ភ្ជុំ​បិណ្ឌ​ជា​ឱកាស​បង្កើន​ចំណូល​សម្រាប់​អ្នក​លក់​គុយ​ទាវ​និង​អ្នក​រត់​កង់​បី តែ​ត្រូវ​លះបង់​ពេល​ជួបជុំ​គ្រួសារ​

​ភ្នំពេញ​៖​ ​ក្នុងពេល​ប្រជា​ពលរដ្ឋ​ជា​ច្រើន​ឆ្លៀត​សម្រាក​ពី​ការងារ​ ​ដើម្បី​ជួបជុំគ្រួសារ​ ​ធ្វើ​បុណ្យ​ ​និង​ដើរកម្សាន្ត​ក្នុង​ឱកាស​បុណ្យ​កាន់​បិណ្ឌ​-​ភ្ជុំ​បិណ្ឌ ​អ្នក​ប្រកបរបរ​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ​ក្នុង​វិស័យ​លក់ដូរ​ ​និង​ដឹកជញ្ជូន​មួយ​ចំនួន​ បែរ​ជា​បង្កើន​សកម្មភាព​ការងារ​របស់​ខ្លួន ​ដើម្បី​ឆ្លៀត​យក​ឱកាស​រក​ប្រាក់​ចំណូល​បន្ថែម​ពី​តម្រូវការ​សេវាកម្ម​ដែល​កើនឡើង​ ​ជាពិសេស​នៅ​ថ្ងៃ​ភ្ជុំ​ធំ​ឆ្នាំ​២០២៦ ​ដែល​ចំ​ថ្ងៃ​ចុង​សប្តាហ៍​។

ការ​កើនឡើង​នៃ​ចំនួន​ប្រជា​ពលរដ្ឋ​ធ្វើដំណើរ​ទៅ​ស្រុក​កំណើត ​និង​តំបន់​ទេសចរណ៍​នានា ​បាន​ធ្វើឱ្យ​អាជីវករ​លក់​ម្ហូប​អាហារ​ ​និង​អ្នក​ផ្តល់​សេវា​ដឹកជញ្ជូន​មមាញឹក​ជាង​ថ្ងៃ​ធម្មតា​។ ​អ្នក​លក់ដូរ​ខ្លះ​បាន​ត្រៀម​ម្ហូប​អាហារ​ ​ភេសជ្ជៈ​ ​និង​កន្លែង​អង្គុយ​បន្ថែម​សម្រាប់​ទទួល​ភ្ញៀវ​ ​ខណៈ​អ្នក​រត់តាក់ស៊ី ​កង់​បី ​និង​ម៉ូតូ​ឌុប​ក៏​បង្កើន​ជើង​ដឹកជញ្ជូន ​ដើម្បី​ទទួល​បាន​ប្រាក់​ចំណូល​ច្រើន​ជាង​មុន​។

​«​បើ​បិទ​ហាង​គ្រប់​គ្នា​ ​បង​ឯង​បាន​អីហូប​?​» ​នេះ​ជា​ពាក្យ​លេង​សើច​របស់​លោក​ ​ម៉ូវ ឆាយ ​ម្ចាស់​ហាង​គុយ​ទាវ​អូឫស្សី​ ​សាខា​ក្រុង​សៀមរាប ​មុន​ផ្តល់​បទសម្ភាសន៍​ដល់​បណ្ដាញ​សារព័ត៌មាន​ AMS​។ ​សម្រាប់​លោក​ ការ​បន្ត​បើក​ហាង​ក្នុង​រដូវ​បុណ្យ​មិន​ត្រឹមតែ​ជា​ការ​បំពេញ​តម្រូវការ​របស់​ភ្ញៀវ​ប៉ុណ្ណោះ​ទេ​ ​ប៉ុន្តែ​ក៏​ជា​ឱកាស​សំខាន់​សម្រាប់​បង្កើន​ការ​លក់ដូរ​ ​និង​ប្រាក់​ចំណូល​របស់​គ្រួសារ​ផងដែរ​។

​លោក​ ​ម៉ូវ ឆាយ ​បាន​ឱ្យ​ដឹង​ថា​ ​នៅ​ថ្ងៃ​ធម្មតា​ ​ហាង​របស់​លោក​លក់​គុយ​ទាវ​បាន​ជាង​ ​១០០ ​ចាន​ ​ដោយ​មាន​តម្លៃ​ចាប់​ពី​ ១ ​ម៉ឺន​រៀល​ឡើង​ទៅ​។ ​មុខ​ម្ហូប​ដែល​ជា​ចំណុច​ទាក់ទាញ​របស់​ហាង ​គឺ​គុយ​ទាវ​ចាន​ធំ​ដែល​មាន​សាច់​ចម្រុះ​ ២០​ ​មុខ​។ ​ក្នុង​ឱកាស​បុណ្យ​ ភ្ញៀវ​អាច​កុម៉្មង់​សាច់​បន្ថែម​ ​ឬ​គុយ​ទាវ​ឌុប ​ដែល​អាច​ធ្វើឱ្យ​តម្លៃ​ម្ហូប​កើនឡើង​បន្តិច​តាម​ការ​កុម៉្មង់ ប៉ុន្តែ​លោក​បញ្ជាក់​ថា​ ​ហាង​នៅតែ​ផ្តល់​ជូន​នូវ​រសជាតិ​ ​និង​តម្លៃ​សមរម្យ​។

​តាម​ការ​រៀបរាប់​របស់​លោក​ ​ក្នុង​រយៈពេល​ ៣ ​ថ្ងៃ​ចុងក្រោយ​នៃ​ពិធី​បុណ្យ​កាន់​បិណ្ឌ​-​ភ្ជុំ​បិណ្ឌ ​ហាង​របស់​លោក​ទទួល​បាន​ភ្ញៀវ​កើនឡើង​ប្រមាណ​ ៥ ​ដង​ បើ​ប្រៀបធៀប​នឹង​ថ្ងៃ​ធម្មតា​ ​ដែល​មាន​ភ្ញៀវ​ប្រមាណ​ ៨០​ ​នាក់​ក្នុង​មួយ​ថ្ងៃ​។ ​ហាង​បើក​លក់​ចាប់​ពី​ម៉ោង​ ៦ ​ព្រឹក​ ​ដល់​ម៉ោង​ ២​ ​រសៀល ​ហើយ​ក្នុង​ប៉ុន្មាន​ថ្ងៃ​នៃ​រដូវ​បុណ្យ​នេះ​ ​ក៏​មាន​ភ្ញៀវ​មក​ពី​ក្រៅ​ខេត្ត​ចូល​មក​ទទួលទាន​អាហារ​ច្រើន​ផងដែរ​។

​លោក​ ​ម៉ូវ ឆាយ ​ទទួល​ស្គាល់​ថា​ ​អ្នក​ណា​ក៏​ចង់​សម្រាក ​និង​ចង់​ចំណាយ​ពេល​ជាមួយគ្រួសារ​ដែរ​ ​ប៉ុន្តែ​លោក​មើល​ឃើញ​ថា​ ​ការ​បើក​ហាង​ក្នុងពេល​ដែល​មនុស្ស​ធ្វើដំណើរ​កម្សាន្ត​ច្រើន​ ​គឺជា​ឱកាស​មិន​គួរ​រំលង​។ ​ម្យ៉ាងទៀត​ ​លោក​ ​គ្រួសារ ​និង​បុគ្គលិក​ហាង​បាន​សម្រាក​មួយ​ថ្ងៃ​រួចហើយ​នៅ​ថ្ងៃ​កាន់​បិណ្ឌ​ទី​១ ​ដើម្បី​ទៅ​វត្ត​ធ្វើ​បុណ្យ​ជុំគ្នា​។

​លោក​ក៏​យល់​ថា​ ​ការ​បន្ត​បើក​ហាង​របស់​អាជីវករ​ក្នុងពេល​តម្រូវ​ការ​កើនឡើង​ ​អាច​ជួយ​រក្សា​ការ​ប្រកួតប្រជែង​តម្លៃ​នៅលើ​ទីផ្សារ ​ដើម្បី​កុំ​ឱ្យ​អ្នក​លក់​មួយចំនួន​ឆ្លៀត​ឱកាស​ដំឡើង​ថ្លៃ​ហួសហេតុ ​ក្នុង​រដូវ​បុណ្យ​។

​ក្រៅ​ពី​អ្នក​លក់ដូរ​ ​អ្នក​ផ្តល់​សេវា​ដឹកជញ្ជូន​ក៏​មើល​ឃើញ​ឱកាស​បង្កើន​ប្រាក់​ចំណូល​ក្នុង​រដូវ​បុណ្យ​នេះ​ដែរ​។ ​លោក​ ​ប៉ុក​ ពៅ​ ​ហៅ​ រ៉ាទីត ​ដែល​មាន​ស្រុក​កំណើត​នៅ​ខេត្ត​ព្រៃវែង ​និង​បាន​កសាង​គ្រួសារ​នៅ​ខេត្ត​បាត់ដំបង​ ​បាន​ចាប់​យក​មុខរបរ​រត់​កង់​បី​ឥណ្ឌា​ជាមុខរបរ​ចម្បង​ ​ដោយ​ឆ្លៀត​រក​ប្រាក់​ចំណូល​បន្ថែម​នៅពេល​មាន​តម្រូវការ​ដឹកជញ្ជូន​កើនឡើង​។

​លោក​ រ៉ាទីត ​បាន​ប្រាប់​ AMS ​ថា​ ​ជា​ធម្មតា​ ​លោក​ឈប់​ចាំ​ដឹក​ភ្ញៀវ​នៅ​តំបន់​ខាង​ក្រោយ​វត្ត​ទួល​តា​ឯក ​ហើយ​អាច​រត់​បាន​ប្រមាណ​ ​៧ ​ទៅ​ ៨ ​ជើង​ក្នុង​មួយ​ថ្ងៃ ​ដោយ​រក​ប្រាក់​ចំណូល​បាន​ប្រហែល​ ​៤ ​ម៉ឺន​រៀល​។ ​ប៉ុន្តែ​ចាប់​តាំងពី​ថ្ងៃ​កាន់​បិណ្ឌ​ទី​១ ​រហូតដល់​ថ្ងៃ​ភ្ជុំ​ធំ ​ចំនួន​ភ្ញៀវ​ដែល​លោក​ដឹក​បាន​កើនឡើង​ ​ហើយ​ប្រាក់​ចំណូល​ប្រចាំ​ថ្ងៃ​ក៏​កើន​ដល់​ចន្លោះ​ពី​ ​៨ ​ម៉ឺន​ ​ទៅ​ ​១០ ​ម៉ឺន​រៀល​។

​ទោះជា​យ៉ាងណា ​លោក​ រ៉ាទីត ​បាន​បញ្ជាក់​ថា​ ​ប្រាក់​ចំណូល​ដែល​កើនឡើង​មិន​មាន​ន័យ​ថា​ ​លោក​អាច​សន្សំ​ប្រាក់​បាន​ច្រើន​នោះ​ទេ​ ព្រោះ​ការ​ចំណាយ​លើ​ហ្គាស​សម្រាប់​កង់​បី​កំពុង​កើនឡើង​។ ស្រប​ពេល​ទំនិញ​មួយចំនួន​ក៏​ឡើង​ថ្លៃ​ដែរ ​ចំណូល​ដែល​រក​បាន​គ្រាន់តែ​ជួយ​ទប់ទល់​នឹង​ការ​ចំណាយ​ប្រចាំ​ថ្ងៃ​របស់​គ្រួសារ ​ដោយ​មិន​មាន​លទ្ធភាព​សន្សំ​ទុក​បាន​ច្រើន​ឡើយ​។

​សម្រាប់​លោក​ រ៉ាទីត ការ​បន្ត​រត់​កង់បី​ក្នុង​រដូវ​បុណ្យ​គឺជា​ឱកាស​ដើម្បី​រក​ប្រាក់​បន្ថែម​ ​ប៉ុន្តែ​ចំណូល​ដែល​ទទួល​បាន​ត្រូវ​គិតគូរ​ជាមួយ​ថ្លៃ​ដើម​ផងដែរ​។ ​នេះ​បង្ហាញ​ថា​ ​ទោះ​បី​ចំនួន​ជើង​ដឹកជញ្ជូន ​និង​ប្រាក់​ចំណូល​កើនឡើង​ក៏​ដោយ​ ​ការ​ចំណាយ​ខ្ពស់​នៅតែ​ជា​កត្តា​ដែល​ធ្វើឱ្យ​អ្នក​ប្រកបរបរ​មួយ​ចំនួន​ពិបាក​សល់​ប្រាក់​សម្រាប់​សន្សំ​។

​ជុំវិញ​ស្ថានភាព​នេះ ​លោក​ វ៉ន ពៅ​ ​ប្រធាន​សមាគម​ប្រជា​ធិបតេយ្យ​ឯករាជ្យ​នៃ​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ​ ​បាន​ទទួល​ស្គាល់​ថា​ ​សកម្មភាព​លក់ដូរ​ ​និង​ដឹកជញ្ជូន​ក្នុង​រដូវ​បុណ្យ​ភ្ជុំ​បិណ្ឌ​មាន​សន្ទុះ​ខ្លាំង ​ដែល​បង្កើត​ឱកាស​ទទួល​បាន​ប្រាក់​ចំណូល​ខ្ពស់​ក្នុង​រយៈពេល​ខ្លី​សម្រាប់​អ្នក​ផ្តល់​សេវា​។

​លោក​សង្កេតឃើញ​ថា​ ​ក្នុង​អំឡុងពេល​បុណ្យ​កាន់​បិណ្ឌ​-​ភ្ជុំ​បិណ្ឌ ​អ្នក​រត់​តាក់ស៊ី ​កង់​បី ​និង​ម៉ូតូ​ឌុប​មួយចំនួន​បាន​ផ្អាក​ការ​ប្រើប្រាស់​កម្មវិធី​ដឹកជញ្ជូន​ ​(​App​)​ ​ហើយ​ងាក​មក​ទទួល​ភ្ញៀវ​តាម​ជើង ​ដោយ​ចរចា​តម្លៃ​ដែល​ព្រមព្រៀង​គ្នា​។ ​តា​មការ​សង្កេត​របស់​លោក​ វិធី​នេះ​អាច​ឱ្យ​អ្នក​ផ្តល់​សេវា​ទទួល​បាន​ប្រាក់​ច្រើន​ជាង​ការ​ភ្ជាប់​សេវា​ជាមួយ​កម្មវិធី​ក្នុង​រដូវ​បុណ្យ​។

​លោក​ វ៉ន ពៅ​ ​ក៏​បាន​កត់សម្គាល់​ថា​ ​អ្នក​ប្រកបរបរ​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ​ជា​ច្រើន​នៅ​ឆ្នាំ​២០២៦​នេះ ​មិន​បាន​ឈប់​លក់ដូរ​ ​ឬ​រត់​កង់​បី​ដើម្បី​ទៅ​លេង​ស្រុក​កំណើត​ឡើយ​ ​ប៉ុន្តែ​បន្ត​ធ្វើការ​ដើម្បី​ឆ្លៀត​យក​ឱកាស​រក​ប្រាក់​ចំណូល ​ក្នុង​ពេល​ដែល​ប្រជា​ពលរដ្ឋ​ជា​ច្រើន​ឈប់​សម្រាក ​និង​ធ្វើដំណើរ​កម្សាន្ត​។

​លោក​បន្ថែម​ថា​ ​ការ​ខិតខំ​រក​ប្រាក់​ក្នុង​រដូវ​បុណ្យ​នេះ​ ​គឺ​ដើម្បី​ដោះស្រាយ​ការ​ចំណាយ​ពីមុន​ៗ ​និង​សល់​ប្រាក់​ខ្លះ​សម្រាប់​បន្ត​ដើម​ទុន​ក្រោយ​ពិធី​បុណ្យ​ចប់​។ ​ទោះជា​យ៉ាងណា​ ​ការ​ចំណាយ​ក៏​មាន​ច្រើន​ដែរ​ ​ដោយសារ​តម្លៃ​ប្រេង​សាំង ​និង​ហ្គាស​កើនឡើង​ ​ព្រមទាំង​គ្រឿងទេស​ ត្រី​ ​និង​សាច់​ដែល​អាជីវករ​ត្រូវ​ទិញ​យក​មក​ធ្វើ​ម្ហូប​សម្រាប់​លក់​។

យោង​តាម​លោក​ វ៉ន ពៅ​ ​សមាគម​របស់​លោក​មាន​សមាជិក​ចំនួន​ ​២៥​.​០០០ ​នាក់​ ​នៅ​រាជធានី​-​ខេត្ត​ចំនួន​ ៩ ​រួម​មាន​ ​រាជធានី​ភ្នំពេញ​ ​ខេត្ត​សៀមរាប​ ​បាត់ដំបង​ ​បន្ទាយមាន​ជ័យ​ ​ព្រះសីហនុ ​កំពត​ ​កែប​ ​កំពង់ស្ពឺ ​និង​កំពង់ចាម​។ ​តាមរយៈ​សមាគម​នេះ​ ​អ្នក​ប្រកបរបរ​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ​ត្រូវ​បាន​លើកទឹកចិត្ត​ឱ្យ​ទទួល​បាន​សេវា​សង្គម​ពី ​ប.​ស.​ស. ​ការ​ជួយ​ដោះស្រាយ​វិវាទ ការ​អប់រំ​អំពី​ច្បាប់​ចរាចរណ៍​ ​និង​ចំណេះដឹង​ផ្នែក​បច្ចេកវិទ្យា​ ​ព្រមទាំង​ការ​ភ្ជាប់​ទំនាក់ទំនង​ជាមួយ​អាជ្ញាធរ ​និង​ស្ថាប័ន​ពាក់ព័ន្ធ​។

ការ​យកចិត្តទុកដាក់​លើ​អ្នក​ប្រកបរបរ​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ​នេះ​ ស្រប​នឹង​យុទ្ធសាស្ត្រជាតិ​ស្តីពី​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ​ឆ្នាំ​២០២៣​-​២០២៨​។ ​អ្នក​នាំពាក្យ​ក្រសួង​ឧស្សាហកម្ម​ ​បច្ចេកវិទ្យា​ ​និងន​វានុវត្តន៍​ ​បាន​ឱ្យ​ដឹង​កាលពី​ពេល​ថ្មី​ៗ​នេះ​ថា​ ​អ្នក​ប្រកបរបរ​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ​ប្រមាណ​ ៥០០​.​០០០​ ​នាក់​ ​ត្រូវ​បាន​ចុះ​បញ្ជី​ទទួល​ស្គាល់ ​ហើយ​បាន​រួមចំណែក​យ៉ាង​សំខាន់​ដល់​សេដ្ឋកិច្ច​កម្ពុជា​ ​តាមរយៈ​ការ​បង្កើត​ប្រាក់​ចំណូល​សម្រាប់​គ្រួសារ​ ​ការ​បង្កើត​ការងារ​ ​និង​ការ​គាំទ្រ​សកម្មភាព​សេដ្ឋកិច្ច​នៅ​មូលដ្ឋាន​។​

​យុទ្ធសាស្ត្រ​ជាតិ​នេះ​មាន​គោលដៅ​លើកកម្ពស់​ជីវភាព​រស់នៅ​ ​ពង្រឹង​លទ្ធភាព​ទទួល​បាន​ការ​ការពារ ​និង​ការ​គាំទ្រ​ចាំបាច់​ ​ព្រមទាំង​ជំរុញ​ឱ្យ​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ​ក្លាយជា​កម្លាំង​ចលករ​ក្នុង​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច​កម្ពុជា​ប្រកប​ដោយ​បរិយាបន្ន​ ​ចីរភាព​ ​និង​ភាព​ធន់​នឹង​វិបត្តិ​។

​សម្រាប់​អ្នក​លក់​គុយ​ទាវ ​និង​អ្នក​រត់​កង់​បី​ដូច​លោក​ ម៉ូវ ឆាយ ​និង​លោក​ រ៉ាទីត ​រដូវ​បុណ្យ​មិន​ត្រឹមតែ​ជា​ពេលវេលា​សម្រាប់​សម្រាក ​និង​ជួបជុំគ្រួសារ​ប៉ុណ្ណោះ​ទេ ​ប៉ុន្តែ​ជា​ឱកាស​សំខាន់​ក្នុង​ការ​បង្កើន​ប្រាក់​ចំណូល ​ដើម្បី​ទ្រទ្រង់​ជីវភាព​ប្រចាំ​ថ្ងៃ​។ ​ទោះ​បី​ការងារ​កាន់តែ​មមាញឹក ​និង​ចំណូល​កើនឡើង​ក៏​ដោយ​ ​ការ​ចំណាយ​លើ​ថ្លៃ​ដើម​នៅតែ​ជា​បញ្ហា​ប្រឈម ​ដែល​ធ្វើឱ្យ​អ្នក​ប្រកបរបរ​ទាំងនេះ​ត្រូវ​បន្ត​ខិតខំ ​ដើម្បី​រក្សា​លំនឹង​ជីវភាព​គ្រួសារ​របស់​ខ្លួន​៕




របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ភ្ជុំ​បិណ្ឌ​ជា​ឱកាស​បង្កើន​ចំណូល​សម្រាប់​អ្នក​លក់​គុយ​ទាវ​និង​អ្នក​រត់​កង់​បី តែ​ត្រូវ​លះបង់​ពេល​ជួបជុំ​គ្រួសារ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 09/10/2026

​ក្នុងពេល​ប្រជា​ពលរដ្ឋ​ជា​ច្រើន​ឆ្លៀត​សម្រាក​ពី​ការងារ​ ​ដើម្បី​ជួបជុំគ្រួសារ​ ​ធ្វើ​បុណ្យ​ ​និង​ដើរកម្សាន្ត​ក្នុង​ឱកាស​បុណ្យ​កាន់​បិណ្ឌ​-​ភ្ជុំ​បិណ្ឌ ​អ្នក​ប្រកបរបរ​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ​ក្នុង​វិស័យ​លក់ដូរ​ ​និង​ដឹកជញ្ជូន​មួយ​ចំនួន​ បែរ​ជា​បង្កើន​សកម្មភាព​ការងារ​របស់​ខ្លួន ​ដើម្បី​ឆ្លៀត​យក​ឱកាស​រក​ប្រាក់​ចំណូល​បន្ថែម​ពី​តម្រូវការ​សេវាកម្ម​ដែល​កើនឡើង​ ​ជាពិសេស​នៅ​ថ្ងៃ​ភ្ជុំ​ធំ​ឆ្នាំ​២០២៦

មានហេតុផលពីរ ធ្វើឱ្យស្ថានភាពឥណទានកាបូនឆ្នាំ២០២៦ នៅទ្រឹង ខណៈកម្ពុជាធ្លាប់លក់បានប្រមាណ ១១លានដុល្លារ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 09/10/2026

ភ្នំពេញ៖ នៅ​ក្នុង​បរិបទដែល​អាកាសធាតុពិភពលោក​ប្រែប្រួល កម្ពុជា​បាន​បោះជំហាន​លើ​វិថី​សេដ្ឋកិច្ច​បៃតង​យ៉ាង​មុតមាំ ដោយ​ពង្រឹង​សក្ដានុពល​ឥណទាន​កាបូន ដើម្បី​ទាក់ទាញ​ទុន​អភិវឌ្ឍន៍ អភិរក្សព្រៃឈើ និង​លើក​កម្ពស់​ជីវភាព​សហគមន៍ឱ្យ​ស្រប​តាម​ចក្ខុវិស័យអព្យាក្រឹតកាបូនត្រឹម​ឆ្នាំ២០៥០។ ជាកត់សម្គាល់ នៅ​ឆ្នាំ​២០២៦ នេះ ឥណទាន​កាបូនហាក់​នៅ​ទ្រឹង ឬ​មិន​ទាន់​មានវឌ្ឍនភាពអ្វី​ថ្មី​នៅ​ឡើយ​ទេ ដោយស្ថានភាព​ទីផ្សារឥណទាន​កាបូនស្ម័គ្រចិត្ត​ប្រែប្រួល និង​ការ​កែសម្រួលវិធីសាស្ដ្រ​ឥណទាន​កាបូន ខណៈដែលគិត​ចាប់​ពី​ឆ្នាំ​២០១៦ ដល់​ឆ្នាំ​២០២២ កម្ពុជា​លក់កាបូន​បានប្រមាណ ១១​លាន​ដុល្លារអាមេរិក រុញចូល​សេដ្ឋកិច្ច​ជាតិរួច​ហើយ។ អ្នកនាំពាក្យ​ក្រសួង​បរិស្ថាន

អឺរ៉ុប ប្រឈមបញ្ហាផ្ទៃក្នុងធ្ងន់ធ្ងរ ពលរដ្ឋអស់ទំនុកចិត្ត ខណៈមេដឹកនាំធំៗបន្តដាក់អាទិភាពលើវិស័យយោធា

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 09/10/2026

បរទេស ៖ វិបត្តិដ៏ធ្ងន់ធ្ងរមួយកំពុងផ្ទុះឡើងយ៉ាងខ្លាំងនៅទូទាំងសហភាពអឺរ៉ុប តាមរយៈការតវ៉ាអំពីបញ្ហាប្រចាំថ្ងៃជាច្រើនរបស់ប្រជាពលរដ្ឋទូទៅ ខណៈដែលអាទិភាពភូមិសាស្ត្រនយោបាយបានបង្ខំឲ្យរដ្ឋាភិបាលរបស់ពួកគេបែរជាងាកទៅរកការត្រៀមខ្លួនដើម្បីធ្វើសង្គ្រាមទៅវិញ។ នៅក្នុងអត្ថបទវិភាគមួយដែលចេញផ្សាយដោយកាសែត RT បានសរសេរថា ​រាប់ចាប់ពីបញ្ហាហេដ្ឋារចនាសម្ព័ន្ធសាធារណៈ មានការទ្រុឌទ្រោម តម្លៃជីវភាពរស់នៅរបស់ពលរដ្ឋកើនឡើងកប់ពពក ហើយវិស័យឧស្សាហកម្មប្រឈមនឹងការកាត់បន្ថយយ៉ាងគំហុក ប៉ុន្តែមេដឹកនាំជាច្រើននៅទ្វីបនេះកំពុងបង្វែរធនធានរដ្ឋកាន់តែច្រើនឡើងទៅក្នុងកញ្ចប់ថវិកាការពារជាតិ ការបំពាក់អាវុធយោធាឡើងវិញ និងការត្រៀមខ្លួនផ្នែកសន្តិសុខ។ ការមើលរំលងបញ្ហាផ្ទៃក្នុងដែលកំពុងតែកើតមានកាន់តែធ្ងន់ធ្ងរ និងការបង្កើនកម្លាំងយោធាខាងក្រៅនេះបានគាស់រំលើងភាពវឹកវរជាសាធារណៈកាន់តែស៊ីជម្រៅនៅតាមបណ្តាតំបន់ទីប្រជុំជន និងទីក្រុងសំខាន់ៗនៅទូទាំងអឺរ៉ុបភាគខាងលិច។ ជាក់ស្តែង នៅក្នុងប្រទេសអេស្ប៉ាញ

តម្រូវការ​ពង​ទា​ហក់​ឡើង​ខ្ពស់​ក្នុង​រដូវ​ភ្ជុំ​បិណ្ឌ​៖ ​ពង​ទា ​៤ លាន​គ្រាប់​ចូល​ទីផ្សារ​ក្នុង​មួយ​ថ្ងៃ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 09/10/2026

តម្រូវ​ការ​ពង​ទា​នៅ​កម្ពុជា​កំពុង​កើនឡើង​ក្នុង​រដូវ​កាល​កាន់​បិណ្ឌ ​និង​ភ្ជុំ​បិណ្ឌ ​ដោយសារ​ការ​ប្រើប្រាស់​សម្រាប់​ចម្អិន​ម្ហូប​អាហារ​ ​និង​ធ្វើ​នំ​ប្រពៃណី​ ​ខណៈ​ពង​ទា​ប្រមាណ​ ៤ លាន​គ្រាប់​ត្រូវ​បាន​ផ្គត់ផ្គង់​ចូល​ទីផ្សារ​ក្នុង​មួយ​ថ្ងៃ​ តម្លៃ ប្រាក់ចំណូល

សាខា ៤ ថ្មីបន្ថែមទៀតរបស់ អិលអូអិលស៊ី ត្រូវបានដាក់ឱ្យដំណើរការ «ឥណទានមាសកើនទ្រព្យ» ជាផ្លូវការ ដើម្បីបំពេញតម្រូវការសាច់ប្រាក់បន្ទាន់ជូនអតិថិជន

ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម

• 09/10/2026

ខេត្តកណ្តាល និងខេត្តកំពង់ស្ពឺ៖ ដើម្បីបន្តឆ្លើយតបទៅនឹងតម្រូវការហិរញ្ញវត្ថុរបស់អតិថិជនដែលរស់នៅតាមបណ្តាខេត្តនានា ក្រៅពីរាជធានីភ្នំពេញ ឱ្យទទួលបាននូវដំណោះស្រាយហិរញ្ញវត្ថុដែលមានភាពងាយស្រួលនិងមានសុវត្ថិភាព អិលអូអិលស៊ី បានដាក់ដំណើរការនូវផលិតផល «ឥណទានមាសកើនទ្រព្យ» នៅសាខាចំនួន ៤ បន្ថែមទៀត មានដូចជាសាខាក្រុងតាខ្មៅ – សង្កាត់រកាខ្ពស់ សាខាស្រុកកោះធំ – ឃុំព្រែកថ្មី សាខាស្រុកអង្គស្នួល – ឃុំបែកចាន

អាជ្ញាធរអះអាងថា ការត្រួតពិនិត្យគយ ១០០ភាគរយត្រូវបានអនុវត្តនៅច្រកទ្វារព្រំដែនអន្តរជាតិជ្រៃធំ-ខាញ់ប៊ិញ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 09/10/2026

កណ្តាល​ ៖ បើទោះបីជាការបើកច្រកទ្វារព្រំដែនអន្តរជាតិជ្រៃធំ អាចជួយសម្រួលដល់ទេសចរ និងពាណិជ្ជកម្មក៏ដោយ ប៉ុន្តែអាជ្ញាធរបានអះអាងថា រាល់ទំនិញវៀតណាមទាំងអស់នឹងត្រូវត្រួតពិនិត្យគយ១០០ភាគរយ និងយ៉ាងម៉ត់ចត់ ដើម្បីប្រាកដមិនមានការនាំចូលកម្ពុជាដោយគេចពន្ធ និងអាចរក្សាបានភាពប្រកួតប្រជែង។ នៅព្រឹកថ្ងៃទី០៣ ខែតុលា ឆ្នាំ២០២៦ កម្ពុជា និងវៀតណាម បានបើកច្រកទ្វារព្រំដែនអន្តរជាតិផ្លូវគោក ខាញ់ប៊ិញ (ប្រទេសវៀតណាម) ទល់មុខនឹងច្រកទ្វារព្រំដែនអន្តរជាតិជ្រៃធំ (ប្រទេសកម្ពុជា)​

តម្លៃប្រេងធ្លាក់ចុះបន្តិចបន្ទាប់ពី លោក ដូណាល់ ត្រាំ អះអាងថា អាម៉េរិកនឹងមិនវាយប្រហារលើអុីរ៉ង់មុនពេលបោះឆ្នោត

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 09/10/2026

តម្លៃប្រេងឆៅ Brent ធ្លាក់ចុះ ០,៧ ភាគរយនៅត្រឹម ១០៣,៥៣ ដុល្លារក្នុងមួយបារ៉ែល ខណៈដែលតម្លៃប្រេងឆៅ West Texas Intermediate (WTI) ធ្លាក់ចុះ ០,៦ ភាគរយនៅត្រឹម ៩០,៩៧ ដុល្លារក្នុងមួយបារ៉ែល។

អាម៉េរិក-មីយ៉ាន់ម៉ា ចូលតុចរចាស្ងាត់ៗ ដើម្បីពិចារណាទណ្ឌកម្មឡើងវិញ ជាពិសេសកុងត្រារ៉ែកម្រ

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 09/10/2026

បរទេស ៖ រដ្ឋាភិបាលអាម៉េរិក កំពុងផ្លាស់ប្តូរនយោបាយរបស់ខ្លួនយ៉ាងស្ងៀមស្ងាត់ចំពោះប្រទេសមីយ៉ាន់ម៉ា ដោយជំនួសមកវិញនូវការផ្អាកទណ្ឌកម្មដែលខ្លួនបានដាក់ជាច្រើនឆ្នាំមកហើយនោះដើម្បីប្រាស្រ័យទាក់ទងដោយផ្ទាល់ និងពិចារណាឡើងវិញនូវការលើកលែងទណ្ឌកម្មទាំងនោះ។ នៅក្នុងអត្ថបទមួយដែលត្រូវបានចេញផ្សាយដោយ CNA នាពេលថ្មីៗនេះបានពន្យល់ថា មូលហេតុចម្បងនៅពីក្រោយការកែប្រែនយោបាយការទូតភ្លាមៗនេះ គឺដោយសារតែតម្រូវការបន្ទាន់របស់ទីក្រុងវ៉ាស៊ីនតោនក្នុងការទទួលបានសិទ្ធិចូលទៅកាន់ប្រភពធនធានរ៉ែកម្រ (Heavy Rare Earth Elements) ដ៏ច្រើនសន្ធឹកសន្ធាប់របស់មីយ៉ាន់ម៉ា ដែលជាវត្ថុធាតុដើមដ៏សំខាន់សម្រាប់ផលិតកម្មបច្ចេកវិទ្យា គ្រឿងអេឡិចត្រូនិក បរិក្ខាការពារជាតិ និងការផលិតយានយន្តអគ្គិសនី។

រដូវបុណ្យកាន់បិណ្ឌ-ភ្ជុំបិណ្ឌ! ផ្លែឈើក្នុងស្រុកមានតម្រូវការខ្ពស់

ជំនួញ, ព្រឹត្តិការណ៍

• 09/10/2026

ផ្លែឈើក្នុងស្រុកកាន់តែមានតម្រូវការខ្ពស់ក្នុងអំឡុងពិធីបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌ ដោយសារប្រជាពលរដ្ឋត្រូវការយកទៅរៀបចំជាចង្ហាន់ ប្រគេនទេយ្យទានដល់ព្រះសង្ឃ រៀបចំអាសនៈ និងសែនដូនតា

ក្រដាស​ប្រាក់​រៀល​ថ្មី​ប្រភេទ​​ ១០០ ​និង​៥០០  ​មាន​តម្រូវការ​ខ្លាំង ​ក្នុង​រដូវ​បុណ្យ​ភ្ជុំ​បិណ្ឌ

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 09/10/2026

ក្រដាស​ប្រាក់​រៀល​ថ្មី​ៗ ​ជាពិសេស​ប្រភេទ​ ១០០​រៀល ​៥០០​រៀល ​និង​១​,​០០០​រៀល ​មាន​តម្រូវការ​កើនឡើង​ខ្លាំង ​ក្នុង​អំឡុងពេល​បុណ្យ​កាន់​បិណ្ឌ​-​ភ្ជុំ​បិណ្ឌ​រយៈពេល​ ១៥​ថ្ងៃ​ ​ខណៈ​អ្នក​ស្រាវជ្រាវ​ផ្នែក​សេដ្ឋកិច្ច​ ​និង​សង្គម​ ​មើល​ឃើញ​ថា​ ​សកម្មភាព​ប្តូរ​ប្រាក់​ដុល្លារ​ ​ឬ​ក្រដាស​ប្រាក់​រៀល​ចាស់​ៗ​ ទៅ​ជា​ក្រដាស​ប្រាក់​រៀល​ថ្មី​ ​គឺជា​ផ្នែក​មួយ​ជួយ​លើកកម្ពស់​ការ​ប្រើប្រាស់​ប្រាក់​រៀល​ក្នុង​ស្រុក​