំទ្រផ្នែកភស្តុភារសរុបចំនួន ១៩៨គ្រឿង។
យោងតាមការចុះផ្សាយរបស់សារព័ត៌មាន Novinata រដ្ឋមន្ត្រីក្រសួងការពារជាតិប៊ុលហ្គារី លោក Dimitar Stoyanov និងអគ្គមេបញ្ជាការការពារជាតិ លោក Emil Eftimov បានអញ្ជើញជាអធិបតីក្នុងពិធីប្រគល់ និងទទួលរថពាសដែក Stryker ចំនួន ៥គ្រឿងដំបូង នៅរោងចក្រ TEREM-Ivaylo ក្នុងទីក្រុង Veliko Tarnovo កាលពីដើមសប្តាហ៍នេះ។
គម្រោងលទ្ធកម្មឧបករណ៍ការពារជាតិនេះ ត្រូវបានចាត់ទុកថាជាគំនិតផ្តួចផ្តើមបំពាក់សម្ភារយោធាដ៏ធំមួយក្នុងប្រវត្តិសាស្ត្រយោធាប៊ុលហ្គារីនាពេលថ្មីៗនេះ ដោយរួមមានយានយន្តប្រយុទ្ធ និងយានយន្តគាំទ្រផ្នែកភស្តុភារសរុបចំនួន ១៩៨គ្រឿង ក្នុងនោះមានរថពាសដែក Stryker ចំនួន ១៨៣គ្រឿង។
លោក Dimitar Stoyanov បានលើកឡើងថា យានយន្តថ្មីទាំងនេះនឹងជួយបង្កើនសមត្ថភាពចល័ត កម្លាំងប្រយុទ្ធ និងការការពាររបស់កងទ័ពជើងគោក ព្រមទាំងជួយឱ្យកងកម្លាំងប៊ុលហ្គារីអាចធ្វើប្រតិបត្តិការរួមជាមួយសម្ព័ន្ធមិត្តអង្គការណាតូ (NATO) បានកាន់តែរលូន។
លោកក៏បានបញ្ជាក់ថា ការសម្រេចបានកិច្ចសន្យាទិញសម្ភារយោធានេះ គឺជាលទ្ធផលនៃការរៀបចំផែនការ និងកិច្ចសហប្រតិបត្តិការរវាងរដ្ឋាភិបាលប៊ុលហ្ការីជាបន្តបន្ទាប់អស់រយៈពេលជាងមួយទសវត្សរ៍។ លោកបានកោតសរសើរចំពោះឆន្ទៈនយោបាយ និងការសម្របសម្រួលផ្នែកយោធា ដែលបានជួយឱ្យគម្រោងដែលរង់ចាំអស់រយៈពេលជាយូរមកហើយនេះអាចឈានដល់ការអនុវត្តជាក់ស្តែង។
ក្រៅពីការពង្រឹងសមត្ថភាពយោធា គម្រោងនេះក៏មានគោលដៅបង្កើតផលប្រយោជន៍សេដ្ឋកិច្ចយុទ្ធសាស្ត្រសម្រាប់ឧស្សាហកម្មការពារជាតិក្នុងស្រុករបស់ប៊ុលហ្គារីផងដែរ។ ជាក់ស្តែង ក្រសួងការពារជាតិមានផែនការអភិវឌ្ឍរោងចក្រ TEREM-Ivaylo ឱ្យក្លាយជាមជ្ឈមណ្ឌលថែទាំ និងជួសជុលប្រព័ន្ធ Stryker ប្រចាំតំបន់ ដើម្បីបម្រើទាំងកងកម្លាំងប៊ុលហ្គារី និងដៃគូអន្តរជាតិនានានៅតំបន់ប៉ែកខាងកើតរបស់ NATO។
ជាមួយគ្នានេះ លោក Emil Eftimov បានថ្លែងអំណរគុណដល់អ្នកជំនាញមកពីសហរដ្ឋអាម៉េរិក កាណាដា និងប៊ុលហ្គារី ដែលបានចូលរួមសម្របសម្រួលដំណើរការផ្ទេររថពាសដែកទាំងនេះ។
លោកបានចង្អុលបង្ហាញថា ការទទួលបានរថពាសដែក Stryker រួមជាមួយកម្មវិធីទិញ និងបំពាក់យន្តហោះចម្បាំង F-16 ដែលកំពុងបន្ត គឺជាឧទាហរណ៍នៃកិច្ចសហប្រតិបត្តិការការពារជាតិយុទ្ធសាស្ត្ររវាងទីក្រុងសូហ្វៀ និងទីក្រុងវ៉ាស៊ីនតោន៕





វិថីហិរញ្ញវត្ថុ
































































Account
Security
Favourite Content