បរទេស ៖ ប្រជាជនអ៊ីស្លង់ បានធ្វើការបោះឆ្នោតបដិសេធទៅនឹងផែនការដ៏សំខាន់មួយរប់សប្រទេសកាលពីពេលថ្មីៗនេះ ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់រដ្ឋាភិបាលក្នុងការស្តារកិច្ចចរចាឡើងវិញដើម្បីអាចចូលរួមជាសមាជិករបស់សហភាពអឺរ៉ុប។
ចេញផ្សាយដោយកាសែត RT បានឲ្យដឹងថា ក្រោយខកខានក្នុងកិច្ចចរចានេះអស់រយៈពេលជាង១៣ឆ្នាំ អ៊ីស្លង់ បានជ្រើសរើសយកជម្រើសរក្សាទំនាក់ទំនងបច្ចុប្បន្នរបស់ប្រទេសជាមួយនឹងប្លុកអឺរ៉ុប ជំនួសឱ្យការស្វែងរកសមាជិកភាពពេញលេញ។
នៅក្នុងការបោះឆ្នោតថ្នាក់ជាតិយ៉ាងតានតឹង ដែលមានអ្នកចូលរួមបោះឆ្នោតរហូតដល់ ៨២,៥ភាគរយនៃពលរដ្ឋសរុប ក្នុងនោះ ម្ចាស់ឆ្នោត ៥២,៨ភាគរយ បានបោះឆ្នោតប្រឆាំងនឹងគំនិតផ្តួចផ្តើមការចរចាចូលជាសមាជិកឡើងវិញ ខណៈដែល ៤៧,២ភាគរយ បានបោះឆ្នោតគាំទ្រ។ បន្ទាប់ពីការរាប់ឆ្នោតជាសាធារណៈ នាយករដ្ឋមន្ត្រី អ៊ីស្លង់ លោកស្រី Kristrún Frostadóttir បានបញ្ជាក់ថា រដ្ឋាភិបាលរបស់លោកស្រីនឹងគោរពតាមលទ្ធផលប្រជាមតិមួយនេះដែលជាបំណងរបស់ប្រជាពលរដ្ឋ។
គួរឲ្យដឹងដែរថា ការបោះឆ្នោតធ្វើប្រជាមតិនេះត្រូវបានរៀបចំឡើងដោយរដ្ឋាភិបាល ដេលជាឱកាសដ៏សំខាន់មួយដើម្បីធានាបាននូវស្ថិរភាពសេដ្ឋកិច្ច និងពង្រឹងសន្តិសុខជាតិចំពេលមានការកើនឡើងនៃភាពតានតឹងអន្តរជាតិ និងភូមិសាស្ត្រនយោបាយនៅតំបន់អាក់ទិកទាំងមូល។ ទោះជាយ៉ាងណាក៏ដោយ កង្វល់នៅក្នុងប្រទេសជុំវិញអធិបតេយ្យភាព ជាពិសេសទាក់ទងនឹងការការពារវិស័យនេសាទដ៏សំខាន់របស់អ៊ីស្លង់ គឺជាកត្តាដែលបានជះឥទ្ធិពលយ៉ាងខ្លាំងដល់លទ្ធផលនេះ។ អ្នកប្រឆាំងនឹងគំនិតផ្ដួចផ្ដើមនេះបានសម្តែងការព្រួយបារម្ភថា ការចូលរួមជាមួយសហភាពអឺរ៉ុបនឹងធ្វើឱ្យជលផលដ៏មានតម្លៃរបស់កោះនេះស្ថិតក្រោមគោលនយោបាយនេសាទរួមរបស់សហភាពអឺរ៉ុប ដែលអាចដកហូតការគ្រប់គ្រងក្នុងស្រុកលើដែនទឹករបស់ខ្លួន។
រំលឹកដែរថា កាលពីដើមឡើយ អ៊ីស្លង់បានដាក់ពាក្យសុំចូលរួមជាមួយសហភាពអឺរ៉ុបក្នុងឆ្នាំ ២០០៩ បន្ទាប់ពីមានការដួលរលំផ្នែកហិរញ្ញវត្ថុយ៉ាងធ្ងន់ធ្ងរដែលបានបំផ្លាញប្រព័ន្ធធនាគាររបស់ខ្លួន។ ការចរចាទាំងនោះត្រូវបានកកស្ទះជាបន្តបន្ទាប់នៅឆ្នាំ ២០១៣ ដោយរដ្ឋបាលដែលមានជំហប្រឆាំងទៅនឹងសហភាពអឺរ៉ុប។ ទោះបីជាសម្ព័ន្ធភាពឆ្វេងនិយមដែលត្រូវបានជ្រើសរើសក្នុងឆ្នាំ ២០២៤ បានសង្ឃឹមថានឹងលើកយកការងារនេះមកពិចារណាឡើងវិញក៏ដោយ ការបោះឆ្នោតចុងក្រោយនេះបានពន្យារពេលការប៉ុនប៉ង់ចូលជាសមាជិកទៅវិញ។ នាយករដ្ឋមន្ត្រីលោកស្រី Frostadóttir បានកោតសរសើរចំពោះចំនួនអ្នកចូលរួមបោះឆ្នោតដ៏ច្រើនថាជាជ័យជម្នះសម្រាប់ប្រជាធិបតេយ្យ ដោយកត់សម្គាល់ថាអ្នកបោះឆ្នោតបានបង្ហាញពីការពេញចិត្តចំពោះតុល្យភាពបច្ចុប្បន្ននៃប្រទេសរវាងការធ្វើបរិយាបន្នអឺរ៉ុប និងការធានាការពារជាតិរបស់អង្គការ NATO និងការគ្រប់គ្រងធនធានដោយឯករាជ្យ៕





វិថីហិរញ្ញវត្ថុ































































Account
Security
Favourite Content