ភ្នំពេញ៖ សមាគមអ្នកចិញ្ចឹមសត្វកម្ពុជា គ្រោងជួបពិភាក្សាជាមួយថ្នាក់ដឹកនាំក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) នៅថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៦ ដើម្បីស្វែងរកដំណោះស្រាយចំពោះក្ដីបារម្ភអំពីការផ្គត់ផ្គង់ស៊ុតមាន់លើសតម្រូវការទីផ្សារក្នុងស្រុកនៅឆ្នាំ២០២៧ ដោយសារក្រុមហ៊ុនចិនធំៗកំពុងពង្រីកការចិញ្ចឹមមាន់ពងនៅកម្ពុជា។
លោក ស៊្រុន ពៅ ប្រធានសមាគមអ្នកចិញ្ចឹមសត្វកម្ពុជា បានប្រាប់បណ្ដាញសារព័ត៌មាន AMS នៅថ្ងៃទី៦ ខែវិច្ឆិកា ថា លោកចង់ឱ្យ CDC និងក្រសួងជំនាញពិចារណាផ្អាកការផ្តល់អាជ្ញាបណ្ណ ឬលិខិតអនុញ្ញាតដល់ក្រុមហ៊ុនចិញ្ចឹមមាន់ពងរបស់ចិនបន្ថែមជាបណ្ដោះអាសន្ន ដើម្បីផ្ដល់ឱកាសឱ្យកសិករខ្មែរអាចពង្រឹងសមត្ថភាពប្រកួតប្រជែងលើតម្លៃ និងបរិមាណផ្គត់ផ្គង់។
លោកបានលើកឡើងថា តម្រូវការស៊ុតមាន់ក្នុងប្រទេសបច្ចុប្បន្នមានប្រមាណ ៤លានគ្រាប់ក្នុងមួយថ្ងៃ ខណៈកសិករក្នុងស្រុកអាចផលិតបានជាង ៣លានគ្រាប់ក្នុងមួយថ្ងៃ ដែលស្ទើរតែអាចបំពេញតម្រូវការទីផ្សារទៅហើយ។ ដូច្នេះ ប្រសិនបើក្រុមហ៊ុនចិនបង្កើនសមត្ថភាពផលិតក្នុងបរិមាណច្រើនទ្វេដង នោះការផ្គត់ផ្គង់អាចលើសតម្រូវការក្នុងរយៈពេលដ៏ខ្លី ឬយ៉ាងយូរនៅឆ្នាំ២០២៧។
លោក ស៊្រុន ពៅ ចង់ឃើញ CDC ពិចារណាទប់ស្កាត់ការបង្កើតទីតាំងចិញ្ចឹមមាន់ពងរបស់ក្រុមហ៊ុនធំៗបន្ថែមជាមុន។ ទន្ទឹមគ្នានេះ លោកស្នើឱ្យក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងក្រសួងពាណិជ្ជកម្ម រៀបចំយន្តការពង្រីកទីផ្សារសម្រាប់កសិករក្នុងស្រុក ដោយកំណត់ស្ដង់ដា និងផែនការផលិតរួម ដើម្បីបែងចែកការផ្គត់ផ្គង់ក្នុងស្រុក និងត្រៀមលទ្ធភាពនាំចេញទៅទីផ្សារអន្តរជាតិ។
យ៉ាងណាក៏ដោយ លោកយល់ថា ការពង្រីកទីផ្សារនាំចេញត្រូវឆ្លងកាត់នីតិវិធីស្មុគស្មាញជាច្រើន និងអាចចំណាយពេលយូរ។ ដោយហេតុនេះ លោកស្នើសុំចូលជួបឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល ឬតំណាង CDC នៅថ្ងៃទី១២ ខែវិច្ឆិកា ដើម្បីពិភាក្សាស្វែងរកដំណោះស្រាយជាមុន។
ឆ្លើយតបនឹងក្តីបារម្ភនេះ ឯកឧត្តម ហ៊ាង សុទ្ធាយុត្តិ អ្នកនាំពាក្យ CDC បានមានប្រសាសន៍ថា CDC គឺជាភ្នាក់ងារសម្របសម្រួលកណ្តាលរវាងវិនិយោគិនបរទេស និងក្រសួង-ស្ថាប័នជំនាញ។ រាល់ការផ្តល់អាជ្ញាបណ្ណឱ្យក្រុមហ៊ុន ឬកសិដ្ឋានណាមួយដំណើរការ គឺឆ្លងកាត់ការវិភាគពីផលចំណេញផ្នែកសេដ្ឋកិច្ច និងការបង្កើនផលិតភាពក្នុងស្រុកដោយមន្ត្រីក្រសួង-ស្ថាប័នជំនាញរួចរាល់ហើយ។
ឯកឧត្តមបានបញ្ជាក់ថា CDC នៅតែស្វាគមន៍រាល់វិនិយោគិនបរទេសក្នុងគ្រប់វិស័យ ខណៈកម្ពុជាកំពុងខិតខំទាក់ទាញវិនិយោគិនធំៗពីក្រៅប្រទេសបន្ថែម ដើម្បីជំរុញកំណើនសេដ្ឋកិច្ចជាតិ។ ចំពោះក្តីបារម្ភដែលសមាគមបានលើកឡើង ឯកឧត្តមបានជំរុញឱ្យសមាគមពិភាក្សារកដំណោះស្រាយជាមួយក្រសួងកសិកម្ម ឬក្រសួងពាណិជ្ជកម្មវិញ ដើម្បីឱ្យការដោះស្រាយចំគោលដៅជាង។
ជាមួយគ្នានេះ ឯកឧត្តម សួង ណយ អនុប្រធានគណៈកម្មាធិការជាតិជំរុញចលនាភូមិមួយផលិតផលមួយ បានបង្ហើបថា កសិដ្ឋានមួយរបស់ចិននៅខេត្តកំពង់ធំ ពិតជាកំពុងដំណើរការចិញ្ចឹមមាន់ពងចំនួន ៥ម៉ឺនក្បាល ហើយនៅឆ្នាំ២០២៧ គ្រោងនឹងបន្ថែមមាន់ពងចំនួន ៥ម៉ឺនក្បាលទៀត ដោយប្រើប្រាស់ប្រព័ន្ធផ្តល់ទឹក និងចំណីដោយស្វ័យប្រវត្តិនៅក្នុងរោងចិញ្ចឹមទំនើប។ បច្ចុប្បន្ន កសិដ្ឋាននេះអាចផលិតស៊ុតបានចំនួន ៤៥,០០០គ្រាប់ក្នុងមួយថ្ងៃ។
ឯកឧត្តម សួង ណយ បានលើកទឹកចិត្ត និងគាំទ្រឱ្យមានការបង្កើនផលិតកម្មស៊ុតក្នុងស្រុកបន្ថែម ដោយសារកម្ពុជានៅតែបន្តនាំចូលស៊ុត ដើម្បីបំពេញតម្រូវការទីផ្សារក្នុងស្រុកនៅឡើយ។ លោកយល់ថា ការបង្កើនផលិតកម្មអាចជួយបំពេញតម្រូវការក្នុងស្រុក ហើយនៅពេលអនាគត ប្រសិនបើមានផលិតកម្មលើសតម្រូវការ កម្ពុជាអាចមានឱកាសនាំចេញទៅប្រទេសសិង្ហបុរី ដែលកំពុងខ្វះខាតការផ្គត់ផ្គង់ស៊ុតផងដែរ។
ទោះជាយ៉ាងនេះក្តី ឯកឧត្តមបានទទួលស្គាល់ថា នៅពេលអនាគត តម្លៃ និងគុណភាពស៊ុតរវាងកសិដ្ឋានធម្មតារបស់កសិករខ្មែរ និងកសិដ្ឋានទំនើបដែលមានស្ដង់ដាខ្ពស់ នឹងប្រឈមការប្រកួតប្រជែងខ្លាំង។
តាមសមាគមអ្នកចិញ្ចឹមសត្វកម្ពុជា កសិករខ្មែរ រួមទាំងកសិដ្ឋានចិញ្ចឹមមាន់ពងខ្នាតធំដែលវិនិយោគដោយអ្នកវិនិយោគជនជាតិខ្មែរ អាចប្រឈមការលំបាកក្នុងការប្រកួតប្រជែងជាមួយក្រុមហ៊ុនចិន ទាំងផ្នែកគុណភាព និងបរិមាណផលិតកម្ម ដោយសារក្រុមហ៊ុនចិនមានថ្លៃដើមទាប និងប្រើប្រាស់បច្ចេកទេសចិញ្ចឹមទំនើប ដែលអាចផលិតស៊ុតមានគុណភាពល្អ។
សមាគមបានឱ្យដឹងថា កសិករខ្មែរមានថ្លៃដើមផលិតស៊ុតប្រមាណ ២៩០រៀលក្នុងមួយគ្រាប់ ដែលធ្វើឱ្យប្រាក់ចំណេញមានកម្រិតទាប។ ចំពោះតម្លៃលក់ដុំ ស៊ុតត្រូវបានបែងចែកជា៤ប្រភេទតាមទំហំ ដោយស៊ុតលេខ១ មានតម្លៃពី ៣១០ ទៅ ៣៣០រៀលក្នុងមួយគ្រាប់ លេខ២ តម្លៃ ៣០០រៀល លេខ៣ តម្លៃ ២៨០រៀល និងលេខ៤ តម្លៃ ២៥០រៀល ឬអាចទាបជាងនេះទៅតាមស្ថានភាពទីផ្សារជាក់ស្ដែង។
ដោយឡែក យោងតាមរបាយការណ៍របស់ CDC បច្ចុប្បន្នកម្ពុជាមានក្រុមហ៊ុនចិញ្ចឹមមាន់ពង និងមាន់សាច់ខ្នាតធំចំនួន៤ កំពុងដំណើរការខ្សែច្រវាក់ផលិតកម្មរបស់ខ្លួន ដោយមានទុនវិនិយោគសរុបប្រមាណ ១៦០លានដុល្លារអាម៉េរិក៕





វិថីហិរញ្ញវត្ថុ































































Account
Security
Favourite Content