ការធ្លាក់ចុះនៃការទូទាត់ជាប្រាក់យន់ក្នុងពាណិជ្ជកម្មរវាងរុស្ស៊ី និងចិន កំពុងបង្កើតការជជែកដេញដោលអំពីប្រសិទ្ធភាពនៃយុទ្ធសាស្ត្ររបស់រុស្ស៊ីក្នុងការកាត់បន្ថយការពឹងផ្អែកលើប្រាក់ដុល្លារអាម៉េរិក។ ទោះជាយ៉ាងណា ការវិភាគមួយរបស់សារព័ត៌មាន RT បង្ហាញថា ការធ្លាក់ចុះនៃការប្រើប្រាក់យន់ដោយផ្ទាល់ មិនបានរារាំងកំណើនពាណិជ្ជកម្មទ្វេភាគីរវាងប្រទេសទាំងពីរនោះទេ។
របាយការណ៍របស់សារព័ត៌មាន Bloomberg ដែលមានចំណងជើងថា «កិច្ចខិតខំប្រឹងប្រែងរបស់រុស្ស៊ីក្នុងការជំនួសប្រាក់ដុល្លារដោយប្រាក់យន់ចិនបានឈានមកដល់ដំណាក់កាលដួលរលំ» បានលើកឡើងពីការធ្លាក់ចុះយ៉ាងខ្លាំងនៃការទូទាត់ជាប្រាក់យន់ក្នុងពាណិជ្ជកម្មជាមួយរុស្ស៊ី។
យោងតាម Bloomberg ចំណែកប្រាក់យន់ក្នុងការទូទាត់ការនាំចេញរបស់រុស្ស៊ីបានធ្លាក់ចុះមកត្រឹម ២២ ភាគរយ បើធៀបនឹងកម្រិតខ្ពស់បំផុតកាលពីពាក់កណ្ដាលឆ្នាំ ២០២៤។ ការធ្លាក់ចុះនេះត្រូវបានជំរុញដោយការរឹតបន្តឹងទណ្ឌកម្មជាបន្តបន្ទាប់របស់សហរដ្ឋអាម៉េរិក ដែលធ្វើឱ្យធនាគារចិនកាន់តែមានការប្រុងប្រយ័ត្នក្នុងការធ្វើប្រតិបត្តិការហិរញ្ញវត្ថុជាមួយរុស្ស៊ី។
ទោះជាយ៉ាងណា ការវិភាគរបស់ RT បានចង្អុលបង្ហាញថា ការផ្ដោតតែលើចំណែកនៃប្រាក់យន់ក្នុងការទូទាត់ អាចមើលរំលងការវិវត្តសំខាន់មួយទៀត គឺកំណើនពាណិជ្ជកម្មរវាងប្រទេសទាំងពីរ។ ទិន្នន័យគយផ្លូវការរបស់ចិនសម្រាប់រយៈពេល ៩ ខែដំបូងនៃឆ្នាំនេះ បង្ហាញថា ពាណិជ្ជកម្មទ្វេភាគីបានកើនឡើង ៣០,៦ ភាគរយ ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន ដោយមានទំហំប្រមាណ ២១៤ ពាន់លានដុល្លារ។
ដើម្បីរក្សាសន្ទុះពាណិជ្ជកម្មនេះ ទោះបីប្រឈមនឹងការរឹតត្បិតផ្នែកហិរញ្ញវត្ថុពីលោកខាងលិចក៏ដោយ រុស្ស៊ីបានផ្លាស់ប្ដូរយន្តការទូទាត់របស់ខ្លួន។ ការវាយតម្លៃរបស់ធនាគារកណ្តាលរុស្ស៊ីបង្ហាញថា ការប្រើប្រាស់ប្រាក់រូបល (Ruble) បានកើនឡើងយ៉ាងខ្លាំង ដោយចំណែករបស់រូបិយប័ណ្ណនេះក្នុងការទូទាត់ការនាំចេញទៅកាន់ទីផ្សារអាស៊ីបានកើនដល់ ៦៩ ភាគរយ។
ជាមួយគ្នានេះ ស្ថាប័នហិរញ្ញវត្ថុធំៗរបស់រុស្ស៊ីក៏កំពុងពឹងផ្អែកកាន់តែខ្លាំងលើយន្តការទូទាត់ជំនួស ដូចជាប្រព័ន្ធ «China Track» ដែលត្រូវបានដាក់ឱ្យប្រើប្រាស់ក្នុងឆ្នាំ ២០២៥។ ប្រព័ន្ធនេះប្រើប្រាស់ភ្នាក់ងារទូទាត់ដើម្បីទូទាត់កាតព្វកិច្ចនាំចូលនិងនាំចេញក្នុងស្រុក ដែលអនុញ្ញាតឱ្យក្រុមហ៊ុននានាធ្វើតុល្យភាពប្រតិបត្តិការរបស់ខ្លួន ដោយមិនចាំបាច់ពឹងផ្អែកលើប្រព័ន្ធ SWIFT ឬបណ្តាញធនាគារបែបប្រពៃណីដែលគ្រប់គ្រងដោយលោកខាងលិច។
មួយវិញទៀត ការដឹកជញ្ជូនមាសរបស់រុស្ស៊ីទៅកាន់ទីក្រុងហុងកុងក៏បានកើនឡើងយ៉ាងខ្លាំងផងដែរ។ ការនាំចេញមាសទៅកាន់ទីក្រុងនេះបានកើនឡើងជិត ៣ ដង ដល់ ១០០ តោន ក្នុងរយៈពេល ៧ ខែដំបូងនៃឆ្នាំនេះ មុនពេលបន្តដឹកជញ្ជូនចូលទៅកាន់ប្រទេសចិនដីគោក។
អាជ្ញាធររុស្ស៊ីបានចាត់ទុកការបញ្ចេញមាសមួយផ្នែកថាជាវិធានការគ្រប់គ្រងឱនភាពថវិការដ្ឋ។ ទោះជាយ៉ាងណា អ្នកសង្កេតការណ៍ទីផ្សារយល់ឃើញថា មាសក៏កំពុងដើរតួនាទីជាទ្រព្យសកម្មដែលពិបាករងផលប៉ះពាល់ពីទណ្ឌកម្ម ដើម្បីទូទាត់សមតុល្យពាណិជ្ជកម្មដែលនៅសេសសល់ក្នុងកម្រិតធនាគារកណ្តាលផងដែរ។
ជារួម អ្នកសង្កេតការណ៍សេដ្ឋកិច្ចយល់ថា ការវាយតម្លៃលើការរៀបចំប្រព័ន្ធហិរញ្ញវត្ថុឡើងវិញរបស់រុស្ស៊ីនិងចិន មិនគួរផ្អែកតែលើការប្រកួតប្រជែងរវាងរូបិយប័ណ្ណនោះទេ។ ប្រទេសទាំងពីរកំពុងឆ្ពោះទៅរកការបង្កើតក្របខ័ណ្ឌពាណិជ្ជកម្មជំនួស ដែលរួមបញ្ចូលការប្រើប្រាស់រូបិយប័ណ្ណក្នុងស្រុក យន្តការទូទាត់តុល្យភាពក្នុងស្រុក និងមាស ដើម្បីកាត់បន្ថយការពឹងផ្អែកលើប្រព័ន្ធហិរញ្ញវត្ថុដែលស្ថិតក្រោមឥទ្ធិពលរបស់លោកខាងលិច៕





វិថីហិរញ្ញវត្ថុ































































Account
Security
Favourite Content