(ភ្នំពេញ) ៖ ផលិតផលខ្មែរប្រមាណជា ២០០មុខ មកពីសហគ្រាសចំនួន ៤៥ បាន និងកំពុងដាក់តាំងបង្ហាញខ្លួនជូនភ្ញៀវជាតិ និងអន្តរជាតិនាឱកាសនៃការប្រារព្ធព្រឹត្តិការណ៍ស៊ីហ្គេមលើកទី៣២ក្នុងនាមកម្ពុជាគឺជាម្ចាស់ផ្ទះ។ ផលិតផលទាំងនោះ ជាផលិតផលដែលផលិតនៅក្នុងស្រុក និងជាសមាជិកនៃគណកម្មាធិការជាតិជំរុញចលនាភូមិមួយផលិតផលមួយផងដែរ។
ផលិតផលខ្មែរទាំង២០០មុខដែលកំពុងបង្ហាញវត្តមានទាំងនោះរួមមានដូចជា គ្រាប់ស្វាយចន្ទី ម្សៅចេក ម្សៅរមៀត ប្រេងល្ង ប្រេងសណ្ដែក ដំណាប់ផ្លែឈើ ចេកឆាប កសិផលខ្មែរ តែខ្ញី វត្ថុអនុស្សាវរីយ៍ចម្រុះ និងម្ហូបអាហារជាច្រើនទៀត ហើយក្នុងនោះ ក៏មានផលិតផលខ្មែរប្រេងរិតស្លឹកម្លូដាក់តាំងលក់នៅក្នុងបរិវេននៃពហុកីឡដ្ឋានជាតិមរតកតេជោផងដែរ។
ប្រេងរិតស្លឹកម្លូនេះ ជាប្រេងត្រូវបានឆ្លងកាត់ការស្រាវជ្រាវបែបវេជ្ជសាស្ត្រ ដែលគេប្រើប្រាស់សម្រាប់រិតបំបាត់ការឈឺចាប់ ដោយមិនមានសារជាតិញៀននៅលាយឡំ។ អ្វីដែលជាការគួរកត់សម្គាល់ ក្រៅតែពីអតិថិជនជាតិ និងអន្តរជាតិទិញយកទៅប្រើប្រាស់ គេក៏ឃើញមានកីឡាករ កីឡាការិនីមួយចំនួនបានទិញផលិតផលនេះយកទៅលាបរិតបំបាត់អាការឈឺ ស្ពឹកស្រពន់ ក្រោយការប្រកួតផងដែរ។
លោកស្រី អ៊ឹង សៀមគីម ជាម្ចាស់ផលិតផលប្រេងរិតស្លឹកម្លូបានឲ្យដឹងថា ផលិតផលខ្មែរមួយនេះមានការចាប់អារម្មណ៍ពីភ្ញៀវអន្តរជាតិច្រើន ដោយពួកគេកោតសរសើរពីប្រេងរិតបំបាត់ការឈឺចាប់របស់លោកស្រី។ ក្រៅពីនោះក៏មានភ្ញៀវជាតិ ដែលភាគច្រើនជាថ្នាក់ដឹកនាំ និងមន្ត្រីរាជការក៏ជួយជាវដើម្បីបង្ហាញពីកិច្ចជួយគាំទ្រផលិតផលក្នុងស្រុក។
យ៉ាងណាមិញ បើទោះជាមានភ្ញៀវខ្លះបានត្រឹមដើរទស្សនា និងមិនបានទិញក្ដី ប៉ុន្តែលោកស្រីនៅតែ មានសុទិដ្ឋិនិយមខ្ពស់សម្រាប់ផលចំណេញទៅថ្ងៃមុខបន្តទៀតផងដែរ ដោយលោកស្រីបានសំណូមពរដល់ភ្ញៀវជាតិ និងអន្តរជាតិឲ្យចូលទៅទស្សនាតាមស្តង់ ពោល គឺជួយគាំទ្រផលិតផលក្នុងស្រុកទាំងអស់គ្នា ខណៈដែលផលិតផលទាំងអស់ និងបន្តដាក់តាំងរហូតដល់ថ្ងៃបិទព្រឹត្តិការណ៍ស៊ីហ្គេម ។
លោកបណ្ឌិត សួង ណយ អគ្គលេខាធិការរងនៃចលនាភូមិមួយផលិតផលមួយបានឲ្យដឹងថា ចាប់តាំងពីបើកព្រឹត្តិការណ៍ប៉ុន្មានថ្ងៃមកនេះ ស្តង់ចំនួន២០ ដែលមានដាក់តាំងលក់ផលិតផលខ្មែរ បានទទួលការចាប់អារម្មណ៍ច្រើនពីសំណាក់ភ្ញៀវជាតិ និងអន្តរជាតិ។
រាប់ចាប់ពីថ្ងៃទី០៥ ខែឧសភាមក ដែលជាថ្ងៃបើកផ្លូវការនៃព្រឹត្តិការណ៍ស៊ីហ្គេម ស្តង់ទាំងនោះទទួលបានការចូលទស្សនាពីសំណាក់ សិស្សានុសិស្ស មន្ត្រីរាជការ ថ្នាក់ដឹកនាំ កសិករ ប្រជាពលរដ្ឋ ប្រតិភូកីឡា និងអ្នកគាំទ្រកីឡាករដែលជាភ្ញៀវអន្តរជាតិយ៉ាងច្រើនកុះករ។ នេះបើតាមការបញ្ជាក់បន្ថែមរបស់លោកបណ្ឌិត សួង ណយ។
លោកបណ្ឌិតបានបង្ហាញនូវក្ដីសប្បាយរីករាយជាខ្លាំងក្រោយទទួលបានភ្ញៀវជាច្រើនចូលមកទស្សនាតាមស្តង់នានា និងសង្ឃឹមថា ផលិតផលខ្មែរនឹងកាន់តែមានការទទួលស្គាល់បន្ថែមទៀត៕