បរទេស៖ អាស៊ានមានបំណងពង្រឹងគោលជំហររបស់ខ្លួនឲ្យធំជាងមុននៅក្នុងខ្សែច្រវាក់ផ្គត់ផ្គង់រ៉ែកម្រជាសកល តាមរយៈការទាក់ទាញការវិនិយោគបន្ថែម និងការពង្រីកសមត្ថភាពផលិតកម្មក្នុងតំបន់ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន Philippine Daily Inquirer ។
នៅក្នុងសេចក្តីថ្លែងការណ៍មួយដែលត្រូវបានអនុម័តក្នុងអំឡុងកិច្ចប្រជុំកំពូលអាស៊ានលើកទី៤៩ នៅទីក្រុងម៉ានីល ប្រទេសហ្វីលីពីន មេដឹកនាំទាំងអស់បានប្តេជ្ញាបង្កើតយុទ្ធសាស្ត្ររ៉ែកម្រសំខាន់ៗរបស់អាស៊ាន ដើម្បីតម្រង់ទិសកិច្ចសហប្រតិបត្តិការនៅទូទាំងខ្សែច្រវាក់តម្លៃរ៉ែ។ យុទ្ធសាស្ត្រនេះគ្របដណ្តប់លើការរុករក និងការទាញយករ៉ែ ការកែច្នៃ ការចម្រាញ់ ការផលិត និងការកែច្នៃឡើងវិញ។ អាស៊ានទទួលស្គាល់ពីសក្តានុពលធនធានរ៉ែសំខាន់ៗដ៏ច្រើនសន្ធឹកសន្ធាប់របស់តំបន់ និងតួនាទីរបស់ខ្លួនដែលកំពុងរីកចម្រើនក្នុងនាមជាអ្នកផលិត អ្នកចម្រាញ់ និងអ្នកប្រើប្រាស់រ៉ែ ដែលមានសារៈសំខាន់សម្រាប់ការអភិវឌ្ឍឧស្សាហកម្ម ការផ្លាស់ប្តូរថាមពលសកល បរិវត្តកម្មឌីជីថល និងបច្ចេកវិទ្យាទំនើបៗ។ សេចក្តីថ្លែងការណ៍នេះក៏បានលើកឡើងដែរថា ខ្សែច្រវាក់ផ្គត់ផ្គង់រ៉ែកម្រសំខាន់ៗចាំបាច់ត្រូវតែមានសុវត្ថិភាព ភាពធន់ ពិពិធកម្ម និងនិរន្តរភាព ដើម្បីគាំទ្រដល់ការអភិវឌ្ឍរយៈពេលវែង ភាពប្រកួតប្រជែង និងសន្តិសុខសេដ្ឋកិច្ចរបស់តំបន់។
ក្រោមយុទ្ធសាស្ត្រដែលបានស្នើឡើងនេះ អាស៊ានមានគោលបំណងកំណត់ខ្សែច្រវាក់តម្លៃអាទិភាពក្នុងតំបន់ និងឱកាសវិនិយោគនានា ដើម្បីពង្រឹងគោលជំហររបស់ខ្លួនក្នុងនាមជាមជ្ឈមណ្ឌលរ៉ែកម្រដែលមានភាពធន់ ការប្រកួតប្រជែង និងនិរន្តរភាពនៅក្នុងតំបន់។ ជាមួយគ្នានេះ ដើម្បីគាំទ្រដល់កិច្ចខិតខំប្រឹងប្រែងទាំងនេះ អាស៊ាននឹងស្វែងរកការវិនិយោគ និងហិរញ្ញប្បទានប្រកបដោយការទទួលខុសត្រូវទាំងពីវិស័យសាធារណៈ និងឯកជន សម្រាប់ការអភិវឌ្ឍរ៉ែសំខាន់ៗតាមរយៈវេទិកាវិនិយោគរ៉ែអាស៊ាន និងបណ្តាញតភ្ជាប់រ៉ែអាស៊ាន។
លើសពីនេះ សេចក្តីថ្លែងការណ៍ក៏បានអំពាវនាវឱ្យមានកិច្ចសហប្រតិបត្តិការកាន់តែខ្លាំងក្លាលើការស្រាវជ្រាវ និងការអភិវឌ្ឍ ការផ្ទេរបច្ចេកវិទ្យា ចំណេះដឹងភូមិវិទ្យា និងការអភិវឌ្ឍធនធានមនុស្ស ដើម្បីលើកកម្ពស់សមត្ថភាពរបស់តំបន់។ អាស៊ានក៏បានប្តេជ្ញាជំរុញការប្រើប្រាស់ធនធានប្រកបដោយប្រសិទ្ធភាព ការកែច្នៃឡើងវិញ ការទាញយករ៉ែបន្ទាប់បន្សំមកប្រើប្រាស់វិញ និងវិធីសាស្ត្រសេដ្ឋកិច្ចវិលជុំផ្សេងៗទៀត៕





វិថីហិរញ្ញវត្ថុ
































































Account
Security
Favourite Content