ទំនិញ​ថៃ មក​កម្ពុជា​ បន្ដធ្លាក់ចុះខ្លាំង បង្ហាញ​ពីរលកពហិការនៅខ្លាំងក្លា ដែលជាឱកាសមាសសម្រាប់សហគ្រាសក្នុងស្រុកពង្រឹងគុណភាព ពង្រីកទីផ្សារ

ភ្នំពេញ៖ តួលេខនៃទំហំពាណិជ្ជកម្ម​ ក៏ដូចជាការនាំចូលទំនិញពីប្រទេស​​ថៃ​មកកាន់ទឹកដីកម្ពុជាក្នុងរយៈ​ពេល ៩ខែ ​ឆ្នាំ​២០២៦ កន្លងទៅនេះ បាន​ធ្លាក់​ចុះជិត ៣៣.៩%​ បើ​ធៀបនឹង​រយៈ​ពេល​ដូច​គ្នា​កាល​ពី​ឆ្នាំ​២០២៥ ពោលបើ​គិត​ជា​ទឹកប្រាក់ ​គឺ​ធ្លាក់ចុះពី ២ ៣៣៣លានដុល្លារអាមេរិក មក​នៅ​ត្រឹម ១ ៥៤២លានដុល្លារ។ ចំណែកឯការ​នាំចេញ​ទំនិញ​របស់​កម្ពុជារយៈ​ពេល ៩ខែ​ដូច​គ្នា ​​ទៅប្រទេស​ថៃ​វិញ​​ ក៏បាន​ធ្លាក់​ចុះ ៦.៥២% ដែលមានតម្លៃប្រមាណ ៥៣៨លានដុល្លារប៉ុណ្ណោះ។ នេះ​បើ​យោង​តាម​របាយការណ៍​របស់​អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា ដែលទើបចេញ​ផ្សាយ​នៅ​ពាក់កណ្ដាល​ខែតុលា​កន្លងទៅនេះ។

តួលេខនេះ​ ជាផ្នែក​មួយ​បង្ហាញ​ថា រលក​ធ្វើ​ពហិការទំនិញ​ថៃរបស់ពលរដ្ឋខ្មែរ ដែលកើត​ចេញ​ពី​ក្ដី​ឈឺចាប់នៃ​ការ​រំលោភបំពាន​អធិបតេយ្យភាព​កម្ពុជាដោយកងកម្លាំង​ប្រដាប់អាវុធថៃ ចាប់​តាំង​ពីចុងខែឧសភា ឆ្នាំ​២០២៥ មក​នោះ គឺ​នៅ​តែខ្លាំងក្លា ​រក្សាបានជាស្មារតីជាតិ​និយម និង​ពង្រឹងសមត្ថភាព​ខ្លួនឯង​ក្នុង​ទិសដៅលើក​កម្ពស់​ផលិតផល​ខ្មែរ និងរក្សាស្ថិរភាពទីផ្សារក្នុង​ស្រុក​យូរអង្វែង។

រលក​ធ្វើ​ពហិការដ៏ខ្លាំងក្លា និង​មាន​រយៈ​ពេល​យូររបស់​ពលរដ្ឋ​ខ្មែរ​លើក​នេះ អាច​មានហេតុផល​លើ​សពីអ្វី​ដែល​គ្រប់​គ្នា​មើល​ឃើញ​ក្នុង​ព្រឹត្ដិការណ៍ផ្ទុះ​អាវុធដាក់​គ្នា​រវាង​យោធាថៃ និង​កម្ពុជា​បណ្ដាល​ឱ្យមាន​អ្នក​​​រងរបួស និង​ពលី​ទាំងសងខាង គឺកើតចេញ​ពី​ប្រវត្ដិសាស្ដ្រ នៃភាព​តានតឹងអូសបន្លាយ និង​ការ​ចិញ្ចឹមចិត្ដ​រំលោភបំពានរបស់​ថៃ​មក​លើ​អធិបតេយ្យភាព​កម្ពុជានៅ​តាម​បណ្ដាយ​ព្រំដែន​។

នៅខែតុលា កាល​ពី​ ​១៨​ឆ្នាំមុន ពោល​គឺនៅ​ថ្ងៃ​ទី១៥ ខែ​តុលា ឆ្នាំ​២០០៨ ថៃ បាន​បង្កជម្លោះបង្កើត​ភាព​តានតឹង​នៅតាមព្រំដែន​ជាលើកដំបូង ក្រោយ​ពីកម្ពុជា​ស្គាល់​សុខសន្ដិភាពផ្ទៃក្នុង​ពេញ​លេញនៅ​ចុង​ឆ្នាំ​១៩៩៨ បាន​ប្រែក្លាយព្រំដែន​កម្ពុជា-ថៃ ទៅជា​ព្រំដែន​សន្ដិភាព កិច្ចសហប្រតិបត្ដិការល្អ ពាណិជ្ជកម្ម​បើក​ទូលាយជាមួយគ្នាអស់​រយៈ​ពេល​ជិត ១០​ឆ្នាំ។​ ទំនាក់ទំនងល្អ​រវាង​ប្រទេស​ទាំងពីរ ប្រែ​ជាអួរអាប់ភ្លាមៗ ក្រោយ​យោធាឈុតខ្មៅថៃ បានព្យាយាម​រុល​ចូល​គ្រប់គ្រង​បរិវេណ​វត្ដកែវសិក្ខាគិរីស្វារៈ ក្បែរ​ប្រាសាទ​ព្រះវិហារ បន្ទាប់​ពី UNESCO ប្រកាស​ជា​ផ្លូវការ​ដាក់​ប្រាសាទ​ព្រះវិហារ​របស់ខ្មែរ​ចូល​ជាសម្បត្ដិ​បេតិកភណ្ឌ​ពិភព​លោក។

ក្រោយៗ​មក​ទៀត នៅ​តាម​បន្ទាត់​ព្រំដែនកម្ពុជា-ថៃ បាន​ក្លាយ​ជាជំងឺរ៉ាំរ៉ៃ ពិបាក​នឹង​ព្យាបាល ដោយ​ភាគីថៃតែងតែ​​ភ្ជាប់បញ្ហា​នយោបាយ​ផ្ទៃ​ក្នុង​របស់​ខ្លួនទៅ​រឿង​ព្រំដែន។ ​នៅ​ចុង​ខែ​ឧសភា ឆ្នាំ​២០២៥ របត់ថ្មីនៃ​ជម្លោះ​រឿង​ទឹកដី បង្ហាញ​ពីស្មារតី​ជាតិ​និយម បាន​ផ្ទុះ​ឡើង​ព្រម​គ្នា​ជាមួយ​នឹង​បងប្អូន​វីរៈកងទ័ព​ខ្មែរជួរមុខ តទល់​នឹង​សត្រូវ​ឈ្លាន​ពាន​ដោយ​ផ្ទាល់ សម្រាប់​ប្រជាពលរដ្ឋ​ខ្មែរ​ដែល​នៅ​ចាំគាំទ្រ​ពី​ក្រោយ​ ​បាន​ធ្វើ​ពហិការ​​ផលិត​ផល​សៀម ដោយនាំ​គ្នា​​ងាក​មកប្រើ​ផលិត​ផល​​ក្នុង​ស្រុកឱ្យអស់​លទ្ធភាព ហើយ​បង្វែរ​ការ​នាំចូល​សម្ភារៈ និង​គ្រឿងហូបចុកប្រចាំ​ថ្ងៃ​ពី​ប្រទេស​ផ្សេងៗ ដើម្បី​បំពេញ​តម្រូវការ​លើទីផ្សារ។​

​ជាតារាកំប្លែង​ម្នាក់​ ធ្លាប់គាំទ្រ ទទួលទានកាហ្វេ AMAZONE ចាក់សាំង PTT និងទិញ​ទំនិញ​ថៃ ក្នុង​ហាង SEVEN ELEVEN ស្ទើរ​មិនលស់​ថ្ងៃនា​ពេល​កន្លង​មក នាយក្ដី នឹក​ស្ដាយ​ក្រោយ ហើយ​ក្នុង​ទ្រូង​នៅ​តែឈឺអួលងំ​ ពេល​នឹកសម្ដីមើល​ងាយ និង​ការ​ឈ្លានពាន​របស់​ថៃ​មក​លើ​កម្ពុជា។ ចំពោះ​ពាក្យថា “កំហឹង​ភ្លើង​ចំបើង” ឬ “​ពហិកា​រផលិត​ផល​ថៃ​បាន​តែ​មួយ​ឆាវ” ត្រូវ​បាន​ នាយក្ដី​ បញ្ជាក់យ៉ាង​ខ្លី​ថា ពាក្យ​ទាំង​នេះមិន​គួរ​ប្រើ​សម្រាប់​រូប​លោក​ឡើយ ព្រោះក្នុង​ចិត្ដ​លោកបានសច្ចារួច​ហើយ​ថា នឹងពហិការ​អស់មួយ​ជីវិត។

លោក ឈុន ភក្ដី ហៅ​ នាយក្ដី បាន​ប្រាប់​បណ្ដាញ​សារព័ត៌មាន AMS នៅ​ថ្ងៃ​ទី១៩ ខែតុលា ថា បច្ចុប្បន្ន​ លោក​បាន​ប្រែក្លាយ​​ការឈឺចាប់ទៅ​ជា​ការ​ពង្រឹងសមត្ថភាព​ខ្លួនឯង និង​សង្គម​ជាតិ តាម​រយៈ​ការបង្កើត​សិប្បកម្មផលិតសាប៊ូខ្នាត​តូច​មួយឈ្មោះ “សាប៊ូខ្មែរយើង” ​ជាមួយ​ម្ដាយ​នៅឯ​ស្រុក​ពញាឮ ខេត្ដកណ្ដាល។ លោក​ចាប់​​ផ្ដើមពី​ទុន ៣៨ម៉ឺនដុល្លារ ដើម្បី​ដំឡើង​ម៉ាស៊ីន​ដែល​មាន​សមត្ថភាព​ផលិត​សាប៊ូ​កក់សក់ ដុសខ្លួន និង​សាប៊ូលាងចាន​ ប្រមាណ ៤០០០ដប ក្នុង ១ថ្ងៃ សម្រាប់​ចែកចាយ​នៅ​លើ​ទីផ្សារក្នុងស្រុក។

ក្នុងនាម​ជា​នាយកអ្នកគ្រប់គ្រងខ្សែច្រវ៉ាក់​ផលិតកម្ម​ផង និង​គ្រប់គ្រងផ្នែកទីផ្សារផង លោក ឈុន ភក្ដី សង្កេត​ឃើញ​​ថា ​គុណភាព និ​ងចំនួន​ផលិតផល​ក្នុង​ស្រុក​​កំពុង​ប្រកួត​ប្រជែងតម្លៃ​ជាមួយនឹង​ផលិត​ផល​នាំ​ចូល​ពី​ក្រៅ​ប្រទេស​យ៉ាង​ខ្លាំងក្លា បើ​ទោះ​បី​ប្រភព​នាំចូល​​ពី​ថៃ ត្រូវ​បាន​ផ្អាកហើយក្ដី។ បញ្ហា​នេះ បាន​ធ្វើ​ឱ្យ​លោកកាត់​បន្ថយ​កម្លាំងពលកម្ម ដោយ​ពីមុន​ប្រើ​មនុស្ស ៥០​នាក់ មក​នៅ​​ត្រឹមជាង ១០នាក់ ដើម្បី​កាត់បន្ថយ​ថ្លៃដើមចំណាយ​លើ​ប្រាក់ខែ និង​ការ​ហូបចុក​ប្រចាំ​ថ្ងៃ​បុគ្គលិកឱ្យសមស្រប​នឹង​ចំណូល។

លោក ឈុន ភក្ដី បន្ថែម​ថា នៅ​ក្នុង​កាលៈទេសៈនេះ លោក​ត្រូវ​រក្សា​លំនឹង​សិប្បកម្ម​ឱ្យ​នៅ​ដើរ​ជាធម្មតាសិន ហើយ​រូប​លោក​ផ្ទាល់​នឹង​ចេញ​ទៅ​រៀនបច្ចេកទេសបន្ថែម និង​នាំចូល​សំបក​ដប​សាប៊ូ​ដែល​មាន​រូបរាង​ថ្មី ប្លែកៗ​ពីបណ្ដា​ប្រទេស​ជឿនលឿនយកមក​អភិវឌ្ឍ​ខ្លួន ដើម្បីឆ្លើយតបតម្រូវ​ការ​ទីផ្សារ ខណៈ​ដែល​លោកតស៊ូ ក្រាញ​ននៀលជាមួយ​បុគ្គលិក​ជាង ១០ចុងក្រោយ រហូតទទួល​ផលវិជ្ជមានថ្មី។​

ជុំវិញ​ការ​ប្រកួត​ប្រជែង​គុណភាព និងតម្លៃ​លើ​ទីផ្សារ រដ្ឋមន្ដ្រី​ក្រសួង​ឧស្សាហកម្ម វិទ្យាសាស្ដ្រ បច្ចេកវិទ្យា និង​នវានុវត្ដន៍ ឯកឧត្ដម ហែម វណ្ណឌី បានទទួល​ស្គាល់​ថា ​ក្នុង​របប​ទីផ្សារ​សេរី សហគ្រាស​ធុន​តូច និង​មធ្យមរបស់ខ្មែរ ពិត​ជា​ពិបាក​​ប្រកួត​ប្រជែងមែន។ ​សិប្បកម្ម​ទាំង​នេះ ភាគច្រើនផ្ដើម​ចេញ​ពី​អាជីវកម្ម​គ្រួសារ និង​អាជីវកម្ម​តូចតាច​ដែលសមត្ថភាពផលិត​នៅ​មាន​កម្រិត ​ដែលត្រូវ​ពង្រឹងខ្លួន​បន្ថែម។

​ឯកឧត្ដមរដ្ឋមន្ដ្រី ហែម វណ្ណឌី ​បានគូស​បញ្ជាក់​ថា ចាប់​តាំងឆ្នាំ​២០២៥ ក្រោយ​បញ្ហា​ព្រំដែន​កម្ពុជា-ថៃ​ឡើង​កម្ដៅ រហូត​ឈាន​ដល់​ការ​ធ្វើ​ពហិការផលិតផល​សៀម​កន្លង​មក​នោះ ​សហគ្រាស​ធុន​តូច និង​មធ្យម​ក្នុង​ស្រុក​មាន​សន្ទុះ​ខ្លាំង​ក្លា ដែលអាចចាត់​ទុក​ថា នេះជាឱកាស​មាសសម្រាប់សហគ្រាសក្នុងស្រុកដើម្បី​ពង្រឹងខ្លួន​ឆ្លើយតប​នឹង​តម្រូវ​ការ​ទីផ្សារ​ជាក់ស្ដែង។

កំណត់​ត្រាចុះ​បញ្ជីរោងចក្រ-សហគ្រាស ​ក្នុង​ប្រព័ន្ធ​ឌីជីថល​របស់​ក្រសួងឧស្សាហកម្ម បាន​បង្ហាញ​ថា រោងចក្រ-សហគ្រាសថ្មីៗ បាន​បង្កើត​​ឡើងច្រើន ស្រប​ពេលដែល​​ពលរដ្ឋ​ខ្មែរនៅ​បន្ដ​ធ្វើ​ពហិការ​ទំនិញ​ថៃ។ ជាក់ស្ដែង​ រយៈ​ពេល ៨ខែ ក្នុង​ឆ្នាំ​២០២៦ មាន​រោងចក្រ-សហគ្រាសបង្កើតថ្មីចំនួន ១ ០៧៦ មូលដ្ឋាន ក្នុងចំណោម​រោងចក្រ-សហគ្រាស​ទាំង​ចាស់​ទាំងថ្មីសរុប ៤ម៉ឺនមូលដ្ឋាន ក្នុង​នោះ​មាន​សហគ្រាសផលិតភេសជ្ជៈ និង​ម្ហូបអាហារចំនួន ២៧ ០០០ មូលដ្ឋាន ដោយប្រើកម្លាំង​ពលកម្ម​ជាងកន្លះលាននាក់។

ចំពោះ​ការ​ប្រកួត​ប្រជែង​ផលិត​ផលក្នុង​ស្រុក ជាមួយនឹងផលិត​នាំ​ចូល​ដោយ​ក្រុមហ៊ុន​ធំៗ​ពី​ក្រៅ​ប្រទេស គេ​ឃើញ​មាន​ផលិត​ផល​ចិន វៀតណាម នាំចូល​មក​ជំនួស​តំណែងថៃ និង​ចាក់​បំពេញ​តម្រូវការ​ទីផ្សារ​ក្នុង​ស្រុកភាគច្រើនដោយ​ប្រទេស​ចំនួន៥ រួម​មាន៖ សហរដ្ឋអាមេរិក សិង្ហបុរី កូរ៉េខាងត្បូង ប៉ូឡូញ និង​ហ្វីលីពីន។

​របាយការណ៍​របស់​អគ្គនាយកដ្ឋាន​គយ និងរដ្ឋាករកម្ពុជា បង្ហាញ​ថា ក្នុង​រយៈ​ពេល ៩ខែ ឆ្នាំ​២០២៦ ប្រទេសហ្វីលីពីន បាន​ឈរ​នៅ​លំដាប់​លេខរៀង​ទី១ គឺបង្កើន​ការ​នាំចូល​ផលិត​ផល​របស់ខ្លួនមក​​កាន់​ទីផ្សារកម្ពុជា​រហូត​ដល់ ២៥៩.៦% និងតាមពីក្រោយ​ដោយសិង្ហបុរី កើន ១៤៣.៤%​។ រីឯប្រទេស ប៉ូឡូញ ឈរនៅ​លំដាប់លេខរៀង​ទី៣ គឺកើនរហូត​ដល់ ១២៧.១% ។

អ្នកស្រាវជ្រាវផ្នែក​ការអភិវឌ្ឍន៍សង្គម និងសេដ្ឋកិច្ច​ លោក​បណ្ឌិត ជ័យ តិច មើល​ឃើញ​ថា ការ​ធ្វើ​ពហិការ​នេះ មាន​ផល​ជះវិជ្ជមានច្រើន​ជាង​អវិជ្ជមាន ដោយផលិត​ក្នុង​ស្រុក​ចាប់​ផ្ដើម​ងើប​ឡើង និងបង្អាក់​សេដ្ឋកិច្ច​ថៃ​មួយ​ផ្នែក​តាមរយៈ​​ការ​នាំ​ចូល​ផលិតផល​គេ​មក​ស្រុក​ខ្មែរ ហើយ​យក​លុយ​ទៅ​ទិញ​អាវុធ​មក​ប្រឆាំង​ខ្មែរ។ លោក​បន្ត​ថា សកម្មភាព​ពហិការ​ផលិតផល​សៀម ហើយ​ងាក​មក​គាំទ្រ​ផលិត​ខ្មែរ និង​ប្រទេស​ដទៃ​វិញ​ ជា​សញ្ញា​បង្ហាញ​ថា ​មាន​ការ​វិវត្តប្រកប​ដោយ​និរន្តរភាព និង​ធន់សម្រាប់​កម្ពុជា។

លោក​បណ្ឌិត ជ័យ តិច បាន​ផ្ដល់ជាអនុសាសន៍​ថា ដើម្បី​ទប់ខ្លួនឱ្យ​រឹងមាំ​ពីបញ្ហា​សេដ្ឋកិច្ច និង​ការ​ប្រែប្រួល​ទីផ្សារ​ពី​គ្រប់​មជ្ឈដ្ឋាន​នៅ​លើ​ទីផ្សារ​កម្ពុជា គឺ​ទី១ ពលរដ្ឋ​ខ្មែរ​ខ្លួន​ឯង​ត្រូវ​បន្ដ​លើក​តម្កើង គាំទ្រ​ផលិត​ខ្មែរ​​ រីឯអ្នក​ផលិតវិញ ​ត្រូវ​ពង្រឹង​គុណភាព​ផលិតផលជាមួយ​នឹង​តម្លៃ​សមរម្យ ហើយ​មន្ត្រី​ជំនាញ​ដែល​ជាសេនាធិការ​របស់​រាជរដ្ឋាភិបាល ត្រូវ​បើក​ឱកាស ផ្ដល់ជំនាញបន្ថែម​សម្រាប់​​សិប្បកម្មខ្នាត​តូច និង​មធ្យម ដើម្បី​អាច​ពង្រីកខ្លួន​ជាមួយ​សមត្ថភាព​ពេញ​លេញ ឆ្លើយតប​នឹង​តម្រូវការ​ទីផ្សារ​ជាក់ស្ដែង។

ចំពោះការ​រក្សាស្មារតីឈឺចាប់ ហើយ​ពង្រឹង​សមត្ថភាព​ខ្លួនឯង​ពី​ការ​រំលោភបំពាន​របស់​ថៃ​ លោក​បណ្ឌិត បាន​ផ្ដល់ជា​គំនិត​ថា កម្ពុជា គួរចងក្រងឯកសារ​ប្រវត្តិសាស្ត្រនៃ​ការ​ឈ្លានពាន​របស់​ថៃ​ដាក់​នៅ​ក្នុង​កម្មវិធី​សិក្សា​របស់​កូន​ខ្មែរ​តជំនាន់។ ធ្វើ​បែប​នេះ លោក​បណ្ឌិត​យល់​ថា ការធ្វើពហិការ​ផលិត​ផល គ្រាន់​តែ​ជា​ផ្នែក​មួយ​អាច​នឹង​សាបរលាបទៅវិញ​នៅ​ថ្ងៃណាមួយ ប៉ុន្ដែបើប្រវត្ដិសាស្ដ្រ​ត្រូវ​បាន​ចងក្រង​ទុកយ៉ាង​ជាក់លាក់ កុំ​ថា​ឡើយ​យូរ​ប៉ុណ្ណា ការ​ឈឺចាប់នឹងដិតដាមឈាន​ទៅបន្សាបឥទ្ធិពលផលិតផលសៀម​បានយ៉ាង​មាន​ប្រសិទ្ធភាព៕




របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ទំនិញ​ថៃ មក​កម្ពុជា​ បន្ដធ្លាក់ចុះខ្លាំង បង្ហាញ​ពីរលកពហិការនៅខ្លាំងក្លា ដែលជាឱកាសមាសសម្រាប់សហគ្រាសក្នុងស្រុកពង្រឹងគុណភាព ពង្រីកទីផ្សារ

បទសម្ភាសន៍ និងបទយកការណ៍, ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 20/10/2026

ភ្នំពេញ៖ តួលេខនៃទំហំពាណិជ្ជកម្ម​ ក៏ដូចជាការនាំចូលទំនិញពីប្រទេស​​ថៃ​មកកាន់ទឹកដីកម្ពុជាក្នុងរយៈ​ពេល ៩ខែ ​ឆ្នាំ​២០២៦ កន្លងទៅនេះ បាន​ធ្លាក់​ចុះជិត ៣៣.៩%​ បើ​ធៀបនឹង​រយៈ​ពេល​ដូច​គ្នា​កាល​ពី​ឆ្នាំ​២០២៥ ពោលបើ​គិត​ជា​ទឹកប្រាក់ ​គឺ​ធ្លាក់ចុះពី ២ ៣៣៣លានដុល្លារអាមេរិក មក​នៅ​ត្រឹម ១ ៥៤២លានដុល្លារ។ ចំណែកឯការ​នាំចេញ​ទំនិញ​របស់​កម្ពុជារយៈ​ពេល ៩ខែ​ដូច​គ្នា ​​ទៅប្រទេស​ថៃ​វិញ​​ ក៏បាន​ធ្លាក់​ចុះ

មេដឹកនាំកំពូលឥណ្ឌា នឹងទៅបំពេញទស្សនកិច្ចនៅរុស្ស៊ីនាឆ្នាំក្រោយតបតាមការអញ្ជើញ

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 20/10/2026

បរទេស ៖ លោកនាយករដ្ឋមន្ត្រីឥណ្ឌា Narendra Modi អាចនឹងទៅបំពេញទស្សនកិច្ចនៅប្រទេសរុស្ស៊ីនាឆ្នាំក្រោយនេះក្នុងឱកាសកិច្ចប្រជុំកំពូលប្រចាំឆ្នាំជាមួយប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin បន្ទាប់ពីបានរៀបចំផែនការទស្សនកិច្ចសម្រាប់ឆ្នាំនេះរួចរាល់ ។ តាមរយៈការចេញផ្សាយដោយកាសែត RT បានសរសេរថា អ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov បានបញ្ជាក់ពីផែនការនៃកិច្ចប្រជុំពិភាក្សាមួយរវាងប្រមុខថ្នាក់ដឹកនាំកំពូលទាំង២នេះទៅកាន់ក្រុមអ្នកកាសែតថា លោក

អាម៉េរិក ហាមមិនឱ្យប្រើប្រាស់ AI របស់ចិន ក្នុងប្រព័ន្ធស្ថាប័នរដ្ឋាភិបាលសំខាន់មួយចំនួន

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 20/10/2026

កាលពីថ្ងៃចន្ទកន្លងទៅនេះ ក្រសួងសន្តិសុខមាតុភូមិអាម៉េរិក (DHS) ចេញបញ្ជាហាមឃាត់ការប្រើប្រាស់បច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត AI ទាំងអស់របស់ក្រុមហ៊ុនចិន DeepSeek នៅក្នុងភ្នាក់ងាររដ្ឋប្បវេណីរបស់រដ្ឋាភិបាល

រដ្ឋមន្ត្រីដែនដី ៖ ដីធ្លីជាពាងទឹកសម្រាប់សេដ្ឋកិច្ចកម្ពុជា និងជាមូលដ្ឋានប្រភពចំណូលដ៏សំខាន់សម្រាប់ធានាដំណើរការរបស់សង្គមជាតិ

Top News, ព្រឹត្តិការណ៍, អចលនទ្រព្យ

• 20/10/2026

ភ្នំពេញ ៖ រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានលើកឡើងថា ដីធ្លី បានក្លាយទៅជាឧបករណ៍សម្រាប់ធ្វើពាណិជ្ជកម្ម (Commodity) ប្រកបដោយសុវត្ថិភាព ដែលជាពាងទឹកមួយសម្រាប់សេដ្ឋកិច្ចកម្ពុជា និងជាមូលដ្ឋានប្រភពចំណូលដ៏សំខាន់ សម្រាប់ធានាដំណើរការរបស់សង្គមជាតិ។ ការលើកឡើងបែបនេះនៅក្នុងកិច្ចជំនួបសម្ដែងការគួរសមជាមួយក្រុមការងារ International Land Coalition Asia (ILC Asia)

ក្រសួងការងារ បន្តជំរុញការតម្រង់ទិសអាជីព និងពង្រឹងជំនាញដល់យុវជន ដើម្បីឆ្លើយតបនឹងតម្រូវការទីផ្សារការងារ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 19/10/2026

(ភ្នំពេញ)៖ រាជរដ្ឋាភិបាល ដែលមានក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បាន និងកំពុងបន្តជំរុញការតម្រង់ទិសអាជីព និងពង្រឹងជំនាញដល់យុវជន ដើម្បីឆ្លើយតបនឹងតម្រូវការទីផ្សារការងារជាក់ស្ដែងនាពេលបច្ចុប្បន្ន និងបន្តទៅថ្ងៃអនាគត។ លោកជំទាវ សុវណ្ណ វណ្ណារតន៍ រដ្ឋលេខាធិការប្រចាំការនៃក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ កាលពីថ្ងៃចុងសប្ដាហ៍កន្លងទៅនេះ នៅ The Factory Phnom Penh

វៀតណាម និងប្រទេសអឺរ៉ុបចំនួន ៤ ចុះហត្ថលេខាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 19/10/2026

កាលពីថ្ងៃអាទិត្យកន្លងទៅនេះ វៀតណាម និងសមាគមពាណិជ្ជកម្មសេរីអឺរ៉ុប (EFTA) ដែលមាន ៤ ប្រទេសរួមមាន អ៊ីស្លង់ លិចតិនស្តាញ ន័រវែស និងស្វីស បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មជាមួយគ្នានៅទីក្រុងហាណូយ

ចំណូលប្រជា​សហគមន៍​នេសាទត្រពាំង​សង្កែ មានកំណើនខ្ពស់​ក្រោយ​ទទួលបាន​ការជ្រោមជ្រែងពីរដ្ឋមន្ត្រីដែនដី

Top News, ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 19/10/2026

ចំណូលរបស់ប្រជា​សហគមន៍​នេសាទត្រពាំង​សង្កែ មានកំណើនខ្ពស់​ក្រោយ​ទទួលបាន​ការជ្រោមជ្រែងពីរដ្ឋមន្ត្រីដែនដី....

សេដ្ឋកិច្ចចិនកើនឡើង ៤.៥% ក្នុងត្រីមាសទី ៣ ជំរុញដោយការនាំចេញ ខណៈដែលវិស័យអចលនទ្រព្យនៅតែបន្តដាំក្បាលចុះ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 19/10/2026

កំណើនចិនសេដ្ឋកិច្ចកើនឡើងដល់ ៤,៥ ភាគរយនៅក្នុងត្រីមាសទីបី កើនពី ៤,៣ ភាគរយក្នុងត្រីមាសទីពីរ និង លើសពីការព្យាករណ៍ ៤,៤ ភាគរយ

អាមេរិក ព្រមានមេដឹកនាំអ៊ុយក្រែន ឲ្យប្រយ័ត្នពាក្យសម្តី និងការផ្សព្វផ្សាយព័ត៌មានមិនពិត

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 19/10/2026

បរទេស ៖ រដ្ឋមន្ត្រីក្រសួងរតនាគារអាមេរិក លោក Scott Bessent បានបដិសេធចំពោះការអះអាងរបស់ប្រធានាធិបតីអ៊ុយក្រែន លោក V​ladimir Zelensky ដែលថា សហរដ្ឋអាមេរិកបានផ្អាកការចែករំលែកព័ត៌មានសម្ងាត់ពាក់ព័ន្ធយោធាជាបណ្តោះអាសន្នជាមួយទីក្រុងគៀវ។ កាលពីពេលថ្មីៗនេះ មេដឹកនាំអាមេរិក លោក Scott Bessent បានព្រមានធ្ងន់ៗទៅកាន់មេដឹកនាំអ៊ុយក្រែន ឲ្យមានការប្រុងប្រយ័ត្នចំពោះពាក្យសម្តីដែលថ្លែងសារជាសាធារណៈ​ក្រោយពេលលោក Zelensky

ABA ​ឈរ​លេខ​ ​១ ​ក្នុង​ចំណោម​ធនាគារ​មាន​ទ្រព្យ​សកម្ម​ច្រើន​ជាង​គេ​នៅ​កម្ពុជា​ តាម​ការ​វាយតម្លៃ​របស់​ SuperBank​Ratings

ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម

• 19/10/2026

​ភ្នំពេញ​៖​ ធនាគារ​ A​BA ​ទទួល​បាន​ចំណាត់ថ្នាក់​លេខ​១ ​ក្នុង​ចំណោម​ធនាគារ​ពាណិជ្ជ​នៅ​កម្ពុជា​ចំនួន​៤ ​ដែល​មាន​ទ្រព្យ​សកម្ម​លើស​ពី​ ៥ ​ពាន់​លាន​ដុល្លារ​អាម៉េរិក​ ​ដោយ​ទទួល​បាន​ពិន្ទុ ៤​,​៥០ ​លើ​ ​៥ ​ក្នុង​សន្ទស្សន៍​វាយតម្លៃ​ធនាគារ​កម្ពុជា​ Super​Power ​Banking ​Index 2026 ​របស់​ SuperBankRatings ​ដែល​បាន​ចេញផ្សាយ​លទ្ធផល​ចុងក្រោយ​នៅ​ថ្ងៃ​ទី​២១​