បរទេស៖ ខណៈពេលវិបត្តិថាមពលនៅតែអូសបន្លាយដោយសារបញ្ហាសង្គ្រាមភូមិសាស្ត្រនយោបាយនៅមជ្ឈិមបូព៌ា វិស័យថាមពលក្រៅឆ្នេរសមុទ្ររបស់វៀតណាមហាក់កំពុងមានភាពទាក់ទាញការចាប់អារម្មណ៍ និងការប្រជែងគ្នាវិនិយោគពីសំណាក់ក្រុមហ៊ុនជប៉ុន អាមេរិក និងរុស្ស៊ី ស្របពេលដែលគម្រោងនៃតម្រូវការប្រេង និងឧស្ម័នកំពុងមានការកើនឡើង នេះបើយោងតាមសារព័ត៌មាន Nikkei Asia ។
បច្ចុប្បន្ន វិបត្តិថាមពលនៅតែជាក្ដីបារម្ភ ក្រោមភាពតានតឹងផ្នែកភូមិសាស្ត្រនយោបាយនៅតំបន់មជ្ឈិមបូព៌ា ដែលវាកាន់តែជំរុញឱ្យមានប្រភពថាមពលផ្សេងជំនួស។ នៅក្នុងក្ដីកង្វល់មួយនេះ អ្នកវិភាគឧស្សាហកម្មបានគូសបញ្ជាក់ថា ហានិភ័យភូមិសាស្ត្រនយោបាយនៅមជ្ឈិមបូព៌ាបានជំរុញឱ្យបណ្តាប្រទេស និងក្រុមហ៊ុននានារៀបចំខ្សែច្រវាក់ផ្គត់ផ្គង់ថាមពលរបស់ខ្លួនឱ្យមានភាពចម្រុះជាងមុន។ ជាក់ស្ដែង ឥឡូវនេះ ក្រុមហ៊ុនថាមពលជប៉ុន អាម៉េរិក និងរុស្ស៊ី បាន និងកំពុងប្រជែងគ្នាយ៉ាងសកម្ម ដើម្បីអាចទទួលបានកិច្ចសន្យា និងកិច្ចសហប្រតិបត្តិការជាមួយវៀតណាម ក្នុងការទទួលបានសិទ្ធិចូលទៅកាន់តំបន់ក្រៅឆ្នេរសមុទ្រ ជាទីជង្រុកប្រភពថាមពល រួមមានទាំងប្រេង និងឧស្ម័ន ដែលមានផលចំណេញខ្ពស់ ស្របពេលដែលរដ្ឋាភិបាលវៀតណាមក៏កំពុងជំរុញឱ្យមានរលកនៃការវិនិយោគថ្មីៗពីបរទេស បន្តពា់ពីទិន្នផលពីអណ្តូងប្រេង និងឧស្ម័នចាស់ៗជាច្រើនទីតាំងបានធ្លាក់ចុះជាលំដាប់។
ជាមួយនឹងគោលបំណងនៃការភ្ជាប់ខ្លួននៅក្នុងឧស្សាហកម្មថាមពលជាមួយវៀតណាមពីមហាអំណាចសេដ្ឋកិច្ចទាំង៣ប្រទេសដូចបានបង្ហើបខាងលើនេះ ត្រូវបានគេដឹងថា គម្រោងថ្មីទាំងនោះមានដូចជា គម្រោង Lac Da Vang វិនិយោគដោយក្រុមហ៊ុនអាមេរិក ដែលមានឈ្មោះ Murphy Oil និងក្រុមហ៊ុនកូរ៉េខាងត្បូង SK Group, គម្រោង Ca Voi Xanh វិនិយោគដោយក្រុមហ៊ុនអាមេរិក ExxonMobil, និងគម្រោង Block B វិនិយោគដោយក្រុមហ៊ុនជប៉ុន Mitsui។ បន្ថែមពីនេះ ក្រុមហ៊ុនរដ្ឋរបស់រុស្ស៊ី Zarubezhneft ដែលបានប្រតិបត្តិការនៅវៀតណាមជាង ៤០ ឆ្នាំរួចមកហើយនោះ ទើបតែទទួលបានការគាំទ្រពីរដ្ឋាភិបាលវៀតណាមក្នុងការបន្តរុករក និងចុះកិច្ចសន្យាលើទីតាំងថ្មីៗបន្ថែមទៀត។ ការស្ទុះឡើងនៃសកម្មភាពរុករក និងអភិវឌ្ឍន៍ថ្មីៗទាំងនេះ ធ្វើឱ្យបណ្តាក្រុមហ៊ុនអន្តរជាតិទាំងនោះប្រកួតប្រជែងគ្នាយ៉ាងខ្លាំង ដើម្បីដណ្តើមភាពទាក់ទាញយកបុគ្គលិក និងវិស្វករដែលមានជំនាញមកធ្វើការឱ្យពួកគេ ដោយក្រុមហ៊ុនអាមេរិកហ៊ានផ្តល់ប្រាក់បៀវត្សរ៍ខ្ពស់ដើម្បីទាញយកអ្នកមានបទពិសោធន៍។
ដោយឡែក សម្រាប់រដ្ឋាភិបាលវៀតណាមវិញ ការអភិវឌ្ឍប្រភពថាមពលក្រៅតំបន់ឆ្នេរសមុទ្រ គឺជាអាទិភាពយុទ្ធសាស្ត្រដ៏សំខាន់មួយ ដើម្បីធានាសន្តិសុខថាមពល និងកាត់បន្ថយការពឹងផ្អែកលើការនាំចូល។ ជាក់ស្តែង Sao Vang-Dai Nguyet គឺជាគម្រោងអភិវឌ្ឍន៍អណ្តូងឧស្ម័នធម្មជាតិ និងប្រេងដែលមានទីតាំងស្ថិតនៅក្នុងតំបន់ប្លុកលេខ 05-1b និង 05-1c នៃអាង Nam Con Son Basin ក្នុងសមុទ្រចិនខាងត្បូង មានចម្ងាយប្រហែល ៣៥០ គីឡូម៉ែត្រពីឆ្នេរសមុទ្រវៀតណាម។ តំបន់នេះត្រូវបានចាត់ទុកក្នុងចំណោមទីតាំងដែលមានទុនបម្រុងថាមពលច្រើនបំផុតមួយនៅអាស៊ីអាគ្នេយ៍។ Sao Vang-Dai Nguyet ត្រូវបានប្រតិបត្តិការដោយក្រុមហ៊ុនជប៉ុន Idemitsu Kosan ជាមួយនឹងទុនវិនិយោគលើការសាងសង់ជាង ១០០ ពាន់លានយ៉េន (ប្រមាណ ៦៣២ លានដុល្លារ)។ ក្រុមហ៊ុនជប៉ុនមួយនេះបានសាងសង់ស្ថានីយដ៏ធំមួយនៅកណ្តាលសមុទ្រសម្រាប់ប្រមូល និងសម្អាតឧស្ម័នធម្មជាតិ មុននឹងបញ្ជូនទៅប្រើប្រាស់នៅលើគោក។
ជាការកត់សម្គាល់ ចាប់តាំងពីចាប់ផ្តើមផលិតកម្មក្នុងឆ្នាំ២០២០ អណ្តូងក្រោមបាតសមុទ្រចំនួន ៧ ត្រូវបានបូមទាញយកឧស្ម័នប្រមាណ ៤ លានម៉ែត្រគូបក្នុងមួយថ្ងៃ ហើយទីតាំងនេះនៅតែអាចបន្ថែមអណ្តូងខួងចំនួន ៥ ទៀតនាពេលអនាគត។ ការខួងអណ្តូងនីមួយៗចូលទៅក្នុងជម្រៅជាច្រើនពាន់ម៉ែត្រ និងត្រូវចំណាយថវិកាលើសពី ១០ ពាន់លានយ៉េន បើទោះបីជាអត្រាជោគជ័យមានត្រឹមតែ ៣ ក្នុងចំណោម ១០ អណ្តូងក៏ដោយ។ ក្រៅពីផលិតឧស្ម័នដឹកតាមបំពង់ក្រោមសមុទ្រ ទីតាំងមួយនេះក៏ត្រូវបានប្រើប្រាស់សម្រាប់ផលិតប្រេងឆៅប្រភេទស្រាល condensates ដោយបានជួយទ្រទ្រង់ប្រតិបត្តិការរោងចក្រចម្រាញ់ប្រេងរបស់វៀតណាមក្នុងអំឡុងពេលវិបត្តិថាមពលនៅមជ្ឈិមបូព៌ា។ គួរបញ្ជាក់ដែរថាប្រេង Condensate មានដង់ស៊ីតេទាប និងស្រាលខ្លាំង ។ នៅពេលស្ថិតនៅក្រោមដីដែលមានសីតុណ្ហភាព និងសម្ពាធខ្ពស់ វាមានទម្រង់ជាឧស្ម័ន ប៉ុន្តែនៅពេលដែលគេបូមវាឡើងមកលើផ្ទៃដី សីតុណ្ហភាព និងសម្ពាធធ្លាក់ចុះ នោះវានឹងកកក្លាយទៅជាប្រេង។
អ្នកជំនាញបានលើកឡើងថា បើទោះជាទីតាំងបូមឧស្ម័ននេះនៅឆ្ងាយដាច់ស្រយាលក៏ដោយ វាបានក្លាយជាតំបន់ប្រឈមមុខដាក់គ្នាយ៉ាងក្តៅគគុករវាងមហាអំណាច ដូចជា ចិន អាមេរិក និងជប៉ុន។ មូលហេតុ គឺដោយសារតែវាស្ថិតនៅក្បែរ «ខ្សែបន្ទាត់ ៩ កង់» ដែលជាដែនទឹកសមុទ្រចិនខាងត្បូង ហើយត្រូវទាមទារយកតែម្នាក់ឯងដោយភាគីចិន។
សូមបញ្ជាក់ថា បើតាម លោក Jamie McPherson ប្រធានផ្នែកប្រតិបត្តិការនៅទីតាំង Sao Vang-Dai Nguyet បានឱ្យដឹងថា ជាទូទៅតែងមាននាវាគួរឱ្យសង្ស័យលេចមុខនៅជិតតំបន់អណ្តូងទាំង១០នោះស្ទើរតែរៀងរាល់ថ្ងៃ៕





វិថីហិរញ្ញវត្ថុ































































Account
Security
Favourite Content